អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ២២,២២១ ដង)
រឿងអគ្គិទត្តបុរោហិត

|
រឿងអគ្គិទត្តបុរោហិត
(ចាក ធ. ខុ.) (បុព្វសិក្ខា នឹងបុព្វចរិយាទុលជាសរសរកទីដៅនៃដំណើរ ប៉ុន្តែបុគ្គលណាក៏ដោយ កាលបើគ្មានបច្ច័យវិសេសជួយបង្ហើបមុខ នៃឧត្តមគតិផងទេមិនអាចនឹងស្វែងរកឃើញទីបំផុតនៃជាតិបានឡើយ ) មានសេចក្តីដំណាលថា មានបុរោហិតម្នាក់ឈ្មោះអគ្គិទត្តជាសហសេវិករបស់ព្រះបាទកោសល នៅក្នុងដែនកោសល ។ កាលដែលព្រះវរបិតាទ្រង់ទីវង្គតទៅ ព្រះចៅបសេនទិដោសលទ្រង់ចាត់តាំងអគ្គិទត្តក្នុងដំណែងដោយក្តីគោរព ដោយព្រះតំរិះថា" អគ្គិទត្តនេះជាបុរោហិតនៃបិតារបស់អញ " ហើយទ្រង់តែងតែក្រោកទទួលជានិច្ចនូវបុរោហិត ក្នុងពេលដែលលោកចូលទៅកាន់ទីគំនាល់របស់ព្រះអង្គ ទ្រង់ប្រទានអាសនះស្មើនឹងទ្រង់ដោយព្រះរាជឳង្ការថា " បពិត្រលោកអាចារ្យ សូមលោកអង្គុយក្នុងទីនេះ ។ លោកគិតថា " បពិត្រលោកអាចារ្យ សូមលោកអង្គុយក្នុងទីនេះ ។ លោកគិតថា " បពិត្រលោកអាចារ្យ សូមលោកអង្គុយក្នុងទីនេះ ។ លោកគិតថា " ព្រះរាជាអង្គនេះតែងធ្វើសេចក្តីគោរពចំពោះអាត្មាអញ ប៉ុន្តែធម្មតាអាធ្យាស្រ័យនៃស្តេចទាំងឡាយ គឺអាត្មាអញពិបាកនឹងតម្រូវឲ្យត្រូវជានិច្ចកាលពុំបាន ស្តេចនេះនៅក្មេងកំឡោះត្រឡាំងការសោយរាជ្យជាមួយបុគ្គលមានវ័យស្មើគ្នា សុខស្រួលមែនតែអាត្មាជាបុគ្គលចាស់ត្រូវតែបួសទើបគួរ " ហើយក៏ក្រាបទូលសូមព្រះរាជាអនុញ្ញាតដើម្បីបួស រួចឲ្យគេគោះគងទូងស្គរក្នុងព្រះនគរ ចំណាយទ្រព្យ របស់ខ្លួនទាំងអស់ឲ្យជាទានអស់៧ថ្ងៃ ហើយចេញទៅបួសក្នុងលទ្ធិខាងក្រៅ ។ ក្សិណនោះមានបុរស ១០ពាន់នាក់ចេញទៅបួសជាមួយដែរ ។ អគ្គទត្តបព្វជិតព្រមទាំងបរិវារ ក៏សម្រចការតាំងទីលំនៅក្នុងចន្លោះនៃនគរទាំងពីរ គឺអង្គមគធះ និងកុរុរដ្ឋ ហើយលោកតែងឲ្យឳវាទដល់បរិវារនែអ្នករាល់គ្នា ! កិលេសទាំងឡាយ មានកាមរិតក្កជាដើម របស់យើងរាល់គ្នា កាលបើកើតមានឡើងចំពោះនរណា នរនោះគួរបន្ទោរបង់ចេញដោយរើសយកពំនូកនៃដុំខ្សាច់មួយដុំ រោយចុះមកក្នុងទីនេះ ។ បុរសទាំងនោះក៏ទទួលយល់ព្រមថា " សាធុ " ហើយធ្វើតាមកតិកាសញ្ញា នៅពេលដែលកិលេសទាំងឡាយកើតឡើង ។ សម័យក្រោយមកទីនោះបានកើតបានជាភ្នំខ្សាច់១ដុំធម មាននាគរាជមួយឈ្មោះ អហិច្ឆត្តះ ហួងហែងរក្សាភ្នំខ្សាច់នោះ ។ រីឯអ្នកស្រុកអង្គមគធះនិកុរុរដ្ឋ តែងតែនាំគ្រឿងសក្ការះដ៏ច្រើនឲ្យជាទានដល់អ្នកបួសទាំងនោះរាល់ៗខែ ។ ដងនោះអគ្គិទត្តពា្រហ្មណ៍បានឲ្យឳវាទដល់និស្សិតទាំងនោះថា " អ្នកទាំងឡាយចូរយកភ្នំព្រៃអារាម និងដើមឈើជាទីពឹង កាលបើអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនេះអ្នកនឹងបានរួចរំដោះចាកទុក្ខគ្រប់យ៉ាងបាន ហើយតែងតែឲ្យឳវាទយ៉ាងនេះចំពោះអន្តេវាសិករបស់ខ្លួនជារឿយៗ ។ គ្រានោះ ព្រះពោធិសត្វកំពុងយាងទៅបំពេញមហាភិនេស្រ្កមន៍បានសម្រេចនូវសម្មាសមោ្ពធិញ្ញាណ ហើយទ្រង់គង់នៅវត្តជេតពនក្នុងក្រុងសាវត្ថីនាសម័យនោះ ទ្រង់មើលសត្វលោកក្នុងពេលជិតភ្លឺបានឃើញអគ្គិទតពា្រហ្មណ៍ប្រមទាំងបរិវារ ចូលទៅក្នុងសំណាញ់ញាណរបស់ព្រះអង្គហើយទ្រង់ជ្រាបថា " ជនទាំងអស់នោះមានឧបនិស្ស័យគួរដល់ព្រះអរហន្តហើយ " ទើបទ្រង់ត្រាស់ហៅមហាមោគ្គលានត្ថេរមកនៅពេលរសៀល ហើយទ្រស់ថាៈ នែមោគ្គលាន ! នោះហ្ន៎្! អ្នកចូរមើលអគ្គិទត្តព្រាហ្មណ៍ កំពុងញ៉ាំងមហាជនឲ្យឆ្លង (សំសារវដ្ហ) ដោយលទ្ធិមិនមែនជាទីឆ្លង មែនឬ? បើអញ្ចឹងចូរលោកទៅឲ្យឧវាទដល់ជនទាំងនោះចុះ ។ ព្រះមហាមោគ្គលានត្ថេរ តបព្រះពុទ្ធដីកាថាៈ បពិត្រព្រះអង្គដ៏ចំរើនពួកមហាជនទាំងនោះច្រើនគ្នាណាស់ មិនមែនជាវិស័យរបស់ខ្ញុំព្រះអង្គទេ លុះតែព្រះអង្គយាងទៅផង ទើបជនទាំងនោះជាវិស័យរបស់ព្រះអង្គផង ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោគ្គលានតថាគតនឹងទៅដែរតែអ្នកចូរទៅមុនតថាគតសិនចុះ ។ ព្រះថេរះក៏និមន្តទៅហើយគិតថាជនទាំងនោះមានកម្លំាងមានគ្នាច្រើន ប្រសិនបើអាត្មាអញថ្លែងនូវពាក្យណាមួយក្នុងទីប្រជុំរបស់គេៗ ទាំងអស់គ្នានឹងក្រោកជាពួកៗ មិនខាន ហើយក៏បង្អោរនូវភ្លៀង ដែលមានគ្រាប់ដ៏ថ្លោស ដោយឬទ្ធិរបស់ខ្លួន ។ ក្នុងពេលដែលភ្លៀងកំពុងធ្លាក់ចុះ ជនទាំងនោះក៏នាំគ្នាក្រោករត់ចូលទៅកាន់សាលាប្រក់ស្លឹករៀងៗខ្លួន ។ ព្រះមហាថេរះឈរនៅក្បែរទ្វារបណ្ណសាលារបស់អគ្គិទត្ត ហើយពោលថា " នែអគ្គិទត្ត ! " ។ អគ្គិទត្តលុះឮសំលេង ព្រះថេរះ ហើយពោលថា ក្នុងលោកនេះមិនអាចនរណាមួយអាចហ៊ានហៅរកឈ្មោះអាត្មាអញសោះទេ ចុះនរណាច្រឡឹកហ៊ានហៅអញដោយឈ្មោះយ៉ាងនេះ ? ។ ព្រះថេរះពោលថា" ម្នាលព្រាហ្មណ៍អាត្មាភាព! " ។ ព្រាហ្មណ៍សួរថា " នរណានិយាយហ្នឹង ព្រះថេរះឆ្លើយថា ថ្ងៃនេះអាត្មាភាពសុះសំណាក់នៅនឹងកន្លែងអ្នកមួយយប់បានឬទេ? ។ ពា្រហ្មណ៍ពោលថាទីកន្លែងសំណាក់ក្នុងទីនេះមិនមានទេ មានតែបណ្ណសាលាមួយគត់សម្រាប់ជនម្នាក់ៗប៉ុណ្ណោះ ។ ព្រះថេរះពោលថា ម្នាលអគ្គិទត្ត! ធម្មតា មនុស្សទាំងឡាយ តែងចូលទៅកាន់សំណាក់មនុស្សផងគ្នា ពួកគោកតែចូលទៅរកហ្វូងគោ អ្នកបួសតែងចូលទៅកាន់សំណាក់អ្នកបួសដូចគ្នា អ្នកកុំធ្វើអញ្ចឹងចូរឲ្យទីនៅដល់អាត្មាផង ។ អគ្គិទត្តពោលថា ចុះលោកជាអ្នកបួសមែន ចុះឯណាគ្រឿងបរិក្ខារបស់អ្នកបួសណាឯណា ? ។ ព្រះថេរះម្នាលព្រាហ្មណ៍គ្រឿងបរិក្ខាអាត្មាមាន ប៉ុន្តែអាត្មាកាន់យកគ្រឿងបរិក្ខាទាំងនោះតែក្នុងចិត្តប៉ុណ្ណោះ ។ អគ្គិទត្តគ្រាន់តែឮព្រះថេរថាដូច្នេះក៏ខឹងនឹងព្រះថេរះដោយគិតថា " អ្នកបួសមិនដែលទ្រង់ទ្រង់គ្រឿងបរិក្ខាដូច្នោះសោះ " ។ គ្រានោះព្រះថេរះក៏និយាយថា នែអគ្គិទត្ត? ចូរអ្នកកុំខឹង ចូរប្រាប់ទៅលំនៅអាត្មា ! ។ អគ្គិទត្ត ក្នុងទីនេះមិនមានទីកន្លែងសំណាក់នៅទេ ។ ព្រះថេរះសួរថាៈ ចុះនរណានៅលើគំនរភ្នំខ្សាច់ឯណោះនុះ ? អគ្គិទត្តឆ្លើយប្រាប់ថា មានពស់នាគរាជមួយនៅទីនោះ ។ ព្រះថេរះ បើអញ្ចឹងចូរអ្នកឲ្យកន្លែងនោះមកអាត្មា! ។ អគ្គិទត្ត ខ្ញុំមិនអាចឲ្យបានទេការនេះពិបាកណាស់! ព្រះថេរះ មិនអីទេឲ្យតែអ្នកព្រមថាឲ្យមកខ្ញុំចុះ ។ បើអញ្ចឹងស្រេចនឹងលោកចុះ ។ ព្រះថេរះក៏និមន្តតម្រង់ទៅភ្នំខ្សាច់នាគរាជលុះឃើញព្រះថេរះនិមន្តមក ក៏គិតថាសមណះនេះចូលមកក្នុងទីកន្លែងនេះទំនងជាមិនដឹងថា អាត្មាអញនៅនឹងកន្លែងនេះទេ បើដូច្នោះអញនឹងធ្វើផ្សែងឲ្យអភ្រឡើងឡើង ហើយសម្លាប់លោកចេញ " រួចក៏ក្លែងឬិទ្ធបញ្ចេញផ្សែងអភ្រឡើងភ្លាម ។ ព្រះថេរះគិតថា នាគរាជនេះទំនងជាគិតថាមានតែអញទេ ដែលអាចបញ្ចេញផ្សែងអភ្របាន ជនដទៃទៀតមិនអាចធ្វើបានទេ គិតដូច្នោះហើយ ក៏បញ្ចេញផ្សែងដោយព្រះអង្គឯងភ្លាមដែរ ។ ផ្សែងក៏ហុយឡើងអំពីសិរីរះ នៃព្រះថេរះនិងនាគរាជដរាបដល់ព្រហ្មលោក ។ ផ្សែងទាំងពីរផ្នែកមិនបៀតបៀនព្រះថេរទេ បៀតបៀនត្រឹមនាគរាជប៉ុណ្ណោះ ។ នាគរាជកាលអត់ទ្រាំនឹងសន្ទុះនៃផ្សែងមិនបានក៏ធ្វើជាភ្លើងឲ្យឆេះឡើង ទាំងព្រះថេរះក៏ប្រមូលតេជោធាតុហើយបញ្ឆេះឡើងជាមួយនឹងភ្លើងនាគរាជនោះដែរ ។ អណ្តាតភ្លើងឆាបឆេះដរាបដល់ព្រហ្មណ៍លោកហើយ មិនប៉ះពាល់ដល់ព្រះកាយព្រះថេរះសោះ បៀតប្រៀនត្រឹមតែនាគរាជប៉ុណ្ណោះ ។ ក្សិណនោះសិរីរះទាំងអស់របស់នាគរាជហាក់ដូចជាភ្លើងគប់ឆាបឆេះពេញបន្ទុកឡើង ។ ពូកឥសីក្រឡេកមើលឃើញក៏គិតថា " នាគរាជដុតស្រមណ៍អុញហ្ន! ស្រមណ៍ដ៏ចំរើនមិនព្រមស្តាប់ពាក្យយើង ត្រូវវិនាសហើយ ។ ព្រះថេរៈ ទូន្មាននាគរាជទាល់តែអស់ពុតត្បុត ហើយគង់នៅលើខ្សាច់ នាគរាជក៏ព័ន្ធព័ទ្ធនូវគំនរខ្សាច់ជារង្វេលឲ្យជាបល្ល័ង្ក ហើយបើកពពែប៉ុនដំបូលនៃផ្ទះប៉ិត (កុដាគារកុច្ឆិ) បាំងពីលើព្រះថេរៈ ។ លុះព្រលឹមស្រាងៗ ពួកឥសីនាំគ្នាដើរទៅកាន់សំណាក់ព្រះថេរៈដោយបំណងចង់ដឹងថាសមណៈនោះស្លាប់ឬមិនស្លាប់ ក៏ស្រាប់តែឃើញលោកគង់នៅលើកំពូលភ្នំខ្សាច់ ឃើញដូច្នោះក៏លើកកំពង់ទាំងទសថ្វាយបង្គំសរសើរសួរថា បពិត្រសមណៈ នាគរាជមិនបៀតបៀនលោកម្ចាស់ទេឬ? ព្រះថេរៈក៏បា្រប់ថាអ្នករាល់គ្នាមិនឃើញនាគរាជដេកវៀនបើកពពែបាំងពីលើខ្ញុំទេឬ? ពួកឥសីឃើញដូច្នោះហើយក៏ពោលសរសើរដោយនឹងស្ងើចក្នុងចិត្តថាៈ យីអើហ្ន៎ ! អស្ចារ្យណាស់ នែវ៉ើយគ្នាយើងមើលហ្ន៎អានុភាពរបស់សមណះចំឡែកណាស់វ៉ើយ ! នាគរាជនេះត្រូវបានលោកទូន្មានហើយ ហើយនាំគ្នាឈរចោមរោមព្រះថេរះ ។ ខណះនោះព្រះសាស្តាក៏ទ្រង់និមន្តទៅដល់ដែរ ព្រះថេរះក៏ក្រោកឡើងថ្វាយបង្គំព្រះអង្គ ។ ពេលនោះពួកឥសីក៏និយាយនឹងព្រះថេរៈថា សមណៈអង្គនេះមានមហិទ្ធិឬទ្ធិជាងលោកម្ចាស់ណាស់ទៅឬ? ព្រះថេរៈបញ្ចាក់ថាព្រះមានព្រះភាគអង្គនេះជាគ្រូខ្ញុំជាសាវករបស់ព្រះអង្គ ។ ព្រះសាស្តាក៏ទ្រង់គង់លើកំពូលភ្នំខ្សាច់ ពួកឥសីថ្លែងថាគួរឲ្យសរសើរណាស់ អនុភាពនៃសាវកនេះមានមែន ប៉ុន្តែអានុភាពនៃសាវកអង្គនេះបន្តិចសោះទេហើយលើកករប្រណម្យពោលសរសើរព្រះសាស្តា ។ ព្រះសាស្តាទ្រង់ត្រាស់ហៅអគ្គិទត្តមកហើយថាៈ ម្នាលអគ្គិទត្តកាលអ្នកឲ្យឧវាទដល់សាវកនឹងឧបដ្ឋាកររបស់អ្នក តើអ្នកពោលថាម៉េច? ចូរអ្នកថ្លែងមកមើល? អគ្គិទត្តក្រាបទូលថាខ្ញុំព្រះអង្គតែងឲ្យឧវាទដល់សាវក និងពួកឧបដ្ឋាកររបស់ខ្ញុំព្រះអង្គថា " អ្នកទាំងឡាយចូរយកភ្នំនោះជាទីរលឹក អ្នកទាំងឡាយចូរយកព្រៃ អារាម ដើមឈើជាទីពឹងទីរលឹក ព្រោះបុគ្គលដែលយកវត្ថុមានភ្នំជាដើមជាទីពឹងហើយរមែងរួចរំដោះក្តីទុក្ខគ្រប់យ៉ាងបាន " ។ ព្រះបរមគ្រូទ្រង់ត្រាស់ថាៈ ម្នាលអគ្គិទត្តមិនមែនទេ បុគ្គលដែលយកវត្ថុមានភ្នំជាដើមនោះមកជាទីពឹង មិនអាចនឹងរួចចាកពីសេចក្តីទុក្ខគ្រប់យ៉ាងបានទេ លុះណាតែយកព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃ ជាទីពឹងវិញ ទើបអាចរួចចាកទុក្ខទាំងពួងបាន ហើយទ្រង់ត្រាស់គាថាយ៉ាងនេះ ពួកមុស្សកាលបើត្រូវសេចក្តីភ័យខ្លាចកំហែងគំរាមហើយ តែងយកភ្នំព្រៃ អារាមដើមឈើ និងចេតិយជាទីពឹង តែទីពឹងទាំងនោះមិនមែនជាទីពឹងដ៏ក្សេមទេ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលដែលអាស្រ័យនូវទីពឹងនុះ មិនអាចនឹងរួចចាកទុក្ខទាំងពួងបានឡើយ ។ លុះត្រាតែបុគ្គលណាមួយដល់នូវព្រះពុទ្ថ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ជាទីរលឹក ឃើញច្បាស់នូវអរិយសច្ចទាំង៤ ដោយបញ្ញាដ៏ត្រឹមត្រូវយ៉ាងនេះគឺទុក្ខសច្ច១ សមុទយសច្ចជាហេតុបង្កបង្កើតសេចក្តីទុក្ខ១និរោធសច្ចជាគ្រឿងផុតរំលត់នូវសេចក្តីទុក្ខ១ មគ្គសច្ចប្រកបដោយហេតុ៨យ៉ាង(៨អង) ជាគ្រឿងចូលទៅរម្ងាប់សេចក្តីទុក ទីពឹងនុះជាទីពឹងដ៏ក្សេម ឧត្តម បុគ្គលដែលបានអាស្រ័យនូវទីពឹងនោះប្រាកដប្រជាហើយអាចរើខ្លួនរួចចេញផុតពីសេចក្តីទុក្ខទាំងពងបាន ។ លុះចប់ធម៌ទេសនាហើយ ពួកឥសីទាំងអស់ព្រមអគ្គិទត្តព្រាហ្មណ៍បានលុះព្រះអរហត្តផល ព្រមទាំងបដិសម្ភិទា ហើយថ្វាយបង្គំសូមផ្នួសនឹងព្រះអង្គ ។ ព្រះអង្គទ្រង់លាព្រះហស្ថពីខាងក្នុងចីវរ ហើយត្រាស់ថា " ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមកប្រពឹ្រត្តព្រហ្មចរិយធម៌ចុះ " ខណះនោះពួកឥសីទាំងនោះមានបរិក្ខា៨ទ្រទ្រង់គ្រប់ៗគ្នាហាក់ដូចជាព្រះថេរះដែលមានវស្សាមួយរយ ។ ជួនជាថ្ងៃនោះជាថ្ងៃអ្នកស្រុកអង្គមគធះនឹងកុរុរដ្ឋ នាំយកគ្រឿងសក្ការះមកប្រគេនពួកឥសីទាំងនោះដែរ ។ លុះមកដល់ឃើញពួកឥសីទាំងនោះបួសក៏គិតថា " អគ្គិទត្តព្រាហ្មណ៍របស់យើងគ្រាន់បើជាង ឬ ក៏សាមណកោតមគ្រាន់បើជាង? គិតយ៉ាងនេះដោយពីភ្នាល់ក្នុងចិត្តថា " អគ្គិទត្តធំជាងមែន ទើបព្រះសមណគោតមចូលមករក " ។ ព្រះបរមសាស្តាទ្រង់ប្រមើលនូវអធ្យាស្រ័យនៃពួកបរិស័ទទាំងឡាយត្រាស់ថា" ម្នាលអគ្គិទត្ត អ្នកចូរកាត់សេចក្តីសង្ស័យនៃបរស័ទរបស់អ្នកឲ្យបានជ្រះស្រឡះ ។ អគ្គិទត្តព្រាហ្មណ៍ ក៏ពោលថា " ហើយក៏ហោះឡើងទៅអាកាសអស់វារះ៧លើកដោយឥទ្ធិឬទ្ធិ ចុះមកវិញថ្វាយបង្គំព្រះសាស្តា រួចពោលប្រកាសថា " បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពិតជាគ្រូរបស់ខ្ញុំព្រះអង្គរីឯខ្ញុំព្រះអង្គជាសាវក " ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |