35
ថ្ងៃ អង្គារ ទី ០២ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៤១៧
Today
ថ្ងៃម្សិលមិញ ១៨២,២១១
ខែនេះ ១៨៥,៦២៨
សរុប ៤០៦,៦៩០,៩៤៣
ប្រជុំអត្ថបទ
images/articles/2427/11tpic.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ៣៨,១៤៣ ដង)
ហេតុ​ដែល​នាំ​ឲ្យ​សុបិន ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​ ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង ១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម) ២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម) ៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម) ៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់) ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។ ​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស ។ ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2432/121pic.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ៣៥,៦៤៦ ដង)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖ ក្នុង​គ្រា​ដែល​សាមណៈ រេវតៈ ចេញ​ពី​ព្រះ​វេឡុវនារាម មក​សំណាក់​នៅ​ល្អាង សូករខីណា ខណៈ​ដែល​កំពុង​ស្នាក់​នៅ​លើ​ទីលាន​ថ្ម​ជិត​មាត់​ល្អាង​នៅ​វេលា​រសៀល មាន​ស្ត្រី​ក្រមុំ​ម្នាក់​ដើរ​ឡើង​ភ្នំ​មក​ពី​ឆ្ងាយ​តែ​ម្នាក់​ឯង លុះ​ឡើង​មក​ដល់​ទីលាន​ថ្ម​ក្រោម​ម្លប់​ដើម​គគី នាង​អង្គុយ​សម្រាក​យក​ខ្នង​ផ្អែក​ដើម​ឈើ​ធំ ហើយ​ក៏​លាត​ជើង​ចេញ​ទៅ​មុខ​តាម​សប្បាយ ។ នាង​ជា​ស្រី​ក្រមុំ​ស្អាត​ម្នាក់ លក្ខណៈ​ពណ៌​សម្បុរ និង គ្រឿង​តែង​កាយ ស​ឲ្យ​ឃើញ​ថា នាង​មិនមែន​ជា​មនុស្ស​ជាន់​ទាប​ឡើយ ។ វេលា​នោះ នាង​មិន​បាន​ឃើញ​សាមណៈ រេវតៈ ទេ ចំណែក​សាមណៈ រេវតៈ ក្លែង​ធ្វើ​ជា​មិន​ឃើញ​នាង ដោយ​បែរ​មុខ​មើល​ទៅ​ទី​ដទៃ, មួយ​ស្របក់​កន្លង​ទៅ ទើប​សាមណៈ​ត្រឡប់​មើល​នាង​ម្ដង​ទៀត, គ្រា​នោះ សាមណៈ​ប្លែក​ចិត្ត ព្រោះ​ឃើញ​នាង​កំពុង​យំ​គួរ​ឲ្យ​អាណិត​បំផុត, ស្ដែង​ឲ្យ​ឃើញ​ថា នាង​កំពុង​មាន​សេចក្ដី​ទុក្ខ​ក្រៀមក្រំ ។ តាម​ប្រក្រតី សាមណៈ​ រេវតៈ ជា​មនុស្ស​មាន​ចិត្ត​ពេញ​ទៅ​ដោយ​មេត្តា​ករុណា កាល​ឃើញ​អ្នក​ណា​មាន​ទុក្ខ មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទើប​ចូល​ទៅ​ប្រាស្រ័យ​សាកសួរ​រឿងរ៉ាវ​ផ្សេងៗ កាល​បាន​ដឹង​រឿងរ៉ាវ​របស់​គេ​ច្បាស់​ហើយ ក៏​រក​ផ្លូវ​ជួយ​សង្គ្រោះ​ដោយ​វត្ថុ​ខ្លះ ដោយ​ធម្មៈ​ខ្លះ​តាម​សមគួរ​ដល់​ករណី ។ ខណៈ​នោះ សាមណៈ​ក៏​គ្រហែម​តិចៗ ដើម្បី​ជា​សញ្ញា​ប្រាប់​ឲ្យ​ស្រី​ក្រមុំ​នោះ​ដឹង​ថា​ក្នុង​បរិវេណ​នេះ មិន​មែន​មាន​តែ​នាង​ម្នាក់​ឯង​ទេ, នាង​បែរ​មុខ​ភ្លែត​មក​រក​សាមណៈ ព្រម​ទាំង​យក​ជាយ​សំពត់​ជូត​ទឹកភ្នែក ។ ខណៈ​ដែល​នាង​កំពុង​ស្រឡាំងកាំង​នោះ សាមណៈ​ក៏​ដើរ​ចុះ​ទៅ​ឈរ​រយៈ​ឆ្ងាយ​ពី​នាង​ប្រមាណ ៣​ព្យាម ហើយ​ក៏​សួរ​ថា “ម្នាល​កុលធីតា! នាង​ទៅ​ធ្វើ​ធុរៈ​សំខាន់​អ្វី​នៅ​ឯណា​ឬ ទើប​ខំ​ព្យាយាម​ឡើង​ភ្នំ​មក​ម្នាក់​ឯង​ដូច្នេះ ?” ។ នាង​មិន​តប​សំណួរ​របស់​សាមណៈ តែ​ត្រឡប់​ជា​យំ​សស្រិកសស្រាក់​ឮ​ខ្លាំង​ឡើង ។ សាមណៈ​ក៏​និយាយ​ថា “កុលធីតា​អើយ ! នាង​ប្រហែល​កំពុង​ធ្លាក់​នៅ​ក្នុង​អន្លង់​ទុក្ខ​អ្វី​ម្យ៉ាង​ប្រាកដ ដែល​ជា​ហេតុ​ឲ្យ​នាង​អាច​កាត់​ចិត្ត​ប្រុង​នឹង​សម្លាប់​ខ្លួនឯង​ក៏​បាន” ។ “ត្រូវ​ហើយ ! ខ្ញុំ​កំពុង​នឹង​ឡើង​ទៅ​លោត​ជ្រោះ​សម្លាប់​ខ្លួន​ឯង” ស្រី​ក្រមុំ​តប​ដោយ​មើល​មក​សាមណៈ​ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ត ដែល​និយាយ​ដៅ​ចិត្ត​នាង​ត្រូវ ។ “ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ធន់​នឹង​សេចក្ដី​ទុក្ខ​សោក​ធរមាន​របស់​ជីវិត​នេះ​បាន” ។ “ទុក្ខ​របស់​នាង​ប្រហែល​ជា​ធំ​ណាស់ ! មើល​និយាយ​ឲ្យ​អាត្មា​ស្ដាប់​ផង រឿងរ៉ាវ​វា​យ៉ាង​ណា ? អាត្មា​មាន​ចិត្ត​អាណិត​នឹង​ឃើញ​ចិត្ត​នាង​សោកសៅ​ដូច្នេះ​ណាស់” ។ ស្រី​ក្រមុំ​បាន​បរិយាយ​រឿងរ៉ាវ​របស់​នាង​ឲ្យ​សាមណៈ​ស្ដាប់​ទាំង​ទឹកភ្នែក​ថា “ទុក្ខ​របស់​​នាង​​ធំ​ណាស់ ! កើត​ពី​សេចក្ដី​អស់​សង្ឃឹម​ក្នុង​រឿង​ស្នេហា​មុន​នេះ មិន​យូរ​ប៉ុន្មាន​មាតាបិតា​របស់​នាង​បាន​បង្គាប់​ឲ្យ​រៀប​វិវាហ៍​មង្គល​ជាមួយ​នឹង​ព្រាហ្ម​ចាស់ អ្នក​មាន​សម្បត្តិ​ម្នាក់ តែ​នាង​មិន​ព្រម ទើប​គេច​រត់​ទៅ​រក​កំលោះ​ម្នាក់​ដែល​ស្រឡាញ់​នាង តែ​កំលោះ​នោះ​បាន​រៀប​វិវាហ៍​មង្គល​ជាមួយ​ស្រី​ដទៃ​ទៅ​ហើយ មុន​ពេល​ដែល​នាង​ទៅ​រក​គេ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ, នាង​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ខូច​ចិត្ត ទើប​ដើរ​ពនេចរ​ប្រៀប​ដូច​មនុស្ស​ប្រាសចាក​សតិ ៣ ថ្ងៃ មក​ហើយ កាល​មិន​អាច​ធន់​ទុក្ខ​ធរមាន​បាន ក៏​កាត់ចិត្ត​មក​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ឲ្យ​វា​ស្លាប់​ទៅ​ល្អ​ជាង​ការរស់នៅ​មាន​សភាព​យ៉ាង​នេះ ។ “រឿងរ៉ាវ​របស់​នាង​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់” សាមណៈ​ពោល​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង​របស់​នាង​ចប់​ហើយ “អ្នកណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​យ៉ាង​ដូច​នាង​នេះ​ហើយ ក៏​គង់​នឹង​កាត់​ចិត្ត​ប្រព្រឹត្ត​ដូច​នាង​ជា​មិន​ខាន, ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន, តែ​ទុក្ខ​ផ្លូវ​ចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។ វិធី​កែទុក្ខ​ផ្លូវ​ចិត្ត​នេះ​មាន ២ យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់​ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង, ឯការ​ដែល​រើស​យក​វិធី​អត់​ធន់ ក៏​មាន​មិន​តិច​ណាស់ ដូច្នេះ​នាង​នឹង​រើស​យក​វិធី​ណា ?” ។ “រើស​យក​វិធី​ស្លាប់” ស្រី​ក្រមុំ​តប​យ៉ាង​ដាច់​ខាត ។ “នាង​ជឿ​ឬ​ទេ​ថា បើ​នាង​ស្លាប់​ហើយ នឹង​ផុត​ទុក្ខ ?” ។ “ខ្ញុំ​ជឿ​ដូច្នេះ” ស្រី​ក្រមុំ​តប​បែប​មិន​សូវ​ជា​ក្លាហាន​ប៉ុន្មាន ។ “នាង​ចូលចិត្ត​ខុស​ហើយ នាង​កំពុង​ទម្លាយ​ខ្លួន​ឯង​ដោយ​សេចក្ដី​ចូលចិត្ត​ខុស ទុក្ខ​របស់​នាង​មិន​បាន​នៅ​នឹង ជើង ដៃ បេះដូង សួត ថ្លើម ប្រម៉ាត់ លលាដ៍ក្បាល ឬ​នៅ​ក្នុង​ចំណែក​ណា​មួយ​របស់​រាងកាយ​ឡើយ, តែ​វា​នៅ​នឹង​ចិត្ត… រាងកាយ​គ្រាន់តែ​ជា​វត្ថុ​គ្រោតគ្រាត មិន​ដឹង​រឿងរ៉ាវ​អ្វី​ទាំងអស់ ។ គឺ​មានតែ​ចិត្ត​នេះ​ឯង​ជា​អ្នក​រែក​ទុក្ខ កាល​រាងកាយ​ស្លាប់​ទៅ​ហើយ ក៏នៅ​មាន​ការក​ភព​ក​ជាតិ​តទៅ, ហើយ​ពេល​កើត​ទៅ​អាច​នាំ​យក សេចក្ដី​សុខ សេចក្ដី​ទុក្ខ សេចក្ដី​សៅហ្មង ឬ​សេចក្ដី​បរិសុទ្ធ​ទៅ​បាន​ផង ដូច្នេះ សេចក្ដី​ស្លាប់​ទើប​មិនមែន​ជា​​ទីបំផុត​របស់​សុខ ឬ​ទុក្ខ​នោះ​ទេ, ការទម្លាយ​រាងកាយ​ដែល​មិន​ដឹង​រឿងរ៉ាវ​អ្វី​សោះ​ឲ្យ​ស្លាប់​ទៅ​ ជា​ការ​ឥត​ប្រយោជន៍ ការសម្លាប់​ខ្លួន​ដើម្បី​ឲ្យ​ផុត​ទុក្ខ​ជា​ការ​កែ​ទុក្ខ​ខុស​គោលដៅ, ប្រៀប​ដូច​បុរស​ម្នាក់​បាន​ត្រូវ​គេ​ជេរ ហើយ​ឈឺ​ចិត្ត​កើត​ទុក្ខ​ក៏​យក​ភ្លើង​ដុត​ផ្ទះ​ដែល​មិន​ដឹង​រឿងរ៉ាវ​ក្លាយ​ទៅ​ជា​គំនរ​ផេះ​ធ្យូង​អស់​ទៅ​យ៉ាង​នេះ គេ​ផុត​ទុក្ខ​ឬ ? មិន​អ៊‍ីចឹង​ទេ បុរស​នោះ​នឹង​កើត​ទុក្ខ​រឹតតែ​ធ្ងន់​ណាស់​ទៅ​ទៀត, ទុក្ខ​ព្រោះ​មិន​មាន​ផ្ទះ​នៅ, ទុក្ខ​វា​មិន​បាន​នៅ​នឹង​ផ្ទះ តែ​វា​នៅ​នឹង​ចិត្ត​របស់​បុរស​នោះ​ឯង, ដូច្នេះ កាល​បើ​ចិត្ត​កើត​ទុក្ខ តោង​កែ​ចិត្ត​​កុំ​ទៅ​ទម្លាយ​រាងកាយ​ដែល​មិន​បាន​ដឹង​រឿងរ៉ាវ​វិញ” ។ កាល​សង្កេត​ឃើញ​ស្រី​ក្រមុំ​អង្គុយ​ស្ងៀម សាមណៈ​ក៏​សួរ​ទៀត​ថា “ម្នាល​កុលធីតា ! កាល​បើ​សេចក្ដី​ស្លាប់​មិន​អាច​ធ្វើ​ឲ្យ​នាង​ផុត​ទុក្ខ​បាន ដូច្នេះ​ហើយ​ការសម្លាប់​ខ្លួន​ឯង​ក៏​មិន​មាន​ប្រយោជន៍ គួរ​ឲ្យ​ស្ដាយ​ដែល​នាង​ប្រញាប់​មក​ទម្លាយ​ជីវិត​របស់​ខ្លួន​ឯង អត់ធន់​តទៅ​បន្តិច​ទៀត​មិន​បាន​ឬ ?” ។ “ខ្ញុំ​យល់​ឃើញ​ហើយ​ថា​មិន​បាន​ដោយ​ប្រាកដ” ស្រី​ក្រមុំ​តប ។ “នាង​ប្រសព្វ​ទុក្ខ​នេះ​យូរ​ប៉ុណ្ណា​ហើយ ?” “បី​ថ្ងៃ​ហើយ…!” “នាង​ប្រាប់​ថា​អត់ធន់​មិន​បាន តែ​នាង​ក៏​អត់ធន់​បាន​មក​ដល់ ៣ ថ្ងៃ​ហើយ ហើយ​ក្នុង​ទីបំផុត​ក៏​នឹង​បាត់​ទៅ​ឯង !” ។ “លោក​និយាយ​យ៉ាង​អ៊‍ីចឹង អ្នក​ណាៗ​ក៏​និយាយ​បាន” ស្រី​ក្រមុំ​ប្រកែក “នាង​ខ្ញុំ​ខំ​អត់ធន់​មក ៣ ថ្ងៃ ក៏​ស្ទើរ​តែ​មិន​បាន​ទៅ​ហើយ សេចក្ដី​អត់ធន់​របស់​ខ្ញុំ មិន​មាន​ទំនង​ថា​វា​នឹង​ថយ​ចុះ​បាន​ឡើយ មាន​តែ​ថែម​ឡើង​រឿយៗ នាង​ខ្ញុំ​ជឿ​ថា វា​នឹង​មិន​មាន​ពេល​ថយ​ចុះ​ដាច់​ខាត” ។ “កុលធីតា​អឺយ ! ក្មេង​ដែល​មិន​សូវ​ដឹង​អ្វី ទើប​កើត​មក​ក្នុង​លោក​ត្រឹម​រយៈ​វេលា​ខ្លី កាល​បើ​ឃើញ​ព្រះ​អាទិត្យ​រះ​ឡើង​មក​លើ​ផែន​ប្រឹឋពី ។ ហើយ​សន្សឹមៗ​អណ្ដែត​ឡើង​ទៅ​លើ​ផ្ទៃ​អាកាស​បញ្ចេញ​រស្មី​ដ៏​ក្ដៅ​ខ្លាំង​ឡើង​គ្រប់​ខណៈ ក៏​ភ័យ​ខ្លាច ព្រោះ​ចូលចិត្ត​ថា ព្រះ​អាទិត្យ​នឹង​រឹតតែ​ខ្ពស់​ឡើង​មិន​ឈប់ឈរ មិន​មាន​វេលា​នឹង​បែរ​រសៀល​ទាប​ចុះ​រស្មី​ក្ដៅ​ខ្លាំង ក៏​ចេះ​តែ​ខ្លាំង​ឡើង​រឿយៗ ទាល់តែ​គ្រប់​យ៉ាង​ក្នុង​លោក​ត្រូវ​ឆេះ​ខ្ទេច​វិនាស​អស់​ទៅ ។ កាល​ក្មេង​នោះ​កើត​សេចក្ដី​ភ័យ​ខ្លាច ចំពោះ​ព្រះ​អាទិត្យ​ហើយ ក៏​រក​ផ្លូវ​ចេញ​ដោយ​ការដណ្ដើម​សម្លាប់​ខ្លួនឯង​ បែប​នេះ​ក៏​ជា​ទី​គួរ​ឲ្យ​ស្ដាយ និង​គួរ​ឲ្យ​សង្វេគ​អាណិត, ព្រោះ​ថា បើ​គេ​ធន់​នៅ​ចាំ​មើល​តទៅ​ទៀត​បន្តិច គេ​ក៏​នឹង​បាន​ឃើញ​ថា កាល​ព្រះ​អាទិត្យ​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​កណ្ដាល​នភាកាស​ហើយ ក៏​សន្សឹមៗ​ទាប​ចុះ​មក, រស្មី​ក៏​សន្សឹមៗ​ត្រជាក់​ចុះ ទាល់តែ​ក្នុង​ទី​បំផុត ក៏​បាត់​ចុះ​ទៅ​ក្នុង​ជើង​មេឃ ។ រឿង​ដែល​គេ​សម្គាល់​ថា​ខ្លួន​​នឹង​ត្រូវ​រស្មី​ព្រះ​អាទិត្យ​ដុត​កម្ដៅ​រោលរាល​ឲ្យ​ស្លាប់​ក៏​នឹង​មិន​កើត​មាន​ឡើង, គឺ​គេ​គ្រាន់តែ​សាង​ទុក្ខ​ឲ្យ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ កុលធីតា​អឺយ ! ព្រះ​អាទិត្យ​យ៉ាង​ណា ទុក្ខ​របស់​នាង​ក៏​ប្រៀប​យ៉ាង​នោះ, នាង​អត់​ធន់​មក​បាន ៣ ថ្ងៃ​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ថា ទុក្ខ​នឹង​ថយ​ចុះ ក៏​ព្រោះ​វា​នៅ​មិន​ទាន់​ដល់​ចំណុច​ខ្ពស់​បំផុត​របស់​វា ដូច​ព្រះ​អាទិត្យ​ដែល​នៅ​មិន​ទាន់​ដល់​ចំណុច​ត្រង់ ដូច​ព្រះ​ច័ន្ទ​ដែល​នៅ​មិន​ទាន់​ពេញ​ដួង តែ​មិន​យូរ​វា​ក៏​នឹង​ដល់​ចំណុច​ខ្ពស់​បំផុត ហើយ​ក៏​នឹង​ផ្ដើម​ថយ​ចុះ​ដូច​ទន្លេ​គង្គា​ចុង​រដូវ​ភ្លៀង” ។ “កុលធីតា​អឺយ ! នាង​ចូរ​ជ្រាប​សេចក្ដី​ពិត​ចុះ​ថា គ្រប់យ៉ាង​មិន​ថា​វត្ថុ​អ្វី ឬ​នាម​ធម៌​ណា​មួយ​ឡើយ, កាល​កើត​ឡើង និង​ចម្រើន​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ រមែង​ទ្រុឌទ្រោម និង​រលត់​បាត់​ទៅ​ក្នុង​ទី​បំផុត នេះ​គឺ​ជា​ល័ក្ខការ​នៃ​សច្ចធម៌, សេចក្ដី​ពិត​របស់​ធម្មជាតិ ដែល​មិន​មាន​អ្វី​មក​ធ្វើ​ឲ្យ​ប្រែប្រួល​បាន ។ យើង​ទាំង​ពីរ​ដែល​កំពុង​សន្ទនា​គ្នា​នៅ​ទី​នេះ អាច​មិន​ដល់​មួយ​រយ​ឆ្នាំ​ផង ក៏​នឹង​ក្លាយ​ជា​ផេះ​ធ្យូង​គ្រប​ផែនដី​មិន​ខាន ។ នគរ​រាជគ្រឹះ ដែល​កំពុង​រុងរឿង​នេះ ថ្ងៃ​ណា​មួយ​ខាង​មុខ ក៏​នឹង​ក្លាយ​ទៅ​ជា​ព្រៃ ព្រោះ​កើត​រលត់​ជា​របស់​គូ​គ្នា, កាលណា​មាន​កើត ក៏​រមែង​មាន​រលត់, របស់​នោះ​ក៏​នឹង​ត្រូវ​មាន​ការរលត់​ដូច​គ្នា​ទាំងអស់, របស់​ខ្លះ កើត​ហើយ​យូរ​ទើប​រលត់ តែ​នឹង​នៅ​យូរ​ប្រវែង​ណា ក៏​ត្រូវ​តែ​រលត់​ក្នុង​ទី​បំផុត” ។ “ម្នាល​កុលធីតា ! អាត្មា​នេះ​ឯង​ក៏​ធ្លាប់​​ប្រសព្វ​ទុក្ខ​បែប​នេះ​ដូច​គ្នា​នឹង​នាង​មក​ហើយ កាល​នៅ​ក្រុង​សាវត្ថី អាត្មា​កើត​ស្រឡាញ់ និង​តាំង​សេចក្ដី​សង្ឃឹម​ក្នុង​កុលស្ត្រី​ម្នាក់ តមក​ក៏​មាន​ប្រុស​ដទៃ​ដណ្ដើម​យក​ទៅ​ពី​អាត្មា ទុក្ខ​ដ៏​ធំ​ក្រៃលែង​បាន​កើត​ឡើង​សង្កត់​បេះដូង​ស្ទើរ​តែ​ធន់​មិន​បាន អាត្មា​បាន​គេច​ចេញ​ពី​ក្រុង​សាវត្ថី ចេះតែ​ដើរ​ទៅ​យ៉ាង​ឥត​ទីដៅ អាស្រ័យ​សេចក្ដី​អត់ធន់, ថែម​ទាំង​បាន​ប្រសព្វ​ហេតុការណ៍​ផ្សេងៗ​ក្នុង​ការដើរ​ផ្លូវ​ទុក៌ន្ដារ ដ៏​វែងឆ្ងាយ ទុក្ខ​របស់​អាត្មា​ក៏​សន្សឹមៗ​បាត់​ទៅ ទោះ​បី​នៅ​មិន​ទាន់​បាត់​ស្រឡះ ក៏​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បាន​ច្រើន” ។ “កុលធីតា​អឺយ ! ទុក្ខ​នាង​ជា​ទុក្ខ​ធំ ទើប​អាច​រលត់​យូរ តែ​នឹង​ត្រូវ​រលត់​បាន​យ៉ាង​ពិត​ប្រាកដ, ដូច្នេះ នាង​មិន​បាច់​ធ្វើ​អ្វី​ទាំងអស់ គ្រាន់តែ​សង្កត់​ចិត្ត​សង្កត់​ថ្លើម​រង់ចាំ​ប៉ុណ្ណោះ រង់ចាំ​ទាល់តែ​ទុក្ខ​របស់​នាង​ដល់​ចំណុច​រលត់​ ត​ពី​នេះ​ទៅ នាង​ក៏​នឹង​សប្បាយ​ចិត្ត​ដូច​ដើម” ។ “ទម្រាំ​តែ​ទុក្ខ​របស់​ខ្ញុំ​រលត់ នាង​ខ្ញុំ​នឹង​បែក​ទ្រូង​ស្លាប់​មុន​ប៉ុណ្ណោះ​ឯង” នាង​ពោល​ប្រកែក​ក្រោយ​ពី​ស្ងៀម​ស្ដាប់​មក​យូរ ។ “អាត្មា​កើត​មក​ក្នុង​លោក​ជាង ៣០ ឆ្នាំ​មក​ហើយ នៅ​មិន​ធ្លាប់​ឃើញ និង​មិន​ធ្លាប់​បាន​ឮ​ថា មាន​អ្នក​ស្លាប់​ព្រោះ​បែក​ទ្រូង តែ​ដែល​ស្លាប់​ព្រោះ​ត្រូវ​គ្រឿង​សាស្ត្រវុធ​ទម្លាយ​ឲ្យ​បែក នោះ​ធ្លាប់​ឃើញ​មក​ច្រើន, ដូច្នេះ​អាត្មា​សូម​រ៉ាប់រង​ថា ទ្រូង​របស់​នាង​នឹង​មិន​បែក​ទេ, ហើយ​នាង​នឹង​មិន​មាន​ថ្ងៃ​ស្លាប់​ព្រោះ​ទ្រូង​បែក, ក្រៅ​តែ​អំពី​នាង​ទម្លាយ​ឲ្យ​វា​បែក” ។ លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​អ្នក​ពេញ​ទៅ​ដោយ​ទុក្ខ​ហាក់​ដូច​ជា​មាន​ស្មារតី​ឡើង​វិញ​ខ្លះ “នាង​ខ្ញុំ​ខូចចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​ឃើញ​ថា​ជីវិត​នេះ​ជា​របស់​ឥត​តម្លៃ ដឹង​ខ្លួន​ថា​ដូច​ជា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​រាងកាយ និង​ខ្យល់​ដង្ហើម​ប៉ុណ្ណោះ” ។ “កុលធីតា​អឺយ !​ ហេតុ​ដែល​នាង​ខូចចិត្ត ព្រោះ​នាង​មិន​យល់​ល័ក្ខការ​របស់ អនិច្ចំ ទើប​មើល​ឃើញ​របស់​ផ្សេងៗ​ទៅ​ជា​របស់​ល្អ​តែ​ម្យ៉ាង ប្រគល់​សេចក្ដី​ទុកចិត្ត, សេចក្ដី​ស្នេហា, សេចក្ដី​សង្ឃឹម​ក្នុង​របស់​ណា​មួយ ឬ​មនុស្ស​ណា​មួយ​ទាល់តែអស់​រលីង ។ កាល​បើ​របស់​នោះ ឬ​មនុស្ស​នោះ​ស្ដែង​បញ្ចេញ អនិច្ចំ ចេញ​មក​តាម​កាល​របស់​វា, នាង​ក៏​ខុស​ប្រាថ្នា ខូចចិត្ត និង​កើត​ទុក្ខ​ខ្លាំង ដូច​ដែល​កំពុង​កើត​ទុក្ខ​ក្នុង​វេលា​នេះ ។ ខ្ញុំ​ឧបមា​ថា នាង​មាន​ប្រាក់ ១០០ កហាបណៈ ហើយ​យក​ទៅ​ផ្ញើ​ទុក​នឹង​មិត្ត​ប្រុស ២៥ កហាបណៈ មិត្ត​ស្រី ២៥ កកហាបណៈ បង​ប្រុស ២៥ កហាបណៈ ប្អូន​ស្រី ២៥ កហាបណៈ បើ​មិត្ត​ប្រុស​ក្បត់​យក​ប្រាក់​របស់​នាង​ទៅ នាង​ក៏​ខូច​បង់​ប្រាក់​ត្រឹម ២៥ កហាបណៈ​ប៉ុណ្ណោះ ក៏​នៅ​សល់ ៧៥ កហាបណៈ, បើ​បងប្រុស​កេង​យក​ទៅ ២៥ កហាបណៈ​ទៀត ក៏​នៅ​មាន​សល់​នឹង​ប្អូន​ស្រី ២៥ កហាបណៈ លុះ​ត្រា​តែ​ប្អូន​ស្រី​កេង​យក​ទៅ​ទៀត​នោះ​ឯង នាង​ទើប​សូន្យ​ទ្រព្យ​អស់​ពី​ខ្លួន, តែ​ការ​ដែល​មនុស្ស​ទាំង ៤ នឹង​កេងប្រវ័ញ្ច​យក​ប្រាក់​ព្រម​គ្នា​ទាំងអស់​តែ​ម្ដង អាច​នឹង​ប្រព្រឹត្ត​ទៅ​មិន​បាន ។ ការផ្ញើ​ប្រាក់​ទុក​បែប​នេះ ជា​វិធី​ឆ្លាត បើ​នាង​យក​ប្រាក់​ទាំង ១០០ កហាបណៈ ទៅ​ផ្ញើ​ទុក​នឹង​មនុស្ស​តែ​មួយ​គត់ បើ​គេ​កេង​យក​ទៅ នាង​ក៏​នឹង​សូន្យ​ខូច​បង់​ប្រាក់​ទាំង​រយ​កហាបណៈ​ព្រម​គ្នា ដែល​ជា​ការ​សូន្យ​ដ៏​គួរ​ឲ្យ​ស្ដាយ និង​ជា​វិធីការ​មិន​ឆ្លាត​ឡើយ” ។ “ម្នាល​កុលធីតា បេះដូង​របស់​នាង​ក៏​ដូច​គ្នា ប្រសិន​បើ​នាង​យក​បេះដូង​របស់​នាង​ទាំងអស់​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់ បើ​អ្នក​នោះ​មិន​ស្មោះត្រង់​នឹង​នាង នាង​ក៏​ខូចចិត្ត​ទៅ​ទាំងអស់ នាង​នឹង​អស់​សង្ឃឹម, រស់នៅ​ប្រៀប​នឹង​មនុស្ស​មិន​មាន​បេះដូង ដូច​ដែល​កំពុង​កើត​មាន​ដល់​នាង​ក្នុង​វេលា​នេះ ផ្លូវ​ដែល​ត្រូវ​គឺ ៖ នាង​គួរ​បែង​បេះដូង​ចេញ​ជា​ចំណែកៗ មួយ​ចំណែក​ប្រគល់​ឲ្យ​បណ្ដា​ញាតិ មួយ​ចំណែក​ជូន​ទៅ​ឲ្យ​បងប្អូន មួយ​ចំណែក​ជូន​ឲ្យ​មិត្តភក្ដិ មួយ​ចំណែក​ជូន​ឲ្យ​គ្រូ​បាអាចារ្យ មានន័យ​ថា ឲ្យ​សេចក្ដី​ស្នេហា​គេ​តែ​បន្តិច​មុន​សិន បើ​គូ​សង្សារ​កើត​ទុយ៌ស​នឹង​យើង យើង​ក៏​នឹង​មាន​ការខូចចិត្ត​តិច, លុះត្រា​ជឿ​ប្រាកដ​ថា គេ​ស្មោះ​ត្រង់​ចំពោះ​យើង​ពិតៗ សឹម​ស្រឡាញ់​គេ​ដោយ​បេះដូង​ទាំងអស់” ។ “លោក​និយាយ​ហាក់​ដូច​ជា​បេះដូង​របស់​មនុស្ស​ជា​វត្ថុ ដែល​នឹង​យក​មក​បែងចែក​គ្នា​បាន​ងាយៗ​អ៊‍ីចឹង សេចក្ដី​ពិត​វា​គង់​ធ្វើ​មិន​បាន​ទេ​ដឹង​ទាន… មនុស្ស​បើ​បាន​ស្រឡាញ់​អ្នក​ណា​ហើយ លំបាក​នឹង​ហាម​ចិត្ត​មិន​ឲ្យ​ស្រឡាញ់​ច្រើន​បាន បើ​យើង​ស្រឡាញ់​គេ​តិច គេ​ក៏​មិន​ពេញ​ចិត្ត​យើង, គេ​ថា​យើង​ស្រឡាញ់​គេ​មិន​ពិត​ប្រាកដ… យ៉ាង​នេះ, សេចក្ដី​ស្រឡាញ់​នឹង​រៀបរយ​បាន​យ៉ាង​ណា ?” ស្រី​ក្រមុំ​ឲ្យ​ហេតុ​ផល​ជំទាស់​ដោយ​ទឹក​មុខ​ថ្លា​ស្រស់​ឡើង​ច្រើន ។ “ម្នាល​កុលធីតា ! អាត្មា​នឹង​លើក​តួយ៉ាង​ឲ្យ​ស្ដាប់… ឧបមា​ថា មាន​ចោរ​កំណាច​ម្នាក់​ចូល​មក​នៅ​ក្នុង​ផ្ទះ​របស់​នាង​ដោយ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង នាង​ក៏​ដឹង​ច្បាស់​ថា​គេ​ជា​ចោរ ព្រមទាំង​មាន​ចេតនា​អាក្រក់​ចំពោះ​នាង, ដោយសារ​ចោរ​នោះ​ព្យាយាម​ធ្វើ​​សេចក្ដី​ល្អ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​នាង​ស្រឡាញ់​ដោយ​សេចក្ដី​សង្ឃឹម​ថា កាល​បើ​នាង​ស្រឡាញ់​គេ​ច្រើន​ហើយ ក៏​នឹង​ជា​ឱកាស​ឲ្យ​គេ​ប្រទូស្ដរ៉ាយ​នាង​រឹតតែ​បាន​ងាយ​ឡើង ។ ត​មក​នាង​ក៏​កើត​មាន​ចិត្ត​ស្រឡាញ់​គេ ព្រោះ​សេចក្ដី​ល្អ​របស់​គេ, តែ​ក្នុង​វេលា​ជា​មួយ​គ្នា​នោះ នាង​ក៏​នៅ​មាន​ការសង្ស័យ​ខ្លះៗ​ជាមួយ​គេ​នោះ, កាល​បើ​ដូច្នេះ នាង​ក៏​ព្រម​ស្រឡាញ់​គេ​ត្រឹមតែ​បន្តិច​ប៉ុណ្ណោះ ដោយ​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​ពី​បេះដូង ព្រោះ​នាង​មិន​ទាន់​ទុក​ចិត្ត​គេ​មែនទែន” ។ “មែន​ហើយ” ស្រី​ក្រមុំ​ទទួល ។ “ម្ដេច​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​ទៅ” សាមណៈ​សួរ ។ “ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា គេ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង​ខ្ញុំ ការធ្វើ​ល្អ​របស់​គេ​គ្រាន់តែ​ជា​ការក្លែង​ធ្វើ​ដើម្បី​បញ្ឆោត​ឲ្យ​ខ្ញុំ​ស្លាប់​ចិត្ត បើ​ឱកាស​ឲ្យ គេ​ប្រទូស្តរាយ​នាង​ខ្ញុំ​បាន​ងាយ​ប៉ុណ្ណោះ នាង​ខ្ញុំ​អាច​នឹង​ពេញ​ចិត្ត​គេ​ខ្លះ ក្នុង​រឿង​ដែល​គេ​ធ្វើ​ល្អ​ចំពោះ​នាង​ខ្ញុំ តែ​ក៏​មិន​អាច​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​បាន ព្រោះ​នៅ​ខ្លាច​សង្ស័យ​គេ​ខ្លះៗ​នៅ​ឡើយ” ។ “ម្នាល​កុលធីតា ! នេះ​ក៏​ស្ដែង​ឲ្យ​ឃើញ​ថា បេះដូង​ជា​របស់​បែងចែក​គ្នា​បាន យើង​ស្រឡាញ់​តិច​ក៏​បាន ច្រើន​ក៏​បាន ។ បើ​យើង​មើល​គេ​ទាំង​ពីរ​ផ្នែក ទាំង​ផ្នែក​ល្អ និង​ផ្នែក​អាក្រក់ ទោះបី​គេ​សម្ដែង​សេចក្ដី​អាក្រក់​ចេញ​មក យើង​ក៏​មិន​ខូចចិត្ត​ដោយ​ប្រការ​ណា​មួយ​ឡើយ, ព្រោះ​ជា​រឿង​ដែល​យើង​បាន​គិត​ទុក​ជា​មុន​ហើយ ។ បើ​យើង​មើល​គេ​ក្នុង​ផ្នែក​ល្អ​តែ​ម្យ៉ាង យើង​ច្រើន​តែ​ភ្លេច​ខ្លួន​ស្រឡាញ់​គេ​យ៉ាង​អស់​ពី​បេះដូង លុះ​គេ​បញ្ចេញ​ផ្នែក​អាក្រក់​មក យើង​ក៏ ខូចចិត្ត​ខ្លាំង ។ នាង​កុំ​គិត​ឡើយ​ថា គេ​មិន​ពេញ​ចិត្ត​យើង, ថា​យើង​មិន​ពិត ។ យើង​ស្រឡាញ់​គេ​ពិតៗ តែ​ថា​ត្រូវ​ស្រឡាញ់​ឲ្យ​តិច ទាំង​នេះ​ក៏​ដើម្បី​សេចក្ដី​សប្បាយ​ចិត្ត​របស់​យើង កាល​ណា​គេ​អាច​ពិសោធ​ឲ្យ​យើង​ឃើញ​បាន​ដោយ​ការធ្វើ​ល្អ​ស្មោះត្រង់​នឹង​យើង​ពិតៗ យើង​ក៏​ព្រម​នឹង​ស្រឡាញ់​គេ​យ៉ាង​ពេញ​បេះដូង​ឲ្យ​បាន” ។ លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​ក្រមុំ​ក៏ មើល​មក​សាមណៈ​ដោយ​ដួងភ្នែក​សម្ដែង​សេចក្ដី​ទុក​ចិត្ត និង​សេចក្ដី​គោរព​រាប់អាន​ច្រើន​ឡើង ។ នាង​និយាយ​ដោយ​សំឡេង​ថ្លា​ច្បាស់​ថា “ត្រូវ​ដូច​ពាក្យ​របស់​លោក​ម្ចាស់​តែ​ម្ដង ! នាង​ខ្ញុំ​ភ្លើ, ទៅ​ទុក​ចិត្ត​គូ​ស្នេហា​ច្រើន​ពេក​ទៅ ទើប​ប្រគល់​ជីវិត​ ចិត្ត​គំនិត​ទាំងអស់​ឲ្យ​គេ… លុះ​គេ​ដោះ​ដៃ​គេច​ទៅ​រៀប​វិវាហ៍មង្គល​នឹង​ស្រី ដទៃ ទើប​ខូច​ចិត្ត​ខ្លាំង” ។ “កុលធីតា​អឺយ ! ការ​មិន​សម​ប្រាថ្នា​របស់​នាង​គ្រា​នេះ​នឹង​បាន​ជា​បទ​រៀន​ដ៏​មាន​តម្លៃ បង្រៀន​ឲ្យ​នាង​ចេះ​មើល​គ្រប់​ទាំង​ពីរ​ខាង” សាមណៈ​អប់រំ​នាង​តទៅ​ទៀត “គ្រប់​យ៉ាង​រមែង​មាន​ពីរ​ខាង​ជា​ធម្មតា មាន​ងងឹត​ត្រូវ​មាន​ភ្លឺ, មាន​ត្រជាក់​ត្រូវ​មាន​ក្ដៅ, មាន​ខ្ពស់​ត្រូវ​មាន​ទាប, មាន​ល្អ​ត្រូវ​មាន​អាក្រក់, មាន​សុខ ត្រូវ​មាន​ទុក្ខ, មាន​ឈ្នះ ត្រូវ​មាន​ចាញ់ និង​មាន​សម​ប្រាថ្នា ត្រូវ​មាន​ខុស​ប្រាថ្នា ។ យើង​ត្រូវ​មើល​ឲ្យ​ឃើញ​ទាំង​ពីរ​ខាង បើ​មើល​ខាង​ល្អ​តែ​ម្ខាង​មិន​ត្រៀម​ខ្លួន​ទុក​សម្រាប់​ទទួល​ខាង​អាក្រក់ កាល​ដល់​ពេល​ប្រសព្វ​នឹង​ខាង​អាក្រក់​ក៏​រើ​ខ្លួន​មិន​រួច ។ អ្នក​ស្រឡាញ់​ការលេង​កីឡា ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​ចាញ់ ទាំង​ឈ្នះ, ស្រឡាញ់​ការប្រឡង​វិជ្ជា ត្រូវ​ត្រៀម​ខ្លួន​ទាំង​ជាប់​ទាំង​ធ្លាក់, ប្រាថ្នា​អ្វី​ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​សម​ប្រាថ្នា ទាំង​ខុស​ប្រាថ្នា ។ អ្នក​មើល​លោក​ទាំង​ពីរ​ខាង រមែង​ត្រៀម​ខ្លួន​ព្រម​គ្រប់​កាល រមែង​ញញឹម​ដរាប​ទាំង​ពេល​ចាញ់ ទាំង​ពេល​ឈ្នះ, ទាំង​ពេល​ខុស​ប្រាថ្នា និង​ពេល​សម​ប្រាថ្នា, ទាំង​ពេល​សុខ និង​ពេល​ទុក្ខ, មាន​ចិត្ត​រឹងប៉ឹង​ជាប់​លាប់ អ្នក​នោះ​រមែង​បាន​ប្រៀប​គ្រប់​ពេល និង​គ្រប់​ទីស្ថាន” ។ “កុលធីតា​អឺយ ! ព្រោះ​នាង​មើល​លោក​តែ​ម្ខាង ទើប​ត្រូវ​ប្រសព្វ​មហន្តទុក្ខ​គ្រា​នេះ ។ តទៅ នាង​គួរ​មើល​លោក​ទាំងពីរ​ខាង​ជា​ដរាប គ្រា​នេះ​នាង​បាន​ដួល​ទៅ​ហើយ ភ្លាំងភ្លាត់​ទៅ​ហើយ ចូរ​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ កាល​ឃើញ​ថា​ខ្លួន​ដួល​ចុះ​ហើយ នៅ​ដេក​ស្ងៀម ធ្វើ​ព្រងើយ​មិន​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ មិន​មែន​ជា​ទង្វើ​ដ៏​ឆ្លាត​ទេ” ។ ខណៈ​នេះ ហេតុផល​បាន​ត្រឡប់​មក​កាន់​ស្រី​ក្រមុំ​បរិបូណ៌​ហើយ នាង​ឱន​ក្រាប​ចុះ​ទៀប​នឹង​ជើង​របស់​សាមណៈ រេវតៈ ដោយ​ចិត្ត​សទ្ធា​ជ្រះ​ថ្លា ហើយ​ពោល​ថា “លោក​អ្នក​រុងរឿង​បញ្ញា ! ពាក្យ​ណែនាំ​របស់​លោក​ចាប់ចិត្ត​របស់​នាង​ខ្ញុំ​ពន់​ពេក​ណាស់ ប៉ុន​គ្នា​នឹង​ឱសថ​វិសេស​ជប់​ជីវិត​របស់​ខ្ញុំ​តែ​ម្ដង, បើ​មិន​មាន​លោក​ទេ នាង​ខ្ញុំ​ច្បាស់​ស្លាប់​ជា​ខ្មោច​នៅ​យាម​ភ្នំ​នេះ​ទៅ​ហើយ ។ តាំង​ពី​ពេល​នេះ​ទៅ នាង​ខ្ញុំ​នឹង​មិន​គិត​ធ្វើ​អ្វី​ល្ងង់​ខ្លៅ​ដូច្នេះ​ទៀត​ទេ និង​ព្យាយាម​ចងចាំ​នូវ​ពាក្យ​ណែនាំ​របស់​លោក​នាំ​យក​ទៅ​អប់រំ​ខ្លួន​ដែល​ល្ងង់​គិត​នឹង​សម្លាប់​ខ្លួន​តទៅ” ។ កាល​បាន​ទេសនា​អប់រំ​ស្ត្រី​ក្រមុំ​ឲ្យ​មាន​ចិត្ត​តាំង​មាំ​ក្នុង​ហេតុផល​ហើយ នាង​ក៏​ក្រាប​បង្គំ​លា​សាមណៈ​ដើរ​ចុះ​ពី​ភ្នំ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​អាការ​ប្រក្រតី ចំណែក​សាមណៈ​ត្រេកអរ​ណាស់​ដែល​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​បាន ។ សាមណៈ​ក៏​ត្រឡប់​ទៅ​កាន់​ល្អាង សូករខីណា ហើយ​ក៏​បំពេញ​ព្យាយាម​ទៅ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/3073/20243ok.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,១២៧ ដង)
កម្មបថវគ្គ ទី៧ បាណាតិបាតីសូត្រ ទី១ [១១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលដែលសម្លាប់សត្វ ដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ [ការរាប់ ៤ៗនោះ ឲ្យរាប់ក្នុងមួយបទៗ គឺក្នុងមួយបទៗ ចែកការធ្វើជា៤ គឺធ្វើខ្លួនឯង ដឹកនាំអ្នកដទៃ ពេញចិត្ត និយាយសរសើរ។] ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការសម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ អទិន្នាទាយីសូត្រ ទី២ [១១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពោលសរសើរការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១។ អម្បាលនេះ។បេ។ គឺបុគ្គលជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពេញចិត្តក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពោលសរសើរការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យអម្បាលនេះ។បេ។ មិច្ឆាចារីសូត្រ ទី៣ [១១៦] ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងកាមេសុមិច្ឆាចារ ពេញចិត្ត ក្នុងកាមេសុមិច្ឆាចារ ពោលសរសើរកាមេសុមិច្ឆាចារ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកកាមេសុមិច្ឆាចារ ពេញចិត្តក្នុងការវៀរចាកកាមេសុមិចា្ឆចារ ពោលសរសើរការវៀរចាកកាមេសុមិច្ឆាចារ។ អម្បាលនេះ។បេ។ មុសាវាទីសូត្រ ទី៤ [១១៧] ជាអ្នកនិយាយកុហក ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងមុសាវាទ ពេញចិត្តក្នុងមុសាវាទ ពោលសរសើរមុសាវាទ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកមុសាវាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកមុសាវាទ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ពោលសរសើរការវៀរចាកមុសាវាទ។ អម្បាលនេះ។បេ។ បិសុណវាចាសូត្រ ទី៥ [១១៨] ជាអ្នកពោលពាក្យញុះញង់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងបិសុណាវាចា ពេញចិត្តក្នុងបិសុណាវាចា ពោលសរសើរបិសុណាវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកបិសុណាវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកបិសុណាវាចា ពេញចិត្តក្នុងការវៀរចាកបិសុណាវាចា ពោលសរសើរការវៀរចាកបិសុណាវាចា។ អម្បាលនេះ។បេ។ ផរុសវាចាសូត្រ ទី៦ [១១៩] ជាអ្នកនិយាយពាក្យអាក្រក់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងផរុសវាចា ពេញចិត្ត ក្នុងផរុសវាចា ពោលសរសើរផរុសវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកផរុសវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកផរុសវាចា ពេញចិត្ត ក្នុងការវៀរចាកផរុសវាចា ពោលសរសើរការវៀរចាកផរុសវាចា។ អម្បាលនេះ។បេ។ សម្ផប្បលាបសូត្រ ទី៧ [១២០] ជាអ្នកពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសម្ផប្បលាបៈ ពេញចិត្ត ក្នុងសម្ផប្បលាបៈ ពោលសរសើរសម្ផប្បលាបៈ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ពោលសរសើរការវៀរចាក សម្ផប្បលាបៈ។ អម្បាលនេះ។បេ។ អភិជ្ឈាលុសូត្រ ទី៨ [១២១] ជាអ្នកមានចិត្តសំឡឹងរំពៃទ្រព្យអ្នកដទៃ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអភិជ្ឈា ពេញចិត្ត ក្នុងអភិជ្ឈា ពោលសរសើរអភិជ្ឈា។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនរំពៃ (ទ្រព្យអ្នកដទៃ) ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអនភិជ្ឈា ពេញចិត្ត ក្នុងអនភិជ្ឈា ពោលសរសើរអនភិជ្ឈា។ អម្បាលនេះ។បេ។ ព្យាបន្នចិត្តសូត្រ ទី៩ [១២២] ជាអ្នកមានចិត្តព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងព្យាបាទ ពេញចិត្ត ក្នុងព្យាបាទ ពោលសរសើរព្យាបាទ។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការមិនព្យាបាទ ពេញចិត្ត ក្នុងការមិនព្យាបាទ ពោលសរសើរការមិនព្យាបាទ។ អម្បាលនេះ។បេ។ មិច្ឆាទិដ្ឋិសូត្រ ទី១០ [១២៣] ជាអ្នកយល់ខុស ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងសេចក្ដីយល់ខុស ពេញចិត្ត ក្នុងសេចក្ដីយល់ខុស ពោលសរសើរសេចក្ដីយល់ខុស។ អម្បាលនេះ។បេ។ ជាអ្នកយល់ត្រូវដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសេចក្ដីយល់ត្រូវ ពេញចិត្ត ក្នុងសេចក្ដីយល់ត្រូវ ពោលសរសើរសេចក្ដីយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤នេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំទៅដាក់។ ចប់ កម្មបថវគ្គ ទី៧។ កម្មបថវគ្គ ទី ៧ ឬ កម្មបថ ៨០ បិដកភាគ ៤៣ ទំព័រ ២៧៨ ឃ្នាប ១១៤ ដោយ៥០០០ឆ្នាំ
images/articles/3085/202______er.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៩៤៣ ដង)
- ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ - ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ - សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ - តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ - បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) ដោយ​៥០០០​ឆ្នាំ​
images/articles/3086/202____Photo_Viewer.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ៤,០៣០ ដង)
មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ) ១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង ២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង ៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង ៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង ៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង ៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង ៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង ៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង (សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ពុទ្ធវំស-អដ្ឋកថា » រតនចង្កមនកណ្ឌវណ្ណនា សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ចរិយាបិដក-អដ្ឋកថា » យុធញ្ជយវគ្គោ សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-ដីកា » ព្រហ្មជាលសុត្តវណ្ណនា សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-អភិនវដីកា-១ » ព្រហ្មជាលសុត្តំ សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឧទាន-អដ្ឋកថា » មុចលិន្ទវគ្គោ សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឥតិវុត្តក-អដ្ឋកថា » ទុកនិបាតោ) ដោយ​៥០០០​ឆ្នាំ​
images/articles/3169/_________________________________.jpg
ផ្សាយ : ០១ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៩៥៣ ដង)
អានទៅដើមអត្ថបទ កាលណាលេីកបេីករូបចេញ ហេីយរលឹកដល់សេចក្តីមិនអាចមានទីបំផុត នៃអរូបជាអារម្មណ៍ រហូតអប្បនាសមាធិកេីត ក៏ជាអរូបជ្ឈានកុសល ដេាយវិថីចិត្តកេីតរលត់បន្តគ្នាតាមផ្លូវមនេាទ្វារដូចតែគ្នានឹងឈានវិថី ហេីយនិងត្រូវប្រកបដេាយវសី ៥ ទេីបនឹងបន្លុះដល់អរូបជ្ឈានថ្នាក់ខ្ពស់ឡេីងៗ បាន ។ អរូបជ្ឈានមាន ៤ ថ្នាក់ ជាបពា្ចមជ្ឈានទាំង ៤ ថ្នាក់ តែផ្សេងគ្នាត្រង់អារម្មណ៍ល្អិតឡេីង ៗ ជាលំដាប់ថ្នាក់ គឺ៖ »អរូបជ្ឈានទី ១ អាកាសានពា្ចាយតនឈានចិត្តមានអាកាសដែលមិនមានទីបំផុតជាអារម្មណ៍។ »អរូបជ្ឈានទី ២ វិញ្ញាណពា្ចាយតនឈានចិត្តមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍ព្រេាះពិចារណាឃេីញថា អាកាសដែលមិនមានទីបំផុតជាអារម្មណ៍នេាះ ក៏នៅមិនទាន់ល្អិតប្រណីតស្មេីនឹងអាកាសានពា្ចយតនចិត្ត ដែលមានអាកាសមិនមានទីបំផុតជាអារម្មណ៍ដែរ ដូច្នេាះ ទេីបកន្លងអាកាសដែលមិនមានទីបំផុតជាអារម្មណ៍ ហេីយបង្អេានទៅដល់អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ រហូតអប្បនាសមាធិកេីតឡេីងជាអរូបជ្ឈានទី ២ គឺ វិញ្ញាណពា្ចាយតនចិត្ត ដែលជាអរូបជ្ឈានចិត្តមានវិញ្ញាណ គឺ អាកាសានពា្ចាយតនចិត្តជាអារម្មណ៍។ »អរូបជ្ឈានទី ៣ អាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីជាអារម្មណ៍ ព្រេាះជាភាវៈដែលមិនមាន អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ កាលពិចារណាឃេីញថា ពេលនៅមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ ក៏នៅមិនទាន់ស្ងប់ មិនល្អិតប្រណីតស្មេីដូចនឹងមិនមានអ្វីជាអារម្មណ៍ឡេីយ ទេីបកន្លងនូវអាកាសានពា្ចាយតនចិត្តដែលជាអារម្មណ៍ ហេីយបង្អេានទៅដល់ភាវៈដែលមិនមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍រហូតអប្បនាសមាធិកេីតឡេីងជា អរូបជ្ឈានទី ៣ គឺអាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីឡេីយជាអារម្មណ៍ ព្រេាះមិនមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ។ »អរូបជ្ឈានទី ៤ នេវសញ្ញានាសញ្ញាយតនឈានចិត្ត មានអាកិពា្ចញ្ញាយតនឈានចិត្តជាអារម្មណ៍ ។ កាលណាពិចារណាឃេីញថា អាកិពា្ចញ្ញាយតនឈានចិត្ត ដែលមានភាវៈមិនមានអ្វីឡេីយជាអារម្មណ៍នេាះ ជាភាវៈដែលល្អិតណាស់ ទេីបបង្អេានទៅដល់ភាវៈនៃអាកិពា្ចញ្ញា​យតនចិត្តដែលល្អិតនេាះ រហូតអប្បនាសមាធិចិត្តកេីតឡេីងជាអរូបជ្ឈានទី ៤ គឺ នេវសញ្ញានាសញ្ញាយតនឈានចិត្ត ជាសភាពដែលសញ្ញាព្រមទាំងសម្បយុត្តធម៌ទាំងឡាយ ដែលកេីតរួមគ្នានេាះល្អិតរហូតពេាលមិនបានថា មានឬមិនមាន ព្រេាះមិនបានធ្វេីកិច្ចនៃសម្បយុត្តធម៌ទាំងឡាយពេញកម្លាំង ទេីបមិនបានថា មានឬមិនមាន សម្បយុត្តធម៌នេាះ ៗ ។ អរូបជ្ឈានទី ៤ ទេីបឈ្មេាះថា នេវសញ្ញានាសញ្ញាយតន គឺ មានសញ្ញាក៏មិនមែនមិនមានសញ្ញា ក៏មិនមែន។ ការចម្រេីនសមថភាវនា រហូតចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ ដល់ថ្នាក់អរូបជ្ឈាននេាះ ជាចិត្តដែលមានកម្លាំងអាចហ្វឹកហាត់ឲ្យជាប្រយេាជន៍តាមសេចក្តីប៉ងប្រាថ្នាបាន ដូចរលឹកជាតិបាន អធិដ្ឋានឲ្យកេីតទិព្វចក្ខុឃេីញវត្ថុផ្សេងៗ ដែលនៅឆ្ងាយ ឬដែលកំបាំងបាន, អធិដ្ឋានឲ្យកេីតសេាតទិព្វ ឮសម្លេងផ្សេងៗ ជិត ឬឆ្ងាយបាន, សម្រេចឥទ្ធិបាដិហារិយផ្សេងៗ ដូចដេីរលេីទឹកជ្រែកក្នុងដី ហេាះហេីរក្នុងអាកាស និងនិមិត្តនូវវត្ថុផ្សេងៗ បានជាដេីម ។ ប៉ុន្តែការនឹងហ្វឹកហាត់អបំរំឲ្យកេីតគុណវិសេសម្យា៉ងៗនេះ នឹងចាំបាច់ជាអ្នកមានសមត្ថភាពក្នុងកសិណគ្រប់កសិណ និងឈានសមាបត្តិទាំង ៨ (រូបឈាន ៤ ដេាយចតុត្ថន័យ និងអរូបឈាន ៤) យ៉ាងប្រសេីរក្រៃលែង ហេីយនឹងត្រូវហ្វឹកហាត់ចិត្តដេាយអាការ ១៤ គឺ “១”៖ ១. កសិណានុលេាមតេា ចូលឈានតាមលំដាប់កសិណ។ ២. កសិណបដិលេាមតេា ចូលឈានត្រឡប់បព្ច្រាាស់កសិណ។ ៣. កសិណនុលេាម បដិលេាមតេា ចូលឈានតាមលំដាប់កសិណ ហេីយត្រឡប់បព្ច្រាាស់កសិណ។ ៤. ឈានានុលេាមតេា ចូលឈានតាមលំដាប់ឈាន តាំងពីបឋមជ្ឈានដល់ នេវសញ្ញានាសញ្ញាយតនឈាន។ ៥. ឈានបដិលេាមតេា ចូលឈានដេាយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់តាំងពី នេវសញ្ញានាសញ្ញាយតនឈាន ដល់បឋមជ្ឈាន។ ៦. ឈានានុលេាមបដិលេាមតេា ចូលឈានតាមលំដាប់ឈានហេីយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់។ ៧. ឈានានុន្តកតេា ចូលឈានដេាយឆ្លងឈាន តែមិនឆ្លងកសិណ។ ៨. កសិណុក្កន្តកតេា ចូលឈានដេាយឆ្លងកសិណ តែមិនឆ្លងឈាន។ ៩. ឈានកសិណុក្កន្តកតេា ចូលឈានដេាយឆ្លងឈាន និងឆ្លងកសិណ។ ១០. អង្គសង្កន្តិតេា ចូលឈានដេាយកន្លងអង្គ។ ១១. អារម្មណ៍សង្កន្តិតេា ចូលឈានដេាយកន្លងអារម្មណ៍។ ១២. អង្គារម្មណសង្កន្តិតេា ចូលឈានដេាយកន្លង ទាំងអង្គ និងទាំងអារម្មណ៍។ ១៣. អង្គវវដ្ឋាបនតេា ចូលឈានដេាយកំណត់អង្គ នៃឈាននិមួយៗ។ ១៤. អារម្មណវវដ្ឋាបនតេា ចូលឈានដេាយកំណត់អារម្មណ៍ នៃឈាននិមួយៗ។ ការធ្វេីណាៗ ឬប្រព្រឹត្តកម្មណាៗ ដែលមេីលទៅហាក់ដូចជាគុណវិសេសទាំងឡាយនេាះ, ប៉ុន្តែ មិនមែនគុណវិសេសពិតប្រាកដទេ កាលណាហេតុមិនសមគួរដល់ផល ។ សេចក្តីក្នុងវិសុទ្ធិមគ្គសម្តែងថា៖ អ្នកផ្តេីមបំពេញព្យាយាមនៅមិនទាន់ហ្វឹកហាត់ចិត្តដេាយអាការ ១៤ ទាំងនេះ និងញាុំងឥទ្ធិ ឬទ្ធិផ្សេងៗ ឲ្យសម្រេចបាននេាះ មិនមែនឋានៈនឹងប្រព្រឹត្តទៅបាន​ឡេីយ​ ។ សូម្បីក្នុងការបរិកម្មកសិណ គឺ ការផ្តេីមបំពេញសមថភាវនានេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់នេាះរមែងអាចនឹងធ្វេីសម្រេចបានប្រហែលត្រឹមតែម្នាក់ ។ ហេីយកាលណាចម្រេីន​សមថភាវនា គឺបរិកម្មកសិណទៅហេីយ ត្រង់ឧគ្គហនិមិត្តនឹងកេីតបាន ក្នុងរាប់រយ ឬ រាប់ពាន់នាក់នេាះ រមែងអាចនឹងសម្រេចបានប្រហែលត្រឹមតែម្នាក់។ កាលណាឧគ្គហនិមិត្តកេីតហេីយ ការរក្សាទុកនូវនិមិត្ត និឹងការរវ័ងរក្សាទុកនូវចិត្តឲ្យស្ងប់តាំងមាំឡេីង រហូតបដិភាគនិមិត្តកេីតហេីយបន្លុះអប្បនាសមាធិនេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់ រមែងអាចនឹងសម្រេចបានត្រឹមតែម្នាក់ ។ ក្នុងបណ្តាអ្នកដែលសម្រេចឈានសមាបត្តិ ៨ ហេីយនេាះ ក្នុងរាប់រយ រាប់ពាន់នាក់ នឹងហ្វឹកហាត់ចិត្តដេាយអាការ ១៤ នេះបានប្រហែលត្រឹមតែមួយនាក់ ។ ក្នុងបណ្តាអ្នកដែលហ្វឹកហាត់ចិត្តដេាយអាការ ១៤ បានហេីយក្នុងរាប់រយ រាប់ពាន់នាក់ នឹងអាចសម្តែងឬទ្ធិបានប្រហែលត្រឹមតែមួយនាក់ ហេីយក្នុងបណ្តាអ្នកដែលសម្តែងឬទ្ធិបានរាប់រយ រាប់ពាន់នាក់នេាះ អ្នកដែលនឹងសម្តែងឬទ្ធិបានយ៉ាងឆាប់រហ័សទាន់ពេលនេាះ គឺនឹងអាចធ្វេីសម្រេចបានត្រឹមតែមួយនាក់ប៉ុណ្ណេាះ ។ សូម្បីក្នុងរឿងការរលឹកជាតិ ក៏មាន​ន័យ​ដូចគ្នា ។ នរណាទៅនឹងបានឧបចារសមាធិ កាលណាមិនមែនចិត្តដែលស្ងប់​ដេាយ​មហា​កុសលញ្ញាណសម្បយុត្ត នរណាទៅនឹងបានអប្បនាសមាធិដែលជា បឋមជ្ឈាន នរណាទៅនឹងបានទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន បពា្ចមជ្ឈាន និងអរូបជ្ឈាន នរណាទៅនឹងហ្វឹកហាត់អប់រំរលឹកជាតិ ដេាយហ្វឹកហាត់រលឹកត្រឡប់បព្ច្រាាស់ពីខណៈនេះទៅគ្រប់ៗ​ខណៈ ​រហូតដល់ព្រឹកមុិញ ថយដេញរហូតដល់យប់មុិញ ព្រឹកថ្ងៃម្សិល រឿយៗ រលឹក​ថយ​ដេញ​ទៅៗ ដេាយចិត្តដែលស្ងប់មាំទាំរហូតដល់បដិសន្ធិ ហេីយទេីបរហូតដល់ខណៈចុងក្រេាយ ថ្ងៃចុងក្រេាយនៃជាតិមុន រួចហេីយទេីបថយដេញទៅ ៗ តាមលំដាប់ដេាយកម្លាំងនៃឈានចិត្ត ដែលហ្វឹកហាត់អប់រំឲ្យជំនាញពូកែជាកម្លាំង កាលណាអធិដ្ឋានឲ្យមហាកុសល​ញ្ញាណសម្បយុត្តចិត្តកេីតឡេីងរលឹកបាន សម្រេចពីខណៈមួយហេីយថយដេញទៅខណៈមួយៗ ទៀត។ អ្នកដែលសិក្សាយល់ហេតុនិងផល នៃគុណវិសេសទាំងឡាយ ដេាយល្អិតទេីបដឹងបានថា ព្រឹត្តការណ៍ណាជាគុណវិសេសពិតប្រាកដហេីយ ព្រឹត្តការណ៍ណាដែលមិនមែនគុណវិសេសដែលពិតប្រាកដ ។ ការចម្រេីនសមថភាវនា មិនមែនការរំលត់កិលេសជាសមុច្ឆេទ ព្រេាះមិនមែនការប្រចក្សនូវលក្ខណៈនៃសភាវធម៌ ជាប្រក្រតីតាមសេចក្តីពិតឡេីយ ។ កាលណាឈានចិត្តមិនសាបសូន្យ ហេីយឈានវិថីចិត្ត កេីតមុនចុតិចិត្ត ជាកម្មប្បច្ច័យឲ្យឈានវិបាកចិត្តបដិសន្ធិក្នុងព្រហ្មភូមិជាន់ផ្សេងៗ ប៉ុន្តែកាលណាអស់អាយុហេីយនៃព្រហ្មភូមិនេាះៗ រួចហេីយក៏ត្រូវត្រឡប់មកដល់សេចក្តីជាយ៉ាងនេះទៀត គឺ ត្រេកអរ ពេញចិត្ត ជាប់ជំពាក់ ក្នុងតួខ្លួន ក្នុងរូប សម្លេង ក្លិន រស ផេាដ្ឋព្វៈ ។ ការធ្លាប់ចម្រេីនសមថភាវនាសន្សំ​មក​ខ្លះក្នុងជាតិមុន ៗ ក្នុងសំសារវដ្ត អាចនឹងធ្វេីឲ្យលេាកខ្លះមានហេតុការណ៍ដឹកនាំបណ្តាលឲ្យកេីតឡេីងក្នុងចិត្ត គំនិតជាដេីម ។ ចំណែកអ្នកដែលធ្វេីសមាធិ ហេីយឃេីញវត្ថុផ្សេងៗ ឃេីញហេតុការណ៍ផ្សេងៗនេាះ កាល​ណា​មិន​មែនការអប់រំសមថភាវនាដេាយមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ចុះ​ណែន​តាំងមាំក្នុងអារម្មណ៍តាមលំដាប់រហូតជាឈានចិត្តថ្នាក់ផ្សេងៗទេ សឹងរមែងនឹងប្រព្រឹត្ត​ទៅបានលំបាកយ៉ាងក្រៃលែងនេាះ ក៏មិនមែនគុណវិសេសដែលជាឧត្តរិមនុស្សធម៌ គឺធម៌ដែលក្រៃលែងជាងប្រក្រតីនៃមនុស្សទាំងឡាយ ។ ដូច្នេាះកាលណាធ្វេីសមាធិហេីយ ឃេីញ​វត្ថុផ្សេងៗខ្លះ ឃេីញហេតុការណ៍ផ្សេងៗ ជាដេីមនេាះទេីបជាផលបន្តិចបន្តួច ខុសខ្លះ ត្រូវខ្លះ នៃសមាធិដែលមិនមែនការចម្រេីនសមថភាវនាទេ។ ការចម្រេីនសមថភាវនា ដែលនឹងបន្លុះដល់សូម្បីឧបចារសមាធិក៏ដេាយក៏សែនលំបាកណាស់ទៅហេីយ ព្រេាះជាប្រក្រតីកាលណាអារម្មណ៍ណាខ្ទប់ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏រមែងបណ្តេាយទៅតាមអារម្មណ៍នេាះដេាយ លេាភៈខ្លះ ទេាសៈខ្លះ មេាហៈខ្លះ ។ កុសលដែលប្រព្រឹឹត្តក្នុងទានខ្លះ ក្នុងសីលខ្លះ ក្នុងភាវនាខ្លះនេាះ ក្នុងមួយថ្ងៃៗ មានតិចតួចណាស់ កាលណាធៀបនឹងអកុសលដែលកេីតឡេីង យ៉ាងរហ័សជាប្រចាំតាមផ្លូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ។ ហេីយការចម្រេីនសមថភាវនានេាះក៏រលត់កិលេសមិនបាន កាលកិលេសកេីតឡេីងគ្របសង្កត់ចិត្តខណៈណា សមថភាវនាដែលព្យាយាមអប់រំមករហូតដល់ថ្នាក់អាចសម្តែងឥទ្ធិបាដិហារិយផ្សេងៗ បាន ក៏វិនាស បាត់អស់ទៅវិញ។ មុននៃការត្រាស់ដឹងនៃព្រះដ៏មានព្រះភាគ ក៏មានអ្នកបំពេញព្យាយាមចម្រេីននូវសមថភាវនា រហូតដល់បន្លុះ ដល់នេវសញ្ញានាសញ្ញាយតនឈាន ហេីយនឹងហ្វឹកអប់រំចិត្ត រហូតដល់អធិដ្ឋានឲ្យមានភ្នែកទិព្វ ត្រចៀកទិព្វ រលឹក ជាតិបាន និងអាចធ្វេីឥទ្ធិបាដិហារិយបានដែរ ប៉ុន្តែ សូម្បីយ៉ាងនេាះក៏ដេាយលេាកទាំងនេាះក៏នៅមិនទាន់អាចដឹងច្បាស់នូវអរិយសច្ចធម៌បាន​ឡេីយ ​កាលណាមិនបានអប់រំចម្រេីនហេតុ គឺ វិបស្សនាភាវនារហូតដល់បរិបូណ៌ នឹងជាបច្ច័យ​ឲ្យដឹងច្បាស់នូវអរិយសច្ចធម៌បាន ហេីយលេាកខ្លះក៏ញាុំងការយល់ខុសប្រកាន់មាំក្នុងការបដិបត្តិ សឹងមិនមែនគន្លងផ្លូវឲ្យដឹងច្បាស់នូវអរិយសច្ចធម៌ទៀតសូម្បីពេលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដឹង និងទ្រង់សម្តែងព្រះធម៌ហេីយក៏ដេាយ ។ អ្នកឃេីញច្បាស់នូវអរិយសច្ចធម៌ ដល់សេចក្តីជាព្រះអរិយសាវក ដែលមិនបានបន្លុះឈានចិត្ត ក៏មានច្រេីនជាងព្រះអរិយសាវ័ក អ្នកដឹងច្បាស់នូវអរិយសច្ចធម៌ ព្រមដេាយអង្គនៃឈានថ្នាក់ផ្សេងៗ “១” ។ ទាំងនេះរមែងសម្តែងឲ្យឃេីញថា ការចម្រេីនសមថភាវនាដែលត្រឹមត្រូវនេាះ ជាសភាវៈធ្វេីបានដេាយលំបាកត្រឹមណាទៅ។ ស្រង់​ចាក​ សៀវ​ភៅ​ បរមត្ថ​ធម៌​សង្ខេប​ ដោយ៥០០០ឆ្នាំ
images/articles/2788/drvgcrdfvsdfgvefdx.jpg
ផ្សាយ : ៣១ មករា ឆ្នាំ២០២២ (អាន: ៣៤,៨៧៤ ដង)
ក្នុង​ជីវិត​មនុស្ស​យើង មាន​សុខ មាន​ទុក្ខ មាន​កុសល មាន​អកុសល មាន​កើត មាន​ស្លាប់ មាន​ជា មាន​ឈឺ មាន​ជួប មាន​ព្រាត់ មាន​លោភៈ មាន​ទោសៈ មានមោហៈ ។ល។ មាន​បាន​តាម​ប្រាថ្នា និង​មិន​បាន​តាម​ប្រាថ្នា ព្រោះ​ថា អ្វី​ៗ​ទាំង​អស់​នោះ​ៗ កើត​ឡើង​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុ ជួន​កាល​ក៏​សម​តាម​សេចក្ដី​ប្រាថ្នា ជួន​កាល​ក៏​មិន​បាន​ដូច​ប្រាថ្នា​ឡើយ ព្រោះ​ត្រឹម​តែ​សេចក្ដី​ប្រាថ្នា​ប៉ុណ្ណឹង មិន​មាន​ហេតុ​គ្រប់​គ្រាន់​ឱ្យ​អ្វី​នោះ​កើត​ឡើង​ទេ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2484/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥៨,០២៣ ដង)
៙ បុថុជ្ជន លះបង់ជីវិតមួយថ្ងៃ ២៤ ម៉ោង មួយខែ ៣០ ថ្ងៃ ដើម្បីរកទ្រព្យសម្បត្តិ ដល់ពេលឈឺ ក៏ត្រូវលះបង់ទ្រព្យសម្បត្តិដើម្បីរក្សាជីវិត ទីបំផុត ទាំងជីវិតទាំងទ្រព្យក៏ត្រូវអស់ នៅសល់តែវដ្ដសង្សារ ដែលប្រាសចាកទីពឹង នេះហៅថា បុថុជ្ជនអាស្រ័យវដ្ដៈ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2486/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,៨៩៨ ដង)
៙ បើយើងប្រឆាំងមិនព្រមទទួលយកការពិតនៃធម្មជាតិ យើងរមែងរស់នៅជាទុក្ខ ។ ការអប់រំចិត្ត ចម្រើនប្រាជ្ញាចូលឲ្យដល់សភាវៈ ដែលអាស្រ័យបច្ច័យកើតឡើង បង្គាប់បញ្ជាមិនបាន ទាមទារមិនបាន ទាំងដែលជាសភាវៈ មិនគួរដល់ការហួងហែង បើជីវិត រស់នៅប្រកបដោយប្រាជ្ញាដូច្នេះ រមែងរស់នៅជាសុខ ។ មនុស្សយើងដោយច្រើន តែងតែគិតរកអ្វី ៗ ឲ្យខ្លួនឯង សឹងតែមិនដែលគិតអំពីអ្វី ដែលខ្លួនឯងមានហើយនោះ ហើយរស់នៅជាមួយឲ្យបានសុខស្កប់ស្កល់នោះឡើយ ។ តាមពិត ក្នុងលោកនេះ អ្វី ៗ ទោះធំប៉ុនមេឃ ប៉ុនផែនដី ជាមាស ជាប្រាក់ ឬ រតនៈ ច្រើនដូចទឹកមហាសមុទ្រក៏ដោយ នឹងមកធ្វើបុគ្គលដែលមិនចេះស្កប់ស្កល់នោះ ឲ្យគ្រប់គ្រាន់ទៅបាន គឺមិនមានឡើយ ។ អ្វីដែលអស្ចារ្យ មានប្រាកដក្នុងព្រះពុទ្ធសាសនា គឺប្រាជ្ញាដែលបានដឹងថា នេះត្រឹមតែជានាមរូប ដែលអាស្រ័យបច្ច័យកើតឡើងប៉ុណ្ណោះ នាមរូបនេះកើតឡើងហើយ មានតែការរលត់បាត់ទៅវិញ មិនមានការចាំបាច់ត្រូវហួងហែង ឬ ត្រូវការប្រាថ្នាអ្វី ៗ អំពីលោកនេះឡើយ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2487/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥៧,០៨៨ ដង)
៙. យល់សប្ដិល្អហើយបានយូរយ៉ាងណាក៏ដោយ ទីបំផុតត្រូវតែភ្ញាក់ យ៉ាងណាមិញ សេចក្ដីស្រឡាញ់ចំពោះអ្វី ៗ ក្រៃលែងប៉ុនណាក៏ដោយ ក៏យ៉ាងនោះដែរ ចុងក្រោយគឺត្រូវតែព្រាត់ចាកនូវអ្វី ៗ នោះទៅ។ ៙. កុំឲ្យខាតពេលព្រោះការស្រឡាញ់ គឺត្រូវស្រឡាញ់សេចក្ដីល្អ។ ៙. នឹកឃើញដល់ការស្រឡាញ់សេចក្ដីល្អ ក៏នឹកឃើញដល់បុគ្គលសំខាន់ ៗ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអគ្គសាវក័ សាវិកា ព្រះពុទ្ធមាតា ព្រះពុទ្ធបិតា កន្សៃសារពេជ្ញជាដើម គ្រប់អង្គទាំងនេះ គឺជាលទ្ធផលនៃការស្រឡាញ់សេចក្ដីល្អ ជាបុគ្គលប្រសើរក្នុងលោក គួរជ្រះថ្លាណាស់។ ៙. ស្រឡាញ់អ្វី ៗ ក៏ដោយ កុំភ្លេចស្រឡាញ់ខ្លួន ព្រោះខ្លួនជាទីពឹងនៃខ្លួនឯង។ ៙. ទុក្ខតិច ទុក្ខខ្លាំងក្នុងចិត្ត សុទ្ធតែព្រោះសេចក្ដីស្រឡាញ់ដោយតណ្ហា ជាបច្ច័យទាំងអស់។ ៙. ក្រឹត្យក្រមនៃសេចក្ដីសុខក្នុងចិត្ត គឺឋិតនៅត្រង់ព្រមទទួលថា គ្រប់យ៉ាងក្នុងលោករមែងប្រែប្រួល។ ៙. រវល់តែចង់បានរបស់ដែលអត់ ធ្វើឲ្យភ្លាត់ ខានបានសុខជាមួយនឹងរបស់ដែលមាន។ ៙. មិនចាំបាច់និយាយដល់របស់ដែលអត់ សូម្បីតែរបស់ដែលមាន កំពុងប្រាកដ ក៏ត្រូវលះចោលដែរ គឺនៅត្រង់មិនចាប់ប្រកាន់ហ្នឹងឯង នេះជាតួវិបស្សនា។ ៙. តណ្ហាស្វែងរកអ្វី ៗ ឲ្យយើង ចំណែកសតិប្បដ្ឋានវិញ មិនមានយើងជាអ្នកបានអ្វី ៗ ឡើយ ហើយក៏មិនមានយើងខាតបង់អ្វីដែរ។ ៙. មានអ្វីឲ្យជាប់ជំពាក់ . . . ព្រោះលោភៈ . មានអ្វីឲ្យខឹងស្អប់ . . . ព្រោះទោសៈ . មានអត្តាតួខ្លួន . . . ព្រោះទិដ្ឋិ . មានតែបរមត្ថនាមរូប . . . ព្រោះសតិប្បដ្ឋាន៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2488/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៧,២៣៨ ដង)
៙ ក្រទ្រព្យ មិនមែនបានន័យថាថោកទាបនោះទេ រីឯការមានទ្រព្យ ក៏មិនមែនប្រែថាខ្ពង់ខ្ពស់ថ្លៃថ្នូរនោះដែរ ថោកថ្លៃ គឺវាស្ថិតនៅលើការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ ។ ម្យ៉ាងទៀត ក្រទ្រព្យ មិនមែនបានន័យថាមានទុក្ខ ចំណែកបានទ្រព្យ ក៏មិនមែន ប្រែថាបានសុខដែរ ចំពោះសុខទុក្ខនេះ គឺមានទាំងផ្លូវកាយ ទាំងផ្លូវចិត្ត អាចនៅជាមួយបានទាំងអ្នកមាន ទាំងអ្នកក្រ ដូច្នេះមនុស្សយើង គួរយកចិត្តទុកដាក់ចំពោះគុណតម្លៃនៃជីវិត ឲ្យជាការសំខាន់ ទោះមានឬក្រយ៉ាងណាក៏ដោយ ព្រោះជីវិតមានតម្លៃទៅដោយគុណធម៌ ដែលគុណធម៌នេះនាំឲ្យសម្រចនូវប្រយោជន៍ទាំងពួង ទាំងប្រយោជន៍ខ្លួនឯង ទាំងប្រយោជន៍អ្នកដទៃ នេះទើបជាខ្លឹមសារនៃជីវិត៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2491/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៤,៣៦២ ដង)
ផ្កាឈូកផុតចាកទឹក ៙. ផ្កាឈូកដុះចេញពីក្នុងភក់ ចម្រើនក្នុងទឹក រហូតផុតចាកទឹក ; ភក់ក្ដី ទឹកក្ដី មិនប្រឡាក់នូវផ្កាឈូកនោះឡើយ យ៉ាងណាមិញ មនុស្សយើងកើតអំពីកិលេស រស់នៅក្នុងលោក ប៉ុន្តែក៏អាចអភិវឌ្ឍឲ្យចម្រើនផ្លូវចិត្ត ផុតចាកកិលេស ផុតចាកលោកនេះបាន ក៏យ៉ាងនោះឯង៕៚ ឧបមាផ្កាឈូក ៙- ព្រះសម្មាសម្ពុទ្ធ ប្រៀបដូចផ្កាឈូក - ព្រះធម៌ ប្រៀបដូចកេសរផ្កាឈូកនោះ - ពុទ្ធបរិស័ទ ប្រៀបដូចភមរជាតិ មានឃ្មុំជាដើម ដែលហើរទៅយកកេសរផ្កាឈូក មកធ្វើជាក្បាលទឹក ; ក្បាលទឹកឃ្មុំនេះជាឈ្មោះនៃការសម្រេចប្រយោជន៍នៃពុទ្ធបរិស័ទ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2492/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧១,៨០៧ ដង)
៙ អារម្មណ៍ទាំង ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាធម្មជាតិកណ្ដាល ៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះ លុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្ដីទុក្ខ ដោយយកអារម្មណ៍ទាំង ៦ នោះឯងជាវត្ថុធាតុដើម ។ ដរាបណាដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំឲ្យទុក្ខកើតទេ រោងចក្រនៅតែផលិតសេចក្ដីទុក្ខរឿយ ៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទ ចំណែកអារម្មណ៍ទាំង ៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធ ៗ មិនមានការផលិតកែច្នៃអ្វីឡើយ ជាអារម្មណ៍របស់ វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2493/IMG_30201794611.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,៣៥៧ ដង)
យល់សប្តិល្អណាស់ចប់ត្រឹមភ្ញាក់ ក្រេបចន្ទត្រជាក់រសកាមា មានអ្នកស្រឡាញ់ជុំត្រៀបត្រា ចប់ត្រឹមមរណាចាកចោលទៅ។ ភ្លៀងខ្លាំងប៉ុនណាគង់តែរាំង មានរឿងភាន់ភាំងកេរ្តិ៍អាស្រូវ ទុក្ខខ្លាំងគង់តែស្រាកស្រាន្តទៅ គ្មានរឿងអ្វីនៅមិនរសាយ។ ខ្យល់ព្យុុះមិនស្មើនឹងខ្យល់មាត់ មិនបានផ្ទៀងផ្ទាត់ហើយបរិយាយ ដល់ពេលស្ងប់ខ្យល់ក្តៅស្អុះកាយ មានរឿងសប្បាយមិនយូរយារ។ យប់ស្ងាត់បាត់ងុយគួរកម្មដ្ឋាន តែបែរជាបានរឿងឈ្លោះគ្នា ក្នុងចិត្តមិនស្ងាត់ព្រោះវេរា យកពេលវេលាសាងសត្រូវ។ ទឹកស្រះថ្លាយង់មើលឃើញដី ចិត្តមនុស្សអប្រិយ៍ល្អក់ហើយជ្រៅ ម្លប់មានមិនជ្រកស្រែកថាក្តៅ ក្នុងចិត្តមួម៉ៅបន្ទោសមេឃ។ ទឹកដក់លើភ្នំហៀរធ្លាក់ជ្រោះ ហៀរហូរធ្លាក់ចុះចូលដល់ព្រែក រឿងក្នុងចិត្តគិតខ្លាំងពន់ពេក សម្រក់ទឹកភ្នែកជាសមុទ្រ។ ក្បូនជីវិតសត្វរសាត់ឆ្ងាយ រឿងរ៉ាវទាំងឡាយគួរឲ្យស្លុត រលកជីវិតព្យុះសមុទ្រ គ្មានទីបំផុតវដ្តសង្សារ ។ ព្រោះហេតុចង់បានរបស់ដែលអត់ នាំឲ្យផ្លាតភ្លាត់ចាកសុខា របស់មាន មិនគ្រប់នឹងតណ្ហា រស់រងទុក្ខាចិត្តខ្លួនឯង ។ ឈើត្រូវភ្លើងឆេះទៅជាធ្យូង សោកសៅភ្នែករូងភ្លើងអត់ផ្សែង ដុតរោលចិត្តកាយឲ្យចំបែង ដុតរោលខ្លួនឯងភ្លើងកិលេស។ មានតែព្រះធម៌មិត្តកល្យាណ សតិប្បដ្ឋានកើតចំណេះ រឿងរ៉ាវក្នុងចិត្តច្រើនដល់ម្ល៉េះ តែរឿងទាំងនេះជាបញ្ញត្តិ ។ កាយ វេទនា ចិត្ត និងធម្មា រលឹកគ្រប់គ្រាមិនមែនសត្វ ទោះជាសតិក៏បរមត្ថ ប្រាជ្ញាលះកាត់ក្ដីកង្វល់ ។ នមោ តស្ស នមស្ការ ត្រៃរត្នអស្ចារ្យខ្ញុំសូមដល់ ព្រះពុទ្ធព្រះធម៌សង្ឃនិមល ប្រាថ្នាមគ្គផលដល់និព្វាន៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2494/IMG_30201793941.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧៥,២៦៧ ដង)
ក្នុងលោកនេះមិនមានអ្នកណា គាំទ្រយើង ជួយយើង ស្រឡាញ់យើង ស្មោះនឹងយើង ឲ្យដូចជាខ្លួនយើងគោរពធ្ងន់ក្នុងការងារល្អនោះឡើយ , ការងារល្អ ជាមន្តស្នេហ៍របស់មនុស្ស ។ ឧបសគ្គ សម្រាប់ឲ្យមានព្យាយាម មិនមែនសម្រាប់ឲ្យចុះចាញ់ទេ , ខ្វះសេចក្ដីអត់ធន់ ការងារមិនបានល្អ , ខ្វះការតស៊ូ ការងារមិនសម្រេច , រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន , ព្រោះសេចក្ដីប្រមាទ ការងារដែលចេះស្ទាត់ហើយ ត្រូវបរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ៕ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2495/IMG_30201793319.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ១១៣,៧១៤ ដង)
គ្រប់យ៉ាងក្នុងលោកនេះ ក្នុងជីវិតនេះ គឺវាអ៊ីចឹងឯង , សេចក្ដីសុខនៅត្រង់យើងសប្បាយចិត្ត , រស់នៅទីណាក៏ល្អដែរ បើចិត្តចេះគិតឃើញរឿងល្អ ។ ជីវិតកើតមក និងជីវិតរស់នៅបានដោយលំបាក ដូច្នេះត្រូវចេះថែរក្សាជីវិតឲ្យមានតម្លៃ , អ្វីដែលត្រូវឈប់គឺត្រូវតែឈប់ អ្វីដែលត្រូវធ្វើគឺត្រូវតែធ្វើ ,ត្រូវដឹងអ្វីជាប្រយោជន៍ អ្វីដែលឥតប្រយោជន៍ , ជីវិតមានតម្លៃដោយសារគុណធម៌ , ត្រូវចាំថា អ្វីដែលត្រូវធ្វើ គឺតួនាទី ហើយអ្វីដែលត្រូវមាន គឺសេចក្ដីអត់ធន់ ព្យាយាម ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿