images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦,០០១ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ស្រុក ឬ ជនបទមួយដែលគ្មានទឹកភ្លៀងស្រុកនោះក៏ ហួតហែងក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រងគួរជាទីពិចពិលរមិលមើលឡើយ មនុស្សសត្វទាំងឡាយ នៅក្នុងស្រុកនោះ ក៏ភៀសខ្លួនចេញទៅស្រុកដទៃដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនបន្តទៀត នេះជាសេចក្ដីប្រៀបធៀបឲ្យឃើញថា បើក្នុងខ្លួនយើងគ្មានចិត្តមេត្តាដល់សត្វទាំងឡាយទេ
images/articles/2302/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២៣,១០៦ ដង)
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គល
images/articles/2325/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២៦,០៤០ ដង)
គោឈ្មោះឧសភរាជៈ
( មនុស្សម្នាក់ ៗ ត្រូវមានការគោរពពីអ្នកដទៃ )
កាលពីព្រេងនាយ នៅនគរគ្ហាន់ដារា ក្នុងភូមិភាគខាងជើងនៃប្រទេសឥណ្ឌាមានបូរីមួយឈ្មោះហៅថាតក្កសិលា ។ ហើយនៅក្នុងបូរីតក្កសិលានោះមានព្រះពោធិសត្វ ទ្រង់បានយោឃយកកំណើតជាកូនគោមួយ ។ ដោយហេតុថា គេបានបង្កាត់ពូជឲ្យមានកម្លាំងខ្លាំងក្លា កូនគោនោះក៏ត្រូវបានកុដុម្ពីក៏ម្នាក់ទិញយក ។ ដោយមានភាពទន់ភ្លន់
images/articles/2339/3rcwrewrcecewatfcae.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៨៤៧ ដង)
ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏
images/articles/2349/4wtg4etf44t45.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៣,៦៥៩ ដង)
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ
១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។
២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។
៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូង
images/articles/2490/image.jpeg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥១,៩៦២ ដង)
៙. មេត្តាប្រែថាការរាប់អាន
សូមសត្វគ្រប់ប្រាណបានសុខា
គ្រប់គ្នាយកខ្លួនជាឧបមា
សត្វក្នុងលោកកាប្រាថ្នាសុខ ។
យើងស្រឡាញ់ខ្លួនមាំមួនពិត
ដូច្នេះត្រូវគិតកុុំសាងទុក្ខ
កុំយកខឹងស្អប់ជាប់ជាមុខ
ត្រូវចេះឲ្យសុខសព្វសត្តា ។
អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា
បែងចែកការងារជាធម្មតា
ប៉ុន្តែបំណងប៉ងប្រាថ្នា
គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។
ព្រោះសត្វលោកលង់ក្នុងសង្សារ
ស្រវេស្រវាលិចខ្លះហើយ
សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ
សត្វខ្លះបានស្បើយពីទុក្ខា ។
ព្រះធម៌ទីពឹងពំនឹងសត្វ
ដឹកនាំឆ្លងកាត់វដ្ដសង្សារ
យើងត្រូវនាំគ្នាស្ដាប់ទេស្នា
ចម្រើនមេត្តារក្សាគ្នា ។
មានសីលមានទានទក្ខិណា
មេត្តាប្រៀបដូចច្រូចគង្គា
អ្នកស្លាប់អ្នករស់រួចវេរា
អហោសិគ្នាជាសុខហោង៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2579/tex____________tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៤០,៥៦១ ដង)
បច្ចុប្បន្ន គម្ពីរព្រះត្រៃបិដកខ្មែរ PDF file ១១០ភាគ នៅលើគេហទំព័រ៥០០០ឆ្នាំ មាន ៣ប្រភេទ គឺ៖
១. ច្បាប់ដែលបានស្កាន scan ដោយគេហទំព័រ៥០០០ឆ្នាំ បានចម្លងចេញពីច្បាប់គម្ពីរព្រះត្រៃបិដកដើមដែលបានបោះពុម្ពដោយជប៉ុន ។ ចុចទាញយក ទីនេះ
២. ច្បាប់ដែលបានស្កានដោយ លោកម្ចាស់តេបិដកានន្ទ ឈន ដូង ។ ចុចទាញយក ទីនេះ
៣. ច្បាប់វាយអក្សរឡើងថ្មីដោយ ក្រុមការងារវត្តបញ្ញាធំ ។ ចុចទាញយក ទីនេះ
ចុចទីនេះ ដើម្បីទាញយក mp3 សំឡេងអានព្រះត្រៃបិដក ។
ក្រៅពីនេះ ៥០០០ឆ្នាំ ក៏បានបង្កើតកម្មវិធីព្រះត្រៃបិដកសម្រាប់ទូរស័ព្ទដៃផងដែរ ។
បញ្ចូលក្នុងទូរស័ព្ទ Android ចុចទីនេះ
បញ្ចូលក្នុងទូរស័ព្ទ iOS (iPhone, iPad) ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៤០៦ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៦,៥៨១ ដង)
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។
(ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ)
ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។
តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។
ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។
កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។
កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។
បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។
(មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា)
ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,៦១៣ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះបង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។
តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។
ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេកឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។
ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។
អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ?
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧៤,៨៤៩ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ?
ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។
ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។
(បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២១,១៦៧ ដង)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។
អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ !
១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។
២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។
៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។
៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។
៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។
៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។
៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។
៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។
៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។
១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2709/swewwpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៤៦៤ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧)
ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៩៥១ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤)
ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ៥,៥៩៨ ដង)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។
អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។
បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។
តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ៦,៨៧៨ ដង)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។
សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។
ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។
ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីករាយឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។
ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ?
បុរោហិតទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។
ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។
បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។
បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។
ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។
ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើកដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។
ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។
ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។
បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំងឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។
កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយលើយានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទកណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។
បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។
ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។
នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេចកិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ?
ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។
ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេចយាងទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។
បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេសន៍ កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គមហេសី ។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។
តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។
(កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ
តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។
អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។
(កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ )
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ