15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៨,៤២៥
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៨២០,៧៥០
សរុប ២៣៦,២៣៦,១៧២
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/3091/_______________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៦២៤ ដង)
[៩៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅទ្រង់បិណ្ឌបាត្រ ក្នុងក្រុងវេសាលី លុះទ្រង់ត្រាច់ទៅបិណ្ឌបាត្រ ក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងវេលាខាងក្រោយភត្តហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈ [អដ្ឋកថា ថា និសីទនៈ ក្នុងទីនេះ គឺចម្មខណ្ឌ] ទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏កាន់យកនិសីទនៈទៅតាមៗ ខាងក្រោយព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ ចំណែកខាងព្រះអានន្ទមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយបានចម្រើនហើយ បានធ្វើរឿយៗហើយ ធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប [កំណត់អាយុរបស់មនុស្ស ដែលពេញគ្រប់គ្រាន់តាមកាល តាមសម័យ ហៅថា អាយុកប្ប ដូចក្នុងសម័យព្រះពុទ្ធជាម្ចាស់យើងនេះ អាយុកប្បកំណត់១រយឆ្នាំ ។]ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ ព្រះតថាគត បានចម្រើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ តថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ។ ទុកជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនបានអារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារចូលមកជ្រែកគំនិត ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលជាគម្រប់២ដងផង ។បេ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះអានន្ទមានអាយុ ជាគម្រប់៣ដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង៤ បើបុគ្គលណាមួយបានចម្រើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង៤ ព្រះតថាគត បានចម្រើនហើយ បានធ្វើរឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយល្អហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង១អាយុកប្បក៏បាន ។ ទុកជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបានអារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ឋិតនៅអស់១អាយុកប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកគំនិត ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយអង្គុយទៀបគល់ឈើមួយ ក្នុងទីមិនឆ្ងាយ ។ [៩៥] កាលបើព្រះអានន្ទមានអាយុ ចេញទៅហើយមិនយូរប៉ុន្មាន គ្រានោះ ក្រុងមារមានចិត្តបាប ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីដ៏សមគួរ ។ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ មារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ ពួកឧបាសក ជាសាវ័ករបស់ព្រះមានព្រះភាគ ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសិកា ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់ព្រះមានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ [សំដៅយកសាសនាទាំងមូល ដែលសង្គ្រោះដោយត្រៃសិក្ខា ។] របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា នឹងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគនេះ ខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ ។ កាលបើក្រុងមារ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏បានត្រាស់ភាសិតនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា [៩៦] ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភពផង ទ្រង់ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាចវិបស្សនា) មានព្រះហឫទ័យតាំងមាំហើយ (ដោយអំណាចសមថៈ)ផង ទ្រង់បានទំលាយនូវបណ្តាញ គឺកិលេស ដែលកើតមាននៅក្នុងខ្លួន ដូចជាក្រោះ ។ [៩៧] លំដាប់នោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុជាអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ ការកក្រើកផែនដីនេះ ជាយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំម្ល៉េះ ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មានហេតុជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចម្រើន មានហេតុដ៏ប្លែក បពិត្រព្រះអង្គដ៏ចម្រើន ការកក្រើកផែនដីនេះ ជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចម្រើន ការកក្រើកផែនដីនេះ ធំពេកណាស់ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង បពិត្រព្រះអង្គដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំម្ល៉េះ ។ [៩៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ឯហេតុបច្ច័យ ដែលនាំឲ្យកក្រើកផែនដីនេះ មាន៨យ៉ាង ។ ហេតុបច្ច័យទាំង៨យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអានន្ទ មហាប្រឹថពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់ធំបក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដីកក្រើកដែរ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ សមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គលនោះ បានចម្រើនបឋវីសញ្ញា ឲ្យមានកំឡាំងតិច ចម្រើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែង ធ្វើផែនដីនេះ ឲ្យកក្រើករំពើក រំភើបញាប់ញ័របាន នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុតចាកពួកទេវតា ដែលឋិតនៅក្នុងស្ថានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ញ៉ាំងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៦ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៧ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៨ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំ មាន៨យ៉ាងនេះឯង ។ (សុត្តន្តបិដក ទីឃនិកាយ ភាគ១៦) ដោយ​៥០០០​ឆ្នាំ​
images/articles/3093/2eewer.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ១១០៨ ដង)
[១៧២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ [១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មានផ្ទះពីរ ប្រកបដោយទ្វារ ក្នុងផ្ទះនោះ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំកណ្តាល គប្បីមើលឃើញពួកមនុស្ស ដែលកំពុងចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី កំពុងសញ្ចរទៅមកក្តី កំពុងត្រាច់ទៅមកក្តី សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងលើសចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញពួកសត្វលោក ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម របស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលឡើយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងមនុស្សលោក អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតប្រេតវិស័យ ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ចំណែកពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ ត្រង់ដើមដៃផ្សេងៗ នាំយកទៅថ្វាយព្រះយមរាជ [ស្តេនោះ គឺជាស្តេចវេមានិកប្រេត ព្រោះវេមានិកប្រេតនេះ ចួនកាលសោយទិព្វសម្បត្តិ គឺមានដើមកប្បព្រឹក្សជាទិព្វ ឧទ្យាជាទិព្វ ស្រីរបាំជាទិព្វ ក្នុងទិព្វវិមាន ចួនកាលក្លាយទៅជាព្រះយមរាជ សោយកម្មវិបាក។ អដ្ឋកថា។] រួចក្រាបទូលថា បពិត្រព្រះឧបបត្តិទេព បុរសនេះ ជាអ្នកមិនគោរពមាតាបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនកោតក្រែងក្នុងត្រកូលរៀមច្បងទេ សូមទ្រង់ដាក់អាជ្ញា ដល់បុរសនេះចុះ។ [១៧៥] ម្នាលភិក្ខុទាំងឡាយ ទើប ព្រះយមរាជ សាកសួរដេញដោល សួរឈ្លេចឈ្លី នូវ ទេវទូត ទី១ នឹងបុរសនោះថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី១ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា ម្នាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី កំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ក្នុងមនុស្សលោក ទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជាតិជាធម្មតា មិនកន្លងនូវជាតិទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញដូច្នោះ) បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ មានព្រះឱង្ការពន្យល់បុរសនោះ យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៦] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី១ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី២ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯង មិនបានឃើញស្ត្រី ឬបុរស ដែលមានអាយុ៨០ឆ្នាំ ៩០ឆ្នាំ ឬ១០០ឆ្នាំ ដែលចាស់គ្រាំគ្រាអំពីកំណើត មានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ដើរទៅញ័ររន្ធត់ ក្តៅអន្ទះសា មានវ័យជ្រុលហួសហើយ មានធ្មេញបាក់ មានសក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រួញជ្រីវ មានខ្លួនសៅហ្មងដោយប្រជ្រុយ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ បានឃើញ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីគ្រាំគ្រាជាធម្មតា មិនកន្លងនូវសេចក្តីគ្រាំគ្រាទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរស យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៧] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី៣ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញនូវស្ត្រី ឬបុរស ដែលមានជម្ងឺ ដល់នូវសេចក្តីលំបាក ឈឺធ្ងន់ កំពុងដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន លុះតែមានពួកជនដទៃគ្រាហ៍ ទើបក្រោករួច មានពួកជនដទៃគ្រាហ៍ ទើបចូលមកបាន ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជម្ងឺជាធម្មតា មិនកន្លងនូវជម្ងឺទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯង នឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៨] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ទៀតថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី៤ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯងបានឃើញ នូវព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើ ដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១ ។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគរធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ [៩] ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបវត្តិកកម្ម គឺអំពើដែលធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើងរហូតដល់ចាស់ តើមានគំនិតថា បានឮថា អ្នកណាធ្វើនូវបាបកម្មទាំងឡាយ អ្នកនោះ គេនឹងធ្វើកម្មករណ៍ផ្សេងៗយ៉ាងនេះវិញ ក្នុងបច្ចុប្បន្ននេះឯង នឹងបាច់និយាយថ្វី ក្នុងបរលោក បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ [១៧៩] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ទៀតថា នែបុរស អ្នកឯង មិនបានឃើញនូវទេវទូតទី៥ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញស្ត្រី ឬបុរស ដែលស្លាប់អស់មួយថ្ងៃ ឬស្លាប់អស់ពីរថ្ងៃ ឬក៏ស្លាប់អស់បីថ្ងៃ កំពុងហើមប៉ោង មានសម្បុរខៀវ ដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជបានសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ នឹងបុរសនោះរួចហើយ ក៏ទ្រង់នៅស្ងៀម [សត្វណា ដែលព្រះយមរាជ គួរសួរដេញដោល អំពីទេវទូត ទាំង៥នោះ សត្វណា ដែលមិនគួរសួរដេញដោល។ សត្វដែលធ្វើបាបកម្មច្រើន ត្រូវទៅកើតក្នុងនរកតែម្តង ព្រះយមរាជមិនបាច់សួរទេ ចំណែកសត្វ ដែលធ្វើបាបកម្មតិច ត្រូវយមរាជសួរដេញដោល អំពីទេវទូត រឿងនេះដូចគ្នានឹងរាជបុរស ដែលចាប់ចោរបាន ព្រមទាំងទ្រព្យជាភស្តុតាង ហើយយកមកដាក់ទោសតែម្តង មិនបាច់ជំនុំជំរះ ចំណែកចោរណា ដែលចាប់បាន ល្មមនឹងសាកសួរ ក៏យកទៅសាលាវិនិច្ឆ័យ ឲ្យសាកសួរមើលសិន។ ពិតមែន សត្វដែលធ្វើបាបកម្មតិច ចួនកាលនឹកឃើញតាមធម្មតាខ្លួនឯង ចួនកាលទាល់តែមានគេរំលឹក ទើបនឹកឃើញ ចំណែកសត្វដែលនឹកមិនឃើញដោយខ្លួនឯង ព្រះយមរាជតែងសួរនូវទេវទូតទាំង៥។ ក្នុងទេវទូតទាំង៥នោះ សត្វខ្លះនឹកឃើញត្រង់ទេវទូតទី១ ខ្លះនឹកឃើញត្រង់ទេវទូតទី២ ឬទី៣ជាដើម ឯសត្វដែលនឹកមិនឃើញ ត្រង់ទេវទូតគ្រប់ទាំង៥នោះ ព្រះយមរាជតែងជួយនឹករកដោយព្រះអង្គឯង បើនឹកទៅឃើញថា មានធ្វើអំពើកុសលខ្លះ ទ្រង់ក៏បំភ្លឺសត្វនោះឲ្យយល់ឡើង បើទ្រង់នឹករកមើលមិនឃើញទេក៏នៅស្ងៀម នឹកក្នុងព្រះហឫទ័យថា ឱសត្វនេះមុខជានឹងបានទុក្ខធំ។ អដ្ឋកថា។]។ [១៨០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើនូវកម្មករណ៍ ឈ្មោះ បញ្ចពិធព័ន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្តេក (បុរសនោះ) ហើយបោះដែកគោលដ៏ក្តៅត្រង់ដៃ (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅចំកណ្តាលទ្រូង១។ បុរសនោះ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨១] ម្នាលភិក្ខុទាំងឡាយ លុះពួកនិរយបាល ចាប់ផ្តេកបុរសនោះរួចហើយ ទើបចាំងដោយដឹង។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ ហើយបរទៅ បរមក លើប្រឹថពី ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើបុរសនោះឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ បុរសនោះ ក៏ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលបុរសនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលលិចចុះក្រោមម្តង ចួនកាលអណ្តែតទៅទទឹងម្តង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក [ប្រែថា នរកធំឈ្មោះ អវចី ៗសព្ទនេះ ប្រែថា ទីគ្មានចន្លោះ គឺនរកនោះ គ្មានចន្លោះអណ្តាតភ្លើង គ្មានចន្លោះសត្វ គ្មានចន្លោះសេចក្តីទុក្ខ គឺពាសពេញដោយភ្លើង ពេញដោយសត្វនរក ៗរងទុក្ខឥតមានល្ហែ។ ទំហំអវចីមហានរកនោះ ខាងបណ្តោយ និងទទឹង ៩០០យោជន៍ ដូចគ្នា កំពស់ជញ្ជាំងមួយៗ ៩យោជន៍ ឯផ្ទៃផែនដី ខាងក្រោម ក្រាលដោយលោហៈ ដំបូលក៏ប្រក់ដោយលោហៈ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធព័ន្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីខាងក្រោម នៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះឯង មានអណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងកើត ឆាបដល់ជញ្ជាំងខាងលិច។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងលិច ឆាបដល់ជញ្ជាំងខាងកើត។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងជើង ឆាបដល់ជញ្ជាំងខាងត្បូង។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងត្បូង ឆាបដល់ជញ្ជាំងខាងជើង។ អណ្តាតភ្លើងឆេះឡើង អំពីខាងក្រោម ឆាបដល់ខាងលើ អណ្តាតភ្លើងឆេះឡើង អំពីខាងលើ ឆាបដល់ខាងក្រោម។ បុរសនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើត នៃមហានរកនោះ។ បុរសនោះ ក៏ស្ទុះដ៏រហ័សទៅត្រង់ទ្វារនោះ។ កាលដែលបុរសនោះស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះ ក៏និរយបាលបិទទៅវិញ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងលិច នៃអវចីមហានរកនោះ។បេ។ បើកទ្វារខាងជើង។បេ។ បើកទ្វារខាងត្បូង។ បុរសនោះ ក៏ស្ទុះដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះ ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះក៏និរយបាលបិទទៅវិញ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើតនៃមហានរកនោះ។ បុរសនោះក៏ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះស្ទុះ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដ ដូច្នោះឯង។ បុរសនោះ ក៏ស្ទុះចេញទៅតាមទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ មាន គូថនរក [ប្រែថា នរកពេញហៀរដោយលាមក] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងមហានរកនោះឯង។ បុរសនោះ ធ្លាក់ទៅក្នុងគូថនរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងគូថនរកនោះសោត មានសត្វទាំងឡាយ មាត់ស្រួចដូចម្ជុល កកេរស្បែកក្រៅ លុះកកេរស្បែកក្រៅហើយ កកេរស្បែកក្នុង លុះកកេរស្បែកក្នុងហើយ កកេរសាច់ លុះកកេរសាច់ហើយ កកេរសរសៃ លុះកកេរសរសៃហើយ កកេរឆ្អឹង លុះកកេរឆ្អឹងហើយ ទើបខាំស៊ីខួរក្នុងឆ្អឹង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងគូថនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ មាន កុក្កុលនរក [ប្រែថា នរកពេញហៀរដោយផេះក្តៅ] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងគូថនរកនោះឯង។ បុរសនោះធ្លាក់ទៅក្នុងកុក្កុលនរកនោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងកុក្កុលនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ មានព្រៃរកាដ៏ធំ ខ្ពស់ត្រដួចឡើងមួយយោជន៍ មានបន្លា១៦ធ្នាប់ ភ្លើងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ តាំងនៅបន្ទាប់គ្នា នឹងកុក្កុលនរកនោះឯង។ ពួកនិរយបាល ក៏ប្រើបុរសនោះឲ្យឡើង ឲ្យចុះអំពីព្រៃរកានោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៨] ម្នាលភិក្ខុទាំងឡាយ មានព្រៃស្មៅសសិតធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកសសិតនោះ មកកាត់ដៃ កាត់ជើង កាត់ទាំងដៃទាំងជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងព្រៃសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៨៩] ម្នាលភិក្ខុទាំងឡាយ មានស្ទឹងទឹកផ្សាដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃស្មៅសសិតនោះឯង។ បុរសនោះ ក៏ធ្លាក់ទៅក្នុងស្ទឹងនោះ។ បុរសនោះ ចួនកាលអណ្តែតបណ្តោយខ្សែទឹក ចួនកាលអណ្តែតច្រាសខ្សែទឹក ចួនកាលអណ្តែតទាំងបណ្តោយខ្សែទឹក ទាំងច្រាសខ្សែទឹក ក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងស្ទឹងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៩០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកសន្ទូច ស្ទូចបុរសនោះវាត់ឡើង ដាក់មកលើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំឃ្លានបាយ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ដុំទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ [១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹក។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយបង្អកទឹកទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ទឹកទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល បោះទម្លាក់បុរសនោះ ទៅក្នុងមហានរកវិញ។ [១៩២] ម្នាលភិក្ខុទាំងឡាយ រឿងរាវធ្លាប់មានមកហើយថា ព្រះយមរាជ មានសេចក្តីត្រិះរិះដូច្នេះថា បានឮថា សត្វទាំងឡាយណា ធ្វើបាបកម្មក្នុងលោក សត្វនោះឯង រមែងត្រូវគេធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ ឱហ្ន៎ អាត្មាអញ សូមឲ្យបានអត្តភាពជាមនុស្ស ឲ្យទាន់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក សូមឲ្យអាត្មាអញ ចូលទៅអង្គុយជិតព្រះមានព្រះភាគអង្គនោះ បើព្រះមានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ប្រោសអាត្មាអញ សូមឲ្យអាត្មាអញ យល់ច្បាស់ នូវធម៌របស់ព្រះមានព្រះភាគ អង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត មិនមែនបានស្តាប់រឿងនោះឯង អំពីសមណៈ ឬព្រាហ្មណ៍ដទៃណាមួយ ហើយ (នាំមក) សំដែងទេ តាមដែលពិតនោះ តថាគត សំដែងរឿងដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តែមួយយ៉ាង។ [១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបព្រះសាស្តា ទ្រង់ត្រាស់និពន្ធគាថានេះតទៅថា មាណពទាំងឡាយណា ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ ក៏នៅតែប្រមាទ មាណពទាំងនោះឯង ជាអ្នកបាននូវកាយ ដ៏ថោកទាប រមែងសោកសៅ អស់កាលយូរអង្វែង ចំណែកមាណពណា ក្នុងលោកនេះ ជាសប្បុរស មានសន្តានស្ងប់រម្ងាប់ ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ តែងមិនប្រមាទ ក្នុងអរិយធម៌ ក្នុងកាលណាឡើយ រមែងឃើញនូវភ័យ ក្នុងឧបាទាន ជាហេតុកើតឡើងនៃជាតិ និងមរណៈ តែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាធម្មជាតអស់ទៅនៃជាតិ និងមរណៈ ព្រោះមិនប្រកាន់មាំ មាណពនោះឯង ជាអ្នកដល់នូវទីដ៏ក្សេម មានសេចក្តីសុខ រលត់កិលេសក្នុងបច្ចុប្បន្ន ជាអ្នកកន្លងផុតនូវពៀរ និងភ័យទាំងពួង បានឆ្លងផុតនូវទុក្ខទាំងពួង។ ចប់ទេវទូតសូត្រ ទី១០។ ចប់សុញ្ញតវគ្គ ទី៣។ ទេវទូតសូត្រ ទី ១០ - បិដកភាគ ២៧ ទំព័រ ២០៧ ឃ្នាប ១៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/3113/___________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៦៥៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ មានព្រះអានន្ទ-ដ៏មានអាយុជាដើម កំពុងតែធ្វើនូវចីវរ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាមនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗក្នុងសេចក្ដីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អឡើយ ។ ចំពោះភិក្ខុដែលត្រេកអរនឹងពួក នឹងគ្នីគ្នាយ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់ថា បានមិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្យ៉ាងទៀត ការដែលត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នាដូច្នេះ ហើយបានដោយមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយស្រួលនូវចេតោវិមុត្តិ តាមកាល តាមសម័យ គឺរូបជ្ឈាន៤ អរូបជ្ឈាន៤ ជាទីត្រេកអរក្ដី បានដោយស្រួលនូវ ចេតោវិមុត្តិ មិនតាមកាល មិនតាមសម័យ គឺលោកុត្តរមគ្គផល ដែលមិនកម្រើកក្ដី ពាក្យនេះក៏មិនសមហេតុដែរ ។ ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរូបដែលបុគ្គលត្រេកអរក្រៃលែងហើយ មិននាំឱ្យកើតទុក្ខសោក នៅពេលរូបនោះប្រែប្រួលទៅជាប្រការដទៃ គឺមិនមានឡើយ សូម្បីតែរូបមួយ ។ ព្រះអង្គត្រាស់សម្ដែង អំពីសុញ្ញតផលសមាបត្តិរបស់ព្រះអង្គ ទាំងដាស់តឿនឱ្យភិក្ខុទាំងឡាយ ធ្វើទុកក្នុងចិត្តនូវសុញ្ញតផល-សមាបត្តិក្នុងខ្លួនផងដែរ ។ ព្រះអង្គសម្ដែងអំពីកាមគុណ៥ សម្ដែងអំពីឧបាទានក្ខន្ធ៥ កថាវត្ថុ១០ ឧបទ្រពអាចារ្យ ឧបទ្រពកូនសិស្ស និងឧបទ្រពព្រហ្មចារ្យ ។ ជាចុងក្រោយនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។...ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។ ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3115/20______ook.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ១០២៤ ដង)
អរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។ ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។ ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។ ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។ ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ វិសុទ្ធិមគ្គ ដោយ​៥០០០​ឆ្នាំ​
images/articles/3120/20eube.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ១១៥៣ ដង)
ទុតិយអបាសាទិកសូត្រ ទី ៨ [១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ អគ្គិសូត្រ ទី ៩ [១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។ មធុរាសូត្រ ទី ១០ [១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។ ចប់ អក្កោសកវគ្គ ទី ២ ។ ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨ ដោយ​៥០០០​ឆ្នាំ​
images/articles/3119/20ecple_W.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ១០៣៩ ដង)
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីស្វាមីនិងតួនាទីភរិយា បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២ ដោយ​៥០០០​ឆ្នាំ​
images/articles/3121/20rrmple_W.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៩០៨ ដង)
ភោគសូត្រ ទី៧ [១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3123/5yere34343.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៣៤៧ ដង)
លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។ កុមារភាព និងការសិក្សា កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។ នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបាន​ឧបសម្ប័ទ​ជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលី ទីមហា ៣ ប្រយោគ ។ ពីរ​ឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទីមហា ៤ ប្រយោគ ហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨) លោក​ជាប់ទីមហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសា​បាលី មាន​សរុប​ទាំង​អស់​ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់​បំផុត (ថ្នាក់​បណ្ឌិត) ។ លោកបាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ នៅឆ្នាំ ១៩៣៦ ។ ការងារ ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ ។ លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលី នៅ​ទីក្រុង​បាងកក ចាប់​ពី​គ.ស.១៩២៧ ទៅ​ទល់​នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជា មាន​មុខងារ​ជា​អ្នកចាត់ចែង​ បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាង​ផ្សេងៗ​ទៀត លោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំង ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និងឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​ សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេសលាវ ។ លោកញ៉ុក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃសាលាគរុវិជ្ជានៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ​ នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិ ក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិ មក​ជា​សម្បត្តិ​ជាតិ ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យមុនីវង្ស នា​ក្រុងបាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យ នា​ក្រុង​ភ្នំពេញ​វិញ​ ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​ នៅ​សាលាភូមិន្ទរដ្ឋបាល ។ ស្នាដៃ កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។ ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖ ពុទ្ធប្បវត្តិសង្ខេប អនុពុទ្ធប្បវត្តិ ភាគ១-២ ប្រជុំភាសិត ភាគ១-២ មហាវេស្សន្ដរជាតក ប្រជុំពុទ្ធភាសិត ជាតិសាសនាព្រះមហាក្សត្រ រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២) រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣) ឯកសហរាត្រី (ភាគខ្លះ ប្រែ) ចូឡវេទល្លសូត្រ (ប្រែ) វិធីប្រតិបត្តិធម៌ ពន្លឺអាស៊ីទ្វីប (ប្រែ) បញ្ញាសជាតកសង្ខេប ភាគ១-២។ ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន ធម្មបទ​និទ្ទេស ទេវតា​ភាសិត ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត រឿងប្រលោមលោកបិសាច​ស្នេហា ភ្នំពេញ ១៩៤២ រឿងប្រលោមលោកកុលាប​ប៉ៃលិន ភ្នំពេញ ១៩៤៣៕ ប្រភពអត្តបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3122/202eerffook.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ២០២៤ ដង)
គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បានសម្ដែងនេះហៅថាធម្មវិន័យ។ ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យសុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះព្រះថេរទាំងឡាយបាន សង្គាយនា(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និងបែងចែកជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យដ៏សំខាន់បំផុតសម្រាប់ផ្ទុកនូវពុទ្ធវចនៈទាំងនេះ។ គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាងគម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។ ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។ ១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ - ១៣) ២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ - ៧៧) ៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ - ១១០) ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការព្រះត្រៃបិដកនៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និងភាសាបាលី ។ ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗជាទូទៅជាង៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ - ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩។ ចុចអានទីនេះ លោកអ្នកអាចទាញយក ព្រះត្រៃបិដក PDF អានបាន ដោយចុចទីនេះ ឬចុចទាញយកតាមតេឡេក្រាម ដោយចុចចូលរួមក្រុម Telegram ចុចទាញយកសំឡេងអានព្រះត្រៃបិដក MP3ចុចទីនេះ ដោយ​៥០០០​ឆ្នាំ​
images/articles/3124/202_________________________-_________________________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៩១ ដង)
មហា​ឃោសានន្ទ (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។ ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ » (ឃោស ៖ សំឡេង​ប្រកូក, សម្រែក​ខ្លាំង, ការ​បន្លឺ​សំឡេង + អានន្ទ ៖ សេចក្តី​សប្បាយ, សេចក្តី​រីក​រាយ, សេចក្តី​សុខ​សាន្ត, ប្រាមោទ្យ) ។ ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ ។ ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន ។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌា ។ ការអប់រំ ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)និង​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម ។ នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ​ វត្ត​ឆាយ​ណា (วัดชายนา) នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​បញ្ចប់​សង្គ្រាម​វៀតណាម ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា ។ សម័យខ្មែរក្រហម ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង ។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់ ។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រ និង​ធ្វើ​គត់​ចោល​​ទៀត​ផង ។ ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង ។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល ។ នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ ។ នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំ កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម ។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ។ ការស្ថាបនាឡើងវិញ ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០ ។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ ។ នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦ ។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ ។ នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា » ។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍ ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ (សាកែវ) ។ នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១ ។ ធម្មយាត្រា នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ។ ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ​១៦ ​ថ្ងៃ ​និង​ ​២០០ គ.ម. ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន ។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ឧបាសក​ឧបាសិកា) ។ នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ ។ ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award) ។ គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា » ។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣] ។ គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។ សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧ ៕ ប្រភពដកស្រង់អត្ថបទ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3125/2021rrook.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥២៨ ដង)
សម្តេចព្រះមហាឃោសានន្ទ ព្រះអរហន្តលាក់មុខនៃកម្ពុជា ដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ ។ សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបាន គេដឹកជញ្ជូនឆ្ពោះទៅ កាន់ ទីរួមខេត្តបាត់ដំបង ទឹកមុខទាហានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែក​ពីលើ រថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ ២០០០ នាក់បានទៅដល់ចំណុចគីឡូ ៣៨ ក្នុងស្រុក រតនមណ្ឌល នាខេត្តបាត់ដំបង ម៉ោងប្រហែលជាង ១១ ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋ ដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិង​រដ្ឋាភិបាលចម្រុះរបស់​សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤ ។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់​សមរភូមិឆ្ពោះទៅកាន់​តំបន់​ប៉ៃលិន នាយទាហានម្នាក់​បានមក​ទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណា​ឈប់បាញ់​បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។ មនុស្សប្រមាណ ២០០០នាក់ ដោយមានព្រះសង្ឃជិត ១០០០ អង្គ បានឈរត្រៀបត្រា​នៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែក​ប្រហែល ៤០០០ គ្រាប់របស់អ្នកដង្ហែសម្ដេច យើងឃើញព្រះអង្គ​និមន្តឡើងឡាន​ម៉ាកតូយូតាតែមួយអង្គឯង​ជាមួយអ្នកបើកបរម្នាក់ បើកចូល​ទៅក្នុងសមរភូមិដែល​អមទៅដោយ​គ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់​ពាន់នាក់ឲ្យឈរ​យ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី «សន្តិភាព និង អហិង្សា» នៅកម្ពុជា។ ជនបរទេសខ្លះបានលើកដៃរប្រណម្យ​លាយ​ឡំដោយ​ទឹកភ្នែកហូរ​សស្រាក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេច និង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹក​សម្ដេចរំកិលខ្លួន​ចាកចេញ​ពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា« សម្ដេចអាចសុគត​ក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា​«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់ ៥ នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រា​ស្ទើរបាត់ស្រមោល​ឡាន​មើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេ តែមិននិយាយសូម្បីតែមួយ​ម៉ាត់ទៅកាន់​អ្នក​ណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយ​នៅជិតគុម្ពព្រៃ​ហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន ២ នាទីផង សម្លេង​ឧគ្ឃោសនស័ព្ទ​បានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។ សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែង​ព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នក​ស្ដាប់វិញ​ក៏ហាក់ដូចជាស្ងប់​ជាមួយ​សម្ដេច​ដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា​«ម្ដងមួយជំហ៊ាន ម្ដងមួយជំហាន ជំហ៊ាននីមួយៗគឺសមាធិ ជំហាននីមួយៗគឺសន្តិភាព ជំហាន​នីមួយៗ​គឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។ ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិន​អាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើរទុកណាភាគីខ្មែរក្រហមនិង​ភាគីរដ្ឋាភិបាល​ព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល ២ ឬ ៣ ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និង ប្រឈមចំពោះ​ការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀត គឺ មានមនុស្សយ៉ាងតិចពី ២០០ ទៅ ៣០០ នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ ៤ ឬ ៥ អង្គបានក្រោកឈរឡើង​ហើយស្រែកថា​«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយ​បន្ទរដដែលៗ​ថា«ស្ម័គ្រ​ស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំ​ក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និង អ្នកស្ម័គ្រស្លាប់​ឬស្ម័គ្ររស់។ ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់​បំផុតបន្ទាប់ពី​ធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី ២៥៦០ មុននៅស្ទឹងរូហិនី​នៅជម្ពូទ្វីប(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណ​សន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ» ៕ អត្ថបទដកស្រង់ពីហ្វេសប៊ុក៖ Yon Seng Yeath ដោយ​៥០០០​ឆ្នាំ​
images/articles/3126/2021______.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៩៧ ដង)
ជីវប្រវត្តិសង្ខេប ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ​។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោក​ព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំ លោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បាន​អោយ​លោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោក​បាន​លា​រាជ​ការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តា​កូន​ចៅ​រាល់​គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕ ស្នាដៃ គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត) បឋមសម្ពោធិ (ជាក្រាំង) លោក នីតិបករណ៍ (ពាក្យកាព្យ) សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3128/202_________ook.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០២ ដង)
កាលពីកុមារភាព បានទៅសិក្សា នមោ ក ខ រៀនសាស្រ្តាច្បាប់​ ក្រម កេរកាល ។ល។ វេស្សន្តរជាតក រួចបួសសាមណេរ នៅវត្តចំប៉ាឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាស្រុកកំណើតរបស់មាតាបិតា ក្នុងឆ្នាំ ១៩៤៧ បានមួយព្រះវស្សា ទៅរៀនភាសាបាលី នៅពុទ្ធិកបឋម​ សិក្សាវត្តឈ្នះ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បីឆ្នាំទៀត ទើបទៅរៀនបាលីនៅវត្តមហាមន្ត្រី សង្កាត់លេខ៥ ក្រុងភ្នំពេញ... ចុចអានបន្ត ដោយ​៥០០០​ឆ្នាំ​
images/articles/3129/20uiu______.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៦២៨ ដង)
ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។ ប្រវត្តិរូប​សង្ខេប គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ។​ បិតា​របស់​លោក គឺ​ចៅពញា​ធម្ម​ធារា មេឃុំ​កំបូល នាម​អ៊ុក ។ រីឯ​មាតា នាម អៀង ជា​បុត្រី​របស់​ចៅពញា​ម៉ុក មេឃុំ​ស្ពានថ្ម ស្រុក​ខេត្ត​ជាមួយគ្នា ។ មាតាបិតា លោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​ ​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេ យើង​គ្រាន់តែ​ដឹង​ថា​ ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​ លោក​មាន​ភរិយា ឈ្មោះ អ៊ិន និង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះ ដួង​,​ចេង ,​ចា​,​ចិន​,​ចុង​,​ចេវ ។ ​តាម​ការបញ្ជាក់​របស់​លោក យី ធន់ ក្នុងចំណោម​កូន​លោក​ទាំង​៦​រូប មាន​កូន​ទី​៥ ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារ ហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​" ។ តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថា លោក​អ៊ុក អ៊ូ មាន​ចៅ​ម្នាក់​ទៀត​ដែរ ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ ហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក ។ នៅពេល​ច្រៀង​អា​យ៉ៃ នាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ ពោធិចិនតុង កូន​អាចារ្យ​ចុង ចៅ​អាចារ្យ​ង៉ុយ​" ។​ អាចារ្យ ចុង បានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ ១៩៥៥ ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យ ប្រកួតប្រជែង និង​បក្ស​សង្គមរាស្ត្រនិយម។ ក្នុងការ​រស់នៅ​ជា​កសិករ តា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារ និង​ល្បិច​លើក​កំណាព្យភ្លាមៗ ច្រៀង ឡើង និង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះ ព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អាន ស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​អ្នកស្រុក​ហៅ​លោ​កថា ភិរម្យ ង៉ុ​យ។ បន្ទាប់មក​រដ្ឋអំណាច បាន​តាំង​លោក​ជា ( ក្រម ) គឺជា​ភារៈ​ជន ដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាល និង​ប្រជាជន​ក្នុង​ឃុំ។ ពេល​រដូវរំហើយ ក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ តែងតែ​ទេរ​សនា​ប្រៀនប្រដៅ ច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយ ដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯង ពី​ភាព ខ្សត់ខ្សោយ ក្រីក្រ ល្ង​ង​ខ្លៅ ឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ ល ។ ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំង ភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរ ទេស មាន​ចិន យួន ជាដើម។ សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះ លេចឮ​ដល់ទី​ក្រុង ហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យ ទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជា ប្រាក់កាស និង​គោ​រម្យ​ងារ​ជា ព្រះ​ភិរម្យ​ភាសា។ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ (​ក្រម​ង៉ុយ​) ​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ ស៊ីសុវត្ថិ ប្រទាន​​ឲ្យ​​កវី អ៊ុក អ៊ូ ហៅ​ង៉ុយ អ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទ ជា​មួយ បរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ : ​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាព និង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេស ដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ ជាមួយនឹង​គោរមងារ​នេះ អ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ​ ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​ មាន​ឈ្មោះ​​ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះ​ខ្លី ដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​ឈ្មោះ ​ក្រម​ង៉ុយ​ ។​ អ្នកភិរម្យ​ភាសា​អ៊ូ បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ព​.​ស ២៤៧៩ គ​.​ស ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់​លាមក ។​ ការសិក្សា និង​ស្នាដៃ កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ព្ធ​ន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ដែលជា​ស្រុកកំណើត​របស់​លោក។​ ​គាត់​ជា​ក្មេង​ឧស្សា​ហ៍រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៌​អា​ថ៌ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៌​ឱអា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ ​ បន្ទាប់​ពី​បួស​ពី​សាមណេរ​ (​បួស​នេន​) ​បាន​ប៉ុន្មាន​ឆ្នាំ លោក​បាន​សឹក ​(​លា​ចាក​សិក្ខាបទ​)​ ទៅ​បំរើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ ហ្លួង។​ ​នៅ​អាយុ ២១​ឆ្នាំ លោក​បាន​បួស​ម្ដងទៀត​ ​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ ​ឧបជ្ឈាយ៍​នាមសាស់ , លោកគ្រូសូត្រស្តាំ នាមជ្រូក ជាកម្មវាចា, លោកគ្រូសូត្រឆ្វេង មានអ៊ុងជាអនុស្សាវន។ សូមបញ្ជាក់ថា ក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុ ព្រះនាមគ្រូឧបជ្ឈាយ៍ ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត។​ ​ភិក្ខុ អ៊ូ បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​ (​ពី​បាលី​មក​ភាសា​ខ្មែរ​)​ ដំបូង​ក្នុង​សំណាក់ ​លោក​គ្រូ​អាចា​ទិត្យ នៅ​វត្ត​ខាងលើ ។​ បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង។ លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំ លុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញ ដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផង ជា​ស្មៀន​ផង។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា។​ ​គឺ​ចាប់ពី​ពេល​នោះ​ហើយ ដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀង ឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយ ស្រឡះដៃ​ពី​ការងារ​ស្រែចំការ។ ​ការ​ច្រៀង ឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេ ប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា។​ ​ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេ ពោល​គឺ រៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញ លោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោម ជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះ អំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា។​ ដំណើរ​ច​ច្រប់ ច្រៀង​ទេសនា​របស់​លោក​អ៊ុក អ៊ូ បាន​ល្បី​ដល់​ស្ដេច ហើយ​ព្រះបាទ​ស៊ីសុវត្ថិ ដែល​គ្រង​រាជ​ជំនាន់​នោះ ក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់ និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​"ភិរម្យ​ភាសា​"​ជាប់​រៀងមក។​ ​ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ មិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេ ហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗ ហើយ​កត់ត្រា​ទុក។​ ​ស្នាដៃ​របស់​ក្រម​ង៉ុយ ដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះ រួមមាន: ១- ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២) ២- ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២) ៣- សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១) ៤- ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥) ៥- បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥) បើតាម​លោក យី ធន់​ដដែល បានឲ្យដឹងថា នៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយ ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរ គឺ​ចម្រៀង​ស្ដីអំពី : ការប្រែប្រួល​នៃ​ស្រុកទេស​,​ កតញ្ញូ​កតវេទី​,​ ត្រៃ​លក្ខណ៍​,​ ចំរៀង​ស្រី​-​ ប្រុស ។​ កិត្តិស័ព្ទលោកតាក្រមង៉ុយ ក្រម​ង៉ុយ​គឺជា​កវី​ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ ឡើយ ។ ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​ លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញ ហើយ​ធ្វើ​ការកត់ត្រា​ទុក ។​ ​លោក ប៉ែន ជីវ (​ស្លាប់​ឆ្នាំ​១៩៧៧ ជំនាន់​ខ្មែរក្រហម​) ធ្លាប់បាន​អះអាង​ថា លោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេង ដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយ តាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស (Suzanne Karpeles) ដែល​ជា​នាយិកា​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ ។ ឯកសារ​របស់លោក​យី ធន់ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​ "​អ្នក​ ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ"​ ​នា​ឆ្នាំ​២០០៨ ក៏​បាន​បញ្ជាក់ថា លោក សឺ​ដេស បាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រី កាប៉ឺ​ឡែស ហើយ​ពេល​ច្រៀង​កត់ត្រា​ចប់ លោកស្រី​ជនជាតិ​បារាំង​រូបនោះ បាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើង ដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​វប្បធម៌ អរិយ​ធម៌​ខ្មែរ ។​ ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​ កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ ។​ ​ការគ្មានទេមិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះ ពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញចាប៉ី​ខ្សែ​មួយឬ​សាយដៀវ​ ថែម​ទៀត​ផង ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរ ដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ ។​ ​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួង លោក​តែង​មាន​បង្វិច និង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច ។ យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺ បុរស​ម្នាក់​មាឌធំ ដុះ​ក្បាលពោះ កាត់សក់​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់​ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សំបុក​។ គឺ​រូបរាង​នេះហើយ ដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​ រម្យភា​សាអ៊ូ ហៅ​ង៉ុយ នា​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ ។​ ​បើ​តាម​ការ​ចងក្រងរ​បស់​លោក​យី ធន់ បានឲ្យដឹងថា ចាប៉ី​ខ្សែ​មួយ​របស់​ក្រុម​ង៉ុយ អាច​ដោះ​ចេញ​ពី​គ្នា​ហើយ​តម្លើង​បាន​ភ្លាមៗ​កាលណា​គាត់​ត្រូវ​ការប្រើ ។ ឃ្លោក​នៃ​ចាប៉ី​ខ្សែ​មួយ​ឬ​សាយដៀវ​នោះ​លោក​ដាក់​ក្នុង​បង្វិច ហើយ​ឈើច្រត់​ត្រូវបាន​លោក​យកមក​ធ្វើ​ជា​ដង រួច​ដាក់​ខ្សែ កើត​ជា​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ប្រគុំ​បាន​ភ្លាម ។​ ​កិត្តិ​ស័ព្ទ​នៅ​ក្រៅប្រទេស​ កេ្តរិ៍​ឈ្មោះ​របស់​ក្រម​ង៉ុយ បាន​សាយភាយ​រហូតដល់​ស្រុក​សៀម ។ ស្ដេច​សៀម បានធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ភិរម្យ​ភាសា​អ៊ូ ទៅ​ច្រៀង​ថ្វាយ​ឯ​ស្រុក​បាងកក ។ លោក​ក្រម​ង៉ុយ បាន​ធ្វើដំណើរ​ទៅ​​នៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែ ហើយ​បាន​ទទួល​ការ​រាប់អាន ពី​សំណាក់​ព្រះមហាក្សត្រ និង​មន្ត្រី​សៀម ។ ពេល​នោះ​ស្ដេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​ "​ផៃ​រ៉ោះ​លឿ​កឺន​" ​និង​ប្រទាន​​​ឡេវអាវ​ប្រាក់​ឌួង ព្រមទាំង​ប្រាក់​និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន ។ ​តាម​ការរៀបរាប់​ឯកសារ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ទេ​ថា ការអញ្ជើញ​ទៅកាន់​ស្រុក​សៀម​នោះ​កើតឡើង​នៅពេលណា។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
images/articles/3127/33eee444.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៦៨៣ ដង)
កំណើត៖ ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៤៦៩ គ.ស. ១៩២៥ ស្លាប់៖ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ បិតានាម៖ គាំ អំ (ស្លាប់ ១៩២៦) មាតានាម៖ ជា ទឹន (ស្លាប់ ១៩៦៤) បងប្អូន៖ ចំនួន៧នាក់ ប្រុស៤ ស្រី៣ (អាចារ្យ គាំ អ៊ីវពៅគេ) អាយុ១២ឆ្នាំ រៀនអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូ អ៊ឹម ជី វត្តសំបួរមាស ភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អាយុ១៧ឆ្នាំ បួសជាសាមណេរ ក្នុងវត្តសំបួរមាសដដែល។ បួសរួច រៀនបាលីក្នុងសំណាក់លោកអាចារ្យ ញ៉ុក ហើយរៀនបាលីក្នុងសំណាក់លោកគ្រូស៊ន និងអាចារ្យ វ៉ន រៀនបាន២ឆ្នាំ ប្រឡងបាលីរង នៅវត្តលង្កា។ ប្រឡងជាប់បាលីរង ក៏ទៅនៅវត្តមហាមន្រ្តី ក្នុងសំណាក់លោកគ្រូអាចារ្យ ទឹត និងសិក្សាព្រះវិន័យក្នុងសំណាក់ លោកគ្រូ ម៉ឹង សែស (ឧបាលិវង្ស)។ បួសជាភិក្ខុ នាវត្តយាយទេព ខេត្តកំពង់ឆ្នាំង ដោយព្រះមេគណជាឧបជ្ឈា ព្រះធម្មវង្សាធិបតី ក្នុងឆ្នាំខាល ព.ស. ២៤៩៣ គ.ស.១៩៥០។ កាលបួសជាភិក្ខុ បានសិក្សាវិន័យក្នុងសំណាក់ លោកគ្រូអាចារ្យ កង វ៉ាន នៅវត្តតានាន់ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ កំពង់ឆ្នាំង ចំនួន៣ឆ្នាំ។ សិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យ កឹម ប៊ិល នៅអាស្រមបុសតាប៉ាង ភូមិជើងគ្រាវ ២ឆ្នាំ។ បន្ទាប់មកទៅនៅអាស្រម អូររាំងឪ ១ឆ្នាំ និងកន្លែងផ្សេងៗទៀត។ លាចាកសិក្ខាបទ នៅថ្ងៃទី៣ មិនា ១៩៥៨ នៅវត្តពោធិ៍សុនស្ស ឃុំបាក់នឹម ស្រុកបាកាន ខេត្តពោធិសាត់។ ត្រឡប់មកស្រុកកំណើតវិញ មាតាបានរៀបចំអោយមានគ្រួសារ ឈ្មោះនាង ម៉ឺន អុន នៅភូមិជើងគ្រាវនោះ។ នៅស្រុកបាន៧ឆ្នាំ ក្នុងឆ្នាំទី៤ បានចេញពីស្រុកកំណើត ឃុំជើងគ្រាវ ទៅនៅបាត់ដំបង នៅឆ្នាំ១៩៦៥ នៅភូមិអូរតាគួន (ខាងលិចភ្នំ ចាក់ឆារ) ឃុំត្រែង ស្រុករតនមណ្ឌល ជាកសិករ។ ឆ្នាំ១៩៧៥ នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាគ្រូបង្រៀន ក្មេងៗ។ ប្រពន្ធឈ្មោះ ម៉ឺន អុន (ស្លាប់ក្នុងឆ្នាំ ១៩៧៥។ ឆ្នាំ១៩៧៩ បានមកនៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពូកញាតិ បានរៀបចំអោយមានគ្រួសារ ឈ្មោះ ឈិន សួស។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ចូលធ្វើការបំរើរដ្ឋ នៅប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង។ បាត់បងពលកម្មនៅត្រីមាសទី៤ ឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩០ ថ្ងៃឧបោសថ ជួយដោះស្រាយធម៌វិន័យ និងបង្រៀនវិន័យក្នុងវត្តកំផែង រៀងរាបមក។ ឆ្នាំ១៩៩៣ មន្ទីធម្មការ និងសាសនាខេត្ត លោកប្រធានឌី សុមាលី និងគឹម កាង បានស្នើរអោយជួយបង្រៀនព្រះសង្ឃនៅពុទ្ធិកវិទ្យាល័យ អ៊ឹងធួង បាត់ដំបង ផ្នែកវិន័យ និងអភិធម្ម។ ពេលថ្ងៃណា ដែលសាលាមិនរៀន តែងតែទៅបង្រៀនតាមវត្តនានាជាដរាបមក។ លោកតាព្រឹទ្ធាចារ្យទទួលមរណៈ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែភទ្របទ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យសុវណ្ណខេត្តបាត់ដំបង ពេលវេលា ម៉ោង៨ និង ៤០នាទីព្រឹក។ (ដកស្រង់ទាំងស្រុងដោយ ព្រះមហា ឆន សុវណ្ណដេត វត្តពោធិ័វាល ខេត្តបាត់ដំបង) ដោយ​៥០០០​ឆ្នាំ​
images/articles/3132/20266_________.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៣៦ ដង)
សព្វ​ថ្ងៃ​នេះ ភាសា​ខ្មែរ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួន ក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត ។ មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ ។ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេចឱ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត) ។ ​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យា និង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ ​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​ មាន លោក ងួន វ៉ាន់​ចន្ធី ជា​នាយក បាន​រៀបចំ​​ក្រុម​ការ​ងារ​មួយ នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា​ ឆ្នាំ ២០០៥ ​ក្នុង​គោល​បំណង៖ ១. អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ លើ​វិស័យ​ អក្សរសាស្ត្រ និង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ ឯ.ឧ. សុខ អាន ប្រធាន​​ គណៈកម្មាធិការ​​ជាតិ​ភាសាខ្មែរ ដែល​មាន​គោលដៅ​ធ្វើឱ្យ​មាន​ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​ រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី ២ របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។ ២. ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត និង​បន្ត​និរន្តរភាព​ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រ ដោយ​ធ្វើឱ្យ​កាន់​តែ​ ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​​ ក. រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធ ដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​ ៥ ខ. រៀប​ចំ​បញ្ជី​ពាក្យ​ (ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ ឬ​បី​ បែប ដើម្បី​ ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត និង​សម្រេច​ក្នុង​ការ​​សរសេរ​ ឱ្យបាន​ ឯកភាព​គ្នា) គ. ​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះពុម្ព​លើក​ទី ៥​ ឱ្យក្លាយ​ជា​មេ​ពាក្យ​ឡើង ឃ. រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក និង​កែ​លំអ​រាល់​ឆ្នាំ ង. ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មី រួម​ទាំង​និយមន័យ​មក វិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​ វចនានុក្រម​ខ្មែរ​លើក​ទី ៦ បន្ត​ទៀត ៣. សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ ដូចជា​ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute), SEALang និង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ ជាដើម​ ដើម្បីឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ ។ ៤.​ បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិក ក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​ វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ​រួច​មក (ករណី​មាន​លទ្ធ​ភាព​គ្រប់​ គ្រាន់) ខាង​ក្រោម​នេះ​ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​និទាន​កថា​ដែល​បាន​ព្រះ​លិខិត​ចុះ​ថ្ងៃ​ទី​ ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយ​អតីត​សម្ដេច​ព្រះ​សង្ឃរាជ​គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុង​គ្រា​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី ៥ ។​ ‹ខ្ញុំ​ថ្លែង​សេចក្ដី​អំពី​ប្រវត្តិ​នៃ​វចនានុក្រម​នេះ​ជា​សង្ខេប មិន​សព្វ​គ្រប់​តាម​ដំណើរ​ការណ៍​ដែល​កន្លង​ទៅ​ហើយ​នោះ​ទេ, ខ្ញុំ​ថ្លែង​ដោយ​អន្លើ​ៗ​ខ្លះ​គ្រាន់​តែឱ្យ​អស់​លោក​បាន​ជ្រាប​ សោះ​តែ​ខាន​ប៉ុណ្ណោះ​ហើយ​អស់​លោក​នឹង​បាន​ជួយ​​ឧបត្ថម្ភ​វចនានុក្រម​នេះឱ្យ​មាន​ការ​លូត​លាស់​ចម្រើន​តទៅ​តាម​សម័យ​និយម នា​អនាគត​កាល ។ វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​នេះ​ជា​សម្បត្តិ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញ គឺ​ជា​របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ចាប់​ផ្ដើម​បោះ​ពុម្ព​គ្រា​ទី ១ មក ពុំ​មែន​ជា​សម្បត្តិ​របស់​ឯក​ជន​ទេ ។ ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ធ្នូ ១៩១៥ ឱ្យឈ្មោះ​ថា វចនានុក្រម​ខ្មែរ​របស់​រាជការ ប៉ុន្តែ​កាល​​ដែល​បោះពុម្ព​គ្រា​ទី ១ ជា​ដំបូង​បង្អស់​នោះ អស់​លោក​កុង្សីយ៍​សេនាបតី​ក្នុង​សម័យ​នោះ សុំ​ថាឱ្យ​ដាក់​ឈ្មោះ​ត្រឹម​តែ​ថា វចនានុក្រម​ខ្មែរ​ភាគ​ទី ១ ភាគ​ទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំ​ដាក់​ពាក្យ​ថា របស់​រាជ​ការ ព្រោះ​បើ​ដាក់​ឈ្មោះ​ថា របស់​រាជ​ការ ក៏​ទៅ​ជា​បង្ខំឱ្យគេ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​​ខាត, ដោយ​ហេតុ​នេះ ត្រូវ​ទុក​ឱកាសឱ្យ​គេ​ទៅ​សិន​ចុះ បើ​អ្នក​ណា​គេ​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​បើ​មាន​កំហុស​អ្វី​ឡើយ, យូរ​ៗ​ទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯង​ៗ​ទៅ​ទេ ។ » ដល់​មក​កាល​ជា​ខាង​ចុង គ. ស. ១៩៦៧ លោក​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំ​ពេញ បាន​ចាត់​ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​នេះ​ជា​គ្រា​ទី ៥ ថែម​ឡើង​ទៀត ក៏​បាន​តាំង​គណៈ​កម្ម​ការ ៤ រូប​គឺ​៖ ១- ព្រះ​សាសនមុនី កិម -តូរ ចន្ទមង្គលោ ២- ព្រះ​បិដក​ធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង​ ២ រូប​នេះ​ជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ ៣-លោក ញូង សឿង នាយ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្រុង​ភ្នំពេញ (អតីត​អគ្គលេខាធិការ​រង​នៃ​ពុទ្ធសាសនបណ្ឌិត្យ) ៤- លោក ថោង សំអ៊ី អ្នក​និពន្ធ​តែង​សេចក្ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ​ គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ, ឱ្យជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះ​ពុម្ព​គ្រា​ទី ៤ នោះ​ជា​ថ្មី​ម្ដង​ទៀត​ ឱ្យបាន​ហ្មត់​ចត់​គ្រាន់​បើ​បន្តិច​ឡើង​ជាង​មុន ដ្បិត​វចនានុក្រម​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ​អស់​ទៅ​ហើយ ឥត​មាន​សល់​សម្រាប់​អស់​លោក​អ្នក​ត្រូវ​ការ​ទេ, សុំឱ្យ​គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ឆ្លៀត​ពេល​ធ្វើ​ការឱ្យ​បាន​សម្រេច​ឆាប់​បន្តិច ឱ្យបាន​ទាន់​ពេល​នៃ​អស់​លោក​អ្នក​ត្រូវ​ការ ។ លោក លាង​ ហ័ប​អាន ជា​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​មក​សូម​ឱ្យ​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​បាន​តម្រូវ​តាម​ការ​ងាយ​ស្រួល ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​រៀបចំ​ការិយាល័យ​មួយ​ក្នុង​វត្ត​ឧណ្ណាលោម ដើម្បីឱ្យ​បាន​នៅ​ជិត​ខ្ញុំ​ជា​អ្នក​ជួយ​ឧបត្ថម្ភ ។ ខ្ញុំ​ក៏​បាន​ទទួល​ភារៈ​ជួយ ដោយ​តាំង​ចិត្ត​ថា ស៊ូ​ទ្រាំ​នឿយ​ចំពោះ​វចនានុក្រម​នេះ​ជា​ថ្មី​ម្ដង​ទៀត​ចុះ ទោះ​បី​ខ្ញុំ​មាន​វ័យ​ចាស់​ចូល​ក្នុង​ជន្មាយុ​គម្រប់ ៨៤ ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន​ស្អេក​ស្កះ​ស្ទើរតែ​រើ​ខ្លួន​ពុំ​រួច​ផង​ក៏​ដោយ, ព្រោះ​វចនានុក្រម​ខ្មែរ​នេះ​ជា​ការ​ស្នា​ដៃ​ថ្វី​គំនិត​ចាស់​របស់​ខ្ញុំ ខ្ញុំ​មិន​សូវ​ភ្លេច​យូរ​ៗ​ប៉ុន្មាន​​ចំពោះ​វចនានុក្រម​នេះ​ទេ កាល​បើ​សរសេរ​ការ​អ្វីៗ ខ្ញុំ​តែង​តែ​នឹកដល់​វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​នេះ​ជា​ដរាប, ដោយ​ហេតុ​នេះ​ឯង បាន​ជា​ខ្ញុំ​មិន​ប្រកែក ។ ក្នុង​គ្រា​នេះ ខ្ញុំ​លៃ​ពេល​ម៉ោង​ឆ្លៀត​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួលឱ្យ​បាន​គ្រាន់​បើ​ជាង​ពី​មុន​ខ្លះ​ដោយ​អន្លើ​ៗ ខ្ញុំ​ខំ​ប្រឹង​ឆ្លៀត​ជ្រើស​រើស​យក​មេ​ពាក្យ​ដែល​ខ្វះ ព្រម​ទាំង​អត្ថ​ន័យ​ផង សរសេរ​ខ្លួន​ឯង​ចុះ​បន្ថែមឱ្យ​មាន​មេ​ពាក្យ​ក្រែល​ជាង​ពី​មុខ បាន​ដក​ស្រង់​យក​កាព្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី (ព្រះ​បរមកោដ្ឋ)ខ្លះ កាព្យ​សាស្ត្រា​ច្បាប់​រាជ​នេតិ​ជា​ព្រះ​និពន្ធ​នៃ ព្រះ​រាជ​សម្ភារ​ខ្លះ ល្បិច​ចៅ​ក្រម ដែល​កើត​មាន​ក្នុង​រជ្ជ​កាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ខ្លះ ចំពោះ​ត្រង់​អត្ថន័យ​នៃ​ពាក្យ មន្ទលេន សេន​បទ មណ្ឌុកដ​ សីហ​លោ, សុភា​សិត​និង​ភាសិត​បុរាណ​ខ្លះ, និង​កាព្យ​របស់​ខ្ញុំ​ខ្លះ តម្រូវឱ្យ​សម​តាម​អត្ថន័យ​របស់​មេ​ពាក្យ​នោះ​ៗ​ដោយ​អន្លើ​ៗ, ក៏​ឃើញ​ថា វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុខ, ប៉ុន្តែ​បើ​ធៀប​ប្រៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ; ​ក្នុង​អនាគត​កាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ, គួរឱ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់​ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ! ការ​ពិនិត្យ​ក្រោយ​នេះ​, ខ្ញុំ​បាន​ថ្លែង​ការណ៍​យ៉ាង​ពិស្ដារ ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​បាន​ដឹង​អំពី​​យោបល់​នៃ​គណៈ​កម្មការ​មុន​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​ហើយ​ខាង​លើ, គណៈ​កម្មការ​ទាំង ៤ រូប​ក៏​មាន​​​​យោបល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ត្រូវ​យើង​យក​យោបល់​របស់​គណៈ​កម្មការ​ដំបូង​នោះ​មក​អនុវត្ត កុំ​ទុក​វចនានុក្រម​នេះឱ្យ​នៅ​រសេមរសាម​ច្រើន​ពេក នាំឱ្យ​ពិបាក​ប្រើ ពិបាក​ដោះ​ស្រាយ​ណាស់ ប៉ុន្តែ​ត្រង់​សញ្ញា​ដែល​ហៅ​ថា អឌ្ឍចន្ទ នោះ​ត្រូវ​លើក​ទុក​ទៅ​ចុះ ព្រោះ​វិនាស​បាត់​រូប​បាត់​ឈ្មោះ​ទៅ​ហើយ បើ​ទុក​ជា​យើង​បង្កើត​ក្នុង​សម័យ​នេះឱ្យ​មាន​រូប​សណ្ឋាន​ផ្សេង​ជា​ជំនួស សម្រាប់​ប្រើ​ដាក់​លើ​ពាក្យ​កំញ្រ ទាំង​ប៉ុន្មាន​នោះ​ក៏​ពុំ​កើត​ដែរ ។ ឯ​យោបល់​ក្រៅ​ពី​នោះ យើង​ត្រូវ​អនុវត្ត​តាម​ខ្លះ ដើម្បី​បើក​ផ្លូវឱ្យ​មាន​ឱកាស​ច្រហ​ទូលំ​ទូលាយ ឱ្យអស់​លោក​អ្នក​អក្សរសាស្ត្រ​ខ្មែរ​នា​អនាគត​ងាយ​ដើរ​ ដ្បិត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន សម្តេច​ព្រះ​នរោត្តម សីហនុ ឧប​យុវរាជ ព្រះ​ប្រមុខរដ្ឋ ជា​ព្រះ​បិតា​អក្សរសាស្ត្រ​ជាតិ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​លូត​លាស់​ចម្រើន​នេះ ផ្ទុយ​គ្នា​ស្រឡះ​ពី​សម័យ​មុន ឆ្ងាយ​ពី​គ្នា​ដាច់​ស្រយាល​ទៅ​ហើយ, យើង​គួរ​សម្រេច​តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ​បាន​ខ្លះ​ហើយ ព្រោះ​មិន​ដូច​សម័យ គ. ស. ១៩​១៥ នោះ​ទេ ។ ខ្ញុំ​និង​គណៈ​កម្មការ​ទាំង​ ៤ រូប​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ, មិន​ទាំង​អស់​ទេ គ្រាន់​តែ​អនុវត្ត​តាម​ខ្លះ​ទុកឱ្យ​គង់​តាម​ទម្លាប់​ខ្លះ​ដើម្បី​គោរព​អធ្យាស្រ័យ​នៃ​អស់​លោក​អ្នក​ធ្លាប់​សរសេរ​រត់​គំនិត​រត់​ដៃ​ទៅ​ហើយ ។ › អធិបតី ​និង​ក្រុម​ជំនុំ ដែល​តាំង​ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ខែ​សេបតមប្រិ៍ ឆ្នាំ ១៩១៥ និង​ព្រះ​រាជ​ប្រកាស​តាម​លំដាប់​មុន​ក្រោយឱ្យ​បង្កើត​វចនានុក្រម​ខ្មែរ ។ អធិបតី សម្ដេច​ចក្រី​កុញ្ជរាធិបតី ពេជ្រ ប៉ុណ្ណ សេនាធិបតី​ក្រសួង​សិក្សាធិការ​និង​យុទ្ធនាធិការ (កាល​នៅ​ក្នុង​ឋានៈ​ជា អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី… ) ។ ក្រុម​ជំនុំ ១- សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្ររណឫទ្ធិ សុធារស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ២- សម្ដេច​ក្រុម​ព្រះ​ ភាណុវង្ស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ៣- ព្រះ​វន​រ័ត ចន្ទ (វត្ត​ឧណ្ណា​លោម​ ក្រុង​ភ្នំ​ពេញ) ៤- ព្រះ​មហាវិមល​ធម្ម ថោង ចាង​ហ្វាង​ទី ១ នៃ​សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំ​ពេញ ៥- ព្រះ​មហារាជ​ធម្ម សួស ចៅ​អធិការ​វត្ត​ប្រយូរ​វង្ស ក្រុង​ភ្នំ​ពេញ ៦- អ្នក​ឧកញ៉ា​ធម្មានិករ គង់ (សេនាបតី​ទី​វាំង​វរ​វៀង​ជ័យ​ចាស់ រ៉ឺត្រែត ) ៧- អ្នក​ឧកញ៉ា​ពិភិតឦសូរ ម៉ី (សេនាបតី​ទី​ចក្រី​ចាស់ រ៉ឺត្រែត); ៨- អ្នក​ឧកញ៉ា​វិបុល​រាជ មាស (ឧបសេនាធបតីក្រសួង​ក្សេត្រា​ធិការ… ) ៩- អ្នក​ឧកញ៉ា​ស្រី​ធម្មា​ធិរាជ អ៊ុក (ឧបសេនាបតី​ក្រសួង​ព្រះ​បរម​រាជ​វាំង… ) ១០- ព្រះ​ពុទ្ធ​ឃោសាចារ្យ ជួន ណាត (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា ជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​អ្នក​កាន់​ការ​ជាប់​រៀង​រាប​ដរាប​​មក​ដល់​សម័យ​បោះ​ពុម្ព​សម្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នេះ) ១១- ឧកញ៉ា​សុត្តន្តប្រីជា អ៊ិន (អ្នក​បាត់​ដំបង , តាំង​ពី​កាល​នៅ​ក្នុង​ឋានៈ​ជា​អាចារ្យ អ៊ិន រហូត​ដល់​បាន​ឋានន្តរ​ជា​ទី​ឧកញ៉ា​នេះ) ១២- អ្នក​អាចារ្យ អ៊ិត ហាក់ អាចារ្យ​សាលា​បាលី​​ជាន់​ខ្ពស់ (តាំង​ពី​កាល​នៅ​ជា​បព្វជិត មាន​ឋាន​ន្តរ​ជា​ព្រះ​សីល​សំវរ​រាជា​គណៈ វត្ត​ឧណ្ណាលោម)​ ១៣- ឧញ៉ា​សុភាធិរាជ ស៊ូ (ចៅ​ក្រម​សាលា​ឧទ្ធរណ៍ ក្រុង​ភ្នំ​ពេញ) ១៤- ព្រះ​ញាណវីរិយៈ​ ឡុង (ចៅ​អធិការ​វត្ត​នួន​មណីរាម ក្រុង​ភ្នំពេញ) អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ១៥- ព្រះ​ឧត្តមមុនី អ៊ុម ស៊ូ (វត្ត​ឧណ្ណាលោម) អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា) ១៦- ព្រះ​សាក្យវង្ស ហួត តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់​ខ្ពស់, អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា) ១៧- ក្រម​ការ ជុំ ម៉ៅ (កាល​កំពុង​ទទួល​ភារៈ​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ) ១៨- ឧញ៉ា​ទេពពិទូ ឈឹម ក្រសេម​គន្ថបណ្ឌិតនៅ​ពុទ្ធសាសនបណ្ឌិត្យ ។ បណ្ដា​ក្រុម​ជំនំ​ទាំងនេះ អស់​លោក​ខ្លះ​បាន​ជួយ​ធ្វើ​ការ​ដោយ​ពេញ​កម្លាំង, ខ្លះ​ជួយ​ធ្វើ​មួយ​ដង​មួយ​កាល, ខ្លះ​គ្រាន់​តែ​មាន​នាម​តាំង​ក្នុង​ព្រះ​រាជ​ប្រកាស​ប៉ុណ្ណោះ ។ លោក ហ៊្សក សេដែស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស (កាល​នៅ​ជា​ សមាជិក កម្មការ នៃ​សាលា​បារាំងសែស​នោះ​នៅ​ឡើយ, ក្នុង​ឱកាស​ដែល​លោក​នៅ​ធ្វើ​ការ​ក្នុង​កម្ពុជរដ្ឋ) ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​កើត​ការ​នេះ​ឡើង ព្រម​ទាំង​ឆ្លៀត​ជួយ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​អស់​លោក​ក្រុម​ជំនុំ​ផង​ដែរ ។ លុះ​ដល់​មក​អវសាន​កាល ព្រះពុទ្ធឃោសាចារ្យ ជួន ណាត បាន​រើ​កែ​ធ្វើ​ជា​ថ្មី​ឡើង​ម្ដង​ទៀត ដោយ​សេចក្ដី​ខំប្រឹង​ពេញ​កម្លាំង​តែ​មួយ​រូប​គត់​ឥត​មាន​លោក​ណា​ជាគម្រប់​ពីរ​ឡើយ ដរាប​ទាល់​តែ​ហើយ​ការ​ស្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នោះ​ឡើង, ជា​ការ​កើត​ដំបូង​បំផុត​ក្នុង​កម្ពុជរដ្ឋ។ រៀបរៀងដោយៈ ព្រះតេជព្រះគុណ កោសលមុនី យិន-រតនសុធាវី (វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន អក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិ វិន័យនៃលោកនាថ ជាគោលព្រះពុទ្ធសាសនា កាលបើអក្សរសាស្រ្តខ្មែរបាត់បង់ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ) ដោយ​៥០០០​ឆ្នាំ​
images/articles/3131/202ffgok.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៦៣៤ ដង)
ព្រះឧត្តមមុនី អ៊ុម ស៊ូរ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាផ្នែកខាងព្រះអភិធម្មបរមត្ថ ដែលបានបំពេញកិច្ចការងារទាំងឡាយតាមតួនាទីដើម្បីពុទ្ធសាសនា និងអក្សរសាស្ត្ររជាតិ ហើយមានព្រះកិត្តិនាមល្បីទូទៅទាំងក្នុងប្រទេស និងក្រៅប្រទេស។មិនតែប៉ុណ្ណោះថែមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដោយសារបានបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ យោងតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ អ៊ុម ស៊ូរ កើតនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៤៣៣ គ.ស.១៨៨០ វេលាម៉ោង៦ព្រឹក នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានបិតានាម ទេស និងមាតានាម អ៊ុម។ កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអានសរសរបាន។ អាយុ១៦ឆ្នាំ ចូលទៅស្នាក់នៅជាមួយនឹងព្រះគ្រូធម្មរតនវង្ស ទៀង ចៅអធិការវត្តសិរីសាគរស្រុកកំពង់ត្របែក ជាមេគណខេត្តបាភ្នំ ដែលសព្វថ្ងៃខេត្តនេះត្រូវបានទៅជាស្រុកវិញ។ រៀនធម៌វិន័យបាន១វស្សា ក៏បានបព្វជ្ជាជាសាមណេរក្នុងអាយុ១៧ឆ្នាំ។ សៀវភៅដដែលបានបញ្ជាក់ថា ក្នុងភាពជាសមណេររយៈពេល៣ព្រះវស្សា បានសិក្សាគម្ពីរនានា មានព្រះអភិធម្ម៧គម្ពីរជាដើម ចារសាស្ត្រាគ្រែ៣ ទន្ទេញចាំមាត់បាតិមោក្ខ។បន្ទាប់ពីព្រះធម្មរតនវង្ស ទៀង អនិច្ចធម្មទៅ សាមណេរ ស៊ូរ ខំចម្លងសាមណេរវិន័យមកចែកគ្នាសិក្សា និងរៀនសមណធម៌ពីគ្រូអាចារ្យប៉ែន ជាឧបាសក។លុះដល់ព្រះជន្នាយុ១៩ព្រះ វស្សា ក៏បានសឹកមកជាឧបាសករក្សាឧបោសថវិញ។ បន្ទាប់ពីបានសឹកមកជាឧបាសកបានត្រឹមតែ២ឆ្នាំ គឺមកដល់អាយុ ២១ឆ្នាំពេញបរិបូរណ៍ ឧបាសក ស៊ូរ ក៏បានចូលមកឧបសម្បទាជាភិក្ខុក្នុងវត្តសិរីសាគរវិញ ដែលមានលោកគ្រូព្រហ្មសរោ ឃួន ចៅអធិការវត្តពោធិ៍លាស់ ជាព្រះឧបជ្ឈាយ៍ លោកគ្រូបញ្ញាសទ្ធម្មោ មាស ចៅអធិការវត្តសិរីសាគរ និងលោកគ្រូចន្ទកេសរោ ឃឹម វត្តពោធិ៍លាស់ ជាឧបសម្បទាចារ្យ បាននាមបញ្ញាត្តិថា ធម្មវិនយរក្ខិត ដែលប្រែថា អ្នករក្សាព្រះធម៌វិន័យ។ ព្រះអង្គបានបំពេញជាភិក្ខុរួចមក ក្នុងវស្សាទី១ រៀនបាតិមោក្ខប្រែ ចតុប្បារិសុទ្ធិសីល នៅក្នុងវត្តកំណើត។ វស្សាទី២ និមន្តចេញទៅរៀនព្រះត្រៃបិដក មូលកច្ចាយនៈនៅខេត្តកំពង់ស្ពឺ ហើយវស្សាទី៣ និមន្តមកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ រៀនមូលកច្ចាយនៈ។ មកដល់វស្សាទី៤និមន្តទៅរៀននៅវត្តសិរីសាគរដែលជាវត្តកំណើតវិញ និងជួយបង្ហាត់មូលច្ចាយនៈ និងធម្មបទអស់៣វស្សា។ក្នុងវស្សាទី៧ ទី៨ និងទី៩ ព្រះអង្គនិមន្តមកនៅភ្នំពេញវិញ រៀនមង្គលត្ថទីបនី វិសុទ្ធិមគ្គ គម្ពីរផ្សេងៗទៀត និងបឋមសាមន្តប្បាសាទិកា ជាដើម ពីសំណាក់អាចារ្យ អួន និងព្រះមហាវិមលធម្មថោង។ វស្សាទី១០ ដល់ទី១៦ ជាអាចារ្យបង្រៀននៅវត្តសិរីសាគរ ព្រមទាំងទទួលចំណាត់តាំងពីសម្តេចមហាសង្ឃរាជ និល ទៀង ឱ្យបង្ហាត់ធម៌ភាណវារៈដល់ភិក្ខុសាមណេរចំនួន២៨វត្តក្នុងខេត្តបាភ្នំ។ ក្នុងវស្សាទី១៧ ព្រះមហាវិមលធម្ម ថោង និមន្តឱ្យមកនៅភ្នំពេញវិញ បានតែងតាំងជាព្រះគ្រូវិមលប្បញ្ញាក្នុងឆ្នាំដែលរាជការតាំងសាលាបាលីជាន់ខ្ពស់ នៅវិហាព្រះកែវ។ ពេលនោះហើយព្រះអង្គបានជួបនឹងព្រះញាណបវរវិជ្ជា ឯម ព្រះគ្រូសង្ឃសត្ថា ជួន ណាត ព្រះគ្រូសង្ឃវិជ្ជា ហួត តាត និងអាចារ្យជាច្រើនទៀត ពិនិត្យគម្ពីរ បាលី អដ្ឋកថា ដីកា យោជនា សង្កេតរកផ្លូវបដិបត្តិឱ្យត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញ្ញាត ហើយព្រាងរៀបរៀងសៀវភៅជាច្រើនចែកសិស្សរៀនសូត្រ។ សមណៈសក្តិដែលបានទទួល ព,ស,២៤៦០ គ,ស,១៩១៧ បានឋានៈជាព្រះវិមលបញ្ញា។ ព,ស,២៤៣១ គ,ស,១៩១៨ ព្រះករុណាម្ចាស់ជីវិត និងរាជការប្រូតិកតូរ៉ាត៍ បង្កើតព្រះរាជបណ្ណាល័យ តម្កល់ក្បូនច្បាប់ បានតែងតាំង អាចារ្យស៊ូជាអាចារ្យផ្ទៀងផ្ទាត់ធម៌វិន័យ ហើយលោកបានយកសេចក្តីព្រាងធម៌មកបោះពុម្ពផ្សាយតាមលំដាប់។ ព,ស,២៤៧២ រាជការបង្កើតពុទ្ធសាសនបណ្ឌិត្យ ឱ្យមានក្រុមជុំនុំច្រើនរូបប្រែព្រះត្រៃបិដក ពីបាលីមកសម្រាយ បានតាំងលោកជាអធិបតីរងអ្នកចាត់ការឱ្យក្រុមជុំនុំប្រែព្រះបិដក។ ព,ស,ព្រះករុណាជាម្ចាស់ជីវិតលើត្បូងប្រទានកិត្តិយសជាព្រះឧត្តមមុនីទីរាជាគណៈពិសេស។ គ្រឿងឥស្សរិយយស ដែលទទួលបាន •មេដាយ មុនីសារភ័ណ្ឌ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងកម្ពុជា •មេដាយ អស្សរឹទ្ធិ ពីព្រះចៅក្រុងហ្លួងព្រះបាង(ប្រទេសលាវ) •អូហ្វីស្យេដាកាដេមី ពីរាជាការបារាំងសេស •បដិញ្ញាណ អំពីទ័ពក្រុងកម្ពុជា ដោយគុណដែលលោកបានជួយឧប្ថម្ភព្រះពុទ្ធសាសនានិងការសិក្សាវិជ្ជាខ្មែរឱ្យចម្រើន។ ស្នាដៃកសាង និងការតែងនិពន្ធ សាងព្រះពុទ្ធរូបធំ១អង្គ មធ្យម២អង្គ សាងកុដិ ឧបដ្ធានសាលាចេតិយជីកស្រះក្នុងវត្តសំរោង(ស្រុកកំពង់ត្របែក)បង្ហើយព្រះវិហារសាងបល្ល័ង្កសាងព្រះត្រៃបិដក២ ចប់និងទូ២ សាងចេតិយមាសតម្កល់ព្រះសារីរិកធាតុសាងមន្ទីធម្មសភា សម្ពោធសាលាបាលី សាងចេតិយប្រាក់កំពូលលមាសដាំត្បូងតម្កល់សារីរិធាតុ និងព្រះអរហន្ត។ សាងគម្ពីរបាលីស្លឹករឹត មានមូលកច្ចាយនៈ ធម្មបទជាដើម សៀវភៅធម៌អក្សរសៀម អក្សរខ្មែរជាច្រើន មាន ១គិហិបដិបត្តិ ២វិសុទ្ធិមគ្គ ៣អភិធានប្បទីបិកា ៤សារត្ថសង្គហៈ ៥អភិធម្មត្ថសង្គហៈ ៦មិលិន្ទប្បញ្ហាភាគ១/២(បកប្រែ)៧រតនប្បភា ៨មហាវស្ស ៩អវសានកិច្ច ១០មរណានុស្សតិកម្មដ្ធាន។ ព្រះឧត្តមមុនី អ៊ុម ស៊ូ អនិច្ចធម្ម នៅវេលាយប់រំលងអធ្រាត្រម៉ោង២កន្លះ ក្នុងថ្ងៃសុក្រ ៥កើត ខែទុតិយាសាឍ ឆ្នាំថោះ ឯកស័កព,ស,២៤៨២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ,ស,១៩៣៩ ក្នុងជន្មាយុ៥៩ឆ្នាំនៅមហាកុដិ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ បញ្ជាក់ព្រះសពព្រះឧត្តមមុនី អ៊ុម ស៊ូ ជាអ្នកប្រាជ្ញធំមួយនៅក្នុងស្រុកខ្មែរ ប៉ែកខាងព្រះអភិធម្មបរមត្ថ មានកេរ្តិ៍ឈ្មោះល្បីទូទាំងក្នុងស្រុកខ្មែររហូតដល់ក្រៅប្រទេស។ លោកគឺជា ព្រះមហាថេរ១អង្គ ដែលមានភាពស្ងប់ស្ងាត់និងសន្សំសំចៃពេលវេលាណាស់ បើអ្នកណាម្នាក់មករកលោក ដើម្បីប្រាស្រ័យទាក់ទងនឹងរឿងអ្វីមួយនោះ លោកកម្រនឹងចេញជួបណស់ពីព្រោះក្នុងមួយជីវិតរបស់លោក លោកបានបូជាជីវិតដើម្បីពុទ្ធសាសនានិងអក្សរសាស្រ្ត របស់ជាតិតែប៉ុណ្ណោះ។ (ឯកសារយោង សៀវភៅមហាបុរសក្នុងព្រះពុទ្ធសាសនាខ្មែរ) ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៦៩ ដង)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿