9
ថ្ងៃ សុក្រ ទី ១២ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,៩៦៣
Today
ថ្ងៃម្សិលមិញ ១១៧,៥៧៧
ខែនេះ ១,៨៣១,៣៣៦
សរុប ២៦៩,០១៩,០៥៤
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/2785/wetgrtdgfcvd.jpg
លោកនេះសូន្យសោះ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
អ្វីៗ ក៏មិន​មែន​ជា​របស់​យើង​ដែរ ដូច​ជា​រូបកាយ​យើង​នេះ ដែល​យើង​ស្រឡាញ់​ណាស់ ថែរក្សា​ណាស់ សឹង​តែ​ទៅ​ឈ្លោះ​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​តែ​ប្រកាន់​នូវ​រូប​កាយ​នេះ​ទៀត​ផង ប៉ុន្តែ​ជាទី​បំផុត រូប​កាយ​នេះ​ជា​របស់​ភ្លើង​ឆាប​ឆេះ​ក្នុង​ឈាបនដ្ឋាន សូម្បី​កំពុង​នៅ​រស់ ក៏​ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង​ជរា ភ្លើង​ព្យាធិ ភ្លើង​មរណៈ​ដែរ តើ​ជា​របស់​យើង​យ៉ាង​ដូច​ម្ដេច​ទៅ ព្រោះ​ដែល​សន្មត​ថា​ជា​យើង​នោះ គឺ​បញ្ចក្ខន្ធ​ហ្នឹង​ហើយ ដែល​ប្រព្រឹត្ត​ទៅ​តាម​និយាមធម៌ ប្រែប្រួល​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
កុំ​បណ្ដោយ​ឱ្យ​រឿង​រ៉ាវ នោះ​បន្តិច នេះ​បន្តិច មក​ទម្លាយ​សេចក្ដី​សុខ​របស់​យើង​ឡើយ តាម​ពិត វា​គ្រាន់​តែ​ជា​រឿង​រ៉ាវ​ក្នុង​លោក នៃ​គំនិត​របស់​យើង​ប៉ុណ្ណោះ ព្រោះ​បើ​មិន​មាន​ចិត្ត​ដឹង​អារម្មណ៍​ទេ ឬ​មិន​មាន​ចិត្ត​គិត​ទេ មាន​រឿង​អ្វី​នៅ​ឯណា ។ ពុទ្ធ​បរិស័ទ​យើង គួរ​តែ​មាន​អារម្មណ៍​សម្រាប់​ចិត្ត​ខ្លួន​ឯង គឺ​ជា​អារម្មណ៍​ព្រះកម្មដ្ឋាន នេះ ទើប​ឈ្មោះ​ថា បាន​អប់រំ​ចិត្ត មាន​ចិត្ត​ពួន​សំងំ ចិត្ត​វិវេក ប្រតិបត្តិ​យ៉ាង​នេះ ទើប​ចិត្ត​មិន​សន្សំ​រឿង មិន​សន្សំ​ទុក្ខ​កង្វល់​យក​មក​ដាក់​ខ្លួន​ឡើយ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2790/rvdsgcvxcwsdz.jpg
មើលអ្វីៗឱ្យមានប្រយោជន៍
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
ចិត្ត​ដែល​ល្អ​ស្អាត រមែង​មើល​ឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។ មាន​រឿង​គួរ​គិត​ម្យ៉ាង​ដែរ ត្រង់​ដែល​មនុស្ស​យើង​ចូល​ចិត្ត​មើល​ផ្កា មើល​រូប​ស្អាត​ផ្សេងៗ ប៉ុន្តែ​បែរ​ជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ឯ​ចំណែក​លាមក​ជា​ដើម ជា​របស់​ស្មោក​គ្រោក មិន​ត្រូវ​ការ​មើល​ឡើយ ប៉ុន្តែ​បែរ​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់​លាមក ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ​ដែរ ។ ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នាំ​ឱ្យ​កាត់​បន្ថយ​នូវ​ការ​ខឹង​ស្អប់ ដូច្នេះ ទើប​មេត្តា​ចិត្ត​មាន​ឱកាស​កើត​ឡើង​បាន មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2796/svgredcvrfdc.jpg
អានេញ្ជសប្បាយសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសធម្មនិគម របស់​អ្នក​កុរុ​ទាំង​ឡាយ ក្នុង​កុរុជនបទ ។ ក្នុងកាល​នោះ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាម​ទាំង​ឡាយ​ជា​សភាវៈ​មិន​ទៀង ជា​របស់​ទទេ ជា​របស់​កុហក មាន​ការ​វិនាស​ជា​ធម្មតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​កាម​នេះ ដូច​ជា​វត្ថុ​ដែល​គេ​ធ្វើ​ដោយ​ឧបាយកល ជា​សម្ដី​របស់​ជនពាល ។ កាម​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​ក្ដី កាម​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរលោក​ក្ដី កាម​សញ្ញាណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​ក្ដី កាម​សញ្ញា​ណា ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរលោក​ក្ដី ទាំង​មួយ​គូនុ៎ះ ជាទី​នៅ​នៃ​មារ នុ៎ះ​ជា​វិស័យ​របស់​មារ នុ៎ះ​ជា​ចំណី​របស់​មារ នុ៎ះ​ជាទី​គោចរ​របស់​មារ អកុសល​ដ៏​លាមក​ទាំង​នុ៎ះ ដែល​កើត​អំពី​ចិត្ត ទោះ​ជា​អភិជ្ឈាក្ដី ព្យាបាទ​ក្ដី សារម្ភៈ​ក្ដី រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​កាម​ទាំង​នុ៎ះ ឯ​កិលេស​ទាំង ៣ នោះ រមែង​កើត​ដើម្បី​អន្តរាយ​ដល់​អរិយសាវ័ក អ្នក​កំពុង​សិក្សា​រឿយ​ៗ ក្នុង​សាសនា​នេះ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2799/gvrdfgcvfxdbf_c.jpg
អប់រំចិត្តដោយការពិចារណា
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
នៅពេល​កើត​ទុក្ខ​ផ្លូវ​ចិត្ត យើង​ត្រូវ​គិត​ដល់​ហេតុ​នៃ​សេចក្ដី​ទុក្ខ​នោះ គឺ​មក​អំពី​តណ្ហា ពោល​គឺ​ចំណង់​ដែល​ចង់​បាន​អ្វី​ពី​អ្នក​ដទៃ ឬ​ចង់​បាន​អ្វី​អំពី​លោក​នេះ គ្រាន់​តែ​មិន​បាន​តាម​ចំណង់​ប៉ុណ្ណោះ ទើប​កើត​ទុក្ខ​ហ្នឹង​ឯង ។ កាល​ណា បើ​យើង​រក​ហេតុ​ឃើញ​ដូច្នេះ​ហើយ យើង​ត្រូវ​គិត​ឱ្យ​ច្បាស់​លាស់​ត​ទៅ​ថា សូម្បី​បាន​អ្វី​ៗ​នោះ​តាម​ប្រាថ្នា ដូច​បំណង តើ​យើង​ពិត​ជា​គ្រប់​គ្រាន់​ទេ អស់​ទុក្ខ​អស់​ភ័យ​ទេ ឈប់​ធ្វើ​អ្វី​ខុស​ហើយ​ឬ មាន​ចិត្ត​ត្រជាក់​ក្សេមក្សាន្ត​ពិត​មែន​ឬ... យើង​នឹង​បាន​ចម្លើយ​យ៉ាង​ច្បាស់​លាស់​មក​ថា អត់​ទេ ព្រោះ​អ្វី​នោះ​មិន​មែន​ជា​សោតាបត្តិមគ្គ​ផង​ហ្នឹង ។ កាល​ណា​បាន​យល់​ដឹង​ដូច្នេះ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ហើយ អ្វី​នោះ​ៗ គឺ​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ឡើយ មិន​បាន​ទេ​ក៏​ហី​ទៅ អ្វីដែល​សំខាន់​ពិត គឺ​ការ​ឃើញ​សច្ច​ធម៌ ចូល​កាន់​ភូមិ​ព្រះអរិយៈ​ឯ​ណេះ​ទេ​តើ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/1534/__________________________________________.jpg
ឈ្នះ​និង​សុខ (សុភមង្គល)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយៗ តែង​មាន​សុខ​​មាន​ទុក្ខ​លាយ​ឡំ​គ្នា ​ទាំង​ដែល​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ​មិន​ប្រាថ្នា​ទុក្ខ ប្រាថ្នា​តែ​សេចក្ដី​សុខ​ហ្នឹង​ឯង។ចាប់​តាំង​អំពី​មាន​គំនិត​គ្រប់​គ្រង​ផ្ទះ​មក រហូត​ដល់​រៀប​ការ​មាន​គ្រួសារ​ប្ដី​ប្រពន្ធ​កូន​ចៅ ម្នាក់​ៗ​ខំ​ធ្វើ​ការ​សន្សំ​ទ្រព្យ ដោយ​បោះ​បង់​ចិត្ត​ខ្លួន​ឯង​ចោល ខ្វះ​ការ​អប់រំ​ទូន្មាន​ធ្វើ​ឲ្យ​ចិត្ត​មាន​តែ​ការ​ស្រេក​ឃ្លាន រហេម​រហាម សៅហ្មង​ ស្មោក​គ្រោកមាន​រោគ​រួបរឹត រីង​រៃ​រ៉ាំ​រ៉ៃ កំព្រី​កំព្រា រងាតែល​តោល។ ដូច​ពោល​មក​នវ ឈ្មោះ​ថា បោះ​បង់​ខ្លួន​ឯង​ចោល​ដោយ​ពិត ហើយ​មិន​បាន​ចេះ​គិត​អាណិត​ខ្លួន​ឡើយ ព្រោះ​មាន​​សេចក្ដី​ដឹង​ខ្លួន​ថា ខ្លួន​បាន​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ទៅ​ហើយ ដោយ​ការ​ខំ​ស្វែង​រក​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង។ ការ​រស់​នៅ​ជា​មួយ​អ្នក​ដទៃ សូម្បី​ក្នុង​ក្រុម​គ្រួសារ តើ​យើង​ត្រូវ​ការ​យក​ឈ្នះ​គ្នា ឬ​ក៏​ត្រូវ​ការ​សេចក្ដី​សុខ។តាម​ពិត សេចក្ដី​សុខ​ជា​ទិស​ដៅ​ប្រាថ្នា​នៃ​មនុស្ស​យើង​គ្រប់​គ្នា ពាក្យ​ថា សុភមង្គល ក៏​ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​នេះ​ដែរ ឯ​សេចក្ដី​សុខ​ដ៏​សំខាន់​នៃ​ជីវិត គឺ​សុខ​ចិត្ត។សេចក្ដី​សុខ​មាន​ហេតុ​ច្រើន​ប្រការ ត្រូវ​ចាំ​ថា​មិន​មែន​មាន​ទ្រព្យ​ជា​មហាសេដ្ឋី​ហើយ បាន​សុខ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​ក៏​មិន​មែន​ទាល់​តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទើប​អាច​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ដទៃ​បាននោះ​ដែរ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា សម្លាប់​សេចក្ដី​ក្រោធ​បាន​រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នាត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការខឹង​ក្រោធ​បន្តិច​ម្ដងៗ យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះ​គឺៈ ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ចិត្ត​ខ្លួនឯង​ យើង​ហ្នឹង​ឯង​ល្ងង់​ហើយ​ឆ្កួត​ទៀត។ ខឹង​នឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​សូម​សេចក្ដី​សុខ​ពី​គេ​អ៊ីចឹង។ ខឹង​នឹង​គេ គឺ​ចាប់​ផ្ដើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​អ្វីៗ​ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស​ហើយ​យើង​ប្រកាន់​ខុស​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង។ យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាពសៅហ្មងឲ្យ​ប្រឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ។ ដូច្នេះ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ឡើយ។ អ្នកដទៃ​ធ្វើ​ល្អ​មិន​បាន ព្រោះ​មក​អំពី​មហា​កុសល​មិន​បាន​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ មិន​មែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ។ អ្វី​ៗ​មាន​ហេតុ​ជា​បច្ច័យ​ទើប​កើត​ឡើង។ដូច្នេះ យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រឿង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន? អ្នក​ណាៗ​ ដែល​ធ្វើ​អំពើ​មិន​ល្អ និយាយ​អាក្រក់​គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត ដោយ​ធម្មជាតិ​គឺ​មិន​មែន​អ្នក​នោះ​ធ្វើ និយាយ និង​ជា​អ្នក​គិត​នោះ​ទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្ដាន​តែ​ប៉ុណ្ណោះ។ ហេតុ​ ៣ គឺ លោភ​ហេតុ ទោស​ហេតុ និង មោហ​ហេតុ។ បើ​ហេតុ​ ៣ នេះ​ត្រូវបាន​លះ​អស់​ពី​ចិត្ត​សន្ដាន​ហើយ គឺ​មិន​មាន​អ្នក​ណា​ធ្វើ​អាក្រក់​សោះ​ឡើយ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិសាច​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​អ៊ីចឹង។ ដូច្នេះ យើង​មិន​ត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ។ បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯង​មាន​នូវ​សេចក្ដី​សុខ។ សេចក្ដី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្មជាតិ ព្រោះ​មាន​អំណត់​អត់ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏ប្រសើរ​ខ្ពង់​ខ្ពស់។ បើ​សម្លាប់​សេចក្ដី​ក្រោធ​ហើយ ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​សម្រាប់​ឲ្យ​យើង​សម្លាប់ ឬ​សូម្បី​តែ​គ្រាន់​តែ​ស្អប់​នោះ​ឡើយ។ អ្វីៗ​ជុំ​វិញ​ជីវិត​រស់​នៅ​មាន​តែ​ភាព​មនោរម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក។ រឿង​ក្នុង​គ្រួសារ​សារ​សុបិន មាន​ឆៅ​មាន​ឆ្អិន​គួរ​ជិន​ណាយ មាន​ទុក្ខ​កង្វល់​ពុំ​រសាយ លុះ​ដល់​ឃ្លាត​ឆ្ងាយ​បែរ​អាល័យ។ ចិត្ត​ជាប់​ជំពាក់​ក្នុង​កាម​គុណ មាន​ទុក្ខ​ទារុណ​ធ្ងន់​ពេក​ក្រៃ ប្រយោជន៍​បាត់​បង់​តាម​យប់​ថ្ងៃ កាម​គុណ​ឧបមេយ្យ​បី​ដូច​ចោរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1536/___________________________________________________.jpg
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២
ការ​ប្រកួត​កី​ឡា គេ​បាន​ឈ្នះ​ហើយ គេ​សប្បាយ ​ឯ​ការ​បោះ​ឆ្នោត បើ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន គឺ​ត្រូវ​ឈ្នះហើយ​បាន​ធ្វើ​ជា​អ្នក​ធំ។នៅ​ក្នុង​គ្រួសារ ជា​រឿង​មនោសញ្ចេតនា​នៃ​មាតា​បិតា ភរិយា​ស្វាមី កូន​ប្រុស​ស្រី ។ល។ ដូច្នេះ មិន​មែន​ជា​រឿង​ប្រកួត​ប្រជែង និង​មិន​មែន​ចេះ​តែ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​នោះ​ទេ។ ម្នាក់ៗ​មាន​តួនាទី​រៀង​ៗ​ខ្លួន ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន មាន​ការ​អ្វីៗត្រូវ​ពិគ្រោះ​ពិភាក្សា​មេគ្រួសារ​ជា​អ្នក​សម្រេច​ក្នុង​ចិត្ត​ការងារ ប៉ុន្តែការ​សំខាន់​គឺ​ម្នាក់ៗ​ត្រូវ​មាន​ធម៌​ក្នុង​ខ្លួន។ មាន​ធម៌​ក្នុង​ខ្លួន​ ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញ​ពី​ខ្លួន​បាន នេះ​ជា​ការ​យក​ឈ្នះ​ខ្លួន​ឯង ហើយ​គ្រប់​គ្រង​ខ្លួន​ដោយ​សតិ​សម្បជញ្ញៈ។មាន​ធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មាន​ខ្លួន​ជា​ទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួន​ឯង ដោយ​មិន​វង្វេង​ស្វែង​រក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាង​ក្រៅ​ឡើយ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​កើត​ទុក្ខ​ជា​មួយ​នឹង​រឿង​គ្រប់​យ៉ាង គឺ​ទាន់​ពេល​ភ្លាមៗ ដែល​បាន​ទទួល​ដឹង​នូវ​រឿង​នោះ​ឯង។ ការ​មិន​កើត​ទុក្ខ គឺ​ជា​សុខ​ដ៏​វិសេស​ស្រេច​តែ​ម្ដង ដោយ​ការ​ស្ងប់​តណ្ហា។ មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិន​មែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទេ គឺ​បញ្ហា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះ​តែ​សេចក្ដី​ប្រកាន់។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំង​ពួង ព្រោះ​បាន​ដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត។ ក្នុង​ជីវិត​មនុស្ស សត្វ​ទាំង​អស់​គឺ​ជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ។ មាន​ធម៌ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់​យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ។ ធម្មជាតិ​រមែងតែង​តែ​កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ គឺ​ការ​វិនាស​ប្រែ​ប្រួល​ជា​ម្ចាស់​លើ​ធម្មជាតិ។មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មាន​ចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួង​ហែង​ជីវិត ហួង​ហែង​បញ្ចក្ខន្ធ​ឡើយ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិតក្នុង​ជីវិត​នឹង​ក្នុង​ព្រះ​ពុទ្ធសាសនា។មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា សេចក្ដី​សុខ​មិន​មែន​នៅ​លើ​ការ​យក​ឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដី​សុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដី​សុខ​ដោយ​ឡែក​ផ្សេង មាន​ដូចនេះ​ជា​ដើម​គឺ: សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ សុខ​ព្រោះ​ការ​ព្រម​ព្រៀង​គ្នា សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង សុខ​ព្រោះ​ការ​មិន​ប្រកាន់ សុខ​ព្រោះ​ការ​ឲ្យ​អភ័យ សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។ រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​គឺ​មិន​អាច​នាំ​យក​ហេតុ​ផល​មក​ជជែក​គ្នា​បាន​ឡើយ ព្រោះ​រឿង​រ៉ាវ​វា​នៅ​ពី​លើ​ហេតុ​ផល​ដែល​យើង​ចង់​និយាយ​ទៅ​ទៀត ដូច្នេះ​មាន​តែ​ការ​សម្រួល មាន​តែ​សម្បទាន និង​ការ​យល់​ដឹងអំពី​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​ប៉ុណ្ណោះ ទើប​វា​ជា​ការ​ល្អ។ មាន​ការ​បែក​បាក់​គ្នា​ច្រើន​ណាស់ គឺ​មក​អំពី​ការ​ប្រកាន់​ហេតុ​ផល​រៀងៗ​ខ្លួន ចង់​យក​ឈ្នះ​គ្នា ដោយ​អាងហេតុ​ផល​ដែល​ខ្លួន​មាន ដោយ​ប្រកាន់​ថា​ហេតុ​ផល​របស់​ខ្លួន​ត្រឹម​ត្រូវ ឯ​ម្ខាង​ទៀត​មិន​មាន​ហេតុ​ផល​អ្វី​ឲ្យ​ត្រឹម​ត្រូវ​ឡើយ ម្ល៉ោះ​ហើយ​ទី​បំផុត​ចុង​ក្រោយ​ក៏​ត្រូវ​បែក​គ្នា។ ហេតុ​ផល​គឺ​ពិត​ជា​របស់​ល្អ​ហើយ​ តែ​ត្រូវប្រើ​ឲ្យ​សម​ជា​មួយ​គ្នា​នឹង​ករណី​ព្រម​ទាំង​ពេល​វេលា​ផង។ សរុប​សេចក្ដី​មក បើ​មាន​ការ​ភ្លាង​ភ្លាត់​អ្វី កុំ​ចេះ​តែមក​បន្ទោស​គ្នា ប្រកែក​គ្នា ត្រូវ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​សម្រាប់ដោះ​ស្រាយ​នូវ​បញ្ហនោះៗ។ រឿង​ក្នុង​គ្រួសាការ​សម្ដែង ដូច​ល្ខោន​គេតែង​លេង​ប្រឌិត គួរ​កុំ​ប្រកាន់​ល្ខោន​ជីវិត សិក្សា​ការ​ពិត​បរមត្ថធម៌។ អ្វី​ៗ​បី​ដូច​ជា​ខ្ចី​គេ ដូច​ឆ្អឹង​ទទេ​តែ​បិទ​ជ័រ កាម​គុណ​បី​ដូច​ការ​តាំង​គភ៌ ញាប់​ញ័រ​ប្រសូត​សោយ​សោកា។ ទ្រទ្រង់​គុណធម៌សាង​ក្ដីស្ងប់ បាន​អ្វី​គ្រប់ចប់​តណ្ហា អស់​ទុក្ខ​កង្វល់​អស់​ប្រាថ្នា លែង​សោយ​សោកា​សុខ​ពិត​ហោង។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/483/645yy6oi990.jpg
ថ្ងៃវិសាខបូជា
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២
បុណ្យប្រារព្វ (ថ្ងៃទ្រង់ប្រសូត, ទ្រង់ត្រាស់ដឹង, ទ្រង់បរិនិពា្វន) ១.ថ្ងៃទ្រង់ប្រសូត គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាតពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។ រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ដើមសាលព្រឹក្សហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។ បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”។ កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវ​ព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។ ២.ថ្ងៃទ្រង់ត្រាស់ដឹង ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ: ១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក។ ២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ។ ៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជាសេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន។ ៤.មគ្គសច្ចផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ។ សច្ច:ទាំងឡាយ៤ប្រការនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមស្វែងរកដើម្បីប្រយោជន៍ដល់មនុស្សច្រើនគ្នា។ ៣.ថ្ងៃទ្រង់បរិនិព្វាន រាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ហើយស្តេចយាងសម្តែងធម៌ដល់សព្វសត្វបាន៤៥ឆ្នាំ ។ លុះព្រះជន្ម ៨០វស្សាព្រះអង្គបានគង់ចាំវស្សាក្នុងវេឡុគ្រាម ជិតក្រុងវេសាលីដែន វជ្ជី។ក្នុងអំឡុងនៃការចាំវស្សាទីនោះ ព្រះអង្គមានអាពាធយ៉ាងខ្លាំង គ្រានោះគឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនូវចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយចុន្ទ។ បន្ទាប់មក ព្រះអង្គបានសោយចង្ហាន់នាយចុន្ទរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្តើមធ្ងន់ទៅៗតាមលំដាប់ ហើយស្តេចយាងទៅកាន់ក្រុងកុសិនារា។ សូម្បីខណ:ដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តី ក៏ព្រះអង្គនៅតែប្រទាននូវឱវាទជាបច្ឆឹមវាចាថា”ម្នាលភិក្ខុទាំងឡាយសង្ខារធម៌ទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដ៏ទៃឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ”រួច​ហើយ​ព្រះអង្គក៏បរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំង​គូនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ។ វិសាខបូជា ថ្ងៃវិសាខបូជា គឺជាថ្ងៃដែលមានសារ:សំខាន់យ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនិកទូទាំងសកលលោក ជាថ្ងៃឈប់សម្រាកពីការងាររបស់មន្រ្តីរាជការក្នុងបណ្តាប្រទេសអ្នកគោរពរាប់អានព្រះពុទ្ធសាសនាជាច្រើននិងជាថ្ងៃសំខាន់របស់ពិភពលោក យោងតាមមតិរួមរបស់ទីប្រជុំអង្ការសហប្រជាជាតិព្រោះជាថ្ងៃដែលមានព្រឹត្តិការណ៍ដ៏ធំ៣ផ្សេង ៗគ្នានិងមានន័យសំខាន់ជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺថ្ងៃប្រសូត ត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយហេតុការណ៍ទាំង៣នោះបានកើតឡើងក្នុងថ្ងៃនិងខែជាមួយគ្នាគឺថ្ងៃ ១៥ កើត ខែវិសាខផ្សេងគ្នាតែឆ្នាំគ្នាប៉ុណ្ណោះ។ សម្រាប់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ជារៀងរាល់ឆ្នាំតែងតែប្រារព្ភកម្មវិធីវិសាខបូជានៅតាមបណ្តាស្ថាប័នរដ្ឋ និងស្ថាប័នផ្សេងៗទៀតជាពិសេសនៅតាមវត្តអារាមនានា ជាក់ស្តែងនៅពុទ្ធស័ករាជ២៥៥៥ ឈានចូល ២៥៥៦នេះ វត្តមណីរតនារាមក្រោមការដឹកនាំរបស់ព្រះតេជគុណវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃនិងគណកម្មការអាចារ្យរួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានរៀបចំវិសាខបូជាដោយមានគោលបំណងដូច្នេះ ១. ដើម្បីរក្សានូវវប្បធម៌និងប្រពៃណីដ៏ផូរផង់នេះ ជាកេរ្តិ៍មត៌កសម្រាប់មនុស្សជំនាន់ក្រោយ។ ២. ដើម្បីសាមគ្គីភាពនៅក្នុងសង្គម និងសាមគ្គីភាពរវាង ពុទ្ធសាសនិក ចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គម។ ៣. ដើម្បីផ្សព្វផ្សាយនូវពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធនិងធ្វើឲ្យពុទ្ធបរិស័ទកាន់តែយល់ច្បាស់នូវសារ:សំខាន់របស់វិសាខបូជា។ ដោយ៥០០០ឆ្នាំ
images/articles/2329/43twasedg.jpg
វិសាខបូជានៅប្រទេសកម្ពុជា និងវីដេអូអត្ថាធិប្បាយ​
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២
ពិធីបុណ្យ​វិសាខ​បូជា គឺជាបុណ្យ​មួយយ៉ាង​ធំក្នុងព្រះ​ពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុ​ស្សរណ​កិច្ច​ដ៏​សំខាន់​សំរាប់​រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី (គីថ្ងៃ​១៥​កើត) ខែពិសាខ ដែល​ពុទ្ធ​សាសនិក​ទាំងព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​​បូជា​ប្រកប​ដោយ​ជំនឿ​ថា ជាមហា​កុសលដ៏​ប្រសើរ ។ ការ​ដែល​​ប្រារឰ​ពិធីបូជា​នាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យ​ដោយលោក​អ្នកប្រាជ្ញ
images/articles/2945/tpic.jpg
សារៈសំខាន់នៃថ្ងៃវិសាខបូជា
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
images/articles/633/Untitled-1.jpg
ការចងពៀរវេរានឹងគ្នា គឺចេញពីសេចក្តីច្រណែន
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២
ជីវិតមាន់ជល់ គេសង្កេត​ឃើញថា ពេលមាន់​ជល់គ្នា តែង​មាន​​ចាញ់​និង​ឈ្នះ បើជល់​តិច​របួសក៏​តិច បើជល់​ខ្លាំង​របួស​ក៏​ខ្លាំង
images/articles/3178/_________________________________.jpg
កូនមាសឪពុក! គ្រប់យ៉ាងជា របស់គូគ្នា
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២
កូនមាសឪពុក! ក្នុងផែនពសុធានេះ ទាំងពីដើមរហូតមក គ្រប់យ៉ាងជា របស់គូគ្នា មានងងឹតមានភ្លឺ មានល្អមានអាក្រក់ ប្រសិនបើឱ្យរើសចំពោះរបស់ ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នា រមែងប្រាថ្នា តែរបស់ដែលល្អ តែតាមពិតសេចក្ដី ប្រាថ្នានោះ គឺទាល់តែមានការប្រព្រឹត្ត ឱ្យបានល្អត្រឹមត្រូវ ទើបអាចសម្រេចទៅបាន។ ការដើរផ្លូវ ពោលគឺការប្រព្រឹត្ត ដើម្បីឱ្យបាន ទៅដល់សេចក្ដីល្អ សមតាមបំណង ប្រាថ្នាគឺ «ការស្រឡាញ់ អ្នកដទៃ» ជាការស្រឡាញ់ ដោយសេចក្ដីរាប់អាន ស្រឡាញ់ ដោយមេត្តា ព្រោះថា ការស្រឡាញ់ អ្នកដទៃបែបនេះ អាចដោះស្រាយនូវបញ្ហាបាន ដោយចំពោះ គឺបញ្ហាបៀតបៀន ធើ្វឱ្យលោកនេះមានតែសុខ សន្តិភាព «មេត្តាជាធម៌ សាងលោក និងទ្រទ្រង់លោក»។ ការស្រឡាញ់ អ្នកដទៃ ដោយធម៌មេត្តា នឹងកើតឡើងបាន ឪពុកសូមប្រាប់ដល់កូនដូចតទៅ៖ ១-សូមឱ្យកូនសម្លឹង មើលអ្នកដទៃ ថាជាមិត្តរួមកើត រួមចាស់ រួមស្លាប់ ជាមួយគ្នាទាំងអស់ មិនថាអតីត អនាគត ឬបច្ចុប្បន្នឡើយ។ ២-សម្លឹង មើលផ្នែកល្អនៃសត្វលោក និងសម្លឹង មើលបំណង ប្រាថ្នានៃសត្វលោក ដែលចង់បានសេចក្ដីសុខ ដូចៗគ្នា ព្រមទាំង សម្លឹងមើលសង្ខារលោក តាមសេចក្ដីពិតផង។ ៣-មានសេចក្ដី សន្ដោស គឺមានការពេញចិត្ត តាមមានតាមបាន ជាភូមិឋាន ក្នុងជីវិត មានបានយ៉ាងណា ក៏ព្រមល្មម យ៉ាងនោះ មិនប្រកាន់ស្អិត ព្រោះឃើញ ដល់ហេតុដែលសមគួរ ជាមួយផល សូមឱ្យកូនគិតថា «មានក៏ល្អ មិនមានក៏បាន»។ ពេញចិត្ត ចំពោះរបស់ដែល សមគួរ គឺរបស់ដែល បានមក ដោយសុចរិត ចិញ្ចឹមជីវិតដោយទ្រព្យ ត្រជាក់ត្រជំ។ ៤-មានការតាំងចិត្តមាំ ឃើញទោស នៃសេចក្ដីខ្ជិល ឃើញគុណ ប្រយោជន៍នៃសេចក្ដីព្យាយាម កាលបាន ជួបនូវ របស់ដែលមិនជាទីប្រាថ្នា ត្រូវកូនធើ្វទុកក្នុងចិត្តថា លាភ យស សុខទុក្ខ សរសើរនិន្ទា អត់លាភ អត់យស ជាច្បាប់ ធម្មតារបស់ជីវិត បើក្ដៅខ្លាំងកូនត្រូវពាក់មួក ឬបាំងឆត្រ កូនមិនត្រូវ ខឹងប្រទូស្ដ នឹងក្ដៅឡើយ។ ចំណូចទី១ និងទី២ ជាហេតុជិតនៃចិត្តមេត្តា ចំណុចទី៣ សេចក្ដីសន្ដោស រារាំង លោភៈ ព្រោះបើលោភៈច្រើននាំឱ្យខូចការរាប់អាន រហូតនាំចូលទៅរកការបៀតបៀន ទៀតផង ចំណុចទី៤ គឺព្យាយាមជាគូ នឹងសន្ដោស ញ៉ាំងជីវិតឱ្យមានស្ថេរភាព ជាប្រយោជន៍ដល់ការ រក្សានូវ គុណធម៌ ម្យ៉ាងទៀត ការមិនញាប់ញ័រ នឹងលោកធម៌ មិនទាស់ចិត្តជាមួយនឹង របស់ធម្មតា ឈ្មោះថា មានធម៌ ជាទីពឹង បុគ្គលមានធម៌ជាទីពឹង រមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយ។ ចូរកូនចាំទុកថា៖ ខឹងក្រោធនឹងអ្នកដទៃ គឺលុតជង្គង់អង្វរសូមសេចក្ដីសុខពីអ្នកដទៃ ឯការស្រឡាញ់ រាប់អានអ្នកដទៃ ជាការចែកនូវសេចក្ដីសុខ ដែលខ្លួនមាន យ៉ាងសម្បូណ៌ឱ្យដល់ អ្នកដទៃ។ បើកូនចេះស្រឡាញ់ រាប់អាន អ្នកដទៃប្រកបដោយធម៌មេត្តា ហើយកូននឹង បាននូវសេចក្ដីល្អ សមតាមបំណងប្រាថ្នា បីដូចកូនមាសឪពុក មានទេវតា តាមថែរក្សា អីចឹងឯង។ *មេត្តាប្រែថា៖ ការរាប់អាន រកអ្នកដែលបានរួមកើតស្លាប់ គ្រប់គ្នា ប្រាថ្នា សុខឆាប់ៗ ប្រញាប់ចង់រួចពីទុក្ខា។ សត្វលោកស្រឡាញ់ ខ្លួនឯងណាស់ កិលេសសែនក្រាស់ គ្រប់អាត្មា ព្រះឱ្យយកខ្លួនជាឧបមា សត្វក្នុងលោកាប្រាថ្នាសុខ។ អធ្យាស្រ័យសត្វមិនដូចគ្នា ចាត់ចែងការងារតាមភូមិស្រុក ប៉ុន្តែសត្វលោក ប្រឹងសម្រុក ធើ្វការ យកសុខដូចតែគ្នា។ កាលណាបានយល់ ដូច្នេះហើយ ចម្លើយដ៏ល្អគឺភាវនា ចម្រើនមេត្តាច្រូចគង្គា ព្រួយពិសក្លាយជាបុប្ផាស្រស់ ។ អត្ថបទ៖ (កូនមាសឪពុក) ដោយ៥០០០ឆ្នាំ
images/articles/3177/______________________________.jpg
ផ្កាសីល
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២
ផ្កាសីល ក្រអូបបានទាំងបណ្តេាយខ្យល់ និងបព្ច្រាសខ្យល់ ល្អវិសេសជាងក្លិនផ្កាទាំងឡាយ មានផ្កាម្លិះលា ម្លិះរួតជាដេីម ដូច្នេះត្រូវខិតខំស្វែងរកផ្កាសីលនេះមកប្រដាប់ តាក់តែងរាងកាយទៅ ព្រេាះផ្កានេះមាននៅក្នុងសន្តានចិត្តនៃបុគ្គលណាហេីយ ធ្វេីឲ្យបុគ្គលនេាះជួបប្រសព្វតែសេចក្តីសុខរហូត សមដូច គាថាថា៖ សុខំ យាវ ជរា សីលំ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ជរា។ . សីលាលង្ការសទិសេា អលង្ការេា នត្ថិ ។ អលង្ការប្រាកដដូចជាគ្រឿងអលង្ការ គឺសីលមិនមាន។ . សីលបុប្ផសទិសំ បុប្ផំ នត្ថិ ។ ផ្កាឈេីប្រាកដដូចជាផ្កា គឺសីលមិនមាន។ . សីលគន្ធសទិសេា គន្ធេា នត្ថិ ។ ក្លិនប្រាកដដូចជាក្លិន គឺសីលមិនមាន។ . ហេាតិ សីលវតំ អត្ថេា ។ សេចក្តីចម្រេីនតែងមានដល់ពួកជនអ្នកមានសីល។ . សីលំ សមាធានន្តិ ។ សីលរមែងបិទបាំងនូវសេចក្តីប្រមាទ។ . សីលំ ឧបធារេន្តិ ។ សីលចូលទៅទ្រទ្រង់ទុកនូវកុសលធម៌ទាំងពួងឲ្យនៅបាន។ . សីលំ សីតន្តិ ។ សីលជារបស់ត្រជាក់ស្ងប់រម្ងាប់នូវពៀរ។ . សីលំ វឌ្ឍន្តិ ។ សីលជាទីញាុំងកុសលទាំងពួងឲ្យចម្រេីន។ . សីលំ អបាយ សពា្ឆនំ ។ សីលជាគ្រឿងបិទបាំងនូវអបាយភូមិ។ . ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធេា អនុត្តរេា ។ ក្លិននៃសីលជាគុណជាតិប្រសេីរបំផុត ជាងគន្ធជាតទាំងនេះ គឺខ្លឹមចន្ទន៌ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។ . តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ សម្មទញ្ញា វិមុត្តានំ មារេា មគ្គំ ន វិន្ទតិ ។ មារាធិរាជ (ទុកជាស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លេាកអ្នកមានសីលបរិបូណ៌ អ្នកនៅដេាយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងស្មៅហ្មង) ព្រេាះដឹងច្បាស់តាមហេតុ។ ++ សេចក្តីទុក្ខរបស់បដាចារា បដាចារាមានសេចក្តីទុក្ខខ្លាំងណាស់ ព្រេាះត្រូវបាត់បង់ នូវបិយជន គឺជនជាទីស្រឡាញ់ មានប្តី ត្រូវពស់ចឹក, កូនពីរនាក់ កូនមួយត្រូវខ្លែងឆាបយកទៅ កូនម្នាក់ទៀតត្រូវទឹកកួចយកទៅ, ឪពុកម្តាយ និងបងប្រុស ត្រូវផ្ទះរលំសង្កត់លេីស្លាប់ ដុតនៅហ្នឹងជេីងថ្កល់តែមួយទៀត ហេតុទាំងនុ៎ះហេីយ ធ្វេីឲ្យនាងក្លាយទៅជាមនុស្សបាត់បង់នូវសតិស្មារតី ឆ្កួតវង្វេង រហូតដល់ថ្នាក់ដេីរអត់មានសម្លៀកបំពាក់ជាប់ខ្លួន មនុស្សទាំងឡាយឃេីញហេីយ ក៏យកដុំដីគ្រវែងនាង ដេញនាងដូចជាគេា ក្របី តែដេាយសារនាងបានធ្វេីបុណ្យទុកមក រួមផ្សំដេាយនាងមានឧបនិស្ស័យត្រូវបានសម្រេចធម៌ ធ្វេីឲ្យនាងឈានជេីងដេីរចូលទៅក្នុងវត្តជេតពន គ្រានេាះព្រះមានព្រភាគ ទ្រង់កំពុងសម្តែងធម៌ឲ្យពុទ្ធបរិស័ទស្តាប់ ហេីយព្រះអង្គក៏បានត្រាស់នឹងនាងថា ចូរនាងមានសតិ ស្មារតីឡេីងវិញ ត្រឹមតែពុទ្ធដីកាប៉ុណ្ណេាះ ធ្វេីឲ្យបដាចារាមានស្មារតីឡេីងវិញ ពុទ្ធបរិស័ទដែលអង្គុយស្តាប់ព្រះអង្គនេាះ ក៏បានបេាះសម្ពត់ឲ្យនាងស្លៀកទៅ ។ កាលបេីនាងមានសតិស្មារតី ឡេីងវិញហេីយ នាងក៏បានរៀបរាប់អំពីសេចក្តីទុក្ខដែលមានការព្រាត់ប្រាសនូវបុគ្គលដែលជាទីស្រឡាញ់ ឲ្យព្រះអង្គជ្រាបខណៈនេាះព្រះអង្គក៏បានត្រាស់តទៅនាងវិញថា ម្នាលបដាចារាទឹកភ្នែកដែលយំសេាក ស្តាយស្រណេាះ អាឡេាះអាល័យនូវបុគ្គលជាទីស្រឡាញ់នេះ ច្រេីនជាងទឹកនៅក្នុងមហាសមុទ្រទៅទៀត រួចក៏ព្រះអង្គត្រាស់គាថានេះថា៖ ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ឯតមត្ថវសំ ញត្វា បណ្ឌិតេា សីលសំវុតេា និព្វានតមនំ មត្តំ ខិប្បមេវ វិសេាធយេ ។ បុគ្គលដែលមរណសង្គ្រាម គឺសេចក្តីស្លាប់គ្របសង្កត់ហេីយ កូនទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន មាតានិង បិតាទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន ផៅពង្សទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន គ្រឿងខាខាំងរាំងរាក្នុងញាតិទាំងឡាយ មិនមានសេាះឡេីយ (ព្រេាះហេតុនេាះ) បណ្ឌិតដែលមានប្រាជ្ញា កាលបេីបានដឹងនូវអំណាចនៃប្រយេាជន៍ គឺសីលនុ៎ះហេីយ ក៏គួរតែសង្រួមប្រយ័ត្នក្នុងសីល ខំជម្រះនូវផ្លូវសម្រាប់ដេីរទៅកាន់ព្រះនិព្វានឲ្យឆាប់រួសរាន់ កុំបង្អែង់ឡេីយ ។ គ្រាចុងក្រេាយនៃជីវិតរបស់ព្រះនាងបដាចារា ក៏បានបួសជាភិក្ខុនី ហេីយក៏បានសម្រេចជាព្រះអរហន្តី អស់នូវអាសវៈកិលេស ផុតចាកអំពីសេចក្តីទុក្ខ និងបានជាកំពូលលេីភិក្ខុនី ទាំងឡាយខាងផ្នែកទ្រទ្រង់ព្រះវិន័យ នៅក្នុងសាសនាព្រះសមណគេាតមបរមគ្រូនៃយេីង ។ តេីយេីង និងព្រះនាងបដាចារា មួយណាមានសេចក្តីទុក្ខច្រេីនជាង? សៀវភៅ»សីលមយៈ ដោយ៥០០០ឆ្នាំ
images/articles/3168/______________________________.jpg
សមថភាវនា
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២
សមថភាវនាមិនមែនការធ្វើសមាធិ ។ សមាធិជាសភាវធម៌ដែលតាំងមាំ ក្នុងអារម្មណ៍ ដែលបានដល់ឯកគ្គតាចេតសិក ដែលកេីតព្រមនឹងចិត្តគ្រប់ៗ ដួង ។ កាលណាចិត្តស្លុងមានអារម្មណ៍ណាមួយតាំងយូរៗ លក្ខណៈនៃឯកគ្គតាចេតសិក ក៏ប្រាកដជាសមាធិ គឺតាំង​មាំ​ណែន​ត្រង់អារម្មណ៍ណាមួយត្រឹមតែមួយប៉ុណ្ណេាះ ។ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងអកុសលចិត្តជា មិច្ឆាសមាធិ ឯកគ្គតាចេតសិកដែលកេីតព្រមនឹងកុសលចិត្តជា សម្មាសមាធិ។ ការធ្វេីសមាធិឲ្យចិត្តផ្តេាតចំត្រង់អារម្មណ៍ណាមួយយូរៗ នេាះ កាលណាមិនប្រកបដេាយបញ្ញាទេក៏ជាមិច្ឆាសមាធិ ព្រេាះខណៈនេាះជាសេចក្តីពេញចិត្ត ដែលនឹងឲ្យចិត្តតាំងមាំណែនត្រង់អារម្មណ៍តែមួយ ។ កាលណាប្រាសចាកនូវបញ្ញាហេីយក៏មិនអាចដឹងសេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងកុសលចិត្ត ព្រេាះលេាភមូលចិត្តនិងកាមាវចរកុសលចិត្តមានវេទនាប្រភេទដូចគ្នាកេីតជាមួយ គឺ៖ លេាភមូលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមនស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ កាមាវចរកុសលចិត្ត ៨ ដួង មានឧបេក្ខាវេទនាកេីតរួមជាមួយ ៤ ដួង មានសេាមស្សវេទនាកេីតរួមជាមួយ ៤ ដួង ។ ដូច្នេាះ ខណៈណាដែលឧបេក្ខាវេទនាកេីតឡេីង ឬសេាមនស្សវេទនាកេីត ឡេីង ទេីបលំបាកនឹងដឹងថា ចិត្តដែលមិនសុខមិនទុក្ខ មិនក្តៅក្រហាយ ឬខណៈដែលសេាមនស្សរីករាយជាសុខនេាះ តេីជាលេាភមូលចិត្ត ឬជាមហាកុសលចិត្ត។ សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសលចិត្ត ៨ ដួង គឺ៖ លេាកភមូលចិត្តមានអកុសលចេតសិកកេីតរួមជាមួយ មហាកុសលចិត្តមាន សេាភណចេតសិកកេីតរួមជាមួយ ។ អកុសលចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃលេាភមូលចិត្តនិងមហាកុសលចិត្ត គឺ មិច្ឆាទិដ្ឋិ សេចក្តីឃេីញខុស និងសេាភណចេតសិកដែលបពា្ជាក់សេចក្តីផ្សេងគ្នានៃកុសលចិត្ត និងលេាកភមូលចិត្តគឺសម្មាទិដ្ឋិ ដែលជាបញ្ញាចេតសិក ។ ដូច្នេាះ សេចក្តីផ្សេងគ្នានៃលេាភមូលចិត្ត ៨ ដួង និងមហាកុសល ៨ ដួង គឺ៖លេាភមូលចិត្ត ៨ ដួង កេីតរួមជាមួយនឹងទិដ្ឋិចេតសិក ៤ ដួង , មិនកេីតរួមនឹងទិដ្ឋិចេតសិក ៤ ដួង ។ មហាកុសលចិត្ត ៨ ដួង កេីតរួមជាមួយនឹងបញ្ញាចេតសិក ៤ ដួង, មិនកេីតរួមនឹងបញ្ញាចេតសិក ៤ ដួង ។ ដូច្នេាះ អ្នកដែលនឹងចម្រេីនសមថភាវនា ទេីបត្រូវដឹងសេចក្តីផ្សេងគ្នា នៃលេាភមូលចិត្ត និងកុសលចិត្ត មិនដូច្នេាះទេ ក៏នឹងធ្វេីសមាធិដេាយលេាភមូលចិត្ត ជាមិច្ឆាសមាធិដែលមិនប្រកបដេាយ បញ្ញា ។ ភាគច្រេីន អ្នកដែលធ្វេីសមាធិមិនត្រូវការចង់ឲ្យចិត្តរវេីរវាយ ក្តៅក្រហាយកង្វល់ទៅនឹងរឿងរ៉ាវផ្សេងៗទេ ពេញចិត្តនឹងឲ្យចិត្តតាំងនៅមាំត្រង់អារម្មណ៍ណាមួយដេាយមិនដឹងថា ខណៈដែលកំពុងត្រូវការចង់ឲ្យចិត្តផ្តេាតត្រង់អារម្មណ៍ដែលត្រូវការនេាះ មិនមែនមហាកុសលញាណសម្បយុត្ត។ ការចម្រេីនសមថភាវនា ជាការចម្រេីនមហាកុសលញាណសម្បយុត្ត អ្នកដែលនឹងចម្រេីន​សមថភាវនា ត្រូវជាអ្នកមានបញ្ញាឃេីញទេាសរបស់អកុសលទាំង លេាភៈ និងទាំង ទេាសៈ មិនមែនឃេីញតែទេាសរបស់ទេាសមូលចិត្ត ដែលជាការកង្វល់ចិត្ត ក្តៅក្រហាយចិត្តផ្សេងៗ ប៉ុណ្ណេាះទេ ។ អ្នកដែលមិនស្គាល់នូវកិលេស និងមិនឃេីញទេាសរបស់លេាភៈ រមែងមិនចម្រេីនសមថភាវនា ដូច្នេាះអ្នកដែលចម្រេីនសមថភាវនា ទេីបជាអ្នកត្រង់មានបញ្ញាឃេីញទេាសរបស់​លេាភៈ ​និងមានសតិសម្បជញ្ញៈ ដឹងខណៈដែលផ្សេងគ្នា នៃលេាភមូលចិត្ត និងមហាកុសលញ្ញាណសម្បយុត្តចិត្ត ទេីបនឹងចម្រេីនមហាកុសលញាណសម្បយុត្ត​កេីន​ឡេីង​ៗ រហូតអកុសលចិត្តមិនកេីតជ្រែកខ័ណ្ឌបាន រហូតដល់នឹងជាឧបចារសមាធិ ហេីយបន្លះនូវអប្បនាសមាធិ គឺបឋមជ្ឈាន កុសលចិត្តប្រកបដេាយអង្គឈាន ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា។ ការចម្រេីនសមថភាវនា ដែលនឹងឲ្យមហាកុសលញាណសម្បយុត្តចិត្តចម្រេីនឡេីងៗ រហូតដល់ជាបាទឲ្យកេីតបឋមជ្ឈានកុសលចិត្តដែលជារូបាវចរកុសលនេាះ ជាសភាវៈដែលធ្វេីបានដេាយលំបាក ព្រេាះនឹងត្រូវជាអភ័ព្វបុគ្គល ។ អភ័ព្វបុគ្គលគឺ អ្នកដែលសូម្បីចម្រេីនសមថៈ ឬវិបស្សនាក៏ដេាយ ក៏មិនអាចបន្លុះនូវឈានចិត្ត ឬ លេាកុត្តរចិត្តបានដែរ ។ អ្នកដែលជាអភ័ព្វបុគ្គល គឺអ្នកដែលកាលចម្រេីនសមថភាវនា ឬ វិបស្សនាភាវនា ក៏នឹងអាចបន្លុះឈានចិត្ត ឬ លេាកុត្តរចិត្ត នេាះ ត្រូវជាអ្នកដែល៖ ១. មិនមានវិបាកជាគ្រឿងរារាំង “១” គឺបដិសន្ធិជា តិហេតុកៈមានបញ្ញាចេតសិកកេីតរួមជាមួយ។ ២. មិនមានកម្មជាគ្រឿងរារាំង គឺមិនបានធ្វេីនូវអនន្តរិយកម្មយ៉ាងណាមួយក្នុងអនន្តរិយកម្មទាំង ៥ ដែលជាគ្រឿងរារាំង សួគ៌ មគ្គ ផល ឡេីយ។ អនន្តរិយកម្ម សម្លាប់មាតា ១ សម្លាប់បិតា ១ សម្លាប់ព្រះអរហន្ត ១ ធ្វេី្របទូស្តនឹងព្រះមានព្រះភាគឲ្យពុះពេារពងនូវព្រះលេាហិត ១ ធ្វេីសង្ឃភេទ គឺ បំបែកសង្ឃឲ្យបែកគ្នាដេាយមិនធ្វេីសង្ឃកម្មរួមជាមួយគ្នា ១។ ៣. មិនមានកិលេសជាគ្រឿងរារាំង គឺមិនមាននិយតមិច្ឆាទិដ្ឋិ ៣ បានដល់ នត្ថិកទិដ្ឋិ ១ អហេតុកទិដ្ឋិ ១ អកិរិយទិដ្ឋិ ១ ។ សូម្បីថា បដិសន្ធិជា តិហេតុកៈ ប្រកបដេាយបញ្ញា តែបេីត្រេកអរ ភ្លេីតភ្លេីនក្នុងរូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ដេាយមិនឃេីញទេាស ក៏រមែងនឹងមិនគិតបន្ថយបន្សាត់បង់សេចក្តីភ្លេីតភ្លេីនក្នុងរូប សំឡេងក្លិន រស ផេាដ្ឋព្វៈ ដេាយការរក្សាសីល ឬ ចម្រេីនភាវនា ឡេីយ។ ដូច្នេាះ ការអប់រំសមថភាវនាឲ្យដល់ឧបចារសមាធិ និងអប្បនាសមាធិ ទេីបមិនងាយឡេីយ មិនមែនត្រឹមតែការផ្តេាតចិត្តត្រង់​អារម្មណ៍ណាមួយដែលត្រូវការ ក៏នឹងជាមហាកុសលញ្ញាណសម្បយុត្តដែលនឹងធ្វេីឲ្យ​បន្លុះដល់ឧបចារសមាធិបាននេាះទេ ។ បេីយល់ខុសថាលេាភមូលចិត្តខណៈនេាះជាមហាកុសល ក៏នឹងធ្វេីឲ្យគិតថា និមិត្តផ្សេងទាំងឡាយដែលចិត្តតាក់តែងឲ្យកេីតឡេីងឃេីញជា នរក ជាសួគ៌ ជាទីស្ថាន ជារឿងរ៉ាវ ហេតុការណ៍ផ្សេងៗនេាះ ជាឧបចារសមាធិ និងអប្បនាសមាធិ ដែលជាឈានចិត្តថ្នាក់ផ្សេងៗ ។ ដូច្នេាះ សមថភាវនា ទេីបជារឿងល្អិតដែលនឹងត្រូវសិក្សាឲ្យយល់ត្រឹមត្រូវពិតៗ។ ក្នុងមួយថ្ងៃៗ ក្នុងខណៈដែលឃេីញ ឮ ធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិត អកុសលចិត្តរមែងកេីតច្រេីនជាង កុសលចិត្ត ។ កុសលចិត្តដែលកេីតក្នុងមួយថ្ងៃៗ នេាះតែងជាទានខ្លះ សីលខ្លះ ត្រឹមបន្តិចបន្តួចប៉ុណ្ណេាះក្នុងមួយថ្ងៃៗ មួយខែៗ អ្នកដែលឃេីញទេាសរបស់អកុសលទេីបអប់រំចិត្ត ឲ្យជាកុសលកេីនឡេីងជាមួយផង ក្នុងខណៈដែលមិនមែនជាទាន និងសីល ។ ការអប់រំចិត្តឲ្យស្ងប់ចាកអកុសលទាំងឡាយក្នុងមួយថ្ងៃៗ នេាះ ជាកុសលថ្នាក់សមថភាវនាក្នុងជីវិតប្រចាំថ្ងៃ សូម្បីថាមិនអាចនឹងដល់ថ្នាក់ឧបចារសមាធិ និងអប្បនាសមាធិក៏ដេាយ ក៏ជាវត្ថុដែលគួរចម្រេីន ។ តែការនឹងរំងាប់ចិត្តឲ្យស្ងប់ចាកអកុសលនេាះ ត្រូវជាបញ្ញាដែលដឹងថា ចិត្តនឹងស្ងប់ក្នុងខណៈដែលឃេីញ ឮធុំក្លិន ដឹងរស ដឹងផេាដ្ឋព្វៈ និងនឹកគិតបានយ៉ាងណាៗ នេាះ បេីមិនដូច្នេាះទេកុសលចិត្តក៏កេីតមិនបានឡេីយ។ ចិត្តដែលស្ងប់ចាកអកុសលជាសមថភាវនានេាះ ត្រូវជាកុសលចិត្តក្នុងអារម្មណ៍ ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ អាហារេបដិកូល សញ្ញា ១ ចតុធាតុវវដ្ឋាន ១ ព្រហ្មវិហារ ៤ អរូបជ្ឈានអារម្មណ៍ ៤។ » កសិណ ១០ ឈ្មេាះថាកសិណ ព្រេាះអត្ថថា ធ្វេីអារម្មណ៍ទាំងអស់ ។ កសិណ ១០ បានដល់៖ ១. បឋវីកសិណ រលឹកដល់តែ ដី ប៉ុណ្ណេាះ ២. អបេាកសិណ រលឹកដល់តែ ទឹក ប៉ុណ្ណេាះ ៣. តេជេាកសិណ រលឹកដល់តែ ភ្លេីង ប៉ុណ្ណេាះ ៤. វាយេាកសិណ រលឹកដល់តែខ្យល់ ប៉ុណ្ណេាះ ៥. នីលកសិណ រលឹកដល់តែ ពណ៌ខៀវ ប៉ុណ្ណេាះ ៦. បីតកសិណ រលឹកដល់តែ ពណ៌លឿង ប៉ុណ្ណេាះ ៧. លេាហិតកសិណ រលឹកដល់តែ ក្រហម ប៉ុណ្ណេាះ ៨. ឱទាតកសិណ រលឹកដល់តែ ពណ៌ស ប៉ុណ្ណេាះ ៩. អាលេាកកសិណ រលឹកដល់តែ ពន្លឺ ប៉ុណ្ណេាះ ១០. អាកាសកសិណ រលឹកដល់តែ អាកាស ប៉ុណ្ណេាះ ចិត្តរលឹកដល់តែ ដី ជាកុសល ឬជាអកុសល ? កាលណាបញ្ញាមិនកេីត ខណៈដែលគិតដល់ដីទេ ក៏ជាអកុសលដែលនឹងត្រូវការគិតដល់ដី ឬត្រូវការតម្កល់ផ្តេាតត្រង់ដី ។ កាលណាបញ្ញាកេីត ចិត្តដែលរលឹកដល់ដី ក៏ជាកុសល កាលដឹងថា រូបគ្រប់យ៉ាងដែលប្រាកដប្រាសចាកធាតុដីមិនបាន វត្ថុដែលធ្លាប់ពេញចិត្ត ប្រាថ្នាត្រូវការទាំងអស់នេាះ សុទ្ធត្រឹមតែជាដីប៉ុណ្ណេាះ ។ កាលណាដឹងដល់ខ្លឹមពិតៗ នៃវត្ថុទាំងពួងក្នុងលេាកដែលធ្លាប់ពេញចិត្ត ប្រាថ្នាថា ត្រឹមតែជាដីហេីយ ក៏ធ្វេីឲ្យលះបង់នូវសេចក្តីពេញចិត្តក្នុងវត្ថុទាំងឡាយ ក្នុងខណៈដែលរលឹកដឹងថា ត្រឹមតែជាដីប៉ុណ្ណេាះ។ ការដែលចិត្តនឹងជាកុសលរលឹកដល់តែដីនេាះ ប្រព្រឹត្តទៅបានដេាយលំបាក ព្រេាះពេលដែលអារម្មណ៍ខ្ទប់ភ្នែកត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តក៏ទេារទៅតាមអារម្មណ៍នេាះៗ ទាន់ពេលភ្លាម ។ ដេាយហេតុនេះ ការចម្រេីនសមថភាវនា ដែលនឹងឲ្យចិត្តស្ងប់ចាកអកុសល តាំងមាំឡេីងនេាះ ទេីបត្រូវអាស្រ័យទីកន្លែងដែលស្ងាត់ប្រាសចាកសម្លេង អ្នករំខានរុកគួន ហេីយធ្វេីដីជាវង់មូលរាបស្មេី (បឋវីកសិណ) ប្រាសចាកទេាសមន្ទិលដែលធ្វេីឲ្យចិត្តបង្អេានទៅនឹកពេញចិត្តក្នុងរូបរាងសណ្ឋានផ្សេងៗ បាន (សេចក្តីល្អិតមានក្នុងគម្ពីរវិសុទ្ធិមគ្គសមាធិ និទេ្ទស បឋវីកសិណ) ។ ខណៈដែលមេីល បឋវីកសិណនេាះ កាលណាចិត្តរលឹកដល់ដី ្របកបដេាយបញ្ញា ជាមហាកុសលញាណសម្បយុត្ត ទេីបចិត្តនឹងស្ងប់បាន ហេីយនឹងត្រូវមេីលបឋវីកសិណដេីម្បីដាស់តឿនឲ្យរលឹកដល់ដីប៉ុណ្ណេាះជារឿយៗ ទៅ ដេីម្បីមិនឲ្យចិត្តដឹងអារម្មណ៍ដទៃ។ តេីលំបាកប៉ុណ្ណាទៅដែលនឹកដល់តែដីដេាយចិត្តដែលស្ងប់ចាកពីអកុសល ទាំងឡាយតាំងនៅជារឿយៗ ដេាយមេីលបឋវីកសិណដែលមិនតូចពេក មិនធំពេក មិនឆ្ងាយពេក មិនជិតពេក មិនខ្ពស់ពេក មិនទាបពេក នេាះ ។ ដូច្នេាះវិតក្កចេតសិកទេីបជាអង្គឈានដែលដាច់បាត់មិនបានឡេីយ វិតក្កចេតសិកដែលកេីតព្រមនឹងមហាកុសលញាណសម្បយុត្ត ចិត្តនឹងត្រូវច្រត់ទល់ត្រង់បឋវីកសិណ ដេាយចិត្តដែលស្ងប់ចាកពីអកុសលទាំងឡាយ ទាំងក្នុងខណៈបិទភ្នែកក្តី ឬ បេីកភ្នែកក្តី រហូតទំរាំដល់ឧគ្គហនិមិត្ត គឺនិមិត្តរបស់បឋវីកសិណដែលប្រាកដតាមផ្លូវមនេាទ្វារ ស្មេីដូចជានឹងក្នុង​ខណៈ​ដែលបេីកភ្នែក ដែលលេាកអ្នកខ្លះសូម្បីបដិសន្ធិចិត្ត និងជា, តិហេតុកៈក្តី តែឧគ្គហ​និមិត្តក៏​មិនប្រាកដឡេីយ ។ ឧគ្គហនិមិត្តនឹងប្រាកដកាលណាមហាកុសលញ្ញាណសម្បយុត្តបន្ថែមសេចក្តីស្ងប់ តាំងមាំទាំងក្នុងបឋវីកសិណរួចហេីយ តែខណៈដែលឧគ្គហនិមិត្តប្រាកដនេាះក៏នៅមិនទាន់ដល់ឧបចារសមាធិ។ ការរវ័ងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត តាំងមាំក្នុងឧគ្គហនិមិត្តតទៅ និងមាំ​ទាំ​ឡេីងនេាះមិនងាយឡេីយ ។ តាមសេចក្តីក្នុង វិសុទ្ធិមគ្គបឋវីកសិណនិទ្ទេស កាល​នីវរណៈ​ទាំងឡាយ (អកុសលដែលគ្របសង្កត់ចិត្ត) រំងាប់ទ្រេាមចុះដេាយលំដាប់ហេីយ ចិត្តរមែងស្ងប់មាំទាំជាឧបចារសមាធិ ពេលដែលមានបដិភាគនិមិត្តប្រាកដ ហាក់បីដូចជាជ្រែកឧគ្គហនិមិត្តចេញមក ។ បដិភាគនិមិត្តជានិមិត្តដែលថ្លាផូរផង់ជាងឧគ្គហនិមិត្ត ។ ខណៈដែលបដិភាគនិមិត្តប្រាកដនេាះ មហាកុសលញ្ញាណសម្បយុត្តចិត្ត ស្ងប់មាំទាំមិន​កំរេីក​ដល់ថ្នាក់ឧបចារសមាធិ គឺសមាធិដែលជិតដល់ការស្ងប់តាំងណែនក្នុងអារម្មណ៍ថ្នាក់ អប្បនាសមាធិ ដែលជាបឋមជ្ឈានចិត្ត។ ការរវាំងរក្សាទុកឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ដល់ថ្នាក់ឧបចារសមាធិ បានស្ងប់តទៅទៀតជារឿយៗ ហេីយបន្ថែមនូវសេចក្តីស្ងប់មាំទាំឡេីងរហូតដល់ថ្នាក់អប្បនាសមាធិដែលជាចិត្តថ្នាក់រូបាវចរៈ ជាបឋមជ្ឈានចិត្តកេីតឡេីងបាននេាះ ត្រូវរក្សាឧបចារសមាធិដែលបានហេីយ ដូចត្រូវវៀរហេតុ ដែលមិនមែនជាសប្បាយៈ (ធម៌ដែលស្រួលសប្បាយឧបត្ថម្ភគាំទ្រដល់ការចម្រេីន ភាវនា) ៧ យ៉ាងនេះគឺ៖ ១. វៀរអាវាស គឺទីអាស្រ័យនៅ ដែលកាលណានៅហេីយ និមិត្តដែលមិនទាន់កេីតក៏មិនកេីត និមិត្តដែលកេីតហេីយក៏បាត់បង់ទៅវិញ។ ២. វៀរគេាចរ គឺផ្លូវទៅ ដែលឆ្ងាយដាច់ពីអាវាសឬ ដែលជិតនឹងអាវាសពេក ដែលរកសុំអាហារមិនបានងាយស្រួល និងមិនសំបូណ៌។ ៣. វៀរគន្លងនៃពាក្យដែលមិនសប្បាយ ដែលទាក់ទិននឹងតិរច្ឆានកថា គឺ កថាដែលមិនឧបការៈដល់បញ្ញា ដែលធ្វេីឲ្យនិមិត្តកេីតឡេីងហេីយបាត់បង់ទៅវិញ។ ៤. វៀរបុគ្គលដែលបរិបូណ៌ទៅដេាយកិេលស ដែលខ្វល់ខ្វាយរវល់តែក្នុងកិលេស ព្រេាះធ្វេីឲ្យចិត្តកេីតសេចក្តីសៅហ្មង។ ៥.៦. វៀរភេាជន និងអាកាសដែលមិនសម មិនត្រូវនឹងរាងកាយដែលនឹងធ្វេីឲ្យឈឺចាប់គ្រុនរងារ។ ៧. វៀរឥរិយាបថដែលមិនធ្វេីឲ្យចិត្តតាំងមាំ។ កាលណាវៀរនូវវត្ថុដែលគួរវៀរ និង សេពនូវវត្ថុដែលគួរសេពហេីយ អប្បនាសមាធិក៏នៅមិនទាន់កេីត ក៏នឹងត្រូវបំពេញអប្បនាកេាសល្យឲ្យពេញលេញ គឺត្រូវប្រកបដេាយអប្បនាកេាសល្យ ចំណេះចេះដឹងឈ្លាសវៃក្នុងធម៌ដែលឧបត្ថម្ភឲ្យឈានចិត្តកេីតឡេីងបាន ១០ ប្រការ គឺ “១”៖ ១- ដេាយការធ្វេីវត្ថុឲ្យជារបស់ស្អាត គឺទាំងរាងកាយ និងគ្រឿងស្លៀកដណ្តប់ និងទីអាស្រ័យនៅឲ្យស្អាត បេីមិនដូច្នេាះ ចិត្តក៏មិនភ្លឺថ្លា។ ២- ដេាយការញុាំងសេចក្តីស្មេីគ្នានៃឥន្ទ្រីយ៍ ៥ គឺ សទ្ធា និងបញ្ញា វីរិយៈ និងសមាធិ ឲ្យស្មេីគ្នាដេាយសតិ។ ៣- ដេាយការឈ្លាសវៃដេាយនិមិត្ត។ ៤- រមែងផ្គងចិត្តដេាយសម័យដែលគួរផ្គង។ ៥- រមែងសង្កត់ចិត្តដេាយសម័យដែលសង្កត់។ ៦- រមែងញាុំងចិត្តឲ្យរីករាយក្នុងសម័យដែលគួរឲ្យរីករាយ។ ៧- រមែងព្រងេីយចិត្តក្នុងសម័យដែលគួរព្រងេីយ ។ ៨- ដេាយការវៀរបុគ្គល អ្នកដែលមិនតាំងមាំ។ ៩- ដេាយសេពនឹងបុគ្គលអ្នកដែលតាំងមាំ។ ១០- ដេាយសេចក្តីជាអ្នកមានអធ្យាស្រ័យបង្អេានទៅក្នុងគុណនេាះៗ។ បេីមិនជាអ្នកឈ្លាសវៃក្នុងអប្បនាកេាសល ១០ នេះទេ មហាកុសល ញ្ញាណសម្បយុត្តចិត្ត ក៏មិនអាចបន្ថែមសេចក្តីស្ងប់មាំទាំឡេីងទៀត រហូតជាបាទឲ្យអប្បនាសមាធិគឺរូបាវចរបឋមជ្ឈានចិត្តកេីតបានឡេីយ ។ ខណៈរូបាវចរបឋមជ្ឈានចិត្ត ដែលជាចិត្តលំដាប់ថ្នាក់មួយទៀតគឺជាចិត្តភូមិមួយទៀតកេីតឡេីង ផុតចាកអំពីសភាពចិត្តដែលជាកាមាវចរនេាះ វិថីចិត្តនឹងកេីតបន្តគ្នាតាមលំដាប់ តាមផ្លូវមនេាទ្វារជា ឈានវិថី ដូចនេះ។ ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត ភវង្គចលនៈ ជា មហាវិបាកញ្ញាណសម្បយុត្ត ភវង្គុបច្ឆេទ ជា មហាវិបាកញ្ញាណសម្បយុត្ត មនេាទ្វារាវជ្ជនៈ ជា អហេតុកកិរិយា បរិកម្ម ជាមហាកុសលញ្ញាណសម្បយុត្ត ឧបចារ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម) អនុលេាម ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម) គេាត្រភូ ជា មហាកុសលញ្ញាណសម្បយុត្ត (ប្រភេទដូចនឹងបរិកម្ម) បឋមជ្ឈានកុសលចិត្ត ជា រូបាវចរកុសលចិត្ត ភវង្គចិត្ត ជា មហាវិបាកញ្ញាណសម្បយុត្ត រូបាវចរបឋមជ្ឈានកុសលចិត្តដែលកេីតជាគ្រាដំបូងនេាះ កេីតត្រឹមតែមួយខណៈប៉ុណ្ណេាះ ។ ដល់ពេលជាខាងក្រេាយស្ទាត់ជំនាញឡេីងហេីយ ឈានចិត្តទេីបអាចកេីតរលត់បន្ត​ថែម​ឡេីង​ៗបាន ដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌឡេីយ តាមកំណត់វេលាដែលតាំងចិត្តទុកបាន ។ ឈានវិថីចិត្តដែលកេីតរលត់បន្តគ្នាដេាយមិនមានភវង្គចិត្តកេីតជ្រែកខ័ណ្ឌ​សេាះ​នេាះ ជា ឈានសមាបត្តិ គឺជាការបន្លុះដល់សភាពចិត្តដែល ស្ងប់តាំងណែនក្នុងអារម្មណ៍របស់ឈានបានតាមកំណត់វេលាដែលតាំងចិត្តទុក ។ មុនដែលឈានវិថីចិត្តដែល​កេីត​ឡេីង​នេាះ ត្រូវមានមហាកុសលញ្ញាណសម្បយុត្តចិត្តកេីតមុនគ្រប់ៗគ្រា។ មហាកុសលជវន ខណៈទី ១ ជាបរិកម្ម គឺជាបរិកម្មនៃអប្បនាសមាធិ ព្រេាះតាក់តែងអប្បនា គឺ បេីមហាកុសលដែលជាបរិកម្មមិនកេីត ចិត្តខណៈបន្ទាប់តទៅ និង អប្បនាសមាធិ គឺឈានចិត្ត ក៏កេីតមិនបាន។ មហាកុសលជវន ខណៈទី ២ ជាឧបចារ ព្រេាះចូលទៅជិតអប្បនាសមាធិ។ មហាកុសលជវន ខណៈទី ៣ ជាអនុលេាម ព្រេាះឧបការៈដល់អប្បនាសមាធិ។ មហាកុសលជវន ខណៈទី ៤ ជាគេាត្រភូ ព្រេាះឆ្លងផុតកាមាវចរភូមិ ដេីម្បីឡេីងដល់ រូបាវចរភូមិ ។ កាលដែលមហាកុសលជវន ខណៈទី ៤ រលត់ហេីយជវនវិថីចិត្តខណៈបន្ទាប់តទៅ ទេីបជារូបាវចរបឋមជ្ឈានកុសលចិត្ត។ រូបាវចរឈានកុសលចិត្ត ប្រកបដេាយអង្គ ៥ គឺ៖ វិតក្ក វិចារ បីតិ សុខ ឯកគ្គតា។ សូម្បីថាមានសេាភណចេតសិកកេីតរួមជាមួយក៏ដេាយ តែអង្គប្រកបដែលធ្វេីឲ្យរូបាវចរបឋមជ្ឈានចិត្តកេីតនេាះ បានដល់ ចេតសិក ៥ ដួងនេះសឹងជាបដិបក្ខដល់នីវរណធម៌ គឺ អកុសលធម៌ដែលគ្របសង្កត់រារាំងចិត្តមិនឲ្យដំណេីរទៅក្នុងផ្លូវស្ងប់ ។ នីវរណធម៌ ៥ គឺ៖ - កាមច្ឆន្ទនីវរណៈ បានដល់សេចក្តីត្រេកអរ ពេញចិត្តក្នុងរូបសំឡេង ក្លិន រស ផេាដ្ឋព្វៈ។ - ព្យាបាទនីវរណៈ បានដល់សេចក្តីមួរម៉ៅចិត្ត - ថីនមិទ្ធនីវរណៈ បានដល់សេចក្តីរួញរា ក្រៀមក្រំ និងការងងុយងេាកងក់។ - ឧទ្ធច្ចកុក្កុច្ចនីវរណៈ បានដល់សេចក្តីរាយមាយ និង ការរំខានចិត្ត។ - វិចិកិច្ចានីវរណៈ បានដល់សេចក្តីសង្ស័យ មិនប្រាកដជាក់ច្បាស់ក្នុងសភាវធម៌ និងក្នុងហេតុក្នុងផលនៃសភាវធម៌។ អង្គឈាន ៥ ជាបដិបក្ខដល់នីវរណធម៌ ៥ ដេាយវិតក្កចេតសិក ច្រត់ទល់ត្រង់អារម្មណ៍ដែលធ្វេីឲ្យចិត្តស្ងប់បាន ហេីយវិចារចេតសិកតាមរវ័ងផ្គងអារម្មណ៍ដែលវិតក្កចេតសិកចុះច្រត់ទល់នេាះ ធ្វេីឲ្យចិត្តមិនរាយមាយទៅកាន់អារម្មណ៍ដទៃឡេីយ ។ បីតិចេតសិក ជាសភាពដែលឆ្អែត សុខវេទនាបន្ថែមក្រៃលែងឡេីងៗ តាមសេចក្តីឆ្អែតយ៉ាងស្ងប់នេាះ ហេីយឯកគ្គតា ដែលអង្គឈាន ៤ ឧបការៈទំនុកបំរុងហេីយ ក៏តាំងយ៉ាងមាំទាំក្នុងអារម្មណ៍ដេាយអាការនៃ បឋមជ្ឈាន ដែលប្រកបដេាយអង្គ ៥។ អង្គឈាន ៥ ជាបដិបក្ខដល់នីវរណៈ ៥ ដូចនេះគឺ “១”៖ ១- វិតក្កចេតសិក ជាបដិបក្ខដល់ថីនមិទ្ធនីវរណៈ ព្រេាះពេលវិតក្កចេតសិកត្រិះរិះដល់អារម្មណ៍នៃសមថភាវនាច្រេីនឡេីងជារឿយៗ សេចក្តីរួញរាក្រៀមក្រំ និង ការងងុយងេាកងក់ ក៏រមែងកេីតមិនបាន។ ២- វិចារចេតសិក ជាបដិបក្ខដល់វិចិកិច្ចានីវរណៈ ពេលវិចារចេតសិករវ័ង្គផ្គងអារម្មណ៍តាមវិតក្កចេតសិក ដែលច្រត់ទល់ចុះទៅក្នុងអារម្មណ៍នៃសមថភាវនា ជារឿយៗនេាះ សេចក្តីសង្ស័យ សេចក្តីមិនជាក់ច្បាស់ក្នុងចិត្ត ក្នុងសភាវធម៌ និង ក្នុងហេតុផលនៃសភាវធម៌ ក៏កេីតមិនបាន។ ៣- បីតិចេតសិក ជាបដិបក្ខដល់ព្យាបាទនីវរណៈ កាលសេចក្តីស្ងប់ក្នុងអារម្មណ៍នៃសមថភាវនាកេីតឡេីង បីតិក៏ឆ្អែតស្កប់ក្នុងសេចក្តីស្ងប់នេាះក្រៃលែងឡេីង ធ្វេីឲ្យសេចក្តីព្យាបាទមួរម៉ៅចិត្ត េកីតមិនបានក្នុងរវាងនេាះ។ ៤- សុខ (សេាមនស្សវេទនា) ជាបដិបក្ខដល់ឧទ្ធច្ចកុក្កុច្ចនីវរណៈ ពេលកំពុងនៅជាសុខក្នុងអារម្មណ៍របស់សមថភាវនា សេចក្តីក្តៅក្រហាយចិត្ត ការកង្វល់ចិត្ត និងសេចក្តីរាយមាយក្នុងអារម្មណ៍ដទៃ ក៏កេីតមិនបាន ព្រេាះកំពុងនៅជាសុខក្នុងសមថអារម្មណ៍ក្នុងខណៈនេាះ។ ៥- ឯកគ្គតាចេតសិក ជាបដិបក្ខដល់កាមច្ឆន្ទនីវរណៈ ព្រេាះពេលសមាធិតាំងមាំក្នុងអារម្មណ៍នៃសមថភាវនាហេីយ ក៏មិនត្រេអរក្នុងកាមអារម្មណ៍ណាៗឡេីយ។ រូបាវចរបឋមជ្ឈានកុសលចិត្ត ជាអប្បនាសមាធិដែលចុះស៊ប់ែណនក្នុងអារម្មណ៍ដេាយអង្គ​ឈាន​ ៥ ។ ដូច្នេាះ សូម្បីដល់ទៅថារូបាវចរឈានកុសលនឹងកេីតឡេីង គ្រាដំបូងត្រឹមតែ​មួយ​ខណៈក៏ដេាយ កាលណាភវង្គចិត្តកេីតខ័ណ្ឌច្រេីនខណៈរលត់ទៅហេីយ មនេាទ្វារវិថីចិត្តក៏​កេីត​បន្ត ដេាយមនេាទ្វារាវជ្ជនចិត្តកេីតឡេីងរំពឹងដល់អង្គនៃឈាន ១ ខណៈ ហេីយរលត់​ទៅ រួច​ហេីយមហាកុសលញ្ញាណសម្បយុត្តចិត្ត កេីតឡេីងពិចារណាអង្គឈាននេាះ ៧ ខណៈ ហេីយ​ភវង្គចិត្តក៏កេីតខ័ណ្ឌ ។ មនេាទ្វារវិថីចិត្តកេីតឡេីង ពិចារណាអង្គឈានមួយក្នុង ១ វារៈ​ខណៈដែលមនេាទ្វារវិថីចិត្ត កេីតឡេីងពិចារណាអង្គនៃឈាននិមួយៗនៃវារៈនីមួយ​ៗ​នេាះ​ ជាបច្ចវេក្ខណវិថី ដែលត្រូវកេីតចាកអំពីឈានវិថីគ្រប់ៗគ្រា។ បញ្ញានៃអ្នកដែលបន្លុះរូបាវចរឈានកុសលចិត្ត ទេីបដឹងសេចក្តីខុសគ្នានៃអង្គឈានទាំង ៥ គឺ ដឹងសេចក្តីផ្សេងៗគ្នានៃវិតក្កចេតសិក និង វិចារចេតសិក ដឹងសេចក្តីផ្សេងគ្នានៃបីតិចេតសិក និងសុខ (សេាមនស្សវេទនាចេតសិក) និងដឹងនូវលក្ខណៈនៃឯកគ្គតាចេតសិក ដែលជាអប្បនាសមាធិ។ អ្នកចម្រេីនសមថភាវនាត្រូវមានសតិសម្បជញ្ញៈជាប្រក្រតី និងដឹងលក្ខណៈនៃចិត្ត ដែលជាកុសលនិងអកុសលដែលកេីតផ្លាស់ប្តូរគ្នា និង ជ្រែកខ័ណ្ឌគ្នាយ៉ាងរហ័សឲ្យបានត្រឹមត្រូវ ។ បេីមិនដូចយ៉ាងនេាះទេ ក៏នឹងយល់ខុសថាលេាភមូលចិត្តដែលរួមនឹងសេាមនស្សវេទនា ជាសេចក្តីស្ងប់ និងជាកុសល ។ អ្នកចម្រេីនសមថភាវនាមិនមានអាការខុសប្រក្រតី​ណា​ៗ​ឡេីយ​ ព្រេាះការចម្រេីនសមថភាវនា ជាការចម្រេីនកុសលតាមផ្លូវចិត្ត ដែលកាលណាចិត្តស្ងប់​ហេីយ ក៏នឹងប្រាកដតែនិមិត្តនៃអារម្មណ៍ ដែលធ្វេីឲ្យចិត្តបង្អេានទៅជាកុសល តាំងមាំក្រៃលែង​ឡេីងៗ ដូចអ្នកដែលចម្រេីនអាបេាកសិណ ក៏មាននិមិត្តនៃអាបេាកសិណជាអារម្មណ៍ប៉ុណ្ណេាះ គឺគ្មាននឹងទៅឃេីញនរក សួគ៌ ទេវតា ហេតុការណ៍រឿងរ៉ាវផ្សេងៗឡេីយ។ ខណៈដែលធ្វេីសមាធិហេីយឃេីញនូវភាពផ្សេងៗ ខណៈនេាះក៏មិនមែនសមថភាវនា ។ ការចម្រេីនសមថភាវនា ត្រូវជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ព្រេាះរលឹកនូវអារម្មណ៍ណាមួយនៃសមថភាវនាក្នុង ៤០ អារម្មណ៍ ។ សូម្បីលេាភមូលចិត្ត ឬមហាកុសល​ញ្ញាណ​វិប្បយុត្តចិត្តនឹងមានអារម្មណ៍ណាមួយក្នុង ៤០ អារម្មណ៍ ក៏មិនមែនជាសមថភាវនាដែរ ដូចក្មេងៗ ឬមនុស្សចាស់ ដែលទន្ទេញថា ពុទ្ធេា ៗ ដេាយមិនបានរំលឹកដល់ព្រះពុទ្ធ​គុណប្រការផ្សេងៗ ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្តចិត្ត ។ អ្នកដែល​ឃេីញ​សាកសព ហេីយភ័យខ្លាចក៏ជាទេាសមូលចិត្ត មិនមែនមហាកុសលញ្ញាណសម្បយុត្ត ។ អ្នកដែលព្យាយាមធ្វេីទាំងមិនជាក់ប្រាកដក្នុងចិត្តត្រង់ខ្យល់ដកដង្ហេីម ដេាយមិនទាំងដឹងថា ព្រេាះហេតុអ្វីចិត្តទេីបនឹងស្ងប់បាន ក៏មិនមែនជាមហាកុសលញ្ញាណសម្បយុត្ត ។ កសិណដទៃៗ និងអារម្មណ៍ដទៃៗនៃសមថភាវនានេាះ មហាកុសលញ្ញាណសម្បយុត្តិចិត្ត ត្រូវពិចារណា​ដេាយត្រឹមត្រូវទេីបចិត្តស្ងប់បាន ដេាយន័យតែមួយដូចនឹងការចម្រេីនបឋវី​កសិណ​។ កាលអ្នកបន្លុះបឋមជ្ឈានកុសល ឃេីញទេាសនៃវិតក្កចេតសិក ដែលជាចេតសិកច្រត់ទល់ចុះក្នុងអារម្មណ៍ថា ប្រក្រតីរមែងច្រត់ទល់ចុះក្នុងអារម្មណ៍ដែលជាកាមារម្មណ៍ គឺ រូប សំឡេង ក្លិន រស ផេាដ្ឋព្វៈ ទេីបនៅជិតបង្កេីយនឹងអកុសលធម៌ទាំងឡាយ បេីអាចឲ្យឈានចិត្តនេាះប្រាសចាកវិតក្កចេតសិកឲ្យមានតែវិចារចេតសិក បីតិ សុខ ឯកគ្គតា ក៏រមែងស្ងប់ប្រណីតជាង ហេីយទេីបព្យាយាមរលឹកដល់អារម្មណ៍នៃបឋមជ្ឈានកុសល ដែលបានបន្លុះហេីយ រួចព្យាយាមរវ័ងផ្គងឲ្យចិត្តស្ងប់តាំងមាំត្រង់អារម្មណ៍នៃបឋមជ្ឈាន ដេាយមិនឲ្យវិតក្ក ចេតសិក ត្រូវច្រត់ទល់ក្នុងអារម្មណ៍នេាះឡេីយ សឹងនឹងសំរេចបានកាលណាដល់ព្រមដេាយ វសី ៥ គឺសេចក្តីជំនាញ វៀងវៃក្នុងឈាន ៥ ប្រការសិន។ វសី ៥ គឺ “១”៖ ១- អាវជ្ជនវសី ជំនាញក្នុងការនឹកដល់បឋមជ្ឈាន ក្នុងស្ថានទី និង ខណៈ តាមដែលប្រាថ្នា។ ២- សមាបជ្ជនវសី ជំនាញក្នុងការចូលឈាន គឺឲ្យឈានចិត្តកេីតបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។ ៣- អធិដ្ឋានវសី ជំនាញក្នុងការឲ្យឈានចិត្តកេីតរលត់បន្តយូរឆាប់ តិចច្រេីន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។ ៤- វុដ្ឋានវសី ជំនាញក្នុងការចេញចាកឈានបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។ ៥- បច្ចវេក្ខណវសី ជំនាញក្នុងការនឹកដល់អង្គឈាននិមួយៗបាន ក្នុងស្ថានទី និង ខណៈតាមដែលប្រាថ្នា។ ការដែលបន្លុះឈានចិត្តថ្នាក់ខ្ពស់ឡេីងទៅបាននេាះ ត្រូវឃេីញទេាសរបស់អង្គឈានថ្នាក់​ដេីម​ៗ ហេីយលះអង្គឈានបានតាមលំដាប់ គឺ៖ ទុតិយជ្ឈាន លះវិតក្កៈ ទេីបប្រកបជាមួយអង្គឈាន ៤ គឺ វិចារ បីតិ សុខៈ ឯកគ្គតា។ តតិយជ្ឈាន លះវិចារៈ ទេីបប្រកបជាមួយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។ ចតុត្ថជ្ឈាន លះបីតិ ទេីបប្រកបជាមួយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។ បពា្ចមជ្ឈាន លះសុខៈ ទេីបប្រកបជាមួយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។ ការលះអង្គឈានទៅនិមួយៗនេាះ ជាឈានដេាយបពា្ចកន័យ គឺដេាយន័យនៃឈាន ៥។ ចំពេាះអ្នកដែលបញ្ញាអាចលះវិតក្ក និង វិចារបាន ព្រមគ្នានេាះ ជាឈានដេាយចតុត្ថន័យ គឺដេាយន័យនៃឈាន ៤ ដូចនេះ៖ ទុតិយជ្ឈាន លះវិតក្ក វិចារ ទេីបប្រកបដេាយអង្គឈាន ៣ គឺ បីតិ សុខៈ ឯកគ្គតា។ តតិយជ្ឈាន លះបីតិ ទេីបប្រកបដេាយអង្គឈាន ២ គឺ សុខៈ ឯកគ្គតា។ ចតុត្ថជ្ឈាន លះសុខៈ ទេីបប្រកបដេាយអង្គឈាន ២ គឺ ឧបេក្ខា ឯកគ្គតា។ ទុតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ តតិយជ្ឈានដេាយបពា្ចកន័យ។ តតិយជ្ឈានដេាយចតុត្ថន័យ ក៏គឺ ចតុត្ថជ្ឈានដេាយបពា្ចកន័យ។ ចតុត្ថជ្ឈានដេាយចតុត្ថន័យ ក៏គឺ បពា្ចមជ្ឈានដេាយបពា្ចកន័យ។ បេីដាច់នៅវសីហេីយ ការលះអង្គឈានថ្នាក់ដេីមៗ ដេីម្បីបន្លុះឈានថ្នាក់ខ្ពស់ឡេីងជារឿយៗនេាះ ក៏ប្រព្រឹត្តទៅមិនបានឡេីយ ។ កាលណាឈានវិថីចិត្តរលត់ហេីយ បច្ចវេក្ខណវិថីត្រូវកេីតតគ្រប់លេីក ។ ការរំងាប់កិលេសដេាយការចម្រេីនសមថភាវនា មិនមែនរំលត់កិលេសជាសមុច្ឆេទ ដូច្នេះទេីបឈានចិត្តអាចទ្រុឌទ្រេាមអន់ថយ គឺកេីតយឺតមិនជំនាញវៀងវៃដូចពីដេីមក៏មាន ឬក៏រហូតអាចនឹងមិនកេីតទាល់តែសេាះក៏មាន ។ ដូច្នេះដែលឈានចិត្តនឹងកេីតបានជំនាញវៀងវៃនេាះ ទេីបត្រូវមានវសីគ្រប់ៗឈាននៅជាដរាប (សេចក្តីល្អិតមាននៅក្នុងវិសុទ្ធិមគ្គ) អារម្មណ៍នៃសមថភាវនា ៤០ នេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បាន មិនដល់ឧបចារសមាធិទេ អារម្មណ៍ខ្លះចិត្តក៏ស្ងប់បានដល់ឧបចារសមាធិ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់បឋមជ្ឈានប៉ុណ្ណេាះ អារម្មណ៍ខ្លះចិត្តក៏ស្ងប់ បានដល់ ចតុត្ថជ្ឈានបពា្ចកន័យ អារម្មណ៍ខ្លះក៏ស្ងប់បានដល់បពា្ចមជ្ឈាន ហេីយអារម្មណ៍ខ្លះក៏ជាអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានប៉ុណ្ណេាះដូចយ៉ាងនេះគឺ៖ អនុស្សតិ ៦ បានដល់ ពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ ចាគានុស្សតិ ១ សីលានុស្សតិ ១ ទេវតានុស្សតិ ១ ។ អ្នកដែលមិនមែនព្រះអរិយបុគ្គលរលឹកដល់អនុស្សតិ ៦ នេះ ចិត្តស្ងប់បានមិនដល់ឧបចារសមាធិទេ ចំពេាះព្រះអរិយបុគ្គលនេាះអាចស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ មិនដល់អប្បនាសមាធិឡេីយ ។ អនុស្សតិ ២ គឺ ឧបសមា​នុស្សតិ​ ការរលឹកដល់ព្រះនិព្វាន និងមរណានុស្សតិ ការរលឹកដល់សេចក្តីស្លាប់នេាះ មរណានុស្សតិស្ងប់បានដល់ ឧបចារសមាធិប៉ុណ្ណេាះ តែឧបសមានុស្សតិស្ងប់ បានដល់ឧបចារសមាធិចំពេាះតែអ្នកដែលជាព្រះអរិយបុគ្គលប៉ុណ្ណេាះ។ អាហាេរបដិកូលសញ្ញា ១ គឺ ការរលឹកដល់សេចក្តីបដិកូលនៃអាហារ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ ចតុធាតុវវដ្ឋាន ១ គឺ ការរលឹកដល់ ធាតុដី ទឹក ភ្លេីង ខ្យល់ ត្រង់កាយ ចិត្តស្ងប់បានដល់ឧបចារសមាធិ ។ អសុភ ១០ គឺ ការរលឹកដល់សភាពនៃសាកសព ១០ យ៉ាង ចិត្តស្ងប់បានដល់បឋមជ្ឈាន ។ កាយគតាសតិ (អនុស្សតិ) ១ គឺការនឹកដល់សេចក្តីមិនគួរប្រាថ្នានៃចំណែកផ្សេងៗ គឺ អាការ ៣២ នៃកាយមួយចំណែក ដូចសក់ រេាម ក្រចក ធ្មេញ ស្បែក ជាដេីម ចិត្តអាចស្ងប់បានដល់បឋមជ្ឈាន ។ អានាបាណស្សតិ (អនុស្សតិ) ១ ការរលឹកដល់ខ្យល់ដកដង្ហេីម ចិត្តស្ងប់ ដល់ បពា្ចមជ្ឈាន, កសិណ ១០ ចិត្តស្ងប់បានដល់បពា្ចមជ្ឈាន ព្រហ្មវិហារ ៣ គឺ មេត្តា ១ ករុណា ១ មុទិតា ១ ចិត្តស្ងប់បានចតុត្ថជ្ឈាន​ដេាយ​បពា្ចកន័យ (តតិយជ្ឈានដេាយចតុត្ថន័យ)។ ព្រហ្មវិហារ ១ គឺ ឧបេក្ខាព្រហ្មវិហារ កាលណាចិត្តស្ងប់ចាកពីព្រហ្មវិហារ ៣ ដល់​ចតុត្ថជ្ឈាន​ហេីយ​ ទេីបចម្រេីនឧបេក្ខាព្រហ្មវិហារធម៌តទៅទៀតបាន ។ ក្នុងបណ្តាព្រហ្មវិហារធម៌ ៤ ឧបេក្ខាព្រហ្មវិហារ ទេីបមានអារម្មណ៍ចំពេាះតែបពា្ចមជ្ឈានតែមួយឈានប៉ុណ្ណេាះ ។ អរូបជ្ឈាន ៤ គឺ បពា្ចមជ្ឈានដែលមិនមានរូបជាអារម្មណ៍ ។ អ្នកដែលនឹងចម្រេីនអរូបជ្ឈានបាននេាះ ត្រូវបន្លុះរូបបពា្ចមជ្ឈានសិនពេលឃេីញទេាសនៃរូបបពា្ចមជ្ឈានថា សូម្បីនឹងដល់ជារូបជ្ឈានថ្នាក់ខ្ពស់បំផុតគឺថ្នាក់រូបបពា្ចមជ្ឈានក៏ពិតមែនក៏ដេាយ តែកាលណានៅមានរូបជាអារម្មណ៍ ក៏នៅជិតបង្កេីយញាប់ញ័រដល់ការដែលនឹងបង្អេានទៅដល់រូបដែលជាកាមារម្មណ៍បានដេាយងាយ គួរនឹងលេីករូបដែលជាអារម្មណ៍ចេញ ហេីយបង្អេានចិត្តទៅដល់អារម្មណ៍ដែលមិនមែនរូប សឹងស្ងប់ប្រណីតជាងរូបទៅទៀត។ អានបន្ត
images/articles/2787/rtdyvhgcvx.jpg
ប្រយ័ត្នគំនិតប្រៀបធៀប
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ចូឡបុណ្ណមសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2843/232wewe.jpg
អ្វី ៗ ជារបស់ក្នុងលោកនេះ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
ធនញ្ជានិសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​វេឡុវ័ន ជិត​ក្រុងរាជគ្រឹះ ។ សម័យ​នោះ ព្រះសារីបុត្ត មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ច្រើន​ព្រះអង្គ បាន​និមន្ត​មក​ដល់​ទក្ខិណាគិរិជនបទ ។ ទក្ខិ​ណា​គិរិ​ជនបទ ឋិត​នៅ​ខាង​ត្បូង​ក្រុងរាជ​គ្រឹះ ជា​ស្រុក​របស់​នន្ទមាតា​វេឡុកណ្ដកី ជា​ឧបាសិកាគម្រូ​ល្អ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សរសើរ ជា​គូ​ជា​មួយ​នឹង​ឧបាសិកាខុជ្ជុត្តរា ។ នៅ​ក្នុង​ព្រះសូត្រ​នេះ ព្រះសារីបុត្ត​បាន​ទូន្មាន ណែ​នាំ​អប់រំ​ដល់​ធនញ្ជានិព្រាហ្មណ៍ ដែល​មិន​ទាន់​មាន​សីល ប្រកប​ដោយ​សេចក្ដី​ប្រមាទ បោក​ប្រាស់​អ្នក​ស្រុក កុហក​ព្រះរាជា​ក្នុង​ក្រុង​រាជគ្រឹះ ឲ្យ​ជា​ព្រាហ្មណ៍​មាន​សីល មាន​សេចក្ដី​មិន​ប្រមាទ ចម្រើន​ព្រហ្មវិហារ​ធម៌ ចូល​ទៅ​កាន់​ព្រហ្ម​លោក​ដោយ​បដិសន្ធិ ។ ធនញ្ជានិព្រាហ្មណ៍ គាត់​អាស្រ័យ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ផ្នែក​ខាង​តណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារ​នេះ គឺ​ជា​ទ្វារ​តូច​មួយ​ក្នុង​បណ្ដា​ទ្វារ​តូច​ចំនួន ៦៤ ទ្វារ ។ ក្នុង​អដ្ឋកថា​ប្រាប់​ថា ក្រុង​រាជ​គ្រឹះ​មាន​ទ្វារ​ធំ ៣២ ទ្វារ និង​ទ្វារ​តូច ៗ ចំនួន ៦៤ ទ្វារទៀត ។ កាល​ដែល​ព្រះសារីបុត្ត គង់​នៅ​ទក្ខិណាគិរិជនបទ បាន​ជ្រាប​ដំណឹង​ថា ធនញ្ជានិព្រាហ្មណ៍​មាន​សេចក្ដី​ប្រមាទ​ហើយ ក៏​បាន​និមន្ត​មក​វត្តវេឡុវ័ន បិណ្ឌ​បាត​ក្នុង​ក្រុង​រាជគ្រឹះ ឆាន់​រួច​ហើយ​ក៏​បាន​និមន្ត​ចូល​ទៅ​រក​ធនញ្ជានិព្រាហ្មណ៍ ដើម្បី​ប្រទាន​ឱវាទ​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​សួរ​ព្រាហ្មណ៍​ថា ម្នាល​ធនញ្ជានិ អ្នក​ជា​បុគ្គល​មិន​ប្រមាទ​ទេ​ឬ ? ព្រាហ្មណ៍​បាន​ឆ្លើយ​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន សេចក្ដី​មិន​ប្រមាទ​របស់​ខ្ញុំ​ព្រះ​ករុណា នឹង​មាន​មក​អំពី​ណា ព្រោះ​ខ្ញុំ​ព្រះករុណា ត្រូវ​ចិញ្ចឹម​មាតា​បិតា ត្រូវ​ចិញ្ចឹម​កូន​ប្រពន្ធ ទាសកម្មករ ត្រូវ​ធ្វើ​កិច្ច​ដល់​មិត្ត​អាមាត្យ ញាតិ​សាលោ​ហិត​ ពួកភ្ញៀវ បុព្វបេត ពួក​ទេវតា ទាំង​ដែល​ត្រូវ​ធ្វើ​កិច្ច​ដល់​ព្រះរាជា និង​ត្រូវ​ចិញ្ចឹម​រូប​កាយ​នេះ​ឲ្យ​ធាត់​ចម្រើន​​ផង​ដែរ ។ ព្រះសារីបុត្ត បាន​ដាស់​តឿន​ព្រាហ្មណ៍ ឲ្យ​យល់​អំពី​ការ​ទ្រុស្ត​សីល​របស់​ព្រាហ្មណ៍​នោះ មាន​ទោស​នាំ​ឲ្យ​ធ្លាក់​នរក ដោយ​មិន​អាច​អាង​នៅ​លើ​ការ​ចិញ្ចឹម​អ្នក​ដទៃ​ជា​ដើម ឬ​ថា​អ្នក​ដទៃ​ណា​នោះ អាច​ជួយ​ការពារ​ព្រាហ្មណ៍​បាន​ឡើយ ។ ការ​ងារ​ទាំង​ឡាយ​ផ្សេង​ទៀត ត្រូវ​តាម​ធម៌ មិន​ទ្រុស្តសីល មិន​បាច់​ធ្វើ​នូវ​បាបកម្ម​ផង អាច​ប្រតិបត្តិ​នូវ​បដិបទា ដែល​ជា​ហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង មាន​ដែរ​តើ ។ ធនញ្ជា​និព្រាហ្មណ៍ បាន​ត្រេកអរ អនុមោទនា​នូវ​ភាសិត​របស់​ព្រះសារីបុត្ត​ដ៏​មាន​អាយុ ។ ក្រោយ​មក ព្រាហ្មណ៍​ក៏​បាន​ដល់​រោគា​ពាធ មាន​ជំងឺ​ជា​ទម្ងន់ គាត់​បាន​ឲ្យ​បុរស​ម្នាក់​ទៅ​និមន្ត​ព្រះសារីបុត្ត​មក ក្នុង​បំណង​ដើម្បី​បាន​ស្ដាប់​នូវ​ឱវាទ​អំពី​ព្រះសារីបុត្ត​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​ណែនាំ​ឲ្យ​ព្រាហ្មណ៍​ដក​ចិត្ត​ចេញ​អំពី​កាមភព ដោយ​ការ​សម្ដែង​ផ្លូវ ដើម្បី​ឲ្យ​ព្រាហ្មណ៍​បាន​កើត​រួម​នឹង​ព្រហ្មទាំង​ឡាយ ទើប​បាន​ប្រកាស​នូវ​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ក្នុង​ទិស​ទាំង​ពួង មាន​ចិត្ត​ធំ​ទូលាយ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ។ ធន​ញ្ជានិព្រាហ្មណ៍ បាន​ពោល​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន បើ​ដូច្នោះ សូម​លោក​ម្ចាស់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​បុណ្យ​ដោយ​ត្បូង តាម​ពាក្យ​របស់​ខ្ញុំ​ព្រះករុណា​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិ​ព្រាហ្មណ៍ មាន​អាពាធ ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​ព្រះភាគ​ដោយ​ត្បូង ។ គ្រា​នោះ ព្រះសារីបុត្ត​ដ៏​មាន​អាយុ កាល​បើ​មាន​កិច្ច ដែល​លោក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជា​និ​ព្រាហ្មណ៍​​ឲ្យ​តម្កល់​នៅ​ត្រឹមព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ​ហើយ​ក៏​ចេញ​ទៅ ។ គ្រា​នោះ​ឯង ធនញ្ជានិព្រាហ្មណ៍ កាល​បើ​ព្រះសារីបុត្ត​មាន​អាយុ​និមន្ត​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល​ហើយ​ទៅ​កើត ឯ​ព្រហ្មលោក ។ គ្រា​នោះ ព្រះមាន​បុណ្យ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​នុ៎ះ កាល​បើ​មាន​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ ចេញ​មក ។ គ្រា​នោះ ព្រះសារីបុត្ត​មាន​អាយុ ចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយ​ក៏​អង្គុយ ក្នុង​ទី​ដ៏​សម​គួរ ។ លុះ​ព្រះសារីបុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​ព្រះមាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិព្រាហ្មណ៍ មាន​អាពាធ​​​ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះមាន​ព្រះភាគ​ដោយ​ត្បូង ។ ព្រះមាន​ព្រះភាគ​ត្រាស់​សួរ​ថា ហៃ​សារីបុត្ត កាល​បើ​កិច្ច​ដែល​អ្នក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​នៅ​មាន ហេតុ​ម្ដេច​ក៏​អ្នក​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប​រួច​ក្រោក​ចាក​អាសនៈ​ចេញ​មក ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ​យ៉ាង​នេះ​ថា ពួក​ព្រាហ្មណ៍​ទាំង​នេះ មាន​ចិត្ត​ជឿ​ស៊ប់​នឹង​ព្រហ្មលោក បើ​ដូច្នោះ គួរ​តែ​ខ្ញុំ​ព្រះអង្គ​សម្ដែង​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​កើត​រួម​នឹង​ពួក​ព្រហ្ម ដល់​ធន​ញ្ជានិ​ព្រាហ្មណ៍​​ចុះ ។ ហៃ​សារីបុត្ត ធនញ្ជានិ​ព្រាហ្មណ៍​ស្លាប់​ហើយ ទៅ​កើត​ឯព្រហ្ម​លោក​ហើយ ។ ព្រះអដ្ឋកថា​សម្ដែង​ប្រាប់​ថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​ព្រះ​សារីបុត្ត​ថា ធនញ្ជានិ​ព្រាហ្មណ៍​ធ្វើ​កាល​កិរិយា​ហើយ ទៅ​កើត​ឯព្រហ្ម​លោក ដូច្នេះ​ដោយ​ព្រះពុទ្ធ​បំណង​ឲ្យ​ព្រះសារីបុត្តនិមន្ត​ទៅ​កាន់​ព្រហ្ម​លោក ហើយ​សម្ដែង​ធម៌​ដល់​ព្រាហ្មណ៍​ដែល​បាន​កើត​ជា​ព្រហ្ម​នោះ​ឯង ។ ព្រះសារីបុត្ត​ក៏​បាន​និមន្ត​ទៅ​កាន់​ព្រហ្មលោក​ក្នុង​ខណៈ​នោះ​ភ្លាម​ដែរ ហើយ​បាន​សម្ដែង​ធម៌​ដល់​មហាព្រាហ្មណ៍​ជា​ព្រះព្រហ្ម ។ ចាប់​តាំង​អំពី​ពេល​នោះ​មក ព្រះសារីបុត្ត​សូម្បី​សម្ដែង​គាថា ៤ បាទ ក៏​មិន​សម្ដែង​ឲ្យ​ផុត​អំពី​សច្ចៈ ៤ ឡើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ឯសុការីសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថាៈ -ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។ -ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។ -វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។ -សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ? សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។ វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
ចង្កីសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ក្នុង​ដែន​កោសល ព្រម​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​ព្រះអង្គ ព្រះអង្គ​ទ្រង់​គង់​ក្នុង​សាលវ័ន ជិត​ឱបាសាទគ្រាម ។ សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ចង្កី នៅ​អាស្រ័យ​នឹង​ឱបាសាទ​គ្រាម ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​និង​មនុស្ស បរិបូណ៌​ដោយ​ស្មៅ​ឧស​និង​ទឹក ទាំង​ធញ្ញាហារ​ក៏​សម្បូណ៌​ដែរ ជា​ស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះរាជា​បសេនទិកោសល ទ្រង់​ព្រះរាជទាន ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ គឺ​ទ្រង់​ប្រទាន​ដោយ​ដាច់​ខាត ។ បន្ទាប់​អំពី​ពួក​ព្រាហ្មណ៍​ក្នុង​ស្រុក បាន​សន្ទនា​គ្នា​អំពី​ព្រះគុណ​នៃ​ព្រះដ៏មាន​ព្រះភាគ​រួច​មក ចង្កី​ព្រាហ្មណ៍ ព្រម​ទាំង​ពួក​ព្រាហ្មណ៍​ដ៏​ច្រើន បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ។ ក្នុង​កាល​នោះ មាន​ព្រាហ្មណ៍​កំលោះ​​ម្នាក់ ឈ្មោះ​កាបទិកៈ អាយុ​ទើប​តែ ១៦ ឆ្នាំ បាន​ចេះ​ចាំ​គម្ពីរ​ព្រាហ្មណ៍​យ៉ាង​ច្រើន ហើយ​កាប​ទិកៈ​​នេះ​ឯង បាន​ជាប្រមុខ​ក្នុង​ការ​ទូល​សួរ​បញ្ហា​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ បញ្ហា​​ដែលកាបទិកៈ​ទូលសួរ​​ព្រះ​ដ៏មាន​ព្រះភាគ គឺ -ការរក្សា​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​ត្រាស់​ដឹង​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​កើត​ឡើង​នៃ​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​បធាន​គឺ​សេចក្ដី​ព្យាយាម ។ -ធម៌​មាន​ឧបការ​ច្រើនដ​ល់​ការ​ថ្លឹងថ្លែង​ពិចារណា ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឧស្សាហៈ​គឺកា​រ​ប្រឹង​ប្រែង ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ​គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​អត្ថ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចេះ​ចាំ​ធម៌ ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុ​យ​​ជិត ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា សទ្ធា​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ការ​ចូល​ទៅ​រក​មាន​​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត ការ​ចូល​ទៅ​អង្គុយ​​ជិត​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ការ​ផ្ចង់​ត្រចៀក​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ការ​ស្ដាប់​ធម៌​មាន​ឧបការ​ច្រើន​​ដល់​ការ​ចេះ​ចាំ​នូវ​ធម៌ ការ​ចេះ​ចាំ​នូវ​ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​​នូវ​អត្ថ ការ​ពិចារណា​នូវ​អត្ថមា​ន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ គឺ​សម្លឹង​ដឹង​ថា សីល​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ សមាធិ​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ ជា​ដើម ការ​សម្លឹង​មើល​ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ឆន្ទៈ​មាន​ឧបការ​ដល់​ឧស្សាហៈ​​គឺ​ការ​ប្រឹង​ប្រែង ឧស្សាហៈ​មានឧបការ​ដល់​ការ​ថ្លឹង​ថ្លែង​ពិចារណា ( តុលេតីតិ ) គឺ​ថ្លឹង​ថ្លែង​ពិចារណា​​ការ​មិន​ទៀង​ជា​ដើម​ក្នុង​សង្ខារ​ធម៌ ការ​ថ្លឹង​ថ្លែង​ពិចារណា​មាន​ឧបការ​ច្រើន​បធាន​គឺ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គ បធាន បទហិត ការ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គមាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ​គឺ​សច្ចានុប្បត្តិយា បាន​ដល់ការ​សម្រេច​នូវ​ផលដែល​ជា​លោកុត្តរវិបាក ។ ព្រះពុទ្ធអង្គ​ត្រាស់​សម្ដែង​ធម៌ ១២ ប្រការ ចាប់​ពី​សទ្ធា​មក​ដល់​បធាន អនុលោម​ក្នុង​ការពោល​ដល់​មគ្គ​គឺ​ការ​ត្រាស់​ដឹង​សច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅ​ក្នុង​វារៈ​នៃ​ការ​ត្រាស់​ដឹ​ង​សច្ចៈ គឺ​​ការ​សម្រេច​អរិយមគ្គ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជា​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន ( បហិតត្តោ ) ទើប​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​នាម​កាយ​ផង បាន​ចាក់​ធ្លុះ​ឃើញ​ច្បាស់​នូវ​បរមត្ថ​សច្ច​នោះ ដោយ​បញ្ញា​ផង ។ ម្នាល​ភារទ្វាជៈ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​មាន​ត្រឹម​ប៉ុណ្ណេះ​ឯង ។ អដ្ឋកថា ប្រាប់​ថា ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​កាយ ដោយ​សេចក្ដី​ថា ធ្វើ​ឲ្យ​ជាក់​ច្បា​ស់​នូវ​ព្រះនិព្វាន ដោយ​នាម​កាយ ដែល​ជា​សហជាតិ ហើយ​បាន​ចាក់​ធ្លុះ ឃើញ​ច្បាស់​​នូវ​ព្រះនិព្វាន​នោះ ដោយ​បញ្ញា​ក្នុង​ការ​លះបង់​នូវ​កិលេស​ហ្នឹង​ឯង ។ ត្រង់​បទ​ថា ការ​ត្រាស់​ដឹង​នូវ​សច្ចៈ គឺ​ការ​ត្រាស់​ដឹង​នូវ​មគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ ការ​រក្សា​សច្ចៈ គឺ​បុគ្គល​មាន​ជំនឿ​ក្ដី មាន​ការ​គាប់​ចិត្ត​ក្ដី មាន​ការ​ស្ដាប់​តាម​គ្នា​ក្ដី មាន​ការ​ត្រិះរិះ​នូវ​អាការ​ណា​ក្ដី មាន​ការ​សម្លឹង​ពិនិត្យ​យល់​ចូល​ចិត្ត​ក្ដី កាល​ដែល​និយាយ ក៏​និយាយ​ទៅ​តាម​​ដែល​ខ្លួន​ឯង​មាន​ជំនឿ​ជា​ដើម​នោះ ៗ ឈ្មោះ​ថា​រក្សា​សច្ចៈ តែ​មិន​ដល់​ថ្នាក់​ដាច់​ខាត​ថា ពាក្យ​នេះ​ពិត ពាក្យ​ដទៃ​ជា​មោឃៈ​ឡើយ ។ នៅ​ក្នុង​ទំព័រ ១៣៤ ព្រះដ៏មាន​ព្រះភា ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​ភារទ្វាជៈ មាន​សេចក្ដី​តំណាល​ថា ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​និគម​ណា​មួយ ។ អដ្ឋកថា ប្រាប់​ថា​ព្រះពុទ្ធអង្គ​ទ្រង់​សំដៅ​ដល់​ព្រះអង្គ​ឯង នូវ​ពាក្យ​ថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូ​​នគហបតី បាន​ញ៉ាំង​សទ្ធា​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​តថាគត ទើប​ចូល​ទៅ​រក​ហើយ​អង្គុយ​ជិត ។ល។ នៅ​​ខាង​ចុង​នៃ​ព្រះសូត្រ កាបទិកមាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​រក្សា​សច្ចៈធម៌​នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការ​រក្សា​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​​ត្រាស់​ដឹង​នូវ​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​​ដ៏​ចម្រើ ក៏​បាន​ព្យាករ​នូវ​​ការ​​ត្រាស់​ដឹង​​សច្ចៈ​ហើ​យ ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការកើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្តផង គួរ​ផង ដល់​យើងខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្តត្រេក​អរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ នូវ​ប្រស្នា​ណា ៗ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ប្រស្នា​នោះ ៗ ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​ការ​ព្យាករ​នោះ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ព្រោះ​ថា​កាល​ពី​ដើម​យើង​ខ្ញុំ​បាន​ដឹង​យ៉ាង​នេះថា បុគ្គល​ពួក​ណា ជា​សមណៈ​ត្រងោល ជា​គហបតិជាតិ មាន​សម្បុរ​ខ្មៅ ជា​កូន​កើត​មក​អំពី​ព្រះបាទ​នៃ​មហាព្រហ្ម បុគ្គល​ពួក​ណា ជា​អ្នក​ដឹង​ច្បាស់​នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតម​ដ៏​ចម្រើន បាន​នាំខ្ញុំឲ្យមាន សេចក្ដី​ស្រឡាញ់​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​ជ្រះថ្លា​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​គោរព ក្នុង​ពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភ្លឺ​ច្បាស់​ណាស់ ។ បេ ។ សូម​ព្រះគោតម​ដ៏​ចម្រើន​ទ្រង់​ជ្រាប នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក អ្នក​ដល់​នូវ​ត្រៃ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំង​ពី​​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ករុណាជួយទ្រទ្រង់ធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿