ចតុរង្គសន្និបាត ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤ របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សំដែងនូវឱវាទប្បាតិមោក្ខ ។
i. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម
១- មាឃនក្ខត្តេន យុត្តោ បុណ្ណមឧបោសថទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្កាយប្រចាំខែមាឃៈ គឺថ្ងៃ ១៥ កើតមាឃៈ ។
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេលសានិ ភិក្ខុសតានិ ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់ខ្លួន ។

៣- តេសុ ឯកោបិ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខ-វិបស្សកអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆឡភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្តបានអភិញ្ញាណ ៦ គ្រប់រូប ។


៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ, សព្វេ ឯហិភិក្ខុនោយេវ សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិតហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់ ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ ទីឃនខសុត្តវណ្ណនា)
ii. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធពីបុរាណ
១- សព្វេ ឯហិភិក្ខូ ភិក្ខុទាំងអស់សុទ្ធតែជាឯហិភិក្ខុ
២- សព្វេ ឥទ្ធិយា និព្វត្តបត្តចីវរា ភិក្ខុទាំងអស់សុទ្ធតែមានបាត្រនិងចីវរកើតឡើងដោយឫទ្ធិ
៣- សព្វេ អនាមន្តិតាវ អាគតា ភិក្ខុទាំងអស់សុទ្ធតែមកឥតនរណានិមន្ត
៤- ឥតិ តេ ច ខោ បន្នរសេ ឧបោសថទិវសេ មកក្នុងថ្ងៃឧបោសថ ១៥ កើត ។
(សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្ត សាវកសន្និបាតបរិច្ឆេទវណ្ណនា) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ