ថ្ងៃ អង្គារ ទី ២៦ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៨,២៩៩
Today
ថ្ងៃម្សិលមិញ ១៨៣,៧៨៩
ខែនេះ ៤,៧៤២,៥៩៩
សរុប ២២៩,៥១៧,៣៨២
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/1908/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៩៥៨៥ ដង)
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥ ១. កាមឆន្ទនីវរណៈ កំចាត់​ដោយ​អសុភនិមិត្ត សេចក្ដី​សម្គាល់​ថា មិន​ល្អ​មិន​ស្អាត។ ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជាធម៌​សម្រាប់​លះ​កាមឆន្ទនីវរណៈ គឺ៖ ក). អសុភនិមិត្ត ឧគ្គហោ រៀន​និមិត្ត​ក្នុង​អសុភកម្មដ្ឋាន ខ). អសុភភាវនានុយោគោ ខំចម្រើន​អសុភកម្មដ្ឋាន គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួម​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង ៦
images/articles/1907/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៦២៤០ ដង)
រឿង​នាង​លតា (គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់) កាល​ព្រះសម្ពុទ្ធ​បរមគ្រូ គង់​នៅ​ក្នុង​ជេតវនមហាវិហារ ជា​អារាមរបស់​អនាថ បណ្ឌិត​សេដ្ឋី​នាក្រុងសាវត្ថី។ កាល​នោះ​មាន​ធីតា​ម្នាក់​ឈ្មោះនាង​លតា ជា​កូន​របស់ សាវត្ថីឧបាសក។ នាង​លតា​ធីតា​នោះ​ជាស្ត្រី​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​ដឹង​នូវ​ច្បាប់ ព្រះពុទ្ធសាសនា​ជាច្រើន​មាតាបិតា​បាន​រៀប​ឲ្យ​មាន​គូស្វាមី​ភរិយា
images/articles/2668/545eetpic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧៤៤១២ ដង)
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ ២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ ៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ ១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។ ២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។ ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។ តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។ ៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖ ៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។ ៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។ ៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។ ៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។ ៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។ ៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2667/4333eehpic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១០៣៨៧១ ដង)
ចូឡនិកាសូត្រ (សម្ដែងអំពីលោកធាតុ ៣ យ៉ាង) គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់​ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ​ជាសាវក​របស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ​មាន​ប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏​មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះ​ភាគ​​យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖ ១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។ ២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។ ៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។ ៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។ ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថាឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថាម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។ កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថាម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ ) សេចក្ដីអធិប្បាយ ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ បានដល់ លោកធាតុដែលមានឈ្មោះថា ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។ ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។ ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។ ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។ ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។ តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ) សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ ៖ ១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។ ២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។ ៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។ ៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។ ៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។ ៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។ ៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។ ៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។ ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។ (មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ ) លោកធាតុ ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖ ១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។ ២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។ ៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេស​វណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាង​មហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះ​អង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំង​ឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋ​កថា​អង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។ ៤. តិសហស្សីមហាសហស្សីលោកធាតុ បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែង​ថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2673/____________tpic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៤២៣០៦ ដង)
តើអ្នកបានដឹងអ្វីខ្លះពីគ្រួសារឃ្មុំទេ? ឃ្មុំដែលជាកម្មក និង ជាឃ្មុំគ្មានភេទ គេរស់បានតែ៦ ទៅ ៧អាទិត្យ តែប៉ុណ្ណោះ ឯព្រះរាជនី (La rene or Princess) លោករស់បានដល់ទៅ៤ឆ្នាំ តើនេះមកពីហេតុអ្វី? ការសិក្សារកឃើញថា មកពីលោក (ព្រះរាជនី) សោយលំអងផ្កាច្រើនប្រភេទ ឯឃ្មុំកម្មករ ទទួលទានបានតែមួយប្រភេទ ។ គេត្រឡប់មកសិក្សាលើមនុស្សវិញគេបានរកឃើញថា អ្នកដែលចូលចិត្តទទួល ទានអាហារដដែលៗមានអាយុខ្លីជាង អ្នកទទួលទានអាហារ តាមមានតាមបាន គឺហូបនេះហូបនោះមិនប្រកាន់ ។ ឃ្មុំមិនចេះធ្វើការស្មោកគ្រោក មិនចេះទំលើលាមក ទំលើគំរង់ដាច់ខាត យ៉ាងណាមិញ មនុស្សដែលមានចិត្តស្អាតពីកំណើត គឺមិនធ្វើការងារដែលថោកទាបដាច់ខាត គេធ្វើតែការងារដែលត្រឹមត្រូវតែប៉ុណ្ណោះ ។ ឃ្មុំយល់ពីច្បាប់ធម្មជាតិ គឺសាមគ្គីធម៌ទើបសាងសំបុកនឹងមានបង្គងរឹងមាំបាន មនុស្សមិនយល់ពីច្បាប់រួបរួមសាមគ្គីធម៌តែងគ្មានបង្គងគ្មានទីលំនៅ គ្មានមាតុភូមិជាធម្មតា វប្បធម៌ឃ្មុំជាវប្បធម៌រុងរឿងថ្លៃថ្លាដែលពេលខ្លះមនុស្សមិនអាចធ្វើតាមបានផង ។ នៅពេលរាជនីឃ្មុំ បានសោយទីវង្គតទៅ ព្រះសពទ្រង់ត្រូវបានភិលៀងដែលយល់ថា ខ្លួនមានកម្លាំងស្លាបខ្លាំងបំផុតប្រកួតគ្នា សែងព្រះសពហោះឡើងទៅលើយ៉ាងលឿន ហើយភាគីដែលចូលរួមប្រកួត ហោះដេញតាម អ្នកដែលអោបព្រះសព ពេលដឹងខ្លួនថា ខ្លួនអស់កម្លាំងស្លាបក៏ព្រលែងព្រះសពឲ្យទៅភាគីដែលនៅក្បែរ ហោះឡើងរហូតដល់លែងមានអ្នកដេញតាម ទើបក្លាយជាជ័យលាភីបុគ្គល បានតាំង​ព្រះនាមជាព្រះរាជនីថ្មី គេសិក្សាឃើញថា ចំងាយហោះឡើងរហូតដល់ម្ភៃសាមសិប​គីឡូម៉ែតទៅលើឯណោះ ចង់ធ្វើស្តេចត្រូវតែមានកម្លាំងរឹងមាំនិងមានបញ្ញាឈ្លាសវៃហើយចូលរួមប្រកួតដោយយុត្តិធម៌ នេះជាប្រពៃណីដ៏ល្អឯងមួយទៀតរបស់គ្រួសារឃ្មុំ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2674/teww6pic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៦៦៨០៤ ដង)
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ? កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យ​របស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។ បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់​នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។ ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំ​ជាង​ម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់​ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។ កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។ សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2675/____________pic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៥៦៧៤៦ ដង)
មហាយាន ម្នាក់ៗខំកសាងខ្លួនដោយការជួយមនុស្សនិងសត្វ ដើម្បីបានក្លាយជាព្រះពោធិសត្វ នឹងបានទៅរស់នៅក្នុងព្រះនិព្វានដែលជាឋានបរមសុខ(និព្វានបញ្ញត្តិជានិព្វានមានឋានមានទីតាំង) ។ សមាធិប្រឆាំងនឹងគំនិតបំពុលបីយ៉ាង ភាពល្ងង់ខ្លៅ(អវិជ្ជា) សេចក្តីត្រូវការមិនចេះចប់ ឬ គ្មានព្រំដែន (តណ្ហា) ការមានះប្រកាន់រឹងត្អឹង(ឧបាទាន) ដោយតស៌ូផ្តាច់ចំណងតណ្ហានិងការប្រកាន់មាំត្រូវពង្រឹងចិត្តមេត្តាជាគោលគ្រឹះ «សូមឲ្យទុក្ខលំបាក ការឈឺចាប់សព្វបែបយ៉ាងដែលមនុស្សសត្វមានសូមធ្លាក់​មក​លើ​ខ្លួន​អាត្មាអញទាំងអស់មកចុះ ! សូមឲ្យក្តីរីករាយរបស់អាត្មាអញផ្សាយទៅកាន់ពួកគេ ! សូមឲ្យទុក្ខសោករោគភ័យទាំងអស់ ក្តីស្រេកឃ្លានទាំងអស់ កំហឹងនិងអំពើមិនបរិសុទ្ធិទាំងអស់ឃ្លាតឆ្ងាយពីពួកគេនិងញាតិរបស់គេ ! ដោយអំណាចធម្មរតនៈជាទីពឹង អំណាចមេត្តាចិត្តជាទីពឹង សូមបានផ្តាច់​បង់​នូវហេតុរបស់ទុក្ខទាំងពួងឲ្យអស់ទៅ សូមរក្សាខ្លួនជាសុខគ្រប់ៗគ្នា សូមបានដល់នូវប្រយោជន៍និព្វាន​ជាទីពឹងគ្រប់ៗគ្នាកុំបីខាន ! (នេះជាការអធិដ្ឋានចិត្តរបស់សង្ឃឡាម៉ាទីបេ) ។ ម្នាក់ៗតស៊ូឲ្យក្លាយ​ជាព្រះពោធិសត្វសិន ទើបចំរើនអនត្តាឬសុញ្ញតសមាធិដែលជាកម្មដ្ឋាននាំឲ្យក្លាយជាព្រះពុទ្ធ ។ដើម្បីចំរើនសុញ្ញតសមាធិត្រូវមានពីរតំណាក់កាល ១ យល់ទ្រឹស្តីពីភាពទទេរ (ទទេយកអីទៅមិនបាន ,ជីវិតដូចការយល់សប្តិ , ធម្មជាតិកើតរលត់ហាមឃាត់មិនបាន,កាយគតាសតិក៏ជាអនត្តាធម៌ ឯណាទៅអញ? នេះជាដៃ ជាជើង ជាភ្នែក ជាត្រចៀក ដែលបំពេញមុខងារខុសៗគ្នាមិនអាចជំនួសគ្នាបាន , អ្វីៗបានត្រឹមតែការដឹងអារម្មណ៍....។ តំណាក់កាលទីពីរ គឺអនុវត្តសមាធិដើម្បីរកឲ្យឃើញភាពទទេរក្នុងច្បាប់ធម្មជាតិ។តាមពិតមហាយាននិកាយមួយនេះនិងថេរវាទ មានវិន័យខុសគ្នាទាំងស្រុង តែធម៌កំពូលគឺមានអនត្តាធម៌ដូចគ្នា ! គួរឲ្យរីករាយជ្រះថ្លាជាមួយដែរ ។ គោលបដិបត្តិរបស់យើងគឺ សីល សមាធិ បញ្ញា ឯខាងគេគឺ មេត្តា សមាធិ និង អនត្តាធម៌យ៉ាងនេះជាដើម ។ បើគេជឿព្រះពុទ្ធ គេគ្មាននិកាយណាមួយកើតឡើងទេ បើគេជឿព្រះពុទ្ធ គេគ្មានធម្មយុត្ត ឬមហានិកាយដែរ ! តែបើគេមានទិដ្ឋិមានះហើយ សូម្បីតែព្រះពុទ្ធក៏គេគិតថានៅមានកំហុសដែរ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2677/9655pic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៦៣១៨០ ដង)
កូនអើយកេរ្តិ៍មេបា ចូររក្សាឲ្យស៊ប់សួន តំលៃថែនឹមនួន ស្មើនឹងខ្លួន មិនមានឡើយ ! ។ តម្លៃនៃពាក្យនី​មួយ ៗ បើជនឯណាបានរកឃើញអាថ៌កំបាំងដល់ឬសគល់ពិតប្រាកដរបស់វា ហើយរើសយកមកប្រើធ្វើជាមគ្គុទ្ទេសក៏ជីវិត នរជននោះនឹងបន្លុះបាននូវប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោកនាយ ៖ ១- អ្វីទៅដែលមិនអាចធ្វើបាន និង អ្វីដែលអាចធ្វើបាន ? ២- ភាពក្លាហាន និង ការភ័យខ្លាច ៣- ភាពខ្ជិលច្រអូស និង ការព្យាយាម ៤- ភាពអន្ទះសារ និង ការអត់ធ្មត់ ៥- ភាពជោគជ័យ និង ការបរាជ័យ ! ជំរៅអត្ថន័យនៃពាក្យនិមួយៗ បើយើងចេះវែកញែកពីតំលៃរបស់វា យើងនឹងចេះអភិវឌ្ឍខ្លួនឲ្យបានល្អ នេះគឺជាវិធីឈរជើងឲ្យហ្នឹងដើម្បីកុំឲ្យដួល ។ នៅសម័យពុទ្ធកាល ព្រះសារីបុត្តជាមាតាឬជាមេទ័ពធម៌(មានបញ្ញាដឹកនាំកុលបុត្រ)ព្រះមោគ្គល្លានជាបិតា ថែរក្សាការពារអ្នកព្រហើនកោងកាចដោយឬទ្ធិមកពីខាងក្រៅ ទើបព្រះសាសនាប្រកាសផ្សាយទៅតាមលំអាន មិនមានអ្វីជាឧបសគ្គ ៖ សម័យថ្ងៃមួយ មានព្រះអរហន្តវ័យក្មេង មួយអង្គកំពុងតែបញ្ចុកបបរ ភិក្ខុជរានៅជើងភ្នំ ស្រាប់តែមានគ្រុឌ(សត្វបក្សីធំអាចជាឥន្ទ្រីយ៍)ដេញតាមឆាបសត្វនាគ(សត្វពស់ដ៏ធំ)តំរង់មក ដៃម្ខាងរបស់លោកកាន់ ចាន បបរ ឯដៃម្ខាងទៀតលូកបក់ក្លាយជាភ្នំបាំងជិតមិនឲ្យសត្វគ្រុឌរកនាគឃើញ លុះវារកនាគមិនឃើញវាក៏ហើរចាកចេញទៅ។ព្រះអរហន្តអង្គនោះលោកពោលថា បើគ្មានយើង(លោកពោលនាមរបស់លោក) នៅទីនេះទេ ច្បាស់ជាមានការកាប់សម្លាប់គ្នាជាមិនខាន ! ។ ទីណាមានសមណៈសក្យបុត្រទីនោះនឹងមិនឲ្យមានការកាប់សម្លាប់គ្នាឡើយ ! ។ តាមរយះរឿងនេះ ពុទ្ធបុត្រគឺមិនអាចឈរមើលការវិវាទ ដោយមិនជួយរំងាប់ឬដើរចេញយករួចខ្លួនបានឡើយ ! ឯការខិតខំសាងកាយឲ្យមានឬទ្ធិហើយការពារសាសនាគឺជាកុសលទេតើ ! នៅពុទ្ធកាលបើគ្មានអ្នកមានឬទ្ធិទេ មិនដឹងជាពួកព្រាហ្មណ៍បៀតបៀនពុទ្ធបរិស័ទយ៉ាងណា?។ហេតុនេះបើយើងធ្វើមិនបាន សូមកុំសំគាល់ថាអ្នកដទៃដែលគេបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញា បង្អោនចិត្តទៅយកឈាន កុំទើសចិត្តថាគេខុសអី បើយើងធ្វើមិនបាន(មិនបានសន្សំហេតុទុកមក) យ៉ាងហោចណាស់ក៏គេទទួលស្គាល់ថាធម៌នេះរមែងមាននៅក្នុងលោកយ៉ាងនេះក៏បានបុណ្យដែរ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៥៤៣៣៤ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤១១៦៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។ ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។ ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។ ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។ ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។ ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។ ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។ នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ? នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2630/te______xtpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៣២៧៩០ ដង)
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2632/433covered.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៣៤៣៣១ ដង)
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អ​មើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។ អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៣៩៣៦៦ ដង)
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជាដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថាធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។ ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2636/43overed.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤៨២២៤ ដង)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។ បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។ លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2647/te___xtpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ១៣៤៣៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ បទថា មឃទេវម្ពវនេ ដោយសេចក្តីថា ព្រះបរមពោធិសត្វ ជាព្រះរាជាព្រះនាម មឃទេវៈ ត្រាស់បង្គាប់ឲ្យដាំដើមស្វាយច្រើនដើមក្នុងទីនេះឯង ។ ព្រះមេឃទេវៈ បរមពោធិសត្វ បួសជាតាបសនៅក្នុងព្រៃស្វាយនេះ នៅពេលដែលព្រះកេសារបស់ព្រះអង្គមានស្កូវ ព្រះអង្គបានផ្តាំព្រះរាជបុត្រច្បងឲ្យរក្សានូវកល្យាណវត្តនេះ គឺឲ្យចេញទៅបួសនៅពេលណាដែលបានឃើញសក់របស់ខ្លួនមានស្កូវហើយ ។ ព្រះរាជបុត្រ និងព្រះរាជនត្តានៃព្រះបាទមឃទេវរាជនោះ តៗព្រះរាជវង្ស អស់ចំនួន ៨ ហ្មឺន ៤ ពាន់តំណ ហើយបានបួសទៅតាមកល្យាណវត្ត នៅក្នុងមឃទេវម្ពវ័ននេះឯង ។ ឥសីទាំងនោះ បានចម្រើនព្រហ្មវិហារធម៌ មានមេត្តាជាដើម អស់ព្រះជន្មហើយចូលទៅកាន់ព្រហ្មលោក ដោយអំណាចកម្មនាំឲ្យបដិសន្ធិ ។ ក្នុងបណ្តាព្រះរាជាទាំងអម្បាលនោះ ព្រះមឃទេវៈ បរមពោធិសត្វ បានចុតិអំពីព្រហ្មលោក មកជាស្តេចចុងក្រោយក្នុងការបំពេញកល្យាណវត្តនេះ ព្រះនាមព្រះបាទនិមិរាជ ។ ព្រះនិមិរាជ បរមពោធិសត្វ មុននឹងសាងព្រះផ្នួស ព្រះអង្គបានយាងទៅទស្សនាឋាននរក និងឋានទេវលោក ដោយទិព្វយានរបស់ព្រះមាតលិទេវបុត្រ ដូចមានក្នុងព្រះជាតកស្រាប់ ។ ព្រះនិមិរាជ បរមពោធិសត្វ ព្រះអង្គមានព្រះរាជបុត្រ ព្រះនាមថា កឡារជនកៈ ។ ព្រះរាជបុត្រនេះឯងដែលបានផ្តាច់នូវកល្យាណវត្ត គឺមិនបានចេញទៅបួសឡើយ ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់អំពីកល្យាណវត្តគឺអរិយមគ្គអង្គ៨ ដែលព្រះអង្គបានតាំងទុកហើយ ប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខ ដោយព្រះពុទ្ធដីកាថា អ្នកទាំងឡាយគប្បីប្រព្រឹត្តតាមចុះ អ្នកទាំងឡាយ កុំជាបុរសចុងក្រោយនៃតថាគតឡើយ ។ ពាក្យថាបុរសចុងក្រោយ ( អន្តិមបុរិសោ ) បានដល់ កល្យាណវត្តគឺអរិយមគ្គអង្គ ៨ ដាច់សូន្យទៅ ក្នុងយុគនៃបុរសណា ក្នុងបណ្តាបុរសទាំងឡាយនោះ យុគនៃបុរសនោះ ប្រព្រឹត្តទៅជាបុរសចុងក្រោយ ។ ក្នុងបទ សមុច្ឆេទោ ហោតិ គប្បីជ្រាបថា ភិក្ខុមានសីល កាលដែលមិនព្យាយាម ដោយគិតថា យើងមិនអាចសម្រេចបាននូវព្រះអរហត្ត ឈ្មោះថា រមែងកាត់នូវកល្យាណវត្តនោះ ចំណែកបុគ្គលទ្រុស្តសីល ឈ្មោះថា កាត់ហើយ រីឯព្រះសេក្ខបុគ្គលទាំង ៧ ពួក ឈ្មោះថា រមែងឲ្យប្រព្រឹត្តទៅ និងឈ្មោះថា ឲ្យប្រព្រឹត្តទៅហើយ សម្រាប់ព្រះខីណាស្រព ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគទី១១ ដោយ៥០០០ឆ្នាំ
images/articles/2648/tex567tpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ២៩៨៣៧ ដង)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹង បែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស និយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថា យើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេង យើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖ យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2650/tex_________tpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤៥៦៧៣ ដង)
យើងអាល័យអតីតកាល ដោយមិនបានដឹងទោសនៃអតីតធម៌នោះៗ រឿងខ្លះ យើង​ទម្លាក់កំហុសដាក់អ្នកដទៃថា អ្នកនោះធ្វើឲ្យយើងបាត់បង់នូវសេចក្តីសុខ សេចក្តីស្រឡាញ់... តាមពិត អ្វីៗដែលមិនទៀងទាត់ហ្នឹងឯង បានជាមេរៀនឲ្យយើងចេះដឹងថា អ្វីដែលកើតឡើងគឺត្រឹមត្រូវតាមហេតុ ទាមទារមិនបាន ហាមឃាត់មិនបាន ។ នៅក្នុងមគ្គវគ្គ ( វគ្គទី ២០ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណា បុគ្គលបានឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ ដកស្រង់​ពី​ សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2666/_______________xtpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ២៧៨៣៦ ដង)
ផ្កាឈូកជាបុព្វនិមិត្តនៃសុញ្ញកប្ប និង អសុញ្ញកប្ប ។ ការកំណត់រយៈកាលនៃអាយុផែនដី ឈ្មោះថា កប្ប ក្នុងទីនេះ ។ កប្បមានពីរប្រភេទគឺ សុញ្ញកប្ប ១ អសុញ្ញកប្ប ១ ។ ១. សុញ្ញកប្ប ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖ 1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ 3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។ តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។ ២. អសុញ្ញកប្ប ។ អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាគម្ពីរអបទានបញ្ជាក់ថា ៖ • សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។ សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖ ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប ។ ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប ។ ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប ។ ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ ។ ចំណែកភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។ នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។ (សេចក្ដីខាងលើនេះដកស្រង់ចាកមាគ៌ាជីវិតនៃព្រះពោធិសត្វ) ។ សេចក្ដីពន្យល់ក្នុងគម្ពីរអដ្ឋកថាសុមង្គលវិលាសិនី បទថា ភទ្ទកប្បេ សេចក្តីថា ក្នុងសុន្ទរកប្ប គឺ ក្នុងសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់ សរសើរកប្បនេះ ទើបត្រាស់ថា ភទ្ទកប្ប យ៉ាងនេះ ។ ដូចបានជ្រាបមកថា តាំងពីព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់បំពេញអភិនិហារ រមែងមិនមានសូម្បីក្នុងកប្បមួយ ក្នុងចន្លោះនោះ ដែលព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ឧប្បត្តិឡើង ។ ប៉ុន្តែមុនអភិនិហាររបស់ព្រះមានព្រះភាគរបស់យើងទាំងឡាយ ព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករទ្រង់ឧប្បត្តិហើយ ក្នុងកប្ប តែមួយ ។ ក្នុងចំណែកដែលផុតអំពីព្រះពុទ្ធទាំង (បួននេះ) ហើយ បានសូន្យទទេចាកព្រះពុទ្ធ ដល់ទៅមួយអសង្ខេយ្យ ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប ព្រះពុទ្ធព្រះនាមថា កោណ្ឌញ្ញៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ តអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់ មួយអសង្ខេយ្យកប្បទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះសុមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ បន្ទាប់ ពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប តអំពីនោះទៀត អសង្ខេយ្យក្រៃលែងដោយមួយសែនកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះនារទៈ ទ្រង់ឧប្បត្តិឡើង ក្នុងកប្បមួយ ។ សូម្បីអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យ ។ ក្នុងបំផុតអសង្ខេយ្យកប្ប និងថែមសែនកប្ប ព្រះដ៏មានព្រះភាគព្រះនាមថា ព្រះបទុមុត្តរៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុង កប្បមួយ ។ តអំពីនេះទៀត បីម៉ឺនកប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសុមេធៈ ព្រះសុជាតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ ក្នុងចំណែកដ៏សេសអំពីនេះ តទៅទៀត ១៨០០០ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩៤ កប្ប ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះផុស្សៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩១ កប្ប មានព្រះមានព្រះភាគព្រះនាមថា វិបស្សី ទ្រង់ឧប្បត្តិឡើង ។ តអំពីនេះ ៣១ កប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសិខី ព្រះវេស្សភូ ទ្រង់ឧប្បត្តិឡើង ។ ក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះកកុសន្ធៈ ព្រះកោណាគមនៈ ព្រះកស្សបៈ និងព្រះគោតមរបស់យើងទាំងឡាយ ទ្រង់ឧប្បត្តិឡើង ឯព្រះមេត្តេយ្យៈ ទ្រង់នឹងឧប្បត្តិ ឡើងជាខាងក្រោយ ។ កប្បនេះ ជាសុន្ទរកប្ប ជាសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងណៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ កាលទ្រង់សរសើរកប្បនេះ ទើបត្រាស់យ៉ាងនេះ ។ សួរថា ហេតុការណ៍ដែលថា ព្រះពុទ្ធប្រមាណប៉ុណ្ណេះឧប្បត្តិឡើងហើយក្តី នឹងឧប្បត្តិ ឡើងក្តី ក្នុងកប្បនេះ រមែងប្រាកដដល់ព្រះពុទ្ធទាំងឡាយតែប៉ុណ្ណោះ ឬថា ប្រាកដសូម្បីដល់ អ្នកដទៃដែរ ? ឆ្លើយថា រមែងប្រាកដសូម្បីដល់អ្នកដទៃផង ។ សួរថា ប្រាកដដល់នរណា ? ឆ្លើយថា រមែងប្រាកដដល់ព្រហ្មជាន់សុទ្ធាវាស ។ ពិតមែន ក្នុងកាលជាទីសាងឡើងនៃកប្បនោះ កាលលោកសន្និវាសតាំងនៅអស់មួយ សំវដ្ដដ្ឋាយីអសង្ខេយ្យកប្ប ភ្លៀងក៏ចាប់ផ្តើមធ្លាក់ដើម្បីប្រយោជន៍ដល់ការសាងឡើងនៃលោក ។ មុនដំបូងគ្រាប់ភ្លៀងនោះប្រាកដូចទឹកសន្សើមដែលធ្លាក់ក្នុងទីបំផុតនៃដែន ។ តពីនោះ ក៏មានជាតំណក់ទឹក ប្រមាណប៉ុនគ្រាប់ល្ង ប៉ុនកន្ទក់ ប៉ុនគ្រាប់អង្ករ ប៉ុនគ្រាប់សណ្តែក បាយ ប៉ុនគ្រាប់សណ្តែករាជមាស ប៉ុនផ្លែពុទ្រា ប៉ុនផ្លែកន្ទួតព្រៃ ប៉ុនផ្លែល្ពៅ ប៉ុនផ្លែត្រឡាច ប៉ុនផ្លែឃ្លោក ជាខ្សែទឹកចម្រើនឡើងដោយលំដាប់ មានប្រមាណមួយឧសភៈ (មួយឧសភៈស្មើនឹង ២០ ម៉ែត្រ) ពីរឧសភៈ កន្លះគាវុត មួយគាវុត ពីរគាវុត កន្លះយោជន៍ មួយយោជន៍ ពីរយោជន៍ ។ល។ មួយរយយោជន៍ មួយពាន់យោជន៍ មួយសែនយោជន៍ តាំងនៅបរិបូណ៌ក្នុងចន្លោះមួយសែនកោដិចក្រវាឡដរាបដល់អវិនដ្ឋព្រហ្មលោក (គឺ អាភស្សរព្រហ្មលោក, សុភកិណ្ហព្រហ្មលោក, វេហប្ផលព្រហ្មលោក) ។ លំដាប់នោះ ទឹកនោះស្រកចុះតាមលំដាប់ កាលទឹកស្រកចុះ ទេវលោកទាំងឡាយរមែងតាំងនៅក្នុងទីរបស់ទេវលោកជាប្រក្រតី ។ វិធីសាងលោកទាំងនោះ លោកពោលទុកហើយ ក្នុងបុព្វេនិវាសកថា ក្នុងវិសុទ្ធិមគ្គ ។ ចំណែកឋានដែលត្រូវសាងជាតាំងនៃមនុស្សលោក រមែងតាំងនៅលើទឹកនោះ ដោយអំណាចខ្យល់ ហាក់បីដូចទឹកដែលចូលទៅក្នុងមាត់ធម្មក្រកដែលបិទជិត ។ ផែនដីរមែងតាំងនៅ ហាក់បីដូចស្លឹកឈូកនៅលើផ្ទៃទឹក ។ ស្ថានទីមហាពោធិបល្ល័ង្ក កាលលោកវិនាស ក៏វិនាសក្រោយ កាលលោកតាំងឡើង ក៏ប្រាកដឡើងមុន ។ ក្នុងស្ថានទីមហាពោធិបល្ល័ង្កនោះ មានឈូកមួយគុម្ព បានកើតឡើងជាបុព្វនិមិត្ត ប្រសិនបើក្នុងកប្បនោះ មានព្រះពុទ្ធនឹងឧប្បត្តិ ផ្កាឈូករមែងកើតឡើង (ជានិមិត្ត) បើព្រះពុទ្ធមិនឧប្បត្តិទេ ផ្កាឈូកនឹងមិនកើតដែរ ។ បើព្រះពុទ្ធនឹងឧប្បត្តិឡើង ១ អង្គ ផ្កាឈូកក៏កើតឡើង ១ ផ្កា ។ បើព្រះពុទ្ធ ២ អង្គ ៣ អង្គ ៤ អង្គ ៥ អង្គ ផ្កាឈូកក៏កើត (២, ៣, ៤) ៥ ផ្កា ។ មួយទៀត ផ្កាឈូកទាំងនោះ ជាផ្កាមានចង្កោមជាប់គ្នាក្នុងទងតែមួយប៉ុណ្ណោះ ។ សុទ្ធាវាព្រហ្មទាំងឡាយបបួលគ្នាថា ម្នាលអ្នកនិរទុក្ខទាំងឡាយ ពួកយើងចូរមក នឹងឃើញនូវបុព្វនិមិត្ត ហើយនាំគ្នាកាន់ស្ថានទីមហាពោធិបល្ល័ង្ក ។ បើក្នុងកប្បដែលព្រះពុទ្ធទាំងឡាយមិនឧប្បត្តិឡើង ផ្កាឈូកក៏មិនមានដែរ ។ ពួកព្រហ្មទាំងឡាយនោះឃើញគុម្ពឈូកមិនមានផ្កា ក៏មានសេចក្តីសង្វេគថា ម្នាលគ្នាយើង លោកនឹងងងឹតឈឹងហ្ម៎, សត្វទាំងឡាយត្រូវភាពងងឹតគ្របសង្កត់ហើយ នឹងពេញក្នុងអបាយ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងទំនេរ ។ កាលបានឃើញផ្កាឈូកក្នុងវេលារីកឡើង នាំគ្នាសប្បាយចិត្តថា កាលព្រះសព្វញ្ញូពោធិសត្វទ្រង់ឈានចុះកាន់គភ៌ព្រះមាតា ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ធ្វើយមកបាដិហារ្យ ទ្រង់យាងចុះចាកទេវលោក ទ្រង់ដាក់អាយុសង្ខារ ស្តេចរំលត់ខន្ធបរិនិព្វាន ពួកយើងនឹងឃើញបាដិហារ្យ ដែលធ្វើឲ្យម៉ឺនចក្រវាឡញាប់ញ័រ ហើយក៏មានចិត្តគិតថា អបាយទាំង ៤ នឹងវិនាសសាបសូន្យ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងបរិបូណ៌ ដូច្នេះហើយក៏នាំគ្នាថ្លែងឧទានទៅកាន់ព្រហ្មលោករបស់ខ្លួនរៀងៗខ្លួន ។ ម្យ៉ាងទៀត ផ្កាឈូកទាំងឡាយ ៥ កើតឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំងឡាយ ៤ អង្គបានកើតឡើងដោយអានុភាពនៃនិមិត្តទាំងឡាយនោះ ហើយអង្គទី ៥ នឹងកើតឡើង ។ សូម្បីសុទ្ធាវាសព្រហ្មទាំងឡាយបានឃើញផ្កាឈូកទាំងនោះ ទើបដឹងនូវសេចក្ដីនោះ ។ ព្រោះហេតុនោះ លោកទើបពោលថា សេចក្តីនោះជាការប្រាកដ សូម្បីដល់បុគ្គលដទៃដោយប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្តវណ្ណនា បុព្ពេនិវាសបដិសំយុត្តកថា) ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕