Reading Article
Public date : 26, Jul 2019 (14,182 Read)
មាគ៌ាឆ្ពោះទៅកាន់និព្វាន

|
គំនិតដែលថានិរវាណៈជាបរមត្ថសច្ចៈនេះ យើងអាចប្រទះឃើញនៅក្នុងធាតុវិភង្គសូត្រ (សូត្រទី១៤០) នៃគម្ពីរមជ្ឈិមនិកាយ ហើយព្រះសូត្រដ៏សំខាន់នេះ ព្រះពុទ្ធជាម្ចាស់បានទ្រង់សម្តែងដល់បុក្កុសាតិ (ធ្លាប់ពោលរួចមកហើយនៅខាងដើម ) ដែលជាមនុស្សឆ្លាតឈ្លាស ហើយដែលព្រះអង្គទ្រង់បានជួបនៅឯផ្ទះជាងស្មូនឆ្នាំង ក្នុងរាត្រីដ៏ស្ងប់ស្ងាត់មួយ ។ ខ្លឹមសារនៃព្រះសូត្រនេះមានដូចតទៅនេះ ៖
មនុស្សប្រកបឡើងមកដោយធាតុ ៦ គឺ បឋវីធាតុ (ដី) អាបោធាតុ (ទឹក) តេជោធាតុ (ភ្លើង) វាយោធាតុ (ខ្យល់) អាកាសធាតុ និងវិញ្ញាណធាតុ តែលុះញែកធាតុទាំងនោះចេញពីគ្នាទៅ ក៏មិនមានអ្វីនៅសល់ដែលយើងអាចនឹងហៅថា " របស់យើង " " ខ្លួនយើង " ឬថាជា " អត្តារបស់យើង " ដឹងត្រឹមតែថាវិញ្ញាណធាតុទាំងនោះ កើតឡើងមកបានយ៉ាងដូចម្តេច និងរលត់ទៅវិញយ៉ាងដូចម្តេចប៉ុណ្ណោះ ។ ដោយអាស្រ័យនូវការដឹងច្បាស់យ៉ាងដូច្នេះ ចិត្តរបស់បុគ្គលរមែងប្រាសចាកនូវតម្រេក បន្ទាប់មកក៏ប្រទះតែសេចក្តីស្ងប់ដ៏បរិសុទ្ធ (ឧបេក្ខា) ដែលអាចនាំទៅដល់ការត្រាស់ដឹង នូវសភាវៈដ៏ល្អប្រសើរខ្ពង់ខ្ពស់ខាងផ្អែកផ្លូវចិត្ត ហើយនិងដឹងថាសេចក្តីស្ងប់ដ៏បរិសុទ្ធនេះ នឹងតាំងនៅបានអស់រយៈពេលយ៉ាងយូរ តែប្រសិនបើបុគ្គលនោះមានគំនិតថា " បើយើងនាំយកសេចក្តីស្ងប់ ដែលបរិសុទ្ធស្អាតផូរផង់នេះ ទៅទុកនៅក្នុងភាវៈ នៃអាកាសធាតុ ដែលមិនមានដែនកំនត់ (អាកាសនញ្ចាយតនៈ) ហើយចម្រើនចិត្តឲ្យស្របជាមួយសភាវៈនោះ នោះឯងគឺជាការតាក់តែងផ្នែកផ្លូវចិត្ត (សង្ខតំ) ។ ប្រសិនបើយើងនាំយកសេចក្តីស្ងប់ដែលបរិសុទ្ធស្អាតផូរផង់នេះ ទៅទុកនៅក្នុងភាវៈនៃវិញ្ញាណធាតុ ដែលមិនមានដែនកំនត់ (វិញ្ញាណញ្ចាយតនៈ) ... ក្នុងភាវៈនៃភាពមិនមានអ្វី (អាកិញ្ចញ្ញាយតនៈ) ឬក្នុងភាវៈនៃនេវសញ្ញានាសញ្ញាយតនៈ ហើយចម្រើនចិត្តឲ្យស្របជាមួយនឹងសភាវៈនោះ នោះឯងគឺការតាក់តែងផ្នែកផ្លូវចិត្ត " ។ បន្ទាប់ពីនោះបុគ្គលនោះ ក៏នឹងមិនសាងឬតាក់តែងចិត្តឲ្យមានសន្តតិ (ការបន្តភ្ជាប់ ) និងការកើតថ្មី (ភវ) ឬការបំផ្លាញ(វិភវ) ។ ពេលមិនសាងឬមិនតាក់តែងចិត្ត ឲ្យមានសន្តតិ និងការកើតថ្មី ឬការបំផ្លាញហើយនោះ ក៏នឹងមិនជាប់ជំពាក់ជាមួយសភាវៈ ទាំងឡាយក្នុងលោក ។ ពេលមិនមានការជាប់ជំពាក់ជាមួយសភាវៈទាំងឡាយ ក្នុងលោក ។ ពេលមិនមានការជាប់ជំពាក់យ៉ាងដូច្នេះ ក៏នឹងមិនមានសេចក្តីប្រាថ្នា ពេលមិនមានសេចក្តីប្រាថ្នា ក៏នឹងមានតែសេចក្តីស្ងប់រម្ងាប់យ៉ាងពេញលេញបរិបូរ (ជាការរលត់នៅខាងក្នុង ឬដែលភាសាបាលីពោលថា បច្ចត្តំយេវ បរិនិព្វាយាតិ ) បន្ទាប់មកក៏នឹងដឹងថា " គ្មានការកើតទៀត មានជីវិតរស់នៅយ៉ាងបរិសុទ្ធ អ្វីដែលគួរធ្វើក៏បានធ្វើហើយ មិនមានអ្វីដែលត្រូវធ្វើតទៅទៀត " ។ តមកពេលបុគ្គលនោះសោយសុខវេទនា ទុក្ខវេទនា ឬឧបេក្ខាវេទនា ក៏នឹងដឹងច្បាស់ថានោះជាសភាវធម៌ មិនទៀងទាត់ឋិតឋេរ មិនកើតនូវការប្រកាន់មាំ មិនមានអារម្មណ៍ ស្លុងទៅតាម វេទនានោះៗ មិនថានឹងមានវេទនាប្រភេទណាកើតឡើង ក៏នឹងសោយនូវវេទនាទាំងនោះ ដោយការមិនប្រកាន់មាំ (វិសំយុត្តោ) ដឹងច្បាស់ថាវេទនាទាំងឡាយ ទាំងពួងនោះនឹងស្ងប់រម្ងាប់ទៅបាន ពេលរាងកាយបែកធ្លាយ (ស្លាប់) ប្រៀបដូចអណ្តាតភ្លើងចង្កៀង ដែលរលត់ពេលអស់ប្រេង និងប្រឆេះយ៉ាងដូច្នោះដែរ ។ " ម្នាលភិក្ខុ! ដោយហេតុនេះ បុគ្គលដែលមានគុណសម្បត្តិដូច្នេះរមែងជាអ្នកដែលប្រកបទៅដោយឧត្តមបញ្ញា ព្រោះថាការដឹងច្បាស់ពីការរលត់ទៅនៃទុក្ខទាំងពួង នោះ គឺជាអរិយបញ្ញាដ៏ឧត្តម " ។ " ការរួចស្រឡះរបស់បុគ្គល ដែលមានឫសគល់ចេញពីការឃើញច្បាស់នូវសច្ចៈ នេះជាការរួចស្រឡះ ដែលមិនញាប់ញ័រ ។ ម្នាលភិក្ខុ! សភាវៈណាដែលមិនពិត (មោសធម្ម) គឺជាសភាវៈដែលបោកបញ្ឆោតសភាវៈដែលពិត (អមោសធម្ម) គឺព្រះនិព្វាន ជាការពិតដ៏ប្រសើរ (បរមសច្ច) ។ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែលប្រកបដោយគុណសម្បត្តិយ៉ាងនេះ ឈ្មោះថាជាអ្នកប្រកបដោយបរមសច្ចៈ ដោយអាស្រ័យការយល់ច្បាស់នូវអរិយសច្ចៈ គឺព្រះនិព្វាន ដែលជាសភាវៈពិត " ។ ក្នុងទីឯទៀត ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ប្រើពាក្យ " សច្ចៈ " ជំនួសឲ្យពាក្យ " និព្វាន " ថា " យើងនឹងបង្រៀនសច្ចៈ និងផ្លូវឆ្ពោះទៅកាន់សច្ចៈដល់អ្នក " សច្ចៈក្នុងទីនេះ គឺសំដៅដល់ និរវាណៈ យ៉ាងពិតប្រាកដ ។ ចុះអ្វីទៅជាបរមសច្ចៈ? បរមសច្ចៈនៅក្នុងផ្លូវព្រះពុទ្ធសាសនា មានន័យយ៉ាងដូចម្តេចថា ពុំមានសភាវៈណាមួយនៅក្នុងលោក ដែលមានលក្ខណៈពេញលេញបរិបូរ (not perfect) ។ អ្វីៗគ្រប់យ៉ាងមានការប្រាស្រ័យនូវគ្នានឹងគ្នា មានឥទ្ធិពលទៅវិញទៅមក មិនទៀងទាត់ឋិតឋេរ ។ មិនមានសភាវៈ ដែលជាខ្លឹមសារដូចជា អត្តា វិញ្ញាណឬអាត្ម័ន ដែលមិនមានការផ្លាស់ប្តូរ ទៀងទាត់ឋិតឋេរ ហើយពេញលេញបរិបូរនោះទេ មិនថានៅក្នុងរាងកាយឬក្រៅរាងកាយ ទាំងនេះ គឺបរមសច្ចៈ ។ សច្ចៈរមែងមិនប្រព្រឹត្តទៅនៅក្នុងផ្លូវអវិជ្ជមាន ទោះបីជាមានមនុស្សនាំគ្នានិយាយថា សច្ចៈក្នុងផ្លូវអវិជ្ជមានក៏ដោយចុះ ។ ការធ្វើឲ្យជាក់ច្បាស់នូវសច្ចៈ នេះពោលគឺការឃើញច្បាស់នូវសភាវៈទាំងឡាយទៅតាមសេចក្តីពិត (យថាភូតំ) ដោយប្រាសចាកមាយាឬអវិជ្ជា បានដល់ការអស់ទៅនៃតម្រេក (តណ្ហក្ខយ) និងការរលត់ទៅ (និរោធ) នៃទុក្ខ គឺជានិរវណៈ ។ ជាការមិនត្រឹមត្រូវប៉ុន្មានឡើយ ដែលគិតថានិរវាណៈ ជាផលតាមធម្មជាតិ របស់ការរលត់ទៅនៃតណ្ហា ត្បិតថានិរវាណៈ មិនមែនជាផលនៃអ្វីមួយឡើយ ។ បើនិរវាណៈ ជាផលនៃសភាវៈណាមួយនោះ និរវាណៈ ក៏នឹងជាផលដែលកើតមកពីហេតុ ជាសង្ខតៈ (មានបច្ច័យតាក់តែង) ដែលត្រូវតាក់តែងឡើងនិងប្រព្រឹត្តទៅតាមក្រឹត្រក្រម ។ និរវាណៈ មិនមែនជាហេតុទាំងមិនមែនជាផល ព្រោះជាអ្វីដែលស្ថិតនៅលើហេតុនិងផល ។ សច្ចធម៌មិនមែនជាផល ហើយក៏មិនមែនជាវិបាក ដែលមិនត្រូវបានតាក់តែងឡើងមកដូចជាសភាវៈផ្លូវចិត្តដ៏សុខម មានឈាន ឬសមាធិ ជាដើមនោះឡើយ ។ ការពិតក៏គឺការពិត និរវាណៈក៏គឺនិរវាណៈ មានរឿងមួយប៉ុណ្ណោះដែលអ្នកគួរធ្វើក៏គឺ ការដឹងច្បាស់ឃើញច្បាស់នូវនិរវាណៈ តែនិរវាណៈមិនមែនជាផលនៃមាគ៌ានោះឡើយ ប្រៀបដូចពេលអ្នកធ្វើដំណើរតាមផ្លូវឡើងភ្នំ ភ្នំក៏មិនមែនជាផលឬវិបាករបស់ផ្លូវ ឬពេលអ្នកឃើញពន្លឺអ្វីមួយ ពន្លឺនោះក៏មិនមែនជាផលនៃភ្នែករបស់អ្នកនោះឡើយ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន កុសល ។ ដោយ៥០០០ឆ្នាំ |