Reading Article
Public date : 04, Jun 2022 (22,223 Read)
មិនជាទាសៈនៃមាយាធម៌

|
មិនជាទាសៈនៃមាយាធម៌
មាយាធម៌គឺរឿងដែលជាមាយា មិនមែនសច្ចៈដែលពិតប្រាកដឡើយ ដូចជា លាភ យស សរសើរ សុខជាដើមដែលលាយច្រឡំទៅដោយអាមិស គឺនុយ ឬគ្រឿងបោកបញ្ឆោត ។ របស់ទាំងអស់នេះវាជារបស់នៅក្នុងលោក គេនាំគ្នាសន្មតឡើយតែប៉ុណ្ណោះ មិនពិតប្រាកដទេ ប្រៀបបីដូចជាល្ខោន ឬប្រៀបបីដូចជាការយល់សប្តិដូច្នោះឯង យកពិតប្រាកដអ្វីមិនបានឡើយ ។ អត់លាភ អត់យស និន្ទា ទុក្ខ ក៏មានទំនងដូចគ្នាដែរ ។ លាភ គឺរបស់ដែលបានមកនោះឯង បុគ្គលដឹងថាជាលាភព្រោះពេញចិត្តក្នុងការបាននូវរបស់នោះ ឬមិនមិនត្រូវការទេកាលដែលបាននូវរបស់នោះមក ក៏មិនចាត់ទុកថាជាលាភដែរ ត្រឡប់ទៅយល់ថា វាជាភារៈ ឬ ជាគ្រឿងនាំឲ្យខ្វល់ទៅវិញ ។ ទោះបីវាជារបស់ដែលត្រូវការប្រាថ្នាចង់បានក៏ដោយកាលដែលបានមកហើយក៏នៅមានទុក្ខជាប់តាម ស៊កសៀកមកជាមួយផងដែរ ។ អ្នកខ្លះត្រូវបាត់បង់ជីវិតព្រោះមានលាភនិងរក្សាការពារលាភ ខ្លះត្រូវមានទុក្ខសោកសៅ នៅពេលដែលលាភនោះវិនាសទៅតាមធម្មតារបស់សង្ខារ នេះព្រោះការហួងហែងចង់ឲ្យលាភនៅជារបស់ខ្លួនរហូត ។ យស គឺភាពជាធំ (ឥស្សរិយយស) ការបានទទួលនូវសេចក្តីគោរពរាប់អាន ឬកោតក្រែង (កិត្តិយស) និងការមាននូវបរិវារច្រើន (បរិវារយស) ទាំងអស់នេះគឺវាមាននូវសេចក្តីសំខាន់ សម្រាប់អ្នកដែលត្រូវការប្រាថ្នាចង់បានតែប៉ុណ្ណោះ ឯចំណែកអ្នកដែលមិនត្រូវការវិញ បែរជាឃើញថាវាជារបស់គួរឲ្យខ្លាច ។ ជាការពិតប្រាកដណាស់ យសគឺជារបស់ដែលការទាញយកមកនូវកង្វល់គ្រប់យ៉ាង មិនថាតែយសបែបណាមួយនោះឡើយ ក្រៃលែងជាងនោះទៅទៀត អ្នកដែលជាប់ ជំពាក់ប្រកាន់មាំក្នុងយស កាលណាមិនបានយសតាមដែលគិតទុក ក៏ជាទុក្ខក្តៅក្រហាយ ហើយខឹងក្រោធរករឿងអ្នកដែលបាន មានចិត្តឬស្យាបំណងព្យាបាទតាមមកដុតចិត្តខ្លួនឯងទាំងយប់ទាំងថ្ងៃ ។ យសជារបស់ដែលគេសន្មត់ឲ្យ ដូរផ្លាស់ប្រែប្រួលគ្រប់ពេល មិនមានភាពមាំទាំអ្វីក្នុងយសខ្លួនឯងឡើយ ប៉ុន្តែវាក៏មានឥទ្ធិពលគ្របសង្កត់បៀតបៀនចិត្តរបស់មនុស្សសឹងតែទាំងអស់គ្នាក្នុងលោកនេះ ។ សរសើរ ក្នុងឋានៈជាមាយាធម៌ ព្រោះយើងទៅធ្វើឲ្យត្រូវចិត្តគេ ឬព្រោះតែគេពេញចិត្តយើង គេក៏សរសើរយើង ទៅហើយគ្រាកាលដែលគេមិនពេញចិត្ត គេក៏និន្ទាតាមអធ្យាស្រ័យរបស់គេដែរទៅ ។ ចោរក៏ចេះសរសើរចោរផងគ្នាដែរ ចោរដែលបានទទួលការសរសើរលើកតម្កើងដ៏ធំធេងក្រៃលែងគឺមេចោរ ឬមហាចោរ ដូចជាពូកែដឹកនាំកូនចោរទៅប្លន់ មានល្បិចកលខ្ពស់ កោងកាចចិត្តដាច់ជាដើម ។ ថ្ងៃនេះគេសរសើរយើង ថ្ងៃស្អែកគេអាចនិន្ទាតិះដៀលយើង ។ ថ្ងៃនេះគេនិន្ទាតិះដៀលយើង ថ្ងៃស្អែកគេអាចសរសើរយើង ។ ក្នុងថ្ងៃតែមួយពេលតែមួយ គេអាចសរសើរយើងខ្លះ និងតិះដៀលយើងខ្លះដូច្នេះ មិនពិតប្រាកដមិនទៀងទាត់ មិនមាំមួន គួរឲ្យធុញទ្រាន់នឿយណាយមែនទែន ។ មនុស្សយើងត្រូវយល់ថា យើងបានល្អដោយសារគេសរសើរក៏ទេ យើងទៅជាមនុស្សអាក្រក់ព្រោះគេតិះដៀលក៏ទេដែរ តាមសេចក្តីពិត យើងល្អព្រោះធ្វើល្អ និងយើងអាក្រក់ព្រោះធ្វើអាក្រក់ នេះជាច្បាប់ហេតុផល ។ ពាក្យសរសើរ និងពាក្យនិន្ទាតិះដៀលនោះ ខ្លះក៏ត្រូវនឹងការពិត ខ្លះទៀតក៏ខុសពីការពិតយ៉ាងច្រើន ដូច្នេះបើអ្នកណាសរសើរ យើងក៏កុំទាន់ត្រេកអរទទួលយក ព្រោះបើរវល់តែត្រេកអរទទួលយកដោយខ្វះការពិចារណាសិននោះ យើងប្រាកដជាមិនអាចបានដឹងតាមសេចក្តីពិតថា គេសរសើរយើងត្រូវឬខុសនោះឡើយ ។ បើគេតិះដៀលយើងក៏កុំប្រញាប់ខឹងក្រោធឬទោមនស្សដោយខ្វះអំណត់អត់ធន់នោះ ព្រោះបើរវល់តែខឹងក្រោធហើយ យើងគឺមិនអាចនឹងបានដឹងថា គេតិះដៀលយើងត្រូវឬក៏ខុស នោះដែរ ។ ក្នុងស្មារតីកសាងខ្លួន មនុស្សយើងត្រូវទទួលយកនូវពាក្យអ្នកដទៃ ទោះជាពាក្យសរសើរក្តី និន្ទាក្តីមកជាគ្រូ គឺយើងត្រូវទទួលយកដោយការពិចារណាទៅតាមសេចក្តីពិត ។ ការបានទទួលពាក្យសរសើរច្រើន អាចធ្វើឲ្យអ្នកដែលមានសតិបន្តិចបន្តួច វង្វេងឈ្លក់នឹងខ្លួនឯង ហើយខូចខ្លួនទៅក៏មានដែរ ។ត្រូវចាំថា " ពាក្យសរសើរ ដូចជាស្រានាំងឲ្យស្រវឹង" ដូច្នេះត្រូវចេះទទួលយកដោយស្មារតី បើជាការពិតក៏ទុកជាថ្នាំសម្រាប់ជួយឲ្យមានកម្លាំងចិត្តធ្វើការងារល្អជាបន្តទៀតទៅ " ពាក្យនិន្ទា ដូចជារបស់ល្វីង មិនមាននរណាត្រូវការ តែបើពិចារណាដោយបញ្ញា អាចសម្រចប្រយោជន៍ដ៏ធំបាន " ។ សេចក្តីសុខ មានពីរយ៉ាងគឺ សុខដែលលាយដោយអាមិស ហៅថា សាមិសសុខ នេះម្យ៉ាង ឯសេចក្តីសុខម្យ៉ាងទៀត គឺសុខដោយមិនមានលាយដោយអាមិស ប្រាសចាកអាមិស នេះហៅថា និរាមិសសុខ ។ អាមិសដែលនិយាយមកនេះ គឺគ្រឿងបោកបញ្ឆោត និយាយឲ្យចំគឺជានុយ បានដល់ រូប សំឡេង ក្លិន រស និងគ្រឿងសម្ផស្សផ្លូវកាយ ដែលជាទីបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ។ សុខដែលលាយទៅដោយអាមិសនេះឯង ដែលជាមាយាធម៌ ព្រោះលាយទៅដោយទុក្ខ ដូចត្រីដែលមានឆ្អឹង អ្នកបរិភោគមិនប្រយ័ត្ន រមែងបានដល់នូវសេចក្តីទុក្ខព្រោះឆ្អឹងត្រីស្លាក់ក ម្យ៉ាងទៀតសុខនេះឯងមិនទៀង មិនយឺនយូរ មិនឋិតថេរ ដូរផ្លាស់ទៅជាទុក្ខបានដោយងាយ ។ សុខរបស់មនុស្សមា្នក់ អាចជាទុក្ខរបស់មនុស្សមា្នក់ទៀត ។ ក្នុងខណៈដែលមនុស្សម្នាក់ស្វែងរកសេចក្តីសុខមនុស្សម្នាក់ទៀតត្រូវបាត់បង់នូវសេចក្តីសុខ ព្រោះបានទទួលរងនឹងតណ្ហាប្រាថ្នាសុខរបស់គេ ។ អ្នកស្វែងរកនូវសេចក្តីសុខដូចនេះ គឺជាការសាងកម្មពៀរ ព្រោះជាការស្វែងរកនូវសេចក្តីសុខលើសេចក្តីទុក្ខរបស់អ្នកដទៃ ខ្វះមេត្តាត្រាប្រណីខ្វះការយកខ្លួនឯងជាឧបមា ។ បុគ្គលអ្នកប្រាថ្នាសេចក្តីសុខ ដែលសេចក្តីសុខនោះជាសាមិសសុខ គឺត្រូវស្វែងរកពីខាងក្រៅយកមក រមែងប្រព្រឹត្តទៅមិនបានឡើយ ដែលថាឲ្យសមតាមសេចក្តីប្រាថ្នា គ្រប់ពេលគ្រប់គ្រានោះ គឺវារមែងមាននូវឧបសគ្គជាគ្រឿងរារាំងដែលជាហេតុនាំឲ្យកើតទុក្ខ ។ សេចក្តីសុខដែលស្វែងរកពីខាងក្រៅ មិនអាចធ្វើឲ្យគ្រប់គ្រាន់បានតាមសេចក្តីត្រូវការរបស់ខ្លួនឡើយ ។ កាលបើដូច្នេះ គេរមែងស្រេកឃ្លានចំពោះសេចក្តីសុខជានិច្ច ហើយរឹងរឹតតែស្រេកឃ្លានខ្លាំងឡើងថែមទៀតផង ប្រៀបដូចជាគេផឹកទឹកប្រៃក្នុងមហាសមុទ្រដូច្នោះឯង ។ គេចេះតែស្វែងរកបន្តទៅហាក់ដូចជាមិនចេះស្លាប់ទីបំផុតគេមិនអាចជួបនូវចំណុចគ្រប់ ចំណុចឆ្អែតនោះឡើយហើយក៏បានលាចាកលោកនេះទៅទាំងមិនសុខចិត្ត ។ សាមិសសុខនរះ ច្រើនតែមានទុក្ខជាដើមទុន ពេលខ្លះក៏បានសមតាមប្រាថ្នា អាចទូទាត់នឹងដើមទុនដែលជាសេចក្តីទុក្ខ ឬក៏អាចកម្រៃខ្លះបន្តិចបន្តួច តែពេលខ្លះ គឺមិនអាចបានសេចក្តីសុខតាមសេចក្តីប្រាថ្នានោះឡើយ ម្ល៉ោះហើយត្រូវខាតទុន មានតែសេចក្តីទុក្ខទ្វេគុណ ពោលគឺជួញបានតែសេចក្តីទុក្ខ ។ ចំណែកសេចក្តីសុខដែលកើតឡើងក្នុងចិត្តដោយគុណធម៌ ឬដោយសេចក្តីស្ងប់ រមែងជាសេចក្តីសុខពិត ជាកម្រៃរបស់ជីវិត មិនលាយច្រឡំដោយទុក្ខ ឬមិនមានទុក្ខជាប់មកតាមក្រោយឡើយ ពោលគឺមិនមែនជាមាយាធម៌ទេ ។ រួមសេចក្តីមក លោកធម៌ទាំង៨ គឺលាភ អលាភយស អយស និន្ទា សរសើរ សុខទុក្ខ ជាមាយាធម៌ បញ្ឆោតឲ្យមនុស្សវង្វេង ជ្រប់នៅ ជាប់នៅ ។ ផលដែលជាប់តាមក្រោយមកគឺ សេចក្តីទុក្ខ សេចក្តីក្តៅក្រហាយ ។ ការអប់រំចិត្តឲ្យនៅពីលើរបស់ទាំងអស់នេះ មិនឲ្យចិត្តនៅជាទាសៈតទៅទៀតនេះគឺជាសេចក្តីសម្រេចដ៏ពិតប្រាកដនៃជីវិត ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |