Reading Article
Public date : 25, Jul 2019 (22,204 Read)
រឿងហង្សនិងក្អែក

|
រឿងហង្សនិងក្អែក
(ចាក គ.ប.) (ការដែលនៅជិតជនអសប្បុរសតែងមានទុក្ខ) នៅតាមផ្លូវទៅកាន់ក្រុងឧជ្ជយិនី មានដើមឈើធំមួយ មានមែកទ្រឈឹងទ្រឈៃ ។ សត្វហង្សនិងក្អែកអាស្រ័យនៅដើមឈើនោះ ។ នៅរដូវក្តៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួលដាក់ធ្នូនិងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលង់លក់ទៅ ។ ក្រោយបន្តិច មកម្លប់ដើមឈើនោះរេបែរឃា្លតចេញពីមុខអ្នកដំណើរនោះ ។
កាលនោះហង្សទំនៅលើដើមនោះ ក្រឡេកទៅឃើញមុខអ្នកដំណើរចាំងដោយកំដៅព្រះអាទិត្យ កើតមានចិត្តល្អជាចិត្តបុណ្យដ៏ត្រជាក់ត្រជុំ ទើបកាងស្លាបខ្លួនបាំងកំដៅព្រះអាទិត្យម្លប់ទៅចំមុខអ្នកដំណើរនោះដោយចិត្តអាណិត ។ រីឯអ្នកដំណើរកំពុងអស់កម្លាំងខ្លាំងបានម្លប់ត្រជាក់ស្រួលក៏ដេកលក់ស៊ប់ច្រហរមាត់ធ្លុង ។ គ្រានោះឯងក្អែកដែលនៅជាមួយគ្នាជាសត្វមានចិត្តអាក្រក់ ជាសភាពទុជិនពីកំណើតតែងច្រណែនជនដទៃជានិច្ចមិនចង់ឲ្យគេបានសេចក្តីសុខសោះក៏បន្ទោបង់អាចម៍ខ្លួនឲ្យធ្លាក់ទៅចំប៉ាច់ក្នុងមាត់នៃអ្នកដំណើរនោះហើយហើរចេញបាត់ទៅភ្លាម ។អ្នកដំណើរត្រូវអាចម៍ក្អែកមួយដុំចំមាត់ក្នាញ់ណាស់! ក្រោកក្រទីក្រទាឡើង ក្រឡេកមើលទៅលើឃើញតែហង្សមិនឃើញក្អែក ក៏ចាប់ទាញធ្នូមក ហើយបាញ់តម្រង់ទៅត្រូវស្លាប់ទៅហោង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |