Reading Article
Public date : 24, Jul 2019 (16,995 Read)
ទប់ទល់ជាមួយទុក្ខ

|
កូនជាទីស្រឡាញ់! រាងកាយមាំមួន រមែងមិនត្រូវរោគភ័យ បៀតបៀនបានដោយងាយឡើយ ភាពរឹងប៉ឹងមាំមួននៃរាងកាយអាចទប់ទល់នឹងរោគផ្សេងៗ បាន ឈ្មោះថាទប់ទល់នឹងទុក្ខផ្លូវកាយ ធ្វើឲ្យកាយជាសុខ ។ មានទំនងដូចគ្នាដែរ គឺថាបើមិនត្រូវការឲ្យចិត្តមានទុក្ខទេ ត្រូវសាងភាពរឹងប៉ឹងឲ្យដល់ចិត្ត សម្រាប់ទប់ទល់ជាមួយនឹងទុក្ខផ្លូវចិត្តឲ្យបានល្អ ។
ការពិត ទុក្ខផ្លូវចិត្តនោះ មានហេតុមកអំពីការនឹកគិតតាក់តែងនៃចិត្តខ្លួនឯងជាសំខាន់ គឺចិត្តបានចាប់យករឿងរ៉ាវផ្សេងៗ អំពីការដែលបានឃើញខ្លះ ឮ ខ្លះ ជាដើម ហើយចេះតែយកមកនឹកគិតតាក់តែងឲ្យជាយ៉ាងនេះ ឲ្យជាយ៉ាងនោះតាមការសោយអារម្មណ៍របស់ខ្លួន ។ រឿងរ៉ាវដែលចិត្តចាប់យកមកបាននោះ បើចិត្តខ្លះឯងនឹកគិតសេពសោយទៅឆ្ងាញ់ ពៅលគឺពេញចិត្ត ក៏កើតបានទៅជាសេចក្តីសុខក្នុងចិត្តហ្នឹងទៅ តែបើនឹកគិតសេពសោយទៅមិនឆ្ងាញ់ទេ មិនពេញចិត្តទេ ក៏នាំកើតទុក្ខនៅក្នុងចិត្តសន្តានបានដូចគ្នាដែរ ។ រឿងតែម្យ៉ាងជាមួយគ្នា អាចអ្វើឲ្យមនុស្សម្នាក់មានចិត្តជាសុខ ហើយមនុស្សម្នាក់ទៀតកើតទុក្ខរោលក្នុងចិត្តសន្តាន បាយមិនបានសម្រាន្តមិនលក់ នេះមកអំពីការនឹកគិតតាក់តែងរបស់ចិត្តរៀងៗ ខ្លួន ។ ព្រោះហេតុដូចពោលមកនេហ កាលបើកូនមិនត្រូវការឲ្យទុក្ខមករុករានទន្ទ្រានរបស់កូនទេ កូនគប្បីព្យាយាមសាងភូមិឋានឲ្យបានមាំ សម្រាប់ទប់ទល់ជាមួយទុក្ខ ។ កូនត្រូវតាំងសតិឲ្យល្អ នៅពេលជួបប្រសព្វរឿងអ្វីក៏ដោយចុះ ត្រូវចោលបានក៏ចោល កុំចាំបាច់យកមកត្រិះរិះគិតតាក់តែង ពោលគឺកុំយកមកជាអារម្មណ៍ តែបើយកមកជាអារម្មណ៍ គឺកូនត្រូវគិតដោយយ៉ាងមានសតិជាទីបំផុត គិតឲ្យសព្វគ្រប់ហើយច្បាស់លាស់សិន កុំប្រញាប់សម្រេចសេចក្តីដោយងាយៗ។ ចិត្តដែលប្រកបដោយសតិសម្បជញ្ញៈក្នុងការទទួលអារម្មណ៍ មានយោនិសោមនសិការគ្រប់គ្រាន់ នោះឯងគឺជាភូមិឋានមាំទាំ ដែលសម្រាប់ទប់ទល់ជាមួយទុក្ខ គឺជាសុខភាពផ្លូវចិត្ត ដែរអាចរារាំងនូវទុក្ខកង្វល់បាន ។ ភូមិឋានមាំទាំជាជំរំសតិ និងជាសុខភាពរបស់ចិត្តនេះ មិនងាយនឹងកសាងបានឡើយ កូនត្រូវហ្វឹកហាត់ជារឿយៗ ហ្វឹកហាត់ឲ្យយូរ ហើយហឹ្វកហាត់ជារៀងរហូតតទៅដូច្នេះទើបអាចមានផលកាន់តែប្រសើរឡើង ។ ចូរកូនកុំភ្លេចថា ការងារសំខាន់បំផុត គឺហ្វឹកហាត់ឲ្យចិត្តមានសុខភាព និងកុំភ្លេចគិតឲ្យខ្លួនឯងរស់នៅជាសុខមានភូមិឋានព្រះធម៌ក្នុងចិត្តផង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |