Reading Article
អានសរុប:
៦៥,២៧១,៨៧៦ ដង
Scan Link
អនត្តានិងកម្ម
Public date : 12, Feb 2026 (19,501 Read)
|
|
|
អនត្តានិងកម្ម
មានសំនួរសួរថា បើមិនមានខ្លួនទេ តើអ្នកណាធ្វើបុណ្យ? តើអ្នកណាទទួលផលបុណ្យ? និងតើអ្នកណាទៅព្រះនិព្វាន? ចម្លើយ
ពុទ្ធបរិស័ទបានស្ដាប់ឮពាក្យថា អនត្តា ប្រែថា មិនមែនខ្លួន ប៉ុន្តែដោយមិនបានឃើញនូវខន្ធ ៥ គឺរូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខាក្ខន្ធ ១ និងវិញ្ញាណក្ខន្ធ១ តាមពិត ដែលមិនមែនជាសត្វបុគ្គលតួខ្លួនមែននោះ ក៏កើតទៅជាការឆ្ងល់ក្នុងបញ្ហានេះឡើង។ ប្រសិនបើបានឃើញនូវខន្ធ ៥ ដែលជាជីវិតនេះតាមសេចក្ដីពិតហើយ ការឆ្ងល់អំពីអ្នកនេះ អ្នកនោះទៀតមិនមានឡើយ។ ដោយបរមត្ថសច្ចៈ បុណ្យក្ដី បាបក្ដី ជាធម្មជាតិអាស្រ័យបច្ច័យកើតឡើង មិនមានអ្នកណាចាំបាច់មកធ្វើបុណ្យឬបាបនេះឲ្យកើតឡើងនោះទេ ប្រៀបដូចការកើតឡើងនៃផ្លេកបន្ទោរ ឬឥន្ទធនូ ដូច្នោះឯង។ បុណ្យនិងបាប សុទ្ធតែជាតួកម្ម កាលបើមានឱកាសដ៏សមគួរហើយក៏ជាបច្ច័យញ៉ាំងផលវិបាកឲ្យកើតឡើង។ ដំណើរជីវិតគឺជាក្រសែនៃសង្ខារធម៌សុទ្ធ ដែលកើតបន្តគ្នាប្រៀបដូចជាអណ្ដាតភ្លើងដែលចេះតែឆេះតៗគ្នា ដរាបណាដែលនៅតែមានអុសដាក់សម្រាប់ឲ្យឆេះនោះឯង។ ដោយសម្មតិសច្ចៈ ក៏មានការសន្មតនូវក្រសែនៃសង្ខារធម៌សុទ្ធនោះៗ មួយខ្សែៗ ក្នុងសង្សារវដ្ដនេះ ថាជាបុគ្គលនេះឬបុគ្គលនោះអ៊ីចឹងទៅ។ ទោះជាសន្មតថាអ្នកនេះធ្វើកម្ម ឬអ្នកនោះទទួលផលកម្ម ក៏មិនមានសភាវធម៌អ្វីបន្ថែមពីលើបរមត្ថសច្ចៈទៀតដែរ វានៅត្រឹមតែជាក្រសែនៃសង្ខារធម៌សុទ្ធដដែល គឺកិលេសនាំឲ្យកើតកម្ម ឯកម្មនាំឲ្យកើតផលវិបាក រួចហើយព្រោះការមិនដឹងគឺអវិជ្ជាក៏បង្កនូវកិលេស សភាពបែបនេះបន្តគ្នាអស់កាលដ៏យូរអង្វែងមកហើយ ដែលមិនអាចដឹងទីបំផុតខាងដើម។ និព្វាន គឺអស់កិលេស អស់កម្ម អស់ផលវិបាករបស់កម្ម អស់ទុក្ខ អស់បញ្ហា អស់ក្រសែនៃសង្ខារអស់ការតាក់តែងដោយហេតុដោយបច្ច័យ។ ព្រោះការអស់ទៅយ៉ាងនេះឯងទើបមានការសន្មតថា បុគ្គលបានដល់នូវព្រះនិព្វាន។ ដែលថាបុគ្គល គឺសន្មតទៅលើក្រសែនៃសង្ខារធម៌ដដែលហ្នឹងឯង តែនេះមកអំពីខ្សែនៃសង្ខារធម៌នោះត្រូវដាច់ កិលេសត្រូវអស់ ទុក្ខត្រូវរលត់។ ក្រសែរបស់សង្ខារធម៌ ជាតួបរមត្ថប្រព្រឹត្តទៅតាមច្បាប់ធម្មតា តាមបុណ្យតាមបច្ច័យនៃសង្ខារធម៌នោះឯង ចំណុចខំខាន់គឺមានការដឹងទាន់ ហើយចែកសម្មតិឲ្យដាច់ចេញពីបរមត្ថ។ ពេលណាដែលយើងនិយាយដល់បរមត្ថក៏និយាយទៅតាមបរមត្ថ ពេលណាត្រូវប្រើសម្ថតិ ក៏និយាយទៅតាមសម្មតិ គឺកុំឲ្យច្របូកច្របល់ន័យសេចក្ដីគ្នានិងត្រូវយល់អំពីបរមត្ថ មានស្មារតីរលឹកដឹងនូវសភាវធម៌ជាគោលជំហរឬជាភូមិឋាន ទោះជាពោលអំពីរឿងរ៉ាវសត្វបុគ្គល ក៏មិនប្រឡាក់ដោយទិដ្ឋិគឺការយល់ខុសដែរ។ ទាំងបរមត្ថ ទាំងសម្មតិ សុទ្ធតែចាំបាច់ទាំងអស់។ បរមត្ថជសភាវៈរបស់ធម្មជាតិ ចំណែកសម្មតិជារឿងមានប្រយោជន៍ សម្រាប់ការរស់នៅរបស់មនុស្សទាំងឡាយប៉ុន្តែ បញ្ហាកើតឡើង ព្រោះមនុស្សយើងយកបរមត្ថមកច្របូកច្របល់ជាមួយនឹងសម្មតិ គឺចូលទៅកាន់យកតួបរមត្ថឲ្យប្រព្រឹត្តទៅតាមសម្មតិ ទើបកើតភាពវឹកវរឡើង។ បរមត្ថធម៌មិនវរវឹកឡើយ ព្រោះវាប្រព្រឹត្តទៅយ៉ាងនោះឯង តាមប្រក្រតីធម្មតា មិនទាក់ទងនឹងអ្នកណាប្រកាន់ឬមិនប្រកាន់ឡើយ មានតែចំណែកខាងមនុស្សប៉ុណ្ណោះ ដែលវឹកវរក្រវាយក្រវល់ និងម្យ៉ាងទៀត ដោយមកអំពីបរមត្ថធម៌មិនបានវឹកវរផងហ្នឹងឯង ទើបមនុស្សរឹងរឹតតែវឹកវរឡើងៗ ព្រោះប្រឆាំងទាស់នឹងសេចក្ដីប្រាថ្នាដែលមនុស្សលោកនេះ ចេះតែចង់ឲ្យយ៉ាងនេះ ចង់ឲ្យយ៉ាងនោះ ពោលគឺចង់កែប្រែធម្មជាតិ ម្លោះហើយបញ្ហាចេះតែកើតឡើងដល់ខ្លួនឯង។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |
Scan Link
Articles you may like
