Reading Article
Public date : 29, Jul 2019 (14,517 Read)
ទ្រទ្រង់ព្រះពុទ្ធសាសនា

|
ទ្រទ្រង់ព្រះពុទ្ធសាសនា
នៅក្នុងអដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរព្រះអភិធម្ម បានសម្ដែងថា បុគ្គលដែលមានបញ្ញាអន់ថយ មានការអង្គុយនៅកណ្ដាលបរិស័ទជាឧបដ្ឋាកទាំងឡាយ ហើយបានពោលថា <<យើងរមែងលះបង់នូវបរិយត្តិ>>ដូច្នេះជាដើម។ (ចំពោះពាក្យទាំងស្រុង ដូចជាពោលថា) កាលដែលយើងត្រួតមើលពួក ៣ នៃធម៌ដែលញ៉ាំងសត្វឲ្យយឺតយូរ (តណ្ហា មានះ ទិដ្ឋិ) មគ្គនោះឯងមកហើយព្រមដោយឫទ្ធិ។ ឈ្មោះថាបរិយត្តិ មិនជារបស់ដែលបានធ្វើដោយលំបាកសម្រាប់ពួងយើងទេ តែការចូលចិត្តធ្ងន់ចិត្តទៅក្នុងបរិយត្តិ រមែងមិនរួចផុតចាកទុក្ខឡើយ។ ការពោលដូចនេះ គឺមានសេចក្ដីប្រាថ្នាសម្ដែងខ្លួនឲ្យស្ដែងថាខ្លួនជាមនុស្សមានបញ្ញាច្រើន។ ការដែលភិក្ខុនោះពោលដូចនេះ ឈ្មោះថា ទម្លាយព្រះពុទ្ធសាសនា។ ម្យ៉ាងទៀត ឈ្មោះថា មហាចោរដូចជាបុគ្គលនេះ រមែងមិនមានទៀតឡើយ ព្រោះថា អ្នកទ្រទ្រង់នូវព្រះបរិយត្តិធម៌ រមែងមិនរួចផុតចាកទុក្ខនោះ គឺរកមិនមានទេ។ សេចក្ដីនៅក្នុងគម្ពីរ ដែលបានដកស្រង់យកមកនេះយើងគួរយល់ដូចតទៅ ១- ទ្រទ្រង់នូវបរិយត្តិធម៌ គឺទ្រទ្រង់ព្រះសម្មាសម្ពុទ្ធព្រោះព្រះធម៌ដែលព្រះអង្គសម្ដែងហើយ វិន័យដែលព្រះអង្គបញ្ញត្តហើយ ជាព្រះសាស្ដាបន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វានទៅ។ ២- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវព្រះធម្មរតនៈ ដែលជារតនៈដ៏ឧត្ដមក្នុងលោក ធ្វើឲ្យគង់វង្សនូវព្រះពុទ្ធសាសនា។ ៣- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវព្រះសង្ឃរតនៈ ព្រោះបើមិនមាននូវព្រះបរិយត្តិធម៌ទេ ព្រះសង្ឃក៏មិនមានដែរ។ ៤- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវការងាររបស់សង្ឃគ្រប់សង្គាយនាទាំងអស់ មានបឋមសង្គាយនាជាដើម ជាការងារដ៏ធំធេងក្នុងព្រះពុទ្ធសាសនា។ ៥- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវគុណសម្បត្តិរបស់ពុទ្ធបរិស័ទ ដែលព្រះសម្មាសម្ពុទ្ធទុកដាក់នូវព្រះសាសនាឲ្យ ហើយទើបដាក់នូវព្រះជន្មាយុសង្ខារ។ ៦- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវព្រះធម្មចេតិយដ៏ជាទីគោរពក្រៃលែង។ ៧- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវព្រះសទ្ធម្មទាំង ៣ គឺបរិយត្តិសទ្ធម្ម បដិបត្តិសទ្ធម្ម និងបដិវេធសទ្ធម្ម ព្រោះបើមិនមានបរិយត្តិទេ បដិបត្តិមិនមានឡើយ ឯអរិយមគ្គអង្គ ៨ សម្រាប់អរិយសាវ័កក៏មិនមានដែរ។ ៨- ទ្រទ្រង់នូវព្រះបរិយត្តិធម៌ គឺទ្រទ្រង់នូវសីល សមាធិ បញ្ញា ព្រោះជាការទ្រទ្រង់នូវព្រះវិន័យបិដកសុត្តន្តបិដក និងអភិធម្មបិដក។ សូមពុទ្ធបរិស័ទជ្រាបថា បើមិនមានព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកទេ គឺមិនមានព្រះពុទ្ធសាសនាស្ថិតនៅក្នុងលោកឡើយ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |