Reading Article
Public date : 29, Jan 2021 (18,556 Read)
ព្រះពុទ្ធគុណ

|
ព្រះពុទ្ធគុណ
មានពុទ្ធបរិស័ទ ជាច្រើនដែលធ្លាប់បានសូត្រនូវធម៌សរសើរគុណរបស់សម្មាសម្ពុទ្ធ ប៉ុន្តែមិនបានដឹងអំពីសេចក្ដីប្រែប្រួល ដូច្នេះហើយក៏ចេះតែសូធ្យៗទៅ មិនដឹងសេចក្ដីប្រែយ៉ាងណានោះទេ។ ទុកតែធម៌នេះ មិនបានពិស្ដារយ៉ាងណាក៏ដោយតែជាចំណែកមួយសម្រាប់ពុទ្ធបរិស័ទជាអ្នកបានចូលមកកាន់ព្រះពុទ្ធសាសនាថ្មីៗ ងាយស្រួល ក្នុងការសិក្សាយល់ដឹងអំពីគុណរបស់ព្រះសម្មាសម្ពុទ្ធមួយចំណែកដែរ សូមញាតិញោមអាចសេចក្ដី និងយកចិត្តទុកដាក់ដោយគោរពចុះ ពុទ្ធគុណ គឺជាសេចក្ដីល្អរបស់ព្រះសម្មាសម្ពុទ្ធមាន១០យ៉ាងគឺ ១- ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេសព្រមទាំងវាសនា គឺកាយបយោគ និងវចីបយោគ។ ២- សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ ៣- វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា ៣ និងវិជ្ជា ៨ និងចរណៈ ១៥។ ៤- សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សុន្ទរស្ថាន គឺអមតមហានិព្វាន។ ៥- លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្រាស់នូវត្រៃលោក។ ៦- អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន។ ៧- បុរិសទម្មសារថិ ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន។ ៨- សត្ថា ទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថា ទេវមនុស្សានំព្រោះព្រះអង្គជាសាស្ដាចារ្យនៃទេវតា និងមនុស្សទាំងឡាយ។ ៩- ពុទ្ធោ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង។ ១០- ភគវា ព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ។ ការរលឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ដែលហៅថាពុទ្ធោនុស្សតិ មិនមែនសំដៅការលើកយកពាក្យណាមួយ មកទន្ទេញស្វាធ្យាយ ទាំងដែលមិនដឹងថា តើពាក្យនីមួយៗនោះមានន័យយ៉ាងណានោះទេ តាមពិតទៅការរឮកដល់គុណរបស់ព្រះសម្ពុទ្ធ គឺនៅត្រង់ការយល់ ហើយពិចារណាតាមសមត្ថភាពនៃសទ្ធា និងបញ្ញារហូតកើតសេចក្ដីស្ងប់ ឃ្លាតឆ្ងាយពីបាបទាំងពួង។ នេះហៅថា ពុទ្ធានុស្សតិ ដែលប្រែថា ការរលឹករឿយៗដល់ព្រះសម្មាសម្ពុទ្ធ មិនមែននៅត្រង់ការទន្ទេញ ពុទ្ធានុស្សតិ ឬអរហំ ទាំងដែលមិនបានយល់ដល់ពុទ្ធគុណនោះឡើយ។ ព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធ អាចក្លាយជាទីតាំងនៃសេចក្ដីស្ងប់ចិត្តនិងធ្វើឲ្យអ្នកនឹកឃើញមានសេចក្ដីរីករាយ ជ្រះថ្លាកើតបុណ្យកុសលផ្សេងៗយ៉ាងណាមិញ មនុស្សយើងក៏គួរតែរៀនតាមព្រះអង្គ ត្រង់ដែលថា ពេលដែលគេនឹកដល់យើងកាលណា ក៏កើតសេចក្ដីសុខកាយ សប្បាយចិត្ត មិនក្ដៅក្រហាយចិត្ត។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |