Reading Article
Public date : 29, Jul 2019 (9,934 Read)
អាភរណៈដ៏ប្រសើរ

|
អាភរណៈដ៏ប្រសើរ
ម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួន ចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួន ទើបជាអ្នកមានជោគល្អបីដូចបានទទួលពរអំពីព្រះឥន្ទ។ កូនជាទីស្រលាញ់របស់ម៉ែ កូនពិតជាបានឃើញហើយ ចំពោះប្រុសស្រីខ្លះ តែងខ្លួនឆើតឆាយ តាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុត ព្រមដោយអលង្ការ ប៉ុន្តែ មិនចេះរៀបចំខ្លួនជាទីស្រឡាញ់ចូលចិត្តឡើយ។ ប្រុសស្រីរបៀបនេះ មិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះ ប៉ុន្តែរៀបរយត្រឹមត្រូវ សុភាពរាបសា ច្រើនទៅដោយមេត្តាករុណានោះឡើយ។ កែវភ្នែនស្រទន់ កិរិយាសុភាព វាចាពីរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រហ្មវិហារ នោះគឺជាស្នេហ៍ទាញស្រូបមនុស្សទាំងឡាយ ឲ្យស្រឡាញ់ ឲ្យគោរពកោតក្រែង បីដូចជាជ្រោះជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯង។ ចូរកូនចាំពាក្យម៉ែទុកចុះ ទោះបីកូនក្រទ្រព្យសម្បត្តិក៏ដោយ តែកូនមិនត្រូវក្រសេចក្ដីល្អឡើយ ថ្វីត្បិតតែកូនមិនមាននូវឋានៈខ្ពង់ខ្ពស់ក្នុងសង្គម តែសូមឲ្យកូនអណ្តែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញា។ ក្នុងការរៀន ការតម្កល់ខ្លួន ឬការអ្វីៗទៀតក៏ដោយម៉ែសូមដាស់តឿនកូនថា ចូរកុំប្រហែស <<ស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ចុះពីលើចុងឈើដែរ>> មនុស្សយើងទោះបីជំនាញប៉ុនណា ឆ្លៀវឆ្លាតអង់អាចប៉ុនណាក៏ដោយ កាលណាបើប្រមាទធ្វេសប្រហែសហើយ ក៏រមែងភ្លាត់ប្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងង់ខ្លៅអីចឹងឯង។ ក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភ័ក្តិ កុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់ តែបើដាក់ខ្លួនទាបពេកនាំឲ្យគេមើលងាយ ដូច្នេះ ត្រូវឲ្យល្មមៗ។ ចំណែកជាមួយគ្រូអាចារ្យនោះ កូនត្រូវទន់ភ្លន់ គោរពឱនលំទោន ដូចពាក្យលោកពោលទុកថា <<ឈ្នះអ្នកស័ក្តិខ្ពស់ដោយការឱនលំទោន ឈ្នះអ្នកទាបទន់ខ្សោយដោយការសង្គ្រោះ ឈ្នះអ្នកស្មើគ្នាដោយការព្យាយាម>>។ ចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថា មនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំនូវឥរិយាបថល្អ មានអាកប្បកិរិយាល្អ រៀបរយរាបសា មិននិយាយលេងរហូតដល់ហួសវិស័យស្រី កាលបើដូចនេះ មនុស្សប្រុសរមែងក្រែងចិត្តនិងនិយាយលើកតម្កើង។ សូមកូនម៉ែរក្សានូវគុណតម្លៃរបស់មនុស្ស ឲ្យបានឋិតនៅមាំមួនក្នុងខ្លួន សូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះ គុណតម្លៃមនុស្សគឺជាសិរីសួស្ដី និងជាអាភរណៈដ៏ប្រសើរក្នុងជីវិត។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |