Reading Article
Public date : 08, Oct 2020 (12,956 Read)
គោលការណ៍វាយតម្លៃការអភិវឌ្ឍ ៤ផ្នែក

|
- សួរថាៈ តាមដែលអធិប្បាយមកនេះ យើងជាឪពុកម្ដាយចិញ្ចឹមរក្សា តើមានគោលការណ៍ពិចារណាយ៉ាងណាថា កូនយើងរឹងមាំ អាចទៅប្រឈមមុននឹងសង្គមខាងក្រៅបាន? ក្នុងផ្លូវធម៌មានគោលការណ៍វាយតម្លសយ៉ាងណាថា ក្មេងមានសភាពរឹងមាំល្មមនឹងដំណើរជីវិតបានដោយខ្លួនឯង។
ឆ្លើយៈ មើលការអភិវឌ្ឍ ៤ ផ្នែកគឺ៖ ១)- ការអភិវឌ្ឍផ្នែករាងកាយ ក្រៅពីមើលសុខភាពរាងកាយហើយ ត្រូវពិចារណាមើលសម្ពន្ធភាពជាមួយវត្ថុ សម្ភារៈប្រើប្រាស់ បរិភោគ ថាគេអភិវឌ្ឍឬនៅ ដូចជាមើលថា គេដឹងពីការបរិភោគ ប្រើប្រាស់ វត្ថុសម្ភារៈយ៉ាងណា ដូចជា ការទទួលទាន អាហារ មើល គេថា គេបរិភោគដោយមានគោលបំណងដោយពិតគឺដើម្បីសុខភាពនៃរាងកាយរឹងមាំ មិនមែនដើម្បីតែឆ្ងាញ់ពិសារដើម្បីភាពសង្ហារ ខ្ជះខ្ជាយអួតឋានៈ។ យ៉ាងនេះសម្ដែងឲ្យឃើញថា គេមានការអភិវឌ្ឍ ដែលរួមទៅដល់ការប្រើបច្ចេកវិជ្ជាផ្សេងៗផងដែរ។ សង្កេតក្នុងការមើល ការស្ដាប់ ថាមើលយ៉ាងដូចម្ដេច មើលបានប្រយោជន៍ទេ ដឹងនូវសិក្សាអំពីហេតុការណ៍ផ្សេងៗទេ ឬថាឃើញអារម្មណ៍ផ្សេងៗ ហើយធ្លាក់ក្នុងទាសភាពជំពាក់ចិត្តស្រវឹង។ យ៉ាងនេះ ជាការអភិវឌ្ឍផ្លូវកាយ។ ២)- ការអភិវឌ្ឍផ្នែកសីល សង្កេតមើលសម្ពន្ធភាពជាមួយមិត្តភក្តិ សម្ពន្ធភាពជាមួយបងប្អូន។ មើលសម្ពន្ធភាពជាមួយ មិត្តភក្តិ ដូចជា សេពគប់ជាមួយមិត្តណា ធ្វើចំពោះមិត្តនោះ យ៉ាងណា តើសេពគប់ជាមួយមនុស្សប្រភេទណា មានអាកប្បកិរិយាទស្សនគតិត្រឹមត្រូវដែរឬទេ សន្ទនាពីអ្វី មានសម្ពន្ធភាពជាមួយមនុស្សក្នុងសង្គមយ៉ាងណា ចេះសង្គ្រោះជួយគ្នាដែរឬទេ។ នេះជាការអភិវឌ្ឍផ្នែកសង្គម។ ៣)- ការអភិវឌ្ឍផ្នែកចិត្តសន្ដាន សង្កេតមើលថា មានគុណគឺសេចក្ដីល្អឬទេ មានមេត្តា ករុណា ពេលជួបអ្នកមានទុក្ខលំបាក អ្នកជំងឺ ចេះជួយគេទេ? មានទឹកចិត្តចំពោះអ្នកដទៃឬទេ មានកតញ្ញុតាឬទេ ។ល។ ហើយមើលសមត្ថភាពរបស់ចិត្តថា តើរឹងមាំ មានសេចក្ដីព្យាយាម ប្រឹងប្រែង មានការទទួលខុសត្រូវមានសតិជាគ្រឿងរក្សាខ្លួន មានសមាធិមាំទាំក្នុងកិច្ចការងារដែរឬទេ ព្រមទាំងពិចារណាមើលសុខភាពផ្លូវចិត្តថា មានក្ដីសប្បាយរីករាយ ស្រស់ថ្លា មិនមួហ្មង មិនតឹងតែង មិនកង្វល់។ ៤)- ការអភិវឌ្ឍផ្នែកបញ្ញា សង្កត់មើលថា អាចទទួលដឹងនូវរបស់ផ្សេងៗតាមសេចក្ដីពិត គឺអាចសម្លឹងរបស់ផ្សេងៗដោយមិនប្រកាន់ ដោយការពេញចិត្ត មិនពេញចិត្តឬរីករាយ មិនរីករាយ។ តែសម្លឹងរបស់ទាំងនោះ ដោយការសិក្សាចង់ដឹង ចង់ចេះស្រាវជ្រាវសេចក្ដីពិត និង ដោះស្រាយបញ្ហា ពិគ្រោះពិចារណាសម្លឹងលោកនេះយ៉ាងណា មានទស្សនគតិចំពោះមនុស្សក្នុងសង្គមយ៉ាងដូចម្ដេច មានទិដ្ឋិយល់ឃើញយ៉ាងណា។ -សួរៈ ការសម្ដែងចេញមក ឬការប្រព្រឹត្តផ្សេងៗក្នុងលក្ខណៈនៃការអភិវឌ្ឍ អាចនឹងចាប់ផ្ដើមពីអាយុប៉ុន្មាន? -ឆ្លើយៈ មិនទាក់ទងជាមួយអាយុ។ អាយុគឺការកំណត់នូវវ័យ ឬថា ជាព្រំដែននៃការចម្រើនធំធាត់។ ពេលវេលាក្នុងការសន្សំភាពជំនាញ ការអភិវឌ្ឍខ្លួននឹងកើតឡើងជាមួយអាការសំដែងចេញនូវលក្ខណៈនៃការប្រព្រឹត្ត ដែលបង្ហាញឲ្យឃើញដល់ការអភិវឌ្ឍក្នុងផ្នែកនីមួយៗ ទាំង៤ផ្នែក ថា តើមានលំដាប់ណា? -សួរៈ បច្ចុប្បន្នយើងឲ្យតម្លៃមនុស្ស មិនបានឲ្យតម្លៃក្នុងលក្ខណៈការអភិវឌ្ឍរាងកាយ គឺសីល សមាធិ បញ្ញា ទេ តែយើងច្រើនឲ្យតម្លៃលើ សញ្ញាបត្រ ឬឲ្យតម្លៃតាមផ្នែកសេដ្ឋកិច្ច មើលតាមចំនួនទ្រព្យតិចឬច្រើន ហើយក៏សំគាល់ថា បុគ្គលនេះជាអ្នកមានក្នុងប្រទេស។ ក្នុងលក្ខណៈនេះ សង្គមកំពុងសំដែងលោកនេះ (បង្ហាញលោកនេះ) ក្នុងផ្លូវខុសមែនទេ? -ឆ្លើយៈ សង្គមកំពុងតែឲ្យនូវសភាពដែលឃ្លៀងឃ្លាតប្រាសចាកការពិត។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |