Reading Article
Public date : 16, Jan 2022 (21,420 Read)
ដុំគ្រួស និង ខ្លាញ់ទឹកដោះគោ

|
សម័យថ្ងៃមួយ មានមាណពក្នេងម្នាក់បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ ។ ព្រះអង្គទ្រង់ត្រាស់សួរថា “នែ! មាណព តើមានបញ្ហាអ្វី” ?
“ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់” ។ “តើតថាគតអាចធ្វើអ្វីកើត ? បើគាត់បានស្លាប់បាត់ទៅហើយ ការយំសោកនឹងមិនអាចធ្វើឲ្យគាត់រស់ឡើងវិញបានទេ” “ព្រះករុណាព្រះអង្គ ខ្ញុំព្រះករុណាយល់ថា ការយំសោក នឹងមិនធ្វើឲ្យឪពុកខ្ញុំព្រះងង្គគាត់រសឡើងវិញមែន ប៉ុន្តែ ខ្ញុំព្រះករុណាមករកព្រះអង្គដើម្បីសុំការពិសេសមួយ សូមទ្រង់ព្រះករុណា ជួយធ្វើអ្វីមួយ ឲ្យខ្មោចឪពុកខ្ញុំព្រះករុណាផង! " “តើតថាគត អាចធ្វើអ្វីឲ្យខ្មោចឪពុកអ្នកបា” ? “សូមទ្រង់ព្រះករុណាប្រោស ព្រះអង្គជាបុគ្គលមានអំណាចបែបហ្នឹង គឺពិតជាអាចធ្វើអ្វីមួយបាន ។ មើលចុះបព្វជិកទាំងអស់នោះ លោកតែងធ្វើពីធីសាសនា ទំនៀមទម្លាប់គ្រប់យ៉ាងទាំងអស់ ដើម្បីជួយមនុស្សស្លាប់ ។ កាលណាពិធីទំនៀមទម្លាប់ បានចប់សព្វគ្រប់ហើយភ្លាម ទ្វារឋានសួគ៌បានបើកចំហ រួចមនុស្ស ស្លាប់នឹងបានចូលទៅទីនោះ គេនឹងបានច្បាប់ទិដ្ឋាការអនុញ្ញាតឲ្យចូលទៅទីនោះ ។ ព្រះអង្គមានអំណាចខ្លាំងណាស់ បើព្រះអង្គធ្វើពិធីទំនៀមទម្លាប់ឲ្យតែម្តងនោះ ខ្មោចឪពុកខ្ញុំព្រះអង្គ គាត់នឹងមិនមែនគ្រាន់តែបានទិដ្ឋាការទេ គាត់នឹងបានកាតបៃតងដើម្បីស្នាក់នៅឯឋានសួគ៌ជាអចិន្រ្តៃផង សូមព្រះអង្គករុណាធ្វើអ្វីមួយឲ្យគាត់ផង” ។
មាណពពោលសង្កត់ដោយការយំសោក ។ ព្រះពុទ្ធមិនអាចធ្វើតាមពាក្យសម្តី ដែលគ្មានហេតុផលនេះទេ ព្រះអង្គត្រូវប្រើមធ្យោបាយផ្សេងវិញ ដើម្បីជួយគាត់ឲ្យយល់ ។ ដូច្នេះ ព្រះអង្គមានពុទ្ធដីកាថា “ត្រឹមត្រូវហើយ ចូរទៅរកទិញឆ្នាំងដីពីរឯផ្សារមក” ។ មាណពសប្បាយចិត្តណាស់ដោយគិតថា ព្រះពុទ្ធបានយល់ ព្រមធ្វើទំនៀមទម្លាប់ឲ្យឪពុករបស់ខ្លួនហើយ ។ គាត់រត់ទៅផ្សារ រួចត្រឡប់មកជាមួយនឹងឆ្នាំងដីរពីរ” ។ ព្រះអង្គត្រាស់ថា “ត្រឹមត្រូវហើយចូរបំពេញខ្លាញ់ទឹកដោះគោនៅក្នុងឆ្នាំមួយ និងឆ្នាំងមួយទៀតដាក់ដុំគ្រួសឲ្យពេញដែរ ហើយបិទមាត់ឆ្នាំងទាំងពីរឲ្យជិត រួចពន្លិចទៅក្នុងស្រះទឹកនោះទៅ” ។ មាណពបានធ្វើតាម ។ ឆ្នាំងទាំងពីរបានលិចធ្លាក់ចុះទៅបាតស្រះ ព្រះសម្ពុទ្ធបានត្រាស់ថា “ឥឡូវនេះចូរយកដម្បងធំមួយ វាយបំបែកឆ្នាំងទាំងពីរឲ្យរបើកគម្រកចំហរឡើង” ។ មាណពសប្បាយចិត្តណាស់ដោយគិតថា ព្រះពុទ្ធអង្គបានធ្វើពិធីទំនៀមទម្លាប់ដ៏អស្ចារ្យ ឲ្យឪពុកគាត់ហើយ ។ តាមទំនៀមទម្លាប់ពីបូរាណនៅប្រទេសឥណ្ឌា កាលណាមានមនុស្សស្លាប់ គេនាំទៅកន្លែងបូជាសព គេដាក់សពលើគំនរឧស រួចគេឆួលភ្លើងដុតលុះ សពឆេះបានពាក់កណ្តាលហើយ កូនប្រុសយកដម្បងមួយធំ ទៅសំពងបំបែកលលាដ៏ក្បាលឲ្យបើកចំហរ ។ ស្របតាមជំនឿចាស់បូរាណ កាលណាលលាដ៏ក្បាល បានបើកចំហរនៅក្នុងលោកនេះ ទ្វារឋានសួគ៌ត្រូវបើកចំហរនៅឯឋានលើ ។ ដូច្នេះពេលហ្នឹងមាណពគិតថា “ពីម្សិលមិញ សពរបស់ឪពុកខ្ញុំបានឆេះទៅជាផេះអស់ទៅហើយ ។ ឥឡូវនេះ ព្រះសម្ពុទ្ធចង់ឲ្យខ្ញុំបំបែកឆ្នាំងទាំងពីរនេះ ទុកជានិមិត្តរូប” ។ គាត់សប្បាយចិត្តនឹងពិធីទមនៀមទម្លាប់នេះណាស់ ។ ដូចជាព្រះសម្ពុទ្ធមានព្រះបន្ទូល មាណពបានយកដម្បងសំពងបំបែកឆ្នាំងទាំងពិរ ឲ្យបើកចំហរ ។ ភ្លាមនោះគេក៏ឃើញមានខ្លាញ់ទឹកដោះគោ អណ្តែតចេញពីឆ្នាំងមួយមកលើផ្ទៃទឹក ពីឆ្នាំងមួយទៀត គេឃើញដុំគ្រួសធ្លាក់ទៅបាតក្រោម ។ គ្រានោះព្រះអង្គបានត្រាស់ថាៈ “តថាគតធ្វើបានតែប៉ុណ្ណឹងទេ ឥឡូវនេះ ចូរទៅនិមន្តបព្វជិកអ្នកទាំងអស់នោះ ឲ្យមកសូត្រធម៌បន់ស្រន់ថាៈ ឱដុំគ្រួសអើយ សូមអណ្តែតឡើងលើផ្ទៃទឹកមក ឱខ្លាញ់ទឹកដោះគោអើយ សូមធ្លាក់ចុះទៅក្រោមទៅ តថាគតរង់ចាំមើល តើវាទៅជាយ៉ាងដូចម្តេចដែរ” ។ “ឱ ! ព្រះអង្គ ព្រះអង្គមានព្រះបន្ទុលកំប្លែងហើយព្រះអង្គ! ? តើវាអាចមានអ្វីក្រៅពីនេះទៅកើតព្រះអង្គ? ដុំគ្រួសធ្ងន់ជាងទឹក វាត្រូវតែធ្លាក់ចុះទៅបាតក្រោម ។ វាមិនអាចអណ្តែតឡើងលើផ្ទៃទឹកបានទេ នេះជាច្បាប់ធម្មជាតិ ។ ខ្លាញ់ទឹកដោះគោស្រាលជាងទឹក វាត្រូវអណ្តែតឡើងមកលើផ្ទៃទឹក ។ វាមិនអាចលិច ចុះទៅបាតក្រោមទេ ។ នេះជាច្បាប់ធម្មជាត” ។ “នៃមាណព អ្នកស្គាល់ច្បាប់ធម្មជាតិច្រើនណាស់ប៉ុន្តែអ្នកឥតយល់ច្បាប់ធម្មជាតិសោះ បើពេញមួយជីវិតរបស់គាត់ ឪពុករបស់អ្នក គាត់ប្រព្រឹត្តតែអំពើ ដែលធ្ងន់ដូចដុះគ្រួស គាត់នឹងធ្លាក់ចុះទៅឋានក្រោមហើយ តើអ្នកណាអាចទាញគាត់ឲ្យឡើងមកលើរួច ? បើអំពើប្រព្រឹត្តរបស់គាត់ទាំងអស់ ស្រាលដូចខ្លាញ់ ទឹកដោះគោ គាត់នឹងឡើងទៅឋានលើហើយ ។ តើអ្នកណាអាចទាញគាត់ចុះមកក្រោមបាន ?” យើងឆាប់បានយល់ច្បាប់ធម្ម ជាតិពេលណា រួចចាប់ផ្តើមរស់នៅតាមច្បាប់នេះ យើងនឹងឆាប់បានរំដោះឲ្យរួចផុតពីទុក្ខចាប់ពីត្រឹមពេលនេះ ។ ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនា កម្មដ្ឋាន ) រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |