Reading Article
Public date : 30, Jul 2019 (86,708 Read)
ពេលព្រឹកខ្ញុំសម្រាលកូន៥នាក់ ពេលល្ងាចសម្រាលកូន៥នាក់

|
រឿងបញ្ចបុត្តខាទិប្រេត
(ព្រះថេរទាំងឡាយសួរថា) នាងជាស្រ្តីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនអាក្រក់ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើនាងជាស្រ្តីអ្វី មកឋិននៅក្នុងទីនេះ ។ (ប្រេតស្រីតបថា) បពិ្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាស្រ្តីប្រេត ដល់នូវសេចក្តីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់ ។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៥នាក់ ក្នុងពេលល្ងាចសម្រាលកូន ៥នាក់ទៀត រួចហើយទំពាស៊ីនូវកូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ ។ ហឫទ័យរបស់ខ្ញុំក្តៅក្រហាយហុយផ្សែង ព្រោះសេចក្តីសេចឃ្លាន ខ្ញុំផឹកទឹកក៏មិនបាន លោកម្ចាស់ចូរមើលខ្ញុំ ដែលជាអ្នកដល់នូវសេចក្តីវិនាសចុះ ។ (ព្រះថេរទាំងឡាយសួរថា) ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត តើដូចម្តេច នាងទំពាស៊ីសាច់កូន តើព្រោះវិបាករបស់កម្ម ដូចម្តេច ។ (ប្រេតស្រីតបថា) ស្រីរួមប្តីរបស់ខ្ញុំ ជាស្រីមានគក៌ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីរួមប្តីនោះ ខ្ញុំនោះមានចិត្តប្រទូស្តបានធ្វើនូវការញ៉ាំងគក៌ឲ្យធ្លាក់ចុះ ។ គក៌របស់ស្រីរួមប្តីនោះ បានតែត្រឹម២ខែ ឈាមក៏ហូរចេញមក ។ ឯមាតារបស់ស្រី្តរួមប្តីនោះ ក៏ក្រេវក្រោធនឹងខ្ញុំ ហើយបានបបួលញាតិទាំងឡាយញ៉ាំងខ្ញុំឲ្យធ្វើសម្បថផង ឲ្យផ្តាសាខ្លួនឯងផង ។ ខ្ញុំនោះ ក៏បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផង ថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះមែន សូមឲ្យខ្ញុំទំពាស៊ីសាច់នៃកូន ។ ដោយផលនៃកម្មនោះផង ដោយផលនៃមុសាវាទផង ទាំងពីរនេះខ្ញុំទើបបានទំពាស៊ីសាច់កូន ខ្លួនប្រឡាក់ដោយខ្ទុះនិងឈាម ដូច្នេះ ។ ចប់ រឿងបញ្ចបុត្តខាទិកប្រេត ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ៧-៨ ដោយ៥០០០ឆ្នាំ |