Reading Article
Public date : 27, Nov 2023 (30,847 Read)
ទោសក្នុងបច្ចុប្បន្នរបស់អ្នកល្មើសសីល ៥

|
ទោសក្នុងបច្ចុប្បន្នរបស់អ្នកល្មើសសីល ៥
បុគ្គលអ្នកមិនបានរក្សាសីល ៥ តែងរស់នៅមានសេចក្ដីប្រមាទ ដូចប្រមាទក្នុងការងារប្រកបមុខរបរ ប្រមាទក្នុងការចិញ្ចឹមថែរក្សាបុត្រភរិយា មាតាបិតាជាដើម មិនតែប៉ុណ្ណោះថែមទាំងនាំឲ្យប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ មានលេងល្បែង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែលជាអំពើបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិ និងកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងក្រុមគ្រួសារទៀតផង។ ការទ្រុស្ដសីលមានទោស៤យ៉ាងក្នុងបច្ចុប្បន្ន គឺ ១- នាំឲ្យវិនាសនូវទ្រព្យសម្បត្តិ ក្នុងបច្ចុប្បន្ន។ ២- នាំឲ្យមានកេរ្តិ៍ឈ្មោះអាសោច ដែលគួរឲ្យតិះដៀលស្អប់ខ្ពើមអំពីអ្នកដទៃ។ ៣- ជាអ្នកអឹមអៀន មិនក្លៀវក្លា ក្នុងទីប្រជុំជន។ ៤- ជាអ្នកវង្វេង មានអារម្មណ៍មិនល្អ នៅពេលជិតមរណកាល។ រឿងសេដ្ឋីបុត្រ បំផ្លាញទ្រព្យព្រោះផឹកសុរា មានរឿងដំណាលថា ក្នុងក្រុងពារាណសី មានត្រកូលសេដ្ឋីមួយជាត្រកូលស្ដុកស្ដម្ភ មានទ្រព្យ ៨០កោដិ មានបុត្រតែមួយជាទីស្រឡាញ់ពេញចិត្ត។ កាលបុត្រនោះ ដឹងក្ដីឡើង មាតាបិតាគិតស្រឡាញ់បុត្រយ៉ាងនេះថា "យើងមានទ្រព្យច្រើនម្លឹង បុត្រមានតែមួយអញ្ចឹង សូម្បីរស់នៅ១០០ឆ្នាំ ក៏ចាយមិនអស់ដែរ ប្រយោជន៍អ្វី ដែលឲ្យកូនយើងលំបាកក្នុងការរៀនសូត្រ គឺយើងនឹងប្រគល់គំនរទ្រព្យទាំងនេះ ទុកក្នុងដៃបុត្រយើង ដើម្បីឲ្យចាយវាយតាមសប្បាយចុះ មិនចាំបាច់ឲ្យប្រកបការងាររកស៊ីទៀតទេ" ហើយក៏ឲ្យបុត្រសិក្សាខាងសិល្បៈច្រៀង និងប្រគំតន្ត្រីផ្សេងៗ។ លុះបុត្រនោះ ចម្រើនវ័យឡើងហើយ ក៏ទៅនាំសេដ្ឋីធីតាម្នាក់មកឲ្យធ្វើភរិយា ដែលមានទ្រព្យ៨០កោដិ រស់នៅដោយការថ្នាក់ថ្នមអំពីមាតាបិតាដូចគ្នា។ ក្រោយពីមាតាបិតាធ្វើមរណកាលទៅ ដោយអំណាចខ្លួនជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសក្នុងការចាយទ្រព្យ ក៏ចាយទ្រព្យខ្ជះខ្ជាយ ពេលក្រោយមក ក៏បានទៅសេពគប់ពួកអ្នកផឹកសុរា ពួកអ្នកផឹកទាំងនោះ ក៏ប្រលោមលួងលោម ក្នុងការផឹកសុរា សេដ្ឋីបុត្រនោះ ក៏មានជនអ្នកផឹក ចោមរោមជាបរិវារដ៏ធំក៏បានចំនាយទ្រព្យឲ្យគេនាំមក១០០ខ្លះ ២០០ខ្លះ រហូតឲ្យគេជញ្ជូន ទ្រព្យមកគរទុកក្នុងទីដែលខ្លួនអង្គុយ ហើយបញ្ជាថាអ្នកចូលនាំផ្កាឈើដោយទ្រព្យនេះ អ្នកចូរនាំគ្រឿងក្រអូបដោយទ្រព្យនេះ ហើយអ្នកណាឆ្លាតក្នុងការរាំ អ្នកណាឆ្លាតក្នុងការច្រៀង អ្នកណា ឆ្លាតក្នុងការប្រគំតន្ត្រី ចូរឲ្យទ្រព្យមួយពាន់ដល់អ្នកនោះ ចូរឲ្យទ្រព្យពីរពាន់ដល់អ្នកនោះ ហើយនាំមក។ ការចាយទ្រព្យ ដូចបាចធូលីយ៉ាងនេះ មិនយូរប៉ុន្មាន ក៏ញ៉ាំងទ្រព្យ ៨០កោដិរបស់ខ្លួនឲ្យអស់ទៅ ទើបចាយទ្រព្យរបស់ភរិយា៨០កោដិអស់ទៅទៀត ទើបផ្ដើមលក់អចលនសម្បត្តិ របស់ខ្លួនដូចដីធ្លី ផ្ទះសម្បែង សួនច្បារ យានពាហនៈ ដោយហោចទៅសូម្បីភាជនគ្រឿងប្រើប្រាស់ សំពត់ស្លៀកពាក់ ក៏លក់រហូតអស់ពីខ្លួន។ កាលក្រោយមកក៏ទៅជាជនអនាថាគមានទីពឹង គេក៏នាំភរិយាដ៏កំសត់ទៅជ្រកអាស្រ័យយាមសំយាបផ្ទះនៃជនដទៃ កាន់អំបែងដើរសុំទាន បរិភោគអាហារសេសសល់ពីអ្នកដទៃ ទីបំផុតសេដ្ឋីបុត្រនិងភរិយា ក៏ធ្លាក់ជាបុគ្គលអភ័ព្វ គឺវិនាសទាំងសម្បត្តិជាលោកិយៈ និងសម្បត្តិជាលោកុត្តរៈ (មគ្គផលលព្រះនិព្វាន)។ ថ្ងៃមួយ គេបានទៅសុំអាហារ ដែលសេសសល់អំពីព្រះភិក្ខុសង្ឃនៅឯវត្ត កាលនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ទតព្រះនេតឃើញពួកគេ ទើបទ្រង់ញញឹមត្រាស់នឹងព្រះអានន្ទថា ម្នាលអានន្ទចូលមើលសេដ្ឋីបុត្រនេះ បំផ្លាញទ្រព្យ១៦០កោដិអស់ហើយដើរសុំទាន ម្នាលអានន្ទ សេដ្ឋីបុត្តនេះ បើមិនបំផ្លាញទ្រព្យអស់ទេ ខំព្យាយាមប្រកបការងារក្នុងបឋមវ័យ គេនឹងបានជាសេដ្ឋីទី១ ក្នុងនគរនេះឯង បើគេចេញបួសបានសម្រេចអរហន្ត សូម្បីភរិយាគេ ក៏បានអនាគាមី បើមិនបំផ្លាញទ្រព្យអស់ទេ ប្រកបការងារ ប្រកបការងារក្នុងមជ្ឈិមវ័យ គេនឹងបានជាសេដ្ឋីទី២ បើគេចេញបួស នឹងបានសម្រេចអនាគាមី ភរិយាគេ បានសម្រេចសកទាគាមី បើគេមិនបំផ្លាញទ្រព្យអស់ទេ ខំប្រកបការងារ ក្នុងបច្ឆិមវ័យ នឹងបានជាសេដ្ឋីទី៣ បើចេញបួសនឹងបានសម្រេចសកទាគាមី ភរិយាគេបានសម្រេចសោតាបន្ន តែឥឡូវនេះ សេដ្ឋីបុត្តនេះ វិនាសទាំងលោកិយសម្បត្តិ វិនាសទាំងលោកុត្តរសម្បត្តិ រមែងក្រហល់ក្រហាយដូចសត្វក្រៀលក្រហល់ក្រហាយក្នុងភក់ដែលបែកក្រហែងយ៉ាងនោះឯង។ ទើបទ្រង់ត្រាស់ព្រះគាថាចុងក្រោយនេះថា អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ។ អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ សេន្តិ ចាបាតិខីណាវ បុរាណានិ អនុត្ថុនំ។ បុគ្គលពាលទាំងឡាយ មិនបានប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យសម្បត្តិ ក្នុងពេលដែលខ្លួន នៅជាកំលោះ ក្រមុំ រមែងក្រហល់ក្រហាយ ដូចសត្វក្រៀល ចាស់ក្រហល់ក្រហាយក្នុងភក់ ដែលគ្មានត្រី យ៉ាងនោះឯង។ បុគ្គលពាលទាំងឡាយ មិនបានប្រព្រឹត្តព្រហ្មចរិយធម៌មិនបានទ្រព្យសម្បត្តិនៅក្នុងពេលដែលខ្លួននៅកំលោះក្រមុំ រមែងដេកជញ្ជឹងគិតដល់ទ្រព្យចាស់ទាំងឡាយដូចជាកូនសរដែលគេបាញ់ចេញអំពីធ្នូយ៉ាងនោះឯង។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |