Reading Article
Public date : 16, Oct 2022 (4,071 Read)
អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបាន

|
សុត្តន្តបិដក អង្គុតរនិកាយ បញ្ចកនិបាត ( បិ. ៤៤ ទំ ១៤៦-១៥៤ )
ស្រ្តីក្តី បុរសក្តី គ្រហស្តក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្តក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច ?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចម្រើន ដែល ជាហេតុនាំ ឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ កាលបើបុគ្គលនោះ ពិចារណាស្ថាននោះរឿយ ៗ ហើយ ក៏លះបង់ យោព្វនមទៈ ( សេចក្តីស្រវឹងក្នុងវ័យដ៏ចម្រើន ) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្តក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា មិនមែនតែ អាត្មាអញម្នាលឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត និង កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏តែងមានជរាជាធម្មតា មិនគន្លងជរាទៅបានដែរ, កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកកុត្តរមគ្គ ក៏កើតឡើងព្រម ។ កាលបើអរិយសាវកនោះ សេព ចម្រើន ធ្វើរឿយ ៗ នូវលោកកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ ។ "ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និង មរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ ។ កាលបើពួកសត្វ មានសភាវៈយ៉ាងនេះហើយ តថាគត ក៏គួរធុញទ្រាន់នឹងសភាវៈនុ៎ះដែរ, ហេតុនុ៎ះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ ។ តថាគត កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជាថាជាការក្សេម គ្របសង្កត់នូវសេចក្តីស្រវឹងទាំងពួង គឺ ស្រវឹងក្នុងភាវៈនៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន ។ សេចក្តីព្យាយាមក៏កើតមានដល់តថាគតនោះ កាលដែលឃើញច្បាស់នូវព្រះនិព្វាន តថាគត មិនគួរដើម្បីសេពកាមទាំងឡាយវិញ ក្នុងកាលឥឡូវនេះទេ តថាគត នឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌តទៅ មិនបានត្រឡប់វិញឡើយ ។" ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |