Reading Article
Public date : 16, Jan 2022 (5,444 Read)
គោលដៅពិតប្រាកដរបស់ជីវិត

|
មនុស្សម្នាក់ ៗ ដែលមានជីវិតរស់នៅលើផែនដីនេះ គឺត្រូវតែមានគោលដៅច្បាស់លាស់ដើម្បីធ្វើឲ្យដំណើរជីវិតរបស់ខ្លួនកាន់តែមានភាពរលូនទៅមុខជានិច្ច និងដើម្បីឲ្យជីវិតកាន់តែមានភាពស្រស់បំព្រង ។ ទន្ទឹមនឹងធ្វើឲ្យដំណើរជីវិតសម្រេចដល់គោលដៅនោះ គឺយើងត្រូវឧស្សាហ៍ព្យាយាមសួរខ្លួនឯងថា " តើជីវិតរស់នៅដើម្បីអ្វី ? អ្វីទៅជាគោលដៅពិតប្រាកដរបស់ជីវិត ? ហើយតើជីវិតកំពុងធ្វើអ្វីនៅលើភពផែនដីនេះ ? សំនួរទាំងអស់នេះតម្រូវឲ្យយើងចេះសួរដោយខ្លួនឯង ហើយក៏តម្រូវឲ្យយើងត្រិះរិះពិចារណា ស្វែងរកចម្លើយដោយខ្លួនឯងដែរ ។ មនុស្សមានជីវិតដែលរស់នៅលើផែនដីតែគ្មានគោលដៅ វាប្រៀបដូចជាអ្នកដើរផ្លូវឆ្ងាយដែលមិនស្គាល់ផ្លូវដូច្នោះដែរ ។
អ្នកដែលគ្មានគោលដៅជីវិតច្បាស់លាស់ អ្នកនោះច្រើនតែបរាជ័យនៅលើផ្លូវជីវិត ព្រោះតែមិនដឹងថា ជីវិតខ្លួនឯងរស់នៅដើម្បីអ្វី ហើយមិនដឹងថា តម្លៃ និងខ្លឹមសារជីវិតនេះវាស្ថិតនៅត្រង់ណា ។ ដូច្នេះហើយ មនុស្សយើងម្នាក់ ៗ ត្រូវចេះរៀនកំណត់គោលដៅសម្រាប់ជីវិតទុកឲ្យហើយ ដើម្បីធ្វើឲ្យដំណើរជីវិតរបស់យើងមានលំនឹងពិតប្រាកដ ហើយដើម្បីធ្វើឲ្យដំណើរជីវិតប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ។ គោលដៅជីវិតដែលប្រព្រឹត្តទៅបានល្អប្រសើរ លុះត្រាតែអ្នកនោះ គឺជាអ្នកមាននូវសតិ សម្បជញ្ញៈ ភ្ញាក់រលឹករឿយ ៗ ដើម្បីទប់ស្កាត់ចំពោះអារម្មរណ៍មិនល្អទាំងឡាយ ដែលចូលមកបៀតបៀននៅក្នុងខួរក្បាលរបស់យើង ដោយសេចក្តីអំណត់អត់ធ្មត់យ៉ាងក្រៃលែង មិនត្រូវមួម៉ៅ ក្តៅក្រហាយ ទៅតាមអារម្មណ៍នោះ ៗ ឡើយ ត្រូវចេះរៀបចំអារម្មណ៍របស់ខ្លួនឯងឲ្យបានស្ងប់ ព្រោះថា កាលបើអារម្មណ៍ល្អហើយ ការកំណត់គោលដៅ និងការអនុវត្តន៍គោលដៅរមែងមានប្រសិទ្ធភាព ។ គោលដៅពិតប្រាកដរបស់ជីវិតមនុស្ស ដែលរស់នៅគ្រប់សម័យកាលទាំងអស់ មិនមែនបញ្ចប់ត្រឹមតែភាពសប្បាយហ៊ឺហាមានលុយចាយ មានបាយហូប មានឡានជិះ មានផ្ទះនៅ មានការងារល្អ ៗ ធ្វើនោះទេ គឺត្រូវតែមានខ្លឹមរបស់ជីវិត ។ ខ្លឹមគឺសីល ខ្លឹមគឺសេចក្តីល្អ ខ្លឹមគឺបុណ្យកុសល. . . នេះហើយ គឺជាគោលដៅពិតប្រាកដរបស់ជីវិត ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |