Reading Article
Public date : 27, Sep 2021 (46,256 Read)
ឃោដមុខសូត្រ

|
សម័យមួយ ព្រះឧទេនភិក្ខុ និមន្តគង់នៅក្នុងព្រៃស្វាយឈ្មោះខេមិយៈ ជិតក្រុងពារាណសី ។ សម័យកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ ដូច្នេះហើយ ទើបឃោដមុខព្រាហ្មណ៍មិនបានចូលគាល់ព្រះដ៏មានព្រះភាគឡើយ ប៉ុន្តែបានមកជួបនឹងព្រះឧទេនភិក្ខុហើយពោលថា បពិត្រសមណៈដ៏ចម្រើន ផ្នួសប្រកបដោយធម៌មិនមានទេ ការយល់ឃើញរបស់ខ្ញុំក្នុងផ្នួសនេះយ៉ាងនេះឯង បានជាខ្ញុំយល់ឃើញដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចម្រើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង ។
ដោយ៥០០០ឆ្នាំដើម្បីឲ្យព្រាហ្មណ៍គាត់បានយល់ដឹងថាអ្នកបួសប្រកបដោយធម៌ មិនមែនមិនមានទេ គឺពិតជាមានមែន ព្រះឧទេនភិក្ខុ បានលើកយកបុគ្គល ៤ ពួក ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយ មកសម្ដែងឲ្យឃោដមុខព្រាហ្មណ៍បានស្ដាប់ទាំងសង្ខេប ទាំងពិស្ដារ ។ បុគ្គល ៤ ពួក គឺ ១-បុគ្គលដុតកម្ដៅខ្លួនឯង ២-បុគ្គលដុតកម្ដៅអ្នកដទៃ ៣- បុគ្គលដុតកម្ដៅខ្លួនឯង ទាំងដុតកម្ដៅអ្នកដទៃ ៤- បុគ្គលមិនដុតកម្ដៅខ្លួនឯង ទាំងមិនដុតកម្ដៅអ្នកដទៃ មិនមានសេចក្ដីស្រេកឃ្លានក្នុងការប្រាថ្នាបាប មានតែរំលត់ទុក្ខ ត្រជាក់ត្រជំទទួលសេចក្ដីសុខ និងមានអត្តភាពដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ ។ កាលដែលព្រះឧទេនភិក្ខុសាកសួរព្រាហ្មណ៍ បានធ្វើឲ្យឃោដមុខព្រាហ្មណ៍ពេញចិត្តនឹងកាន់យកបុគ្គលពួកទី ៤ ហើយ ទើបបានព្រះឧទេនភិក្ខុ សម្ដែងបុគ្គល ២ ពួកទៀត គឺគ្រហស្ថនិងបព្វជិត ដែលធ្វើឲ្យព្រាហ្មណ៍ប្រកាសក្នុងពេលនោះថា ផ្នួសប្រកបដោយធម៌ប្រាកដជាមានមែន មិនមែនដូចគំនិតរបស់គាត់ពីមុននោះទេ ។ នៅពេលដែលព្រះឧទេនភិក្ខុសម្ដែងអំពីបុគ្គល ៤ ពួកដោយពិស្ដារចប់ហើយ ឃោដមុខព្រាហ្មណ៍បានប្រកាសសរសើរព្រះធម៌ និងសូមដល់ព្រះឧទេនដ៏ចម្រើនផង ព្រះធម៌ផង និងព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក ព្រមទាំងប្រកាសខ្លួនជាឧបាសក ។ ព្រះឧទេនភិក្ខុ បានប្រាប់ទៅឃោដមុខព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទីពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគអង្គនោះជាទីពឹងចុះ ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចម្រើន ចុះឥឡូវនេះ ព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះគង់នៅក្នុងទីណា ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០ យោជន៍យើងខ្ញុំគួរទៅកាន់ទីចំនួន ១០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើនជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ២០ យោជន៍.... ក្នុងទីចំនួន ៣០ យោជន៍.... ក្នុងទីចំនួន ៤០ យោជន៍.... ក្នុងទីចំនួន ៥០ យោជន៍.... យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន ៥០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិន បើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០០ យោជន៍ យើងខ្ញុំ ក៏គួរតែទៅ កាន់ទីចំនួន ១០០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន កាលបើព្រះគោតមដ៏ចម្រើន ព្រះអង្គបរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវព្រះគោតមដ៏ចម្រើនអង្គនោះ ដែលព្រះអង្គបរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះឧទេនដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចម្រើនព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា ដល់ខ្ញុំព្រះករុណា តែសព្វ ៗ ថ្ងៃ ខ្ញុំព្រះករុណាសូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចម្រើន ។ ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈទ្រង់ប្រទាននិច្ចភិក្ខាប៉ុន្មាន ដល់អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ព្រះបាទអង្គៈ ទ្រង់ប្រទាន ៥០០ កហាបណៈ ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរទទួលមាសនិងប្រាក់ទេ ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចម្រើន បើមាសប្រាក់នោះមិនគួរ ខ្ញុំព្រះករុណានឹងឲ្យជាងធ្វើវិហារប្រគេនលោកម្ចាស់ឧទេនដ៏ចម្រើន ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋានសាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ ។ ឃោដមុខព្រាហ្មណ៍ពោលថា លោកម្ចាស់ឧទេនដ៏ចម្រើន បបួលខ្ញុំព្រះករុណាឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំព្រះករុណាមានចិត្តត្រេកអររីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចម្រើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចម្រើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខាដទៃផង ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុះផង ដោយនិច្ចភិក្ខាដទៃផង ។ ឥឡូវនេះ សាលានោះ គេហៅថា ឃោដមុខី ។ នៅក្នុងអដ្ឋកថា បានសម្ដែងប្រាប់ថា ឃោដមុខព្រាហ្មណ៍ បានបំពេញបុណ្យហើយ អស់ជីវិតទៅបដិសន្ធិក្នុងទេវលោក ។ កាលដែលសង្ឃប្រជុំគ្នាដើម្បីចាត់ចែងជួសជុលនូវឧបដ្ឋានសាលា ឃោដមុខទេវបុត្របានចុះពីទេវលោក មកណែនាំឲ្យប្អូនស្រីទៅយកកំណប់ទ្រព្យមកចាត់ចែងជួសជុលនិងសាងនូវសាលាឆាន់ និងទុកទ្រព្យចិញ្ចឹមកូនចៅទៅទៀតផង រួចហើយថ្វាយបង្គំព្រះភិក្ខុសង្ឃ អណ្ដែតទៅព្ធដ៏អាកាសវេហា ត្រឡប់កាន់ទេវលោកវិញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ |