តេីគ្រហស្ថបានសម្រេចជាព្រះអរហន្ត អាចតាំងនៅរហូតអស់៧ថ្ងៃពិតមែនឬ?
|
|
|
តេីគ្រហស្ថដែលបានសម្រេចជាព្រះអរហន្ត ពិតជាអាចតាំងនៅ រហូតអស់៧ថ្ងៃពិតមែនឬ? ចម្លេីយ មិនពិតឡេីយ ។ ការសម្រេចជាព្រះអរហន្ត ក្នុងភេទជាគ្រហស្ថនេះ បេីតាមមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន រហូត៧ ថ្ងៃឯណោះ ។ ចំណែកឯ អាចារ្យពួកខ្លះលេីកយកវាទ: របស់សៀវភៅបរមត្ថជោតិក:បរិច្ឆេទទី៥ ច្បាប់ចាស់ របស់ថៃកាលលោកបោះពុម្ភដំបូង មិនទាន់បានកែប្រែ មកជាសាធក: ដោយមិនបានដឹងថា វាជាការភ្លាំងភ្លាត់ ទាំងដែរសៀវភៅនេះ លោកបានកែប្រែបោះពុម្ភ សាជាថ្មីហេីយ ។ សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏បានពោលថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មឹយេវ ទិវសេ បព្វជតិ វា បរិនិព្វាយតិ វា ។ បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ លោករមែងបួសក្នុងថ្ងៃនោះឯង ឬថា (បើមិនបានបួសនោះទេ) លោករមែងបរិនិព្វានក្នុងថ្ងៃនោះឯង ។ ដោយ៥០០០ឆ្នាំ |
