Reading Article
Public date : 22, Jul 2020 (58,219 Read)
សេចក្តីសំខាន់នៃការមានកល្យាណមិត្ត

|
ក្នុងបិដកលេខ ៣៧ ទំព័រ ៦៣ នៅក្នុង បឋមកល្យាណមិត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃអរិយមគ្គ” មានសេចក្តីផ្តើមដូចតទៅ ៖
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត ( គ្រឿងកំណត់មុន ) នៃព្រះអាទិត្យដែលរះឡើង ។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើងដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទីសង្ឃឹមរបស់ភិក្ខុដែលមានមិត្តល្អ ភិក្ខុនោះនឹងចម្រើនអរិយមគ្គប្រកបដោយអង្គ ៨ និងធ្វើអរិយ-មគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។ ក្នុងបិដកលេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីភាពនៃបុគ្គល ដែលមានមិត្តល្អ ចាត់ជាព្រហ្មចរិយធម៌ទាំងមូល មិនមែនពាក់កណ្តាលដូចព្រះអានន្ទបានពោលនោះឡើយ សេចក្តីនេះមានដូចតទៅ ៖ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងសក្ករនិគមរបស់ពួកសក្យៈ ក្នុងដែនសក្យៈ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាលនៃព្រហ្មចរិយធម៌ ។ ![]() ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល ។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ និងចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។ ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ចម្រើននូវសម្មាសង្កប្បៈដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ។ល។ ចម្រើននូវសម្មាវាចា ។ល។ ចម្រើននូវសម្មាកម្មន្តៈ ។ល។ ចម្រើននូវសម្មាអាជីវៈ ។ល។ ចម្រើននូវសម្មាវាយាមៈ ។ល។ ចម្រើននូវសមា្ម-សតិ ។ល។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ យ៉ាងនេះឯង ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគតដែលជាមិត្តល្អ បានជាពួកសត្វដែលមានជាតិជាធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វដែលមានជរាជាធម្មតា រួចស្រឡះចាកជរាទៅបាន ពួកសត្វដែលមានមរណៈជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួកសត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តជាធម្មតា រួចស្រឡះចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទៅបាន ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។ ក្នុងបិដកលេខ ៣៧ ទំព័រ ២០៣ នៅក្នុង បឋមសូរិយូបមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃពោជ្ឈង្គ ៧” មានសេចក្តីផ្តើមដូចតទៅ ៖ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯងជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យដែលរះឡើង ( យ៉ាងណា ) ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គទាំង ៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ ( នោះ ) គួរប្រាថ្នានូវភិក្ខុដែលជាកល្យាណមិត្ត ( កុំខាន ) ។ ![]() ក្នុងបិដកលេខ ៤០ ទំព័រ ២៦ នៅក្នុង កល្យាណមិត្តតាទិវគ្គទី ៨ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីប្រយោជន៍ដ៏សំខាន់ ព្រោះមកអំពីមានកល្យាណមិត្ត មានសេចក្តីផ្តើមដូចតទៅ ៖ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌ មិនទាន់កើតឡើងឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង ។ ក្នុងបិដកលេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិវគ្គទី ៩ ព្រះអង្គទ្រង់ត្រាស់សម្តែង អំពីប្រយោជន៍ដ៏ច្រើន ព្រោះមកអំពីមានកល្យាណមិត្ត មានដូចតទៅ ៖ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ក្នុងបិដកលេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ។ ក្នុងបិដកលេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញនូវអង្គដទៃ ដែលជាអង្គខាងក្រៅ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើប ( ជាអង្គខាងក្រៅ ) ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។ ក្នុងបិដកលេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីព្រះសេក្ខៈ ជាអ្នកមានសេចក្តីចម្រើនព្រោះមានកល្យាណមិត្ត ខ្លឹមសារមានទាំងស្រុងដូចតទៅ ៖ ខ្ញុំបានស្តាប់មកថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅឲ្យជាហេតុហើយ មិនឃើញហេតុដទៃ សូម្បីតែហេតុមួយដែលមានឧបការៈ ច្រើនយ៉ាងនេះ ឲ្យដូចជាភាពនៃបុគ្គលមានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត ទើបលះបង់អកុសល ចម្រើនកុសលបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងព្រះសូត្រនោះថា ៖ កល្យាណមិត្តោ យោ ភិក្ខុ សប្បតិស្សោ សគារវោ ករំ មិត្តានំ វចនំ សម្បជានោ បតិស្សវោ បាបុណេ អនុបុព្វេន សព្វសំយោជនក្ខយន្តិ ។ ភិក្ខុណា មានកល្យាណមិត្ត មានសេចក្តីកោតក្រែងប្រកបដោយសេចក្តីគោរព ធ្វើតាមពាក្យរបស់កល្យាណមិត្តទាំងឡាយ ជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយលំដាប់បាន ។ សេចក្តីនេះ ព្រះដ៏មានព្រះភាគ បានត្រាស់ទុកហើយ ខ្ញុំបានស្តាប់មកហើយដូច្នេះឯង ។ ![]() ក្នុងបិដកលេខ ៤៩ ទំព័រ ៤ នៅក្នុង សម្ពោធិសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពួកធម៌ជាចំណែកនៃការត្រាស់ដឹង ៥ យ៉ាង រួចហើយព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអានិសង្សនៃការមានមិត្តល្អ ៤ យ៉ាងជាបន្ត ៖ ១. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ ភិក្ខុនោះនឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ២. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ។ ៣. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញ៉ាំងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំងមានសេចក្តីប្រឹងប្រែង ខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ៤. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺភិក្ខុនោះនឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ ( នៃខន្ធបញ្ចកៈ ) ជាគ្រឿងទម្លាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិកម្ចាត់បង់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។ អានិសង្សនៃការមានមិត្តល្អទាំង ៤ យ៉ាងនេះ សុទ្ធតែជាពួកធម៌ជាចំណែកនៃការត្រាស់ដឹង រួមនឹងការមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ មួយទៀត ដែលជាប្រធាន ទើបបានពួកធម៌ជាចំណែកនៃការត្រាស់ដឹងត្រូវជា ៥ ។ ជាចុងបញ្ចប់នៃព្រះសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចម្រើន នូវធម៌ ៤ យ៉ាងតទៅទៀត គឺ ១. ចម្រើនអសុភ ដើម្បីលះរាគៈ ២. ចម្រើនមេត្តា ដើម្បីលះព្យាបាទ ៣. ចម្រើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្ក ៤. ចម្រើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ។ ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនមែនខ្លួន រមែងដល់នូវព្រះនិព្វានជាគ្រឿងដកចោលនូវអស្មិមានះក្នុងបច្ចុប្បន្ន។ ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៤ នៅក្នុង ទីឃជាណុសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងការមានមិត្តល្អ គឺបានសន្ទនាធម៌ជាមួយនឹងអ្នកមានបញ្ញា សីល ចាគៈ បញ្ញា នាំឲ្យបានសម្រេចនូវប្រយោជន៍បច្ចុប្បន្ន ។ ក្នុងបិដកលេខ ១៩ ទំព័រ ៧២ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីអបាយមុខ គឺប្រធាននៃសេចក្តីវិនាស ក្នុងនោះមានការសេពគប់បាបមិត្តមួយផងដែរ ។ ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបាបមិត្តនាំឲ្យមាននូវសេចក្តីវិនាសដូចគ្នា ។ ![]() ក្នុងបិដកលេខ ១៩ ទំព័រ ៧៨ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងឲ្យចេះជ្រើសរើសមនុស្សដើម្បីសេពគប់ គឺមិត្តដូចម្តេចជាមិត្តពិត មិត្តដូចម្តេចជាមិត្តប្លម ។ ក្នុងបិដកលេខ ១៩ ទំព័រ ២៦៣ នៅក្នុង ទសុត្តរសូត្រ ពួក ៤ មានធម៌សម្តែងអំពីការសេពគប់នឹងសប្បុរស គឺជាធម៌មួយក្នុងចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺជាធម៌ដែលនាំជីវិតឆ្ពោះទៅរកសេចក្តីចម្រើនរុងរឿង ដូចកង់នាំរថទៅកាន់ទិសដៅ និងម្យ៉ាងទៀត ចក្កធម៌ ៤ ប្រការនេះមានឧបការគុណដ៏ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ ១.ការនៅក្នុងប្រទេសដ៏សមគួរ ២. ការសេពគប់នឹងសប្បុរស ៣. ការតម្កល់ខ្លួនដោយប្រពៃ ៤. ភាពជាអ្នកបានធ្វើបុណ្យទុកក្នុងកាលមុន ។ ក្នុងបិដកលេខ ៤២ ទំព័រ ៧៩ ព្រះអង្គទ្រង់ត្រាស់សម្តែង ចក្កសូត្រ មានធម៌ ៤ យ៉ាងនេះឯង ។ ក្នុងបិដកលេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវធម៌ ៤ គឺ ១. ការសេពគប់នឹងសប្បុរស ២. ការស្តាប់ធម៌របស់សប្បុរស ៣. ការយកចិត្តទុកដាក់ដោយឧបាយ ៤. ប្រតិបត្តិធម៌ដ៏សមគួរតាមធម៌ ។ ធម៌ទាំង ៤ ប្រការនេះ គឺនៅក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់ថាជាធម៌នាំឲ្យចម្រើននូវបញ្ញា និងនៅក្នុង ពហុការ-សូត្រ ទ្រង់ត្រាស់ថា ជាធម៌មានឧបការៈច្រើនដល់មនុស្ស ។ ក្នុងបិដកលេខ ៣៩ ទំព័រ ៧៣ នៅក្នុង ទុតិយសារីបុត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ការសេពគប់នឹងសប្បុរស ជា សោតាបត្តិយង្គ ១ ។ សោតាបត្តិយង្គ គឺជាគុណសម្បត្តិដែលនឹងធ្វើឲ្យបានជាសោតាបន្នបុគ្គល មាន ៤ យ៉ាង បានដល់បញ្ញាវុឌ្ឍិធម៌ ឬឧបការធម៌ហ្នឹងឯង ។ ក្នុងបិដកលេខ ៥០ ទំព័រ ៥១ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវ នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាងនោះ មានការមាននូវកល្យាណមិត្តមួយផងដែរ ជាធម៌ដែលធ្វើឲ្យមនុស្សពឹងខ្លួនឯងបាន ។ ក្នុងបិដកលេខ ១៩ នៅក្នុង សង្គីតិសូត្រ និងនៅក្នុង ទសុត្តរសូត្រ ពួក ១០ មាននាថករណធម៌ដូចគ្នាដែរ ។ ក្នុងបិដកលេខ ៥៤ ទំព័រ ៨៥ នៅក្នុង មង្គលសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖ អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ ។ ការមិនសេពគប់បុគ្គលពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតទាំងឡាយ ១ ការបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។ ក្នុងបិដកលេខ ៥២ ទំព័រ ៤ ក៏មាន មង្គលសូ្តត្រ នេះដែរ ។ ដោយ ៥០០០ឆ្នាំ |