Reading Article
Public date : 05, Sep 2019 (51,739 Read)
សុទត្តសូត្រ

|
សុទត្តសូត្រ
បិដកលេខ ៣០ ទំព័រ ២២១ សម័យមួយ ព្រះមានព្រះភាគ ទ្រង់នៅក្នុងសីតវ័នទៀបក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ ។ អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នាដើម្បីចូលទៅជួបនឹងព្រះមានព្រះភាគ ក្នុងខណៈនោះឯង ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះកាលមិនគួរដើម្បីចូលទៅជួបព្រះមានព្រះភាគដោយកាលគួរពុំខាន ។ កាលបើសតិតាំងនៅក្នុងពុទ្ធគុណហើយគាត់ដេកក្នុងមួយរាត្រី ក្រោកឡើង៣ ដង ដោយស្មានថាភ្លឺហើយ ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរកសីវថិកទ្វារ (ទ្វារស្មសាន) ។ ពួកអមនុស្ស ក៏បើកទ្វារឲ្យ ។ គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុងចេញទៅអំពីនគរ ពន្លឺក៏បាត់ទៅ ងងឹតក៏កើតប្រាកដឡើង សេចក្តីភ័យ តក់ស្លុតនិងការព្រឺរោមក៏កើតឡើង ។ គាត់ចង់ត្រឡប់មកអំពីទីនោះ វិញ ។ គ្រានោះឯង យក្សឈ្មោះសិវកៈបំបាំងខ្លួនមិនឲ្យឃើញធ្វើសំឡេងឲ្យឮឡើងថា ដំរីមួយសែន សេះមួយសែន រថទឹមដោយមេសេះអស្សតរមួយសែន នាងកញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណីមួយសែននាក់ ក៏មិនដល់ថ្លៃមួយ ចំណិតនៃជំហានមួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗ ដងឡើង ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ ។ គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើងដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ ....។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅឯសីតវ័ន ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចួសសម័យនៃរាត្រី ទៅចង្រ្កមក្នុងទីវាលស្រឡះ ។ ព្រះមានព្រះភាគបានទតឃើញអនាថបិណ្ឌិកគហបតី កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ចុះអំពីទីចង្ក្រមមកគង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាក ទ្រង់គង់ហើយ ក៏ត្រាស់ហៅអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលសុទត្ត ចូរអ្នកមកអាយ ។ ទើបអនាថបិណ្ឌិកគហបតី ឱនក្បាលទៀបបាទា នៃព្រះមានព្រះភាគក្នុងទីនោះដោយគិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអញចំឈ្មោះ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគយ៉ាងនេះថាបពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគគង់នៅជាសុខទេ ឬ ។ ព្រះអង្គទ្រង់ត្រាស់ថាៈ សព្វទា វេ សុខំ សេតិ ព្រាហ្មណោ បរិនិព្វុតោ ។ បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែងដេកជាសុខសព្វកាល ។ យោ ន លិម្បតិ កាមេសុ សីតិតូតោ និរូបធិ សព្វា អាសត្តិយោ ឆេត្វា វិនេយ្យ ហទយេ ទរំ ឧបសន្តោ សុខំ សេតិ សន្តី បប្បុយ្យ ចេតសាតិ ។ បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេសកាត់បង់តណ្ហាទាំងអស់ បន្ទោបង់នូវសេចក្តីក្រវល់ក្រវាយក្នុងហឬទ័យ មិនបានប្រឡាក់ ក្នុងកាមទាំងឡាយ បុគ្គលនោះ រមែងដល់នូវសេចក្តីរម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់រម្ងាប់ ដេកនៅជាសុខ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |