30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៧,៣០៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៤៧,០២៥
សរុប ៣៨៣,៧៣៣,៧១៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៧៥ ដង)

ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន



 
មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​សេចក្ដី​ចម្រើន​ឥត​អាក់​រាប់​ចាប់​ តាំង​ពី​បុរាណ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។ មនុស្ស​សម័យ​បុរាណ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត ៗ គ្នា​មក​ហើយ រាប់​រយ​រាប់​ពាន់​ឆ្នាំ ទើប​លោក​យើង​បាន​ដុះ​ដាល​ចម្រើន​ដូច​សម័យ​សព្វ​ថ្ងៃ​នេះ។

តាម​ដោយ​ពិត​កិច្ចការ​ស្នាដៃ​របស់​មនុស្ស​ទេ​តើ ដែល​ជា​តួ​ចក្រ​យ៉ាង​សំខាន់ សម្រាប់​ឯកជន ឬ​មហា​ជន ឬ​សង្គម ឬ​សម្រាប់​ប្រទេស​ជាតិ រហូត​ដល់​ពិភព​លោក​ទាំង​មូល ដែល​យើង​អាស្រ័យ​នៅ​សព្វ​ថ្ងៃ​នេះ ។ ហេតុ​នេះ ទើប​យើង​មើល​ឃើញ​ជាក់​ច្បាស់​ថា ក្នុង​លោក​នេះ គ្មាន​មaនុស្ស​នៅ​ទំនេរ​ទេ សុទ្ធ​តែ​មាន​ការងារ​ទៅ​តាម​សភាព​រៀងៗខ្លួន កាល​យើង​នៅ​តូច​យើង​ក៏​ធ្វើ​ការ​ផ្សេងៗ មាន​ស៊ី​ផឹក, ដេក, ដើរ, ឈរ, អង្គុយ, យំ, សើច ។ល។ ដល់​ចម្រើន​វ័យ​ធំ​បន្តិច​ឡើង យើង​ក៏​ធ្វើ​ការ​សិក្សា​រៀន​សូត្រ ហាត់​លោត, ហាត់​រត់, ហាត់​ហែល​ទឹក ។ ល ។ ដល់​មាន​អាយុ​គ្រប់​នីតិភាព យើង​ត្រូវ​ធ្វើការ​ចិញ្ចឹម​ជីវិត​អាត្មា​នឹង​គ្រួរសា​ទៅ​ទៀត ។ ការ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​នឹង​ការ​គ្រប់​គ្រង​រក្សា​គ្រួសារ ជា​ភាសវៈ​ប្រចាំ​របស់​មនុស្ស​គ្រប់​រូប​ដោយ​ពិត ។

ខួរ​ក្បាល​នឹង​សេចក្ដី​ឈ្លាស​វៃ ព្រម​ទាំង​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ទេ​តើ ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ដ៏​ធំ​ទូលាយ​មហិមា​នេះ សម​ជា​ទី​ស្នាក់​នៅ​នៃ​មនុស្ស​លោក ។ សេចក្ដី​ចំរើន​ដែល​ហៅ​ថា អារ្យធម៌​របស់​លោក​ជា​ផល​ដែល​បាន​មក​ពី​ខួរ​ក្បាល​នឹង​សេចក្ដី​ប្រឹង​ប្រែង​ ធ្វើការ​របស់​មនុស្ស​ទាំង​អស់ ។ គ្រប់​យ៉ាង​ក្នុង​លោក តែង​តែ​មាន​ការ​ប្រែ​ប្រួល​ជានិច្ច​គ្រប់ៗនាទី ។ មនុស្ស​សម័យ​បុរាណ មាន​គំនិត​ចង់​ហោះ​ហើរ​ដើរ​ធ្យាន​លើ​វេហាស៍​ដូច​ជា​បក្សី ។ មាន​គំនិត​គិត​ចង់​បង្កើត​យាន​ជំនិះ​វិសេស​ផ្សេងៗ មក​ហើយ ដូច​មាន​សេចក្ដី​ដំណាល​ពី​មនោភាព​របស់​មនុស្ស ក្នុង​សាស្រ្តា​ល្បែង​នានា មាន​រឿង​ហង្សយន្ត ឬ​ភួង​ម៉ាល័យ​ជា​ដើម។

គំនិត​គិត​ស្មាន​របស់​មនុស្ស​សម័យ​ជាន់​ដើម ក្លាយ​ទៅ​ជា​ការ​ពិត​ឡើង​ក្នុង​សម័យ​ជាន់​ក្រោយ​នេះ ដូច​ជា​យាន​ជំនិះ​យ៉ាង​វិសេស ៗ ទាំង​ខាង​ជើង​ទឹក ទាំង​ខាង​ជើង​គោក ទាំង​ឃាង​អាកាស ដូច​រថយន្ត, រថភ្លើង, កប៉ាល់, យន្តហោះ សម្រាប់​ពង្រួញ​ផ្លូវ​គមនាគមន៍​ឲ្យ​ខ្លី​ចុះ អាច​ទៅ​បាន​គ្របិ​ទិស​ទី​ក្នុង​លោក ។ ខាង​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក ហាក់​ដូច​ជា​យើង​បាន​សម្រេច​វិជ្ជា​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ​ទាន់​ចិត្ត ដូច​ទូរស័ព្ទ​ទូរលេខ​នឹង​វិទ្យុ​ជាដើម ។ ផ្នែក​ខាង​ការ​រីក​រាយ​កំសាន្ត​ចិត្ត​ក្នុង​វេលា​រាត្រី​វិញ​ក៏​មាន​ភាព​ យន្ត ( កុន​ស្រមោល ) នឹង​វិទ្យុភាពយន្ត ហើយ​មក​ក្នុង​សម័យ​បរមាណូ​នេះ វិជ្ជាការ​របស់​មនុស្ស​រឹង​រឹត​តែ​ចំឡែក​អស្ចារ្យ​ណាស់​ទៅ​ទៀត ដូច​ជា​គ្រាប់​បែក​បរមាណូ​នឹង​វត្ថុ​សព្វ​សារពើ ដែល​ធ្វើ​ពី​រិទ្ធិ៍​បរាណូ សុទ្ធ​សឹង​តែ​អស្ចារ្យ​ណាស់ ។ ហើយ​អំណើះ​ត​ទៅ​ខាង​មុខ​ទៀត អាច​កើត​អស្ចារ្យ​ចំឡែក​ប្លែក ៗ ថ្មី ៗ ទៀត ។ ច្រើន​លើស​លន់​គណនា ដែល​សម្រេច​ដោយ​បញ្ញា​នឹង​ស្នាដៃ​របស់​មនុស្ស​មិន​ខាន ។

ក្នុង​ចំណោម​ពួក​អ្នក​ជញ្ជឹង​រំពឹង​គិត​ចង់​រៀបចំ ពិភព​លោក​ឲ្យ​បាន​ចម្រើន​រុង​រឿង ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត បើ​ពោល​ដោយ​ភាគ​ច្រើន គឺ​ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត ដែល​បាន​ខំ​ប្រឹង​កសាង​សេចក្ដី​ចម្រើន​នឹង​ការ​ស្រួល​សប្បាយ ដល់​មនុស្ស​ជាតិ​ផង​គ្នា ។ មាន​ជួនកាល លោក​អ្នក​នឹក​ស្មាន​ថា គំនិត​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត ជា​គំនិត​ឥត​ហេតុ​ផល​ហួស​វិស័យ​មនុស្ស​លោក ត​មក​សម័យ​ខាង​ក្រោយ ក្លាយ​ទៅ​ជា​ការ​ពិត​ជាក់​ស្ដែង​ឡើង ពិភព​លោក​ទើប​ប្រដាប់​ប្រដា​ដោយ​របស់​ចំឡែក ៗ ច្រើន​ជា​អនេក​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​ជា​ផល​កើត​ឡើង​ដោយ​សតិ​បញ្ញា​នឹង​ស្នាដៃ​របស់​អ្នក​ប្រាជ្ញ​ វិទ្យាសាស្រ្ត​ដោយ​ភាគ​ច្រើន​បំផុត។

កាល​បើ​យើង​សំឡឹង​មើល​ជុំវិញ​ខ្លួន​យើង ហើយ​សួរ​ខ្លួន​ឯង​ថា នរណា​ជា​អ្នក​សាង​វត្ថុ​ផ្សេង ៗ អស់​ទាំង​នោះ​ឡើង អ្នក​ណា​កសាង​រថយន្ត, រថភ្លើង, ភ្លើង​អគ្គិសនី, យន្ត​ហោះ​ជា​ដើម អ្នក​ណា​ជា​អ្នក​គិត​ផ្សំ​ថ្នាំ​បំបាត់​រោគ​នានា, អ្នក​ណា​ជា​អ្នក​គិត​ប្រឌិត​ផលិត​ភ័ណ្ឌ អំពី​វត្ថុ​ឥត​ដំឡៃ​នានា​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍ ត្រា​តែ​យើង​មាន​គ្រឿង​ប្រើ​ប្រាស់​ប្លែក ៗ ច្រើន​ជា​អនេក​អនន្ត, យើង​អាច​តប​ដោយ​ខ្លួន​ឯង​ថា ពួក​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​អស់​នោះ​ហើយ​ដែល​បាន​ប្រសិទ្ធិ៍ និរមិត្ត​វត្ថុ​អស់​នោះ​ឲ្យ​កើត​ឡើង ។ អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ទាំង​ឡាយ មិន​បាន​ប្រាថ្នា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ទេ ដោយ​យល់​ឃើញ​ហើយ​ប្រកាន់​ថា កាល​បើ​កើត​មក​ជា​មនុស្ស ត្រូវ​តែ​បំពេញ​មុខ​ក្រសួង​របស់​មនុស្ស​គឺ​ជួយ​គ្នា​ព្រួត​ដៃ​គ្នា​គ្រប់​ គ្រង​ពិភព​លោក​ឲ្យ​បាន​ចំរើន ប្រកប​ដោយ​បកតិ​សុខ​យ៉ាង​ធំ​ទូលាយ ។ ដោយ​ហេតុ​ពួក​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត មាន​បំណង​ចំពោះ​ផល​ចំរើន​ដោយ​រួបរួម​គ្នា​នេះ ទើប​យើង​គួរ​ចារិក​រំលឹក​គុណ របស់​បុគ្គល​ដែល​ធ្វើ​សារប្រយោជន៍​ដល់​លោក​គ្រប់​ខណៈ។

ផល​សម្រេច ដែល​ជួយ​ស្ទួយ​មនុស្ស ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​នឹង​កិត្តិយស​ល្បី​ល្បាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចំរើន​រុង​រឿង​ឡើង នេះ​នាំ​ឲ្យ​យើង​យល់​ថា ផល​សម្រេច​ជា​របស់​សំខាន់​ក្រៃលែង ប៉ុន្តែ​ការ​ដែល​នឹង​ញ៉ាំង​ផល​សម្រេច​របស់​ខ្លួន ឲ្យ​បាន​ដល់​គោល​បំណង​នោះ លុះ​តែ​អាស្រ័យ​សមត្ថភាព​ក្នុង​ការងារ​ជា​គោល​សំខាន់ ។ រដ្ឋ​បុរស​រាល់​រូប អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​រាល់​គ្នា​នឹង​ពួក​អ្នក​សិល្បៈករ បាន​ខំ​ព្យាយាម​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ញ៉ាំង​ការ​ដែល​ខ្លួន​ធ្វើ​នោះឲ្យ​បាន​សម្រេច​ជា​រូប​រាង​ឡើង។

តាម​ធម្មតា មនុស្ស​យើង​មាន​អំណាច​មួយ ដែល​ធម្មជាតិ​បាន​ប្រគល់​ឲ្យ​មក តាំង​ពី​កំណើត​គឺ​ខួរ​ក្បាល ។ មនុស្ស​ដែល​មាន​ខួរ​ក្បាល រមែង​មាន​សតិ​បញ្ញា​សម្រាប់​ត្រិះរិះ​រក​ហេតុ​ផល ចំពោះ​របស់​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​យើង ព្រម​ទាំង​គោល​ការណ៍​សម្រាប់​ការពិចារណា​ព្រឹត្តិការណ៍​បាន​ជាក់​ច្បាស់, ដំណើរ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ មាន​ភាវៈ​ខ្ពង់​ខ្ពស់​ជាង​សព្វ​សត្វ​ទាំង​ឡាយ​យ៉ាង​ត្រដែត​ត្រដឹម ។ ផល​សម្រេច​គ្រប់​ចំណែក​ដែល​មាន​នៅ​ក្នុង​លោក​នេះ កើត​មក​អំពី​ស្នាដៃ​របស់​មនុស្ស​ទាំង​អស់​ចំណែក​ខាង​សព្វ​សត្វ​ទាំង​ឡាយ គ្រាន់​តែ​ជា​គូ​ដៃ ឬ​ជា​គ្រឿង​ឧបករណ៍​មួយ​យ៉ាង ដែល​មនុស្ស​ប្រើ​ប្រាជ្ញា​ឈ្លាសវៃ​របស់​ខ្លួន យក​មក​បង្ហាត់​ប្រើ​ការ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផង​គ្នា ។

មនុស្ស​ជាតិ​នេះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​មក​ហើយ​រាប់​សែន​រាប់​លាន​ ឆ្នាំ ហើយ​នឹង​តាំង​នៅ​ក្នុង​លោក​ដរាប​ដល់​លោក​បែក​ធ្លាយ​ទំលាយ​ទៅ​វិញ ។ កាល​បើ​យើង​ដឹង​ថា មនុស្ស​ជាតិ​ត្រូវ​បាន​គ្រប់​គ្រង​លោក​ដូច្នេះ ទើប​ត្រូវ​តែ​យើង​ដែល​ជា​មនុស្ស​គ្រប់ ៗ រូប ប្រើ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​លោក ដោយ​ការ​ធ្វើ​ឲ្យ​កើត​សន្តិសុខ​ព្រម​ទាំង​អារ្យធម៌​ថ្លៃ​ថ្នូរ​ដល់​លោកបាន​ ដល់​ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ដល់​លោក​រួប​រួម​គ្នា។

សេចក្ដី​សម្រេច​គ្រប់​យ៉ាង កើត​មក​ពី​គំនិត​មាន​បំណង​មុតមាំ ជា​មូលដ្ឋាន​ដ៏​សំខាន់ ។ កាល​ពី​មួយ​រយ​ឆ្នាំ​មុន​នេះ ឬ​មុន​នោះ​ឡើង​ទៀត គ្មាន​នរណា​គិត​នឹក​ថា មនុស្ស​យើង​អាច​ហោះ​ហើរ​បាន ឬ​មាន​យន្តហោះ​អណ្ដែត​លឿន​ទៅ​ក្នុង​អាកាស​បាន ជា​យាន​យ៉ាង​វិសេស មាន​សន្ទុះ​លឿន​ស្លៅ​គួរ​ឲ្យ​អស្ចារ្យ ជា​ការ​ពង្រួញ​ផ្លូវ​គមនាគមន៍​យ៉ាង​ឆ្ងាយ​ណាស់ ដែល​ពី​ដើម​ត្រូវ​ធ្វើ​ដំណើរ​រាប់​ខែ​ឬ​ឆ្នាំ​ទើប​ទៅ​ដល់ ឥឡូវ​នៅ​ត្រឹម​តែ​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​ប៉ុណ្ណោះ ។ ក្នុង​ទឹក​មាន​កប៉ាល់​កាណូត​ជា​ដើម ប្រើ​ជា​យាន​យ៉ាង​លឿន​ស្លៅ​មិន​បាច់​ប្រើ​ចែវ​ច្រវា ថ្នោល​ឬ​ក្ដោង ។ លើ​គោក មាន​រថយន្ត រថ​ភ្លើង ប្រើ​បាន​រហ័ស​ស្រួល​សប្បាយ​ជា​អនេក ជា​ជំនួស​រថ​សេះ ឬ​រទេះ​គោ ឬ​ដំរី ។ ក្រៅ​អំពី​នេះ​នៅ​មាន​គ្រឿង​ឧស្សាហកម្ម​ផ្សេង ៗ ទៀត ដូច​ជា​ឧស្សាហកម្ម​តម្បាញ​ការ​ដេរ​ប៉ាក់ ដោយ​យន្ត ពួក​អ្នក​គិត​ប្រឌិត​វត្ថុ​អស់​នេះ​ដំបូង​បំផុត​នោះ ត្រូវ​នាំ​គ្នា​សើច​ចំអក​ឡកឡឺយ ហើយ​យល់​ថា ជា​គំនិត​ឆ្កួត​រវើរវាយ​ឥត​ខ្លឹមសារ ។

ដរាប​ដល់​ពួក​អ្នក​ដែល​ធ្វើ​គ្រឿង​ភាជន​ដី​ដុត ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​គេ​ចោទ​បរិហារ​ថា​ឆ្កួត​ផ្ដេសផ្ដាស ឬ​ថា​ល្ងង់ល្ងឹត​ណាស់ ។ ប៉ុន្តែ​អ្នក​ដែល​មាន​គំនិត​ដែល​គិត​ប្រឌិត បាន​ខំ​ព្យាយាម​រក​វិធី​ធ្វើ​គ្រឿង​ភាជន​ដី ( ពែង, ចាន, កន្ថោរ, ) ត្រា​ដែល​បាន​សម្រេច​ដូច​បំណង​នោះ តោង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ស្ទើរ​តែ​អស់​រលីង​ពី​ខ្លួន ហើយ​អស់​ពេល​វេលា​ស្រាវជ្រាវ​រក​ដល់ ១០ ឆ្នាំ ទើប​បាន​សម្រេច ដូច្នេះ​ទើប​ឃើញ​ថា​អ្នក​ដើម​គំនិត​ដែល​បាន​គិត​ប្រឌិត​របស់​ប្លែក ៗ ឡើង ជា​មនុស្ស​មាន​គំនិត​មុត​មាំមាន​ព្យាយាម​ម៉ឺងម៉ាត់​ណាស់។

ចិត្តិទ្ធិ​បាទ​ជា​របស់​សំខាន់​បំផុត ដែល​អាច​ញ៉ាំង​សេចក្ដី​សម្រេច​ឲ្យ​បង្កើត​ឡើង​បាន​ដល់​មនុស្ស​គ្រប់​រូប ។ អ្នក​ធំ ៗ ឬ​រដ្ឋ​បុរស ត្រូវ​តែ​មាន​បំណង​មុត​មាំ​ជា​ប្រធាន ទើប​ឋិត​នៅ​ក្នុង​តំណែង​សំខាន់ៗបាន ដោយ​បង្ហាញ​ឲ្យ​ឃើញ​សមត្ថភាព​ក្នុង​ការងារ ហើយ​អាស្រ័យ​សេចក្ដី​ព្យាយាម​មិន​រួញ ត្រា​ដែល​បាន​ទៅ​ដល់​ផល​ដែល​ខ្លួន​ប៉ុនប៉ង​សំដៅ​ទុក ទើប​ឃើញ​ថា សេចក្ដី​សម្រេច​ត្រូវ​អាស្រ័យ​ហេតុ ២ ប្រការ គឺ​បំណង​នឹង​សេចក្ដី​ព្យាយាម បើ​ខ្វះ​គុណ​ធម៌ ២ ប្រការ​នេះ រមែង​នឹង​សម្រេច​ទៅ​បាន​ដោយ​កម្រ​ណាស់ ។ យើង​គង់​បាន​ឃើញ​ស្រាប់​ហើយ​ថា ហាង​រាន​លក់ដូរ​ឬ​ក្រុមហ៊ុន ដែល​លើក​លែង​ធ្វើការ​ជំនួញ ព្រោះ​ខាត​ទុន ឬ​លក់​ដូរ​មិន​ដាច់ ។ ការ​ដែល​ហាង​រាន ឬ​អ្នក​ចាត់ការ​មិន​មាន​បំណង​នឹង​សេចក្ដី​ព្យាយាម​មុត​មាំ ក្នុង​ការ​លក់​ដូរ​ឲ្យ​បាន​ចំរើន​រុង​រឿង​ត ៗ ទៅ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទទួល​បំរើ​ប្រជាជន ដោយ​សុចរិត​ស្មោះត្រង់​ទេ កិច្ចការ​ខាង​ផ្លូវ​ជំនួញក៏​នឹង​ចំរើន​លូតលាស់​ទៅ​ពុំ​បាន​ដែរ។

ការ​មាន​មានះ​មុត​មាំ​នឹង​សេចក្ដី​ព្យាយាម​មិន​រួញរា ជា​បច្ច័យ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ប្រកប​ការងារ​ដែល​ខ្លួន​ចាប់​ផ្ដើម​ធ្វើ ​ឡើងឲ្យ​បាន​សម្រេច​ដូច​បំណង។ មាន​មនុស្ស​ជា​ចំនួន​ច្រើន ដែល​នឹក​ចង់​ផ្ដើម​ធ្វើ​អ្វី​ក៏​ចាប់​ធ្វើ​ការ​នោះ​ទៅ តែ​គ្រាន់​តែ​ធ្វើ​ទៅ​បាន​បន្តិច ក៏​នឿយណាយ​រសាយ​សេចក្ដី​ព្យាយាម​បន្តិច​ម្ដង ៗ ត្រា​តែ​លែង​ធ្វើការ​ដែល​ចាប់​ផ្ដើម​ធ្វើ​ពី​ដំបូង​នោះ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ខ្វះ​សេចក្ដី​មានះ ដែល​ជា​ដើម​ហេតុ​នៃ​សេចក្ដី​សម្រេច​នុះ​ឯង ។ គោល​សំខាន់​ដែល​នឹង​ធ្វើការ​ឲ្យ​សម្រេច​ទៅ​បាន​នោះ​នៅ​ត្រង់​សេចក្ដី​មានះ​ ព្យាយាម​មិន​រួញរា យក​ជ័យ​ជំនះ​ចំពោះ​ឧបស័គ្ក​នានា​ប្រការ ចុះ​ដៃ​ធ្វើ​រៀង ៗ ទៅ​មិន​អាក់​ខាន មុខ​ជា​នឹង​បាន​ទទួល​ផល​សម្រេច​ជា​ប្រាកដ ។ មាន​ជន​តាំង​ចិត្ត​ធ្វើការ​មុត​មាំ​ក្នុង​ជាន់​ដំបូង ដល់​ចាប់​ធ្វើការ​នោះ​បាន​បន្តិច​ទៅ បែរ​ជា​មាន​គំនិត​រារែក​កន្ធែក​ចិត្ត​លះ​បង់​ការ​ចាស់​ចាប់​ធ្វើ​ការ​ថ្មី​ត ​ទៅ​ទៀត បុរាណ​លោក​ពោល​ទុក​ថា « ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា » រមែង​មិន​បាន​សម្រេច​ការ​អ្វី​ឲ្យ​បាន​ជា​ផល​ប្រយោជន៍​ចំពោះ​ខ្លួន ឬ​ចំពោះ​លោក​ឡើយ ។

ជន​បែប​នេះ ក៏​មាន​ឈ្មោះ​ថា​មនសិការៈ​ចំពោះ​ការងារនឹង​សេចក្ដី​ព្យាយាម​មិន​រួញរា​ហ្នឹង ​ឯង។ គំនិត​ដែល​គិត​ផ្សង​តាម​ជោគជតា ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​រួញរា​ដោយ​យល់​ថា​ខ្លួន​ឥត​មាន​ជោគ​វាស្នា ឬ​ចួន​កាល​រង​ចាំ​មាន​ជោគ​ល្អ​សិន​សឹម​ធ្វើ​ការងារ ។ ការពិត​នោះ ជោគ​វាស្នា​ហ្នឹង​ឯង​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ បើ​អ្នក​ណា​គិត​តែ​រង់​ចាំ​ជោគ​វាស្នា​មាន​មក មុខ​ជា​អត់​បាយ​ស្លាប់​មិន​ខាន ដូច​មាន​រឿង​និទាន​បុរស ៣ នាក់ៈ ម្នាក់​នោះ​គេ​បញ្ឆោត​ថា មាន​បុណ្យ​វាស្នា​នឹង​បាន​គ្រង​រាជ​ជា​ក្ស័ត្រ ក៏​គិត​តែ​ពី​ពឺត​អង្គុយ​ចាំ​ដេក​ចាំ​រាជ​រថ​មក​ទទួល​ឲ្យ​ទៅ​គ្រង​រាជ​ សម្បត្តិ មិន​គិត​ខ្វល់​ខ្វាយ​ធ្វើ​ការងារ​ត្រា​តែ​អត់​បាយ​ស្លាប់​ទៅ ។

ឯ​សម្លាញ់​ពីរ​នាក់​ទៀត ខំ​ខ្វល់​ខ្វាយ​ធ្វើ​ការងារ ព្រោះ​គ្រូ​ទាយ​ថា ឥត​ជោគ​វាស្នា គ្រាន់​តែ​មាន​សម្បត្តិ​ចាយ​វាយ​គ្រប់​គ្រាន់ មិន​រហេម​រហាម ។ អ្នក​ខ្លះ​ផ្សង​ជោគ​វាស្នា​ទិញ​ឆ្នោត​ដែល​មាន​ផល​យ៉ាង​ស្ដួច​ស្ដើង​ណាស់ ត្រឹម ១% ប៉ុណ្ណោះ ។ រឿង​ជោគជតា​រាសី​របស់​មនុស្ស​យើង​នេះ ជា​របស់​មិន​គួរ​ជឿ​ទេ អ្នក​ដែល​ជឿ​គ្រូ​ទាយ ក៏​គិត​តែ​ដេក​ចាំ​ជោគ​ឥត​ធ្វើ​ការ​អ្វី ជា​ពួក​មិន​គិត​ចេញ​ទុន​អ្វី គិត​តែ​ឲ្យ​ខាង​បាន​ចំណេញ​តែ​ម្យ៉ាង តើ​គំនិត​នេះ​សម​ហេតុផល​ទេ? មាន​ជនានុជន​ដោយ​ច្រើន មិន​សូវ​នឹក​គិត​រលឹក​ដល់​ពេល​វេលា​ដ៏​មាន​ដំឡៃ​របស់​ខ្លួន ដែល​កន្លង​រំលង​ទៅ​រាល់ ៗ ថ្ងៃ ដោយ​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី ។ ប្រសិន​បើ​នឹក​ឃើញ​មុខ​ជា​នឹក​ស្ដាយ​ក្រោយ​ច្រើន​អ្នក​ខ្លះ​បណ្ដោយ​ខ្លួន​ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​មុខ គិត​តែ​ខាង​ស៊ី​ផឹក​ដើរ​លេង​សប្បាយ​ទៅ​តាម​រោង​មហា​ស្រព​ផ្សេង ៗ រាល់​ថ្ងៃ ។

ប្រសិន​បើ​គេ​គិត​ថា​គេ​កើត​មក​គិត​តែ​ពី​ខាង​សប្បាយ​មួយ​មុខ ឥត​គិត​ដល់​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ឬ​សេចក្ដី​ចំរើន ឬ​វិនាស ក៏​លើក​ទុក​ទៅ​ចុះ ព្រោះ​មនុស្ស​ជំពូក​នេះ បើ​មាន​ភាគ​ច្រើន​ក្នុង​លោក មុខ​ជា​ធ្វើ​លោក​ទាំង​មូល​ឲ្យ​ទៅ​ជា​សត្វ​លោក​មិន​មែន​ជា​មនុស្ស​លោក​ដូច​ សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​មនុស្ស​យើង​គ្រប់​រូប រមែង​មាន​ខួរ​ក្បាល​សម្រាប់​ហាត់​រៀន​ប្រើ​ការ​ជា​ប្រយោជន៍​បាន​គ្រប់​ខណៈ ហើយ​អត្ថប្រយោជន៍​នេះ កាល​បើ​កាន់​តែ​លូត​លាស់​ចំរើន​ឡើង ៗ នឹង​ជួយ​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​ប្រទេស​ជាតិ បាន​ជា​អនេក​ប្រការ​អ្នក​ដែល​បាន​កសាង​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ បាន​ច្រើន​ត្រឹម​ណា​កិត្តិយស​នឹង​កេរ្តិ៍​ឈ្មោះ​ក៏​ចារិក​ជាប់​នៅ​ក្នុង​ ប្រវត្តិសាស្រ្ត​របស់​ជាតិ អស់​កាល​ជា​យូរ​អង្វែង​ដរាប​នោះ ។ ហេតុ​ដូច្នេះ ទើប​យើង​ត្រូវ​ចេះ​ប្រើ​ពេល​ទំនេរ​របស់​យើង ឲ្យ​បាន​សម្រេច​ជា​អត្ថប្រយោជន៍​ដល់​ខ្លួន​យើង ដរាប​ដល់​វង្ស​ត្រកូល​ប្រទេស​ជាតិ​របស់​យើង សូម្បី​ក្នុង ១ ថ្ងៃ​ត្រឹម ១ ម៉ោង មួយ​ខែ ៣០ ម៉ោង មួយ​ឆ្នាំ ៣៦៥ ម៉ោង ចុះ​ដល់ ១០ ឆ្នាំ​ទៅ តើ​ប៉ុន្មាន​ម៉ោង? - ការ​សិក្សា​របស់​ក្មេង​ក្នុង ១ ឆ្នាំ ជាង ១.០០០០ ម៉ោង ប៉ុណ្ណោះ ក៏​អាច​ញ៉ាំង​ផល​សម្រេច​ជា​អនេក​ប្រការ​រាល់ ៗ ឆ្នាំ ។ បើ​លោក​ចេះ​ប្រើ​ពេល​ទំនេរ​របស់​លោក ត្រឹម ១ ថ្ងៃ ១ ម៉ោង ឬ ២ ម៉ោង សម្រាប់​ការ​សិក្សា លោក​ក៏​នឹង​មាន​ចំណេះ កើន​ចំរើន​ឡើង​មិន​មែន​តិច​ឡើយ មាន​ឧទាហរណ៍​ដូច​វិញ្ញូជន ដែល​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ - ២ ម៉ោង​ប៉ុណ្ណោះ គេ​អាច​សរសេរ​វចនានុក្រម​បាន​ជា​ច្រើ​ភាគ​ហើយ​មាន​វិញ្ញូជន​ខ្លះ អាច​ហាត់​និយាយ​ភាសា​ផ្សេង ៗ បាន​ដល់ ១២ ភាសា ព្រោះ​ចេះ​ប្រើ​ពេល​ទំនេរ​ត្រឹម ១ ថ្ងៃ ១ ម៉ោង២ម៉ោងប៉ុណ្ណោះ។

ត​អំពី​នេះ​ទៅ លោក​នឹង​ឃើញ​ថា ការ​ប្រើ​ពេល​ទំនេរ​ឲ្យ​មាន​ប្រយោជន៍​នោះ តើ​ជា​ការ​សំខាន់​ដូច​ម្ដេច​ខ្លះ? អស់​លោក​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​មក​យូរ ៗ ហើយ បាន​ទទួល​ផល​កម្រៃ​នៅ​ដដែល មិន​កើន​ចំរើន​ឡើង​សោះ នោះ​បើ​គេ​ចេះ​ប្រើ​ពេល​ទំនេរ​ស្វែង​រក​ផល​ប្រយោជន៍​ត​ទៅ​ទៀត នឹង​មាន​កំរ៉ៃ​កើន​ចំរើន​ឡើង បាន​ធូរ​ចាយ​សប្បាយ​ចិត្ត​ច្រើន​មិន​ខាន ។

កិលហ្វារ៉ាដេយ៍ ជា​អ្នក​ប្រាជ្ញ​វិទ្យាសាស្រ្ត​ជាតិ​អង់គ្លេស​យ៉ាង​ល្បីល្បា្ កាល​ពី​ក្មេង​ទី​ទាល់​ក្រ​ណាស់ ធ្វើ​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នៅ​រោង​ពុម្ព ១ ដោយ​ឥត​បាន​ទទួល​ប្រាក់​រង្វាន់​ឈ្នួល​ទេ តែ​កុមារ​នេះ​បាន​ខំ​ប្រើ​ពេល​ទំនេរ ៗ ដែល​នៅ​សល់​ពី​ការ​ហាត់​ដេរ​ក្រប​សៀវភៅ​នោះ ខំ​ពិនិត្យ​មើល​សៀវភៅ​ទាំង​ឡាយ ដែល​គេ​យក​មក​ជួល​ដេរ​ក្រប​នោះ ស្ទើរ​តែ​គ្រប់ ៗ សៀវភៅ ទើប​បណ្ដាល​ឲ្យ​សេចក្ដី​ចេះ​ដឹង​របស់​ហ្វារ៉ាដេយ៍ កាន់​តែ​រីក​ចំរើន​ឡើង ហើយ​ជួប​ជួន​ជា​មាន​គេ​យក​សៀវភៅ « ឥនស៊ីក្លូប៉េឌីប្រីតាន្និក » មក​ឲ្យ​ដេរ​ក្រប កុមារ​ក៏​បើក​មើល បាន​ប្រទះ​ត្រង់​កន្លែង​និយាយ​ពី​វិជ្ជា​អគ្គិសនី ក៏​នឹក​ភ្នក​ចង់​ចេះ​ដឹង​ក៏​សាក​ល្បង​ល​មើល ឃើញ​ផល​ជាក់​ស្ដែង​ហុច​ដល់​គំនិត ។

តាំង​ពីកាល​នោះ​មក ហ្វារ៉ាដេយ៍​ក៏​ខំ​ប្រឹង​សិក្សា​វិទ្យាសាស្រ្ត​ឡើង ត​មក​បាន​អាន​សៀវភៅ​វិជ្ជា​គីមី​ដែល​មាន​ក្នុង​សៀវភៅ​នោះ ត្រា​តែ​ស្ទាត់​ជំនាញ ។ ថ្ងៃ​មួយ​មាន​ឱកាស​បាន​ចូល​ទៅ​ស្ដាប់​បាឋកថា​ខាង​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន មាន​ចិត្ត​ស្ម័គ្រ​ចូល​ទៅ​ធ្វើការ​ក្នុង​តំណែង​ភ្នាក់ងារ​វិទ្យាសាស្រ្ត នៅ​រាជ​បណ្ឌិត្យ​ស្ថាន​នោះ ហ្វារ៉ាដេយ៍​បាន​សាក​ល្បង​វិជ្ជា​អគ្គិសនី​នឹង​គីមី ត្រា​តែ​បាន​ជួប​ប្រទះ​វិធី​ផ្សេង ៗ យ៉ាង​ច្រើន​បំផុត ។ ត​មក​បាន​ទទួល​នាទី​ជា​ចាងហ្វាង ហើយ​បាន​ទទួល​កិត្តយស​ជា​នាយក​ខាង​វិជ្ជា​ហ្វីស៊ិក​នឹង​គីមី ។ គ្មាន​អ្នក​ណា​នឹក​នា​ថា ក្មេង​កំសត់​កូន​ជាង​ដំ​ដែក នឹង​មាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ទៅ​ជា​អ្នក​ប្រាជ្ញ​វិទ្យសាស្រ្ត​យ៉ាង​ល្បី​ល្បាញ​ដល់​ម្ល៉ោះ​ឡើយ ។

យ៉ជ៌ស្ទីហ្វេនស័ន ជា​តួ​យ៉ាង​ដ៏​គាប់​ប្រសើរ​មួយ​របស់​មនុស្ស ។ កាល​ចាប់​ផ្ដើម​ធ្វើ​របរ​ចិញ្ចឹម​ជីវិត គេ​ជា​អ្នក​ជីក​អណ្ដូង​រ៉េ​យ៉ាង​កំសត់ តែ​មាន​គំនិត​គិត​ជញ្ជឹង​ដល់​ឋានៈ​របស់​ខ្លួន​គួរ​ឲ្យ​បាន​គាប់​ប្រសើរ​ជាង​ នេះ​ណាស់ ក៏​ស្រាប់​តែ​ដុះ​គំនិត​សំខាន់​ឡើង​ក្នុង​ខួរ​ក្បាល​របស់​គេ គឺ​ការ​គិត​សាង​តួ​ចក្រ​រថភ្លើង​ឡើង ដ្បិត​នៅ​ក្នុង​សម័យ​នោះ គេ​នៅ​និយម​ប្រើ​រទេះ​សេះ​នឹង​រទេះ​លា សម្រាប់​ដឹក​នាំ​សម្ភារៈ​នឹង​អ្នក​ជិះ​ដោយ​សារ ដែល​នាំ​មិន​ស្រួល​ដល់​ការ​គមនាគមន៍​ណាស់ ។ តែ​ខ្លួន​ជា​អ្នក​ទី​ទាល់​ក្រ​ណាស់​គំនិត​នេះ​នឹង​កើត​ផល​ឬ​ឥត​ផល​នៅ​ជា​ ប្រស្នា គេ​ខំ​ធ្វើ​ការ​ជីក​ត្បូង​ថ្ម​បាន​កំរៃ​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច ទាំង​មិន​មាន​ផល​កំរៃ​ពី​ផ្លូវ​ដទៃ​ទៀត​ផង ។ ទើប​គេ​កើត​គំនិត​គិត​ស្វែង​រក​ផល​កំរៃ​ពី​ខាង​ក្រៅ ក្រៅ​ពី​មុខ​របរ​សព្វ​ថ្ងៃ គេ​គិត​ធ្វើ​ការ​ស៊ី​ឈ្នួល​ជួល​ដេរ​ប៉ះ​ខោអាវ ជួស​ជុល​ស្បែក​ជើង​របស់​ពួក​កម្មករ​ផង​គ្នា បាន​កំរ៉ៃ​កើន​ចំរើន​ឡើង​ខ្លះ ហើយ​ខំ​សន្សំ​ប្រាក់​កាស​សម្រាប់​ជា​ដំឡៃ​សាលារៀន​នៅ​ពេល​យប់ គេ​មាន​សេចក្ដី​កង្វល់​មួយ​ដែល​ត្រូវ​ទទួល​ភារៈ គឺ​បិតា​ខ្វាក់​ភ្នែក ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​បើ​ទុក​ជា​មាន​ឧបសគ្គ​ដូច្នេះ​ក៏​ដោយ​គេ ​ក៏​ឥត​រួញរាគោល​បំណង​របស់​គេ​គឺ​ការ​សាង​រថភ្លើង​ឲ្យ​បាន​សម្រេច។

កាល​គេ​ដំណើរ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​ស្ដាប់ ពួក​អ្នក​ស្ដាប់​ត្រឡប់​ជា​បន្តុះ​ថា មាន​គំនិត​ឆ្កួត​រវើរវាយ អ្នក​ខ្លះ​ក៏​ថា រថចក្រ​អ្នក​ឯង​ធ្វើ​ឲ្យ​កើត​ភ្លើង​ឆេះ​មិន​ខាន អ្នក​ខ្លះ​ថា​ធ្វើ​ដូច​ម្ដេច​កើត បើ​ប្រើ​ដុត​ភ្លើង​ដូច្នោះ មុខ​ជា​អ្នក​ជិះ​រថចក្រ​ឈ្លក់​ផ្សែង​ភ្លើង​ស្លាប់​មិន​ខាន អ្នក​ខ្លះ​បន្តុះ​ថា ប្រហែល​ជា​ដល់​គ្រា​ហីនហោច​នៃ​ពួក​ជាង​ធ្វើ​រថ​រទេះ​ទូក​ក្ដារ​ហើយ ។ ប៉ុន្តែ ១៥ ឆ្នាំ ត​មក ពួក​អ្នក​តិះដៀល​ដល់​គំនិត​យ៉ាង​ចំឡែក​នោះ ត្រឡប់​ងឿង​ឆ្ងល់​នឹក​ស្ងើច​រាល់​គ្នា កាល​ដែល​រថភ្លើង​មួយ​ដំបូង​របស់​គេ បាន​ចាប់​បើក​លឿន​ទៅ​បាន​លើ​ផ្លូវ​ដែក​ព្រម​ទាំង​អ្នក​ជិះ​ជា​ចំនួន​ច្រើន នេះ​ហើយ​ជា​គំនិត​យល់​សប្តិ ទ្រឡប់​ជា​មាន​មែន​ពិត​ឡើង​យ៉ាង​អស្ចារ្យ។

លិនគល្ន៍​ប្រធានាធិបតី​នៃ​ទ្វីប​អាមេរិក​ក្នុង​សម័យ​មួយ ដំបូង​ឡើយ​ជា​ក្មេង​កំសត់ អាស្រ័យ​នៅ​ក្នុង​ខ្ទម​តូច​មួយ មិន​ដែល​ចូល​សាលារៀន គ្មាន​សៀវភៅ​រៀន គ្មាន​គ្រូ​បង្រៀន តែ​ដែល​អាច​អ្វើ​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក៏​ព្រោះ​ការ​ហាត់ ​រៀន​ខ្លួន​ឯង នឹង​ការ​រាប់​អាន​ខ្លួន​ឯង ។ វិធី​ដែល​គេ​ប្រតិបត្តិ គឺ​ខំ​រៀន​អក្សរ​ដោយ​ខ្លួន​ឯង ដោយ​អាស្រ័យ​ពន្លឺ​ភ្លើង​ឧស​ដែល​ដុត​នៅ​ខាង​មុខ​ខ្ទម គេ​ជឿ​ថា គេ​តោង​រៀន​ឲ្យ​បាន​សម្រេច ។

យើង​បាន​ដឹង​ជាក់​ច្បាស់​ហើយ​ថា សេចក្ដី​សម្រេច​របស់​មនុស្ស​នៅ​ត្រង់​ខ្លួន​ឯង​តាំង​ចិត្ត​ពិត​ជា​ប្រធាន សេចក្ដី​និយម​រាប់​អាន​ខ្លួន​ឯង​ក៏​ជា​ការ​សំខាន់​ណាស់​ដែរ ។ មាន​ទំនង​ដែល​គួរ​ឲ្យ​ស្ដាយ​ពេក ចំពោះ​យុវជន​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ច្រើន​មាន​គំនិត​មិន​រហ័ស​រួស​រាន់​ទាន់​កាល​សម័យ​របស់​លោក ដែល​ចំរើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​គេ​គិត​យល់​ដល់​ឋានៈ នឹង​ការ​របរ​របស់​ខ្លួន ថា​ល្មម​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ហើយ ឬ​ដោយ​ទំរន់​ខ្ជិល​ប៉ុណ្ណោះ ទើប​គេ​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ស្វែង​រក​អត្ថប្រយោជន៍​អ្វី​ត​ទៅ​ទៀត ។ មាន​ខ្លះ​យល់​ខុស​ថា ការ​ស្រួល ៗ ងាយ ៗ ជា​របស់​គាប់​ប្រសើរ​សម្រាប់​ជីវិត​របស់​ខ្លួន ទោះ​បី​បាន​ប្រាក់​រង្វាន់​បៀវត្ស​បន្តិច​បន្តួច​ក៏​ដោយ ជន​ពួក​នេះ​មិន​បាន​ភ្នក​នឹក​ដល់​ធម្មជាតិ ដែល​បាន​ប្រគល់​សតិ​បញ្ញា​នឹង​សមត្ថភាព​មក​ដល់​ខ្លួន​គ្រប់ ៗ រូប តាំង​ពី​មក​ចាប់​កំណើត​ក្នុង​នា​លោកិយ​នេះ ហើយ​ឥត​បាន​ប្រើ​សមត្ថភាព​នោះ​សោះ ។

តាម​ដោយ​ពិត​នោះ នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ មាន​ជន​ដែល​បាន​ទទួល​ការសិក្សា​មក​ហ្មត់ចត់​តិច​ណាស់ ។ អ្នក​ដែល​ចង់​ចេះ​ចង់​ដឹង​ជ្រៅ​ជ្រះ ត្រូវ​តែ​ខំ​សិក្សា​ដោយ​ខ្លួន​ឯង តោង​យក​ចិត្ត​ទុក​ដាក់​អាន​ប្រវត្តិ​របស់​មនុស្ស​សំខាន់ ៗ ក្នុង​លោក ដើម្បី​ជា​ផ្លូវ​គំនិត​សម្រាប់​ប្រកប​កិច្ចការ​ផ្ទាល់​ខ្លួន នឹង​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ត​ទៅ ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ពេក ហើយ​គួរ​ឲ្យ​អណោច​អាធ័ម​ណាស់ ចំពោះ​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ មិន​សូវ​មាន​សៀវភៅ​ធម៌​អាថ៌​នឹង​បាលី​បាគូ​បន្តិច​បន្តួច សម្រាប់​សិក្សា​ខាង​ផ្លូវ​សាសនា ។ រួម​សេចក្ដី​ខ្លី​ទៅ នៅ​ស្រុក​ខ្មែរ​ទាំង​មូល​មិន​ទាន់​មាន​រោងពុម្ព​នឹង​សៀវភៅ​បោះពុម្ព ឲ្យ​សម​នឹង​ឋានៈ​របស់​ប្រទេស​នៅ​ឡើយ​ទេ ត្រង់​ណេះ​ត្រូវ​បង​ប្អូន​រួម​ជាតិ​ព្រួត​ដៃ​គ្នា​កសាង​ឲ្យ​បាន​ចំរើន​ឡើង​ ទើប​ប្រជាជាតិ​យើង ធ្វើ​ដំណើរ​ទៅ​មុខ​បាន​រហ័ស បើ​មិន​ដូច្នោះ​ទេ មុខ​ជា​រលំ​រលាយ​ជាតិ ឬ​ជា​ខ្មែរ​ក្រឡៃ​ក្លាយ​ទៅ​ជា​ជាតិ​ដទៃ​មិន​ខាន ។

នៅ​នានា​ប្រទេស គេ​និយម​រាប់​អាន​សៀវភៅ សំខាន់​ជាង​ការ​មើល​កុន​មើល​ល្ខោន​ច្រើន​ណាស់ ។ ប្រជាជន​របស់​គេ​គ្រប់​ថ្នាក់​ច្រើន​និយម​មើល​កាសែត​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ ២ ច្បាប់​ក្រៅ​ពី​នេះ​នៅ​និយម​អាន​សៀវភៅ របស់​អ្នក​និពន្ធ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​រាល់​ថ្ងៃ ដើម្បី​ជា​បច្ច័យ​ដុស​ខាត់​ខួរ​ក្បាល​របស់​គេ​ឲ្យ​ភ្លឺ​ថ្លា ។ ហេតុ​ដូច្នោះ ទើប​គេ​អាច​បោះ​ពុម្ព​សៀវភៅ​ចំណាយ​ចេញ​ទៅ​រាប់​ហ្មឺន​រាប់​សែន​ក្បាល ចួន​កាល​រាប់​លាន​ក៏​មាន។

មាន​តែ​ការ​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ខួរ​ក្បាល​ឈ្លាសវៃ​ទាន់​សម័យ​និយម ។ សៀវភៅ​ល្អ ៗ ដែល​មាន​សារប្រយោជន៍​អាច​នឹង​ធ្វើ​ជីវិត​នឹង​ថានៈ​របស់​អ្នក​ឲ្យ​បាន​ថ្កើង​ រុង​រឿង​ជា​អនេក​ប្រការ ដូច​ពួក​មហា​បុរស​ក្នុង​លោក​ធ្លាប់​បាន​ប្រព្រឹត្ត​មក​ហើយ មាន​អទិ​ដូច​ជា ហ្វារ៉ាដេយ៍​ពិត្ត​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ក្នុង​សម័យ​មួយ នឹង លិនគល្ន៍​ប្រធានាធិបតី​អាមេរិក ដែល​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពង់​ខ្ពស់ ព្រោះ​ការ​អាន​សៀវភៅ​នេះ​ឯង ។ ណាប៉ូលេអុង ចក្រពត្តិ​បារាំង​សែស​ក៏​ទ្រង់​យក​ព្រះ​រាជ​ហឫទ័យ​ទុកដាក់​នឹង​ការ​អាន​ សៀវភៅ​យ៉ាង​ក្រៃលែង។ ហ្រ្វានស៊ិសបេខន​ពោល​ថា « ការ​អាន​សៀវភៅ ធ្វើ​មនុស្ស​ឲ្យ​ជា​មនុស្ស​បរិបុណ្ណៈ » ។ តែ​ការ​អាន​សៀវភៅ​នេះ ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​សៀវភៅ​និមួយ ៗ រមែង​មាន​ទាំង​រឿង​ល្អ - អាក្រក់​ច្របល់​គ្នា ទើប​មុន​នឹង​អាន​សៀវភៅ​អ្វី​នោះ គួរ​រើស​រក​មើល​សៀវភៅ​ណា​ដែល​ល្អ ៗ សិម​អាន ព្រោះ​សៀវភៅ​ល្អ ៗ ជា​ឧបាយ​ដាស់​តឿន​ក្រើន​រំលឹក​ចិត្ត​គំនិត​ឲ្យ​ទៅ​ជា​អ្នក​និពន្ធ​មាន​ កេរ្តិ៍​ឈ្មោះ​ល្បី ឲ្យ​កើត​មនុស្ស​ធម៌ ឲ្យ​កើត​វិទ្យាសាស្រ្ត​ឲ្យ​កើត​មនុស្ស​សំខាន់ ៗ ក្នុង​លោក រហូត​ដល់​កើត​ចិត្ត​ចោរ​ឃោរឃៅ​សម្លាប់​គេ​ឥត​ញញើត​ដៃ​ដូច្នេះ​ការ​ជ្រើសរើស​ មើល​សៀវភៅ​សិន​សិម​អានទើប​មាន​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ជីវិត។

សៀវភៅ​ជា​មិត្ត​ល្អ​របស់​មនុស្ស យើង​បាន​សប្បាយ​រីករាយ​ចិត្ត​នឹង​សារប្រយោជន៍​អំពី​សៀវភៅ សៀវភៅ​ឥត​មាន​ពេល​ប្រែប្រួល​ទេ បើ​ទុក​ជា​បាន​ទុក្ខ​សោក​យ៉ាង​ណា​ក៏​ដោយ សៀវភៅ​លួង​លោម​ចិត្ត​ក្នុង​គ្រា​មាន​ទុក្ខ នាំ​ឲ្យ​សប្បាយ​រីក​រាយ​នៅ​ពេល​ទំនេរ សៀវភៅ​មិន​បោះ​បង់​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង យ៉ាង​កណ្ដោច​កណ្ដែង ក្រៅ​ពី​នេះ សៀវភៅ​ជា​គ្រឿង​ដាស់​តឿន​ចិត្ត​ឲ្យ​យើង​ខំ​ខ្មីឃ្មាត ហើយ​នៅ​ជា​យុវជន​ទាន់​សម័យ​ជានិច្ច ។

ហ្លួង​និពន្ធ​មន្រ្តី ញ៉ុក - ថែម រៀបរៀង
ដោយ​៥០០០​ឆ្នាំ​


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៧៣១ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៦៥០ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,២៧៩ ដង)
ការ​គ្រប់​គ្រង​ចក្រ​វា​ឡ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៤៧៩ ដង)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២ (អាន: ២,៣៩៣ ដង)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥១,៨៤៤ ដង)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿