30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៦,៥០៥
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៦៨,៦២១
សរុប ៣៨៩,៣៥១,១០៥
អត្ថបទបិដក
images/articles/3133/20ccver.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,១៧៨ ដង)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៤,៧៥១ ដង)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3136/20215ook.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,៣៧២ ដង)
[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយការបំរើតូចៗ (មានឲ្យទឹកលុបមុខ និងឈើស្ទន់ជាដើម)១ ដោយការរៀនសិល្បសាស្ត្រដោយគោរព១។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រសព្វគ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១។ ម្នាលគហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្សបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីគ្រូអាចារ្យនិងតួនាទីសិស្ស - បិដកភាគ ១៩ ទំព័រ ៨៥ ឃ្នាប ៧១ ដោយ​៥០០០​ឆ្នាំ​
images/articles/3140/2021ujhterest.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៣,៣៣០ ដង)
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។ [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។ [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។ [១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ [២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ ចប់ វគ្គ ទី ៣ ។ បិដកភាគ ៤០ ទំព័រ ៧៧ ឃ្នាប ១៩៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3143/bfret454532.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,៥៧៨ ដង)
បឋមកណ្ហសប្បសូត្រ ទី ៩ [១២៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នេះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។ ទុតិយកណ្ហសប្បសូត្រ ទី ១០ [១៣០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមានចិត្តក្រោធ ១ ចងពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែកម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ។ ទោស ៥ យ៉ាង ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានរាគៈខ្លាំងក្លា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាតអាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានវាចាញុះញង់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។ ចប់ ទីឃចារិកវគ្គ ទី៣។ បឋមកណ្ហសប្បសូត្រ ទី ៩ ឬ ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី - បិដកភាគ ៤៥ ទំព័រ ២៦១ ឃ្នាប ១២៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3142/2021svaarest.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៦,៣១០ ដង)
បឋមអក្ខន្តិសូត្រ ទី ៥ [១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។ បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3082/_______________.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,១៨៦ ដង)
[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនឹងចីវរ ក្នុងបុព្វណ្ណសម័យ ហើយចូលទៅកាន់ក្រុង វេសាលី ដើម្បីបិណ្ឌបាត ។ លុះទ្រង់ត្រាច់ ទៅបិណ្ឌបាតក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះ អានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យក និសីទនៈទៅ យើងនឹងចូល ទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទដ៏ មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់និសីទនៈទៅតាមខាងក្រោយៗព្រះដ៏មានព្រះភាគទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅ ដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទ ៤ តថាគតបានចំរើនហើយ បានធ្វើ ឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះ ដ៏មានព្រះភាគ ទ្រង់ធ្វើនិមមិត្តជាឪឡារិក ទ្រង់ធ្វើឪកាសជាឪឡារិក យ៉ានេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់បាន មិនបានអារាធនា ព្រះដ៏មានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើនដើម្បីអានុគ្រោះ ដល់ពួកទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកា ជាគំរប់ពីរដងផង ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះទុព្ធដីកានឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូច ជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អ ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គម្បីឋិតនៅ អស់១ អាយុកល្បឬលើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មាន ព្រះភាគ ទ្រង់ធ្វើនិមិត្តជា ឪឡារិកយ៉ាងនេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់ បានឡើយ ហើយមិនបានអារាធនាព្រះដ៏មានព្រះភាគ ថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បី អានុគ្រោះ ដល់ពួកសត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅចុះ អ្នកចូលសំគាល់នូវកាលដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោក ចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយទៀបគល់ឈើ មួយជិតព្រះដ៏មានព្រះភាគ ។ គ្រានោះ កាលបើព្រះអានន្ទដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន ចិត្តបាប ក៏បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចំរើន សូចព្រះដ៏ មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ ចំរើនឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គ ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា នៃមារមានចិត្តបាប ពួកភិក្ខុ ជាសាវករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយល្អតាមពាក្យ ដែលសមហេតុ ហើយសំដែង ធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ តថាគតនឹងមិនទាន់ បរិនិព្វានដរាបនោះដូច្នេះ ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវករបស់ ព្រះដ៏មានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេមចាកយោគៈ ជាពហុស្សូតទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរ ដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាម ធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់ សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយ បាដិហារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះ សុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មាន ព្រះភាគ ត្រាស់វាចានេះ ហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុ ជាសាវិកា តថាគត មិនទាន់មានដរាបណា តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះ។បេ។ ពួក ឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា ។បេ។ ពួកឧបាសក ជាសាវិកា របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សម គួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយ ល្អតាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសក ជាសាវិកា របស់ព្រះដ៏មានព្រះភាគ ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានខាំងសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិន ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគតនឹងមមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនេះ បាន ទាន់ខ្ជាប់ខ្ជួន បានចំរើន បានផ្សាយទៅ សព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានឹង មនុស្ស ចេះសំដែងបានដោយល្អហើយ ។ បពិត្រ ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វាន ទៅ បពិត្រព្រះអង្គ ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគ ហើយ។ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការ បរិនិព្វានរ បស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹង បរិនិព្វានហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឮដ៏ បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការ ក្រើកដែនដីយ៉ាងធំ គួរឲ្យភ្លូកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ គ្រានោះ ព្រះដ៏ មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវ ឧទាននេះ ក្នុងវេលានោះថាព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ នូវព្រះនិព្វានដែលមាន គុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វ ទៅកាន់ភព ទ្រង់ ត្រេកអរនូវអារម្មណ៍ខាងក្នុង [ដោយអំណាច វិបស្សនា] មានព្រះហឬទ័យតាំងមាំហើយ [ដោយអំណាច សមថៈ] ទ្រង់បានទំលាយនូវបណ្ដាញគឺកិលេស ដែលកើតមាន នៅ ក្នុងព្រះអង្គដូចជាក្រោះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការ កក្រើក ផែនដីនេះយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើគួរឲ្យភ្លួកភ្លឹក ឲ្យព្រឺព្រួច រោម ទាំងផ្គរក៏លាន់ឡើង ។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការ កក្រើក ផែនដី ជាយ៉ាងធំម្ល៉េះ ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ អង្គដ៏ចំរើន ការកក្រើកផែនដីនេះជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែន ដីនេះ ធំពេកណាស់តើ គួរឲ្យភ្លួកភ្លឹក គួរឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ ឮឡើង។ បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យកើតការ កក្រើផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យដែលនាំឲ្យកើតការកក្រើផែនដី នេះមាន ៨ យ៉ាង។ ហេតុបច្ច័យទាំង ៨យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់បក់ ខ្យល់ធំដែល បក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដី ឲ្យកក្រើកដែរ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត សមណៈក្ដី ព្រាហ្មណ៍ក្ដី ដែលមានឬទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តឬទេវតាដែល មានឬទ្ធិធំ មាន អានុភាពធំបុគ្គលនោះ បានចំរើនបឋវិសញ្ញា ឲ្យមានកំឡាំងតិច ចំរើន អាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែងធ្វើផែនដីនេះ ឲ្យកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិ សត្វ ច្បុតចាកពួកទេវតា ដែលឋិតនៅក្នុងឋានតុសិតមានសតិនឹង សម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាល នោះផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះពោធិ សត្វ មានសតិនឹងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងដីកាល នោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាល ណា ដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកើត ការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះផែន ដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៦ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត គតមានសតិនឹងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៧ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ កើតការកក្រើកផែនដី ជាយ៉ាងធំមាន ៨ យ៉ាងនេះឯង ។ ចប់ ចាសវគ្គទី ២ ។ ឧទ្ទានក្នុងចាលវគ្គនោះគឺ និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគទ្រង់ សំដែងធម៌ ដោយសង្ខេប ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគយាសីសប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ១ ផែនដីកក្រើក ១ ។ (បិ. ៤៨ ទំ២៩៣) ដោយ៥០០០ឆ្នាំ
images/articles/3094/54yedge4.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,៩២៧ ដង)
[៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោនពុំមានឡើយ កាលបើបុគ្គល បានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។ [៨] ព្រះមានព្រះភាគត្រាស់ថា ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោន ពុំមានឡើយ កាលបើបុគ្គលសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកប្រាថ្នាសេចក្តីស្ងប់ ត្រូវតែលះបង់អាមិសៈ ក្នុងលោកចេញ។ ឧបនេយ្យសូត្រ ទី ៣ បិដកភាគ ២៩ ទំព័រ ៤ ឃ្នាប ៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3095/35tregre.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,៣៦៥ ដង)
[៩] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។ [១០] ព្រះមានព្រះភាគត្រាស់ថា កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈ ក្នុងលោកចេញ។ អច្ចេន្តិសូត្រ ទី ៤ - បិដកភាគ ២៩ ទំព័រ ៥ ឃ្នាប ៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3097/5gerwer.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៣,៥៦៩ ដង)
[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ក៏ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៤។ ហីនាធិមុត្តិកសូត្រ ទី ៤ - បិដក ៣២ ទំព័រ ៣០ ឃ្នាប ៣២ ដោយ​៥០០០​ឆ្នាំ​
images/articles/3098/756etds.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,៤៩២ ដង)
[៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ តែងត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប រមែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប។ [៣៧] ម្នាលភិក្ខុទាំងឡាយ លាមក ត្រូវគ្នា សមគ្នា ដោយលាមក មូត្រ ត្រូវគ្នា សមគ្នា ដោយមូត្រ ទឹកមាត់ ត្រូវគ្នា សមគ្នា ដោយទឹកមាត់ ខ្ទុះ ត្រូវគ្នា សមគ្នា ដោយខ្ទុះ ឈាម ត្រូវគ្នា សមគ្នា ដោយឈាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប យ៉ាងនោះឯង។ [៣៨] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ [៣៩] ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ ត្រូវគ្នា សមគ្នា ដោយទឹកដោះស្រស់ ប្រេង ត្រូវគ្នា សមគ្នា ដោយប្រេង ទឹកដោះរាវ ត្រូវគ្នា សមគ្នា ដោយទឹកដោះរាវ ទឹកឃ្មុំ ត្រូវគ្នា សមគ្នា ដោយទឹកឃ្មុំ ទឹកអំពៅ ត្រូវគ្នា សមគ្នា ដោយទឹកអំពៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ក៏យ៉ាងនោះឯង។ [៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ទ្រង់ត្រាស់គាថានេះ តទៅទៀតថា ព្រៃគឺកិលេសដុះឡើង ព្រោះការច្រឡូកច្រឡំ ព្រៃគឺកិលេសដាច់ទៅ ព្រោះការមិនច្រឡូកច្រឡំ បុគ្គលឡើងឈើទាប មុខជាលិចចុះក្នុងអន្លង់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យនឹងជនខ្ជិលច្រអូស ទោះបីចិញ្ចឹមជីវិតដោយស្រួល ក៏រមែងលិចចុះទៅ យ៉ាងនោះឯង ហេតុដូច្នោះ បុគ្គលគប្បីវៀរស្រឡះចាកបុគ្គលខ្ជិលច្រអូស មានសេចក្តីព្យាយាមថោកទាបនោះចេញ គប្បីនៅជាមួយនឹងជនជាបណ្ឌិត អ្នកស្ងប់ស្ងាត់ អ្នកប្រសើរ អ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នកមានឈាន អ្នកផ្តើមព្យាយាមជានិច្ច។ ចប់សូត្រទី៦។ សគាថាសូត្រ ទី ៦ - បិដកភាគ ៣២ ទំព័រ ៣៥ ឃ្នាប ៣៦ ដោយ​៥០០០​ឆ្នាំ​
images/articles/3135/2021-09-07_11_0Mon.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,២៥២ ដង)
[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ ត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ តាមកំឡាំង១ ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែករំលែកនូវរបស់ មានរសត្រកាលចំឡែក១ ដោយការឲ្យឈប់សម្រាកក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ១ ធ្វើការងាររបស់ចៅហ្វាយនាយ ដោយយកចិត្តទុកដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែងក្នុងទីនោះៗ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយ បានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីចៅហ្វាយនាយនិងតួនាទីកម្មករ - បិដកភាគ ១៩ ទំព័រ ៨៨ ឃ្នាប ៧៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3156/t9038gtitwgk0osw0k_th.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ២,៦៣៥ ដង)
(ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបសព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណាពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។ (តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូមរមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជ ស្អប់អាត្មាឡើយ ។ (ព្រះរាជាត្រាស់ថា) សមណព្រាហ្មណ៍ ណារស់ដោយការសូម តែមិនសូមវត្ថុខ្លូនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង ។ សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួល ដោយខ្លួនឯងផង ។ បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូម មកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គលជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ ។ (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋក) អ្នកមានប្រាជ្ញា គួរដឹង(ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀមៗប៉ុណ្ណោះ នុ៎ះជាការសូម របស់ពួកអរិយៈ។ (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម១ពាន់ ព្រមទាំងគោឈ្មោលដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោកដែលប្រកបដោយធម៌ហើយមិនឲ្យដល់បុគ្គល មានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន ។ ចប់ អដ្ឋិសេនជាតកទី៨ បិដក៥៩ ទំព័រ៨៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3144/dsvdr564y5ged.jpg
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,៨១៥ ដង)
ពហុភាណិសូត្រ ទី៤ [១១៤] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើននេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យអាក្រក់ ១ និយាយពាក្យឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិចនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិននិយាយកុហក ១ មិននិយាយញុះញង់ ១ មិននិយាយពាក្យអាក្រក់ ១ មិននិយាយឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិច មាន ៥ យ៉ាងនេះឯង។ ពហុភាណិសូត្រ ទី ៤ ឬ ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន បិដកភាគ ៤៥ ទំព័រ ២៤៩ ឃ្នាប ១១៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3069/20rrook.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៥,៤៣៣ ដង)
ទុតិយបរិហានិសូត្រ ទី៩ [២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ ទុតិយបរិហានិសូត្រ ទី ៩ ឬ ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក បិដក ៤៧ ទំព័រ ៤៦ ឃ្នាប ២៧ ដោយ៥០០០ឆ្នាំ
images/articles/3068/2021uook.jpg
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៧,៩៨១ ដង)
បឋមសមជីវឹសូត្រ ទី៥ [៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។ បឋមសមជីវឹសូត្រ ទី ៥ ឬ ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះដូចគ្នា បិដកភាគ ៤២ ទំព័រ ១៥០ ឃ្នាប ៥៦ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿