images/articles/3329/2023-06-12_06_50_51-Pinterest.jpg
ថ្ងៃនេះ
អារាមទាយកត្ថេរាបទាន ទី៧
ផ្សាយ : ០៨ ឧសភា ឆ្នាំ២០២៤
ខ្ញុំបានដាំសួនច្បារ ថ្វាយព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ពួកបក្សីចូលទៅអាស្រ័យឰដ៏ដើមឈើទាំងឡាយ ដែលមានម្លប់ត្រជាក់។ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់មិនមានធូលីគឺកិលេស ទ្រង់គួរទទួលនូវគ្រឿងបូជា ទើបនាំព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ប្រសើរជាងពួកនរៈ ទៅក្នុងសួនច្បារ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយផ្លែឈើ និងផ្កាឈើ ទាំងមានសេចក្តីជ្រះថ្លាខ្លាំងកើតឡើងក្នុងលំដាប់នោះ ហើយបង្អោនថ្វាយនូវទាននោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយទានណាដល់ព្រះពុទ្ធ ផលរមែងកើតសម្រាប់ខ្ញុំ ក្នុងភពដែលខ្ញុំកើតហើយ (ព្រោះការថ្វាយទាននោះ)។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសួនច្បារ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសួនច្បារ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមបុទុសីតលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះអារាមទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អារាមទាយកត្ថេរាបទាន។
ដោយ៥០០០ឆ្នាំ
images/articles/3204/etytuyiyujgy7778.jpg
ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។
ម្នាលព្រាហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលព្រាហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។
ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។
ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន។
ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។ ចប់ មហាវគ្គ ទី២។
បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣
ដោយ៥០០០ឆ្នាំ
images/articles/3201/_______________________________________________________________.jpg
មហារាហុលោវាទសូត្រ ទី២
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។
[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។
[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។
[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។
[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។
[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហារាហុលោវាទសូត្រ ទី២។
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក
ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣)
ដោយ៥០០០ឆ្នាំ
images/articles/3203/________________________.jpg
បុគ្គលបែបនោះ រមែងមិនលិចចុះក្នុងអន្លង់ជ្រៅ
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។
[២៦៣] ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ ដោយសីល មានបញ្ញាមានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។
បិដក ភាគ២៩ ទំព័រ១៤០
ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
ផលនៃការសមាទានឧបេាសថកន្លះថ្ងៃ
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកបដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃហេីយ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។
កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។
ព្រះរាជា ញ៉ាំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។
បុរេាហិតនេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។
ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។
ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។
ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។
កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។
វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។
ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បានឃេីញស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។
កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់រសតណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។
លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។
តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំងឡាយដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។
អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។
ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។
លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។
ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។
បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។
កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។
បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។
ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។
សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូមលេាកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។
លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។
កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែលេាកមិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបសឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។
ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលាយប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បានសេាយសេចក្តីទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។
ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហេីយ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។
វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រលេាកម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីងមិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។
ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសេាតាបន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេពធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។
កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ)
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ
(ព្រះត្រៃបិដក លេខ ៦០)
ដោយ៥០០០ឆ្នាំ
images/articles/3206/____________________________________.jpg
រដ្ឋបាលត្ថេរ
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។
កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។
អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។
ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។
ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។
ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។
បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។
កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។
អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។
អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ឧបោសថប្រកបដោយអង្គ ៨ ប្រការ
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
វិត្ថតូបោសថសូត្រ ទី២
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។
ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។
ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ព្រះពុទ្ធដីកាៈ
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
មគ្គញាណនិទ្ទេស (បដិសម្ភិទាមគ្គ)
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។
[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៧] យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
(ព្រះត្រៃបិដកលេខ ៦៩)
ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ឥសិទាសីថេរីគាថា
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។
ឥសិទាសីថេរី ចប់
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3234/ersew33rfwe332efwe.jpg
បុណ្ណមន្តានីបុត្តត្ថេរាបទាន ទី៧
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទមានពួក សិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ ប្រសើរជាងនរជន ។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប ។ ខ្ញុំបានស្តាប់ធម៌នោះ ហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះ ទៅកាន់ទិសទក្សិណ ដើរចេញទៅ ។ ខ្ញុំបានស្តាប់ដោយសង្ខេប ទេ តែអាចសម្តែងដោយពិស្តារបាន ពួកសិស្សទាំងអស់ បាន ស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្តរីករាយគ្រប់ ៗ គ្នា ។
ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យ ជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយសង្ខេបក៏បាន ដោយពិស្តារ យ៉ាងនោះ ក៏បាន ។ ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្ម ឈ្លាស វៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់ ដឹង ទាំងជាអ្នកមិនមានអាសវៈ ។ ក្នុងកប្បទី ៥០០ អំពីភទ្ទ កប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បី ល្បាញទូទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុង ទ្វីប ៤ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។
បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន ។
ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ
images/articles/3235/____________________________________.jpg
ឧបាលិត្ថេរាបទាន ទី៨
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤
ខ្ញុំកើតជាញ្រហ្មណ៍ ឈ្មោះសុជាត ក្នុងក្រុងហង្សវតី ជា អ្នកសន្សំនូវទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យនិងស្រូវជា ច្រើន ។ ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ ដល់ នូវត្រើយក្នុងធម៌របស់ខ្លួន គឺក្បួនទាយលក្ខណៈនិងក្បួនឈ្មោះ ឥសិហាសៈ ។ ក្នុងគ្រានោះ ពួកបរិញ្វជក អ្នកមានផ្នួងសក់ មួយ ពួកពុទ្ធសាវ័ករបស់ព្រះគោតម និងពួកតាបសអ្នកប្រព្រឹត្តតបៈ តែងនាំគ្នាត្រាច់ទៅលើផែនដី ។ ពួកទាំងនោះ តែង ចោមរោមខ្ញុំ ពួកជនជាច្រើនតែងបូជាខ្ញុំ ដោយសំគាល់ថាជា ញ្រហ្មណ៍ មានកិត្តិស័ព្ទល្បីល្បាញ ខ្ញុំមិនបូជាជនណាមួយ ។
វេលានោះ ខ្ញុំជាមនុស្សរឹងត្អឹង ដោយមានះ មិនឃើញបុគ្គល គួរបូជា ទាំងពាក្យថាព្រះពុទ្ធ ក៏មិនដែលមាន ព្រោះព្រះជិនស្រី ទ្រង់មិនទាន់កើតឡើងនៅឡើយ ។ លុះកន្លងថ្ងៃនិងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវ ងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក ។ កាលបើពួកជន ជា អ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផង សាសនារីកក្រាស់ក្រៃ ផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី ។ ព្រះ ពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ ដល់ ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ ( មកគាល់ព្រះអង្គ ) តាមកាលដ៏គួរនោះ ។
គ្រានោះ តាបសឈ្មោះសុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទ បាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ ។ កាលព្រះ សម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយ ដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេច ធម្មាភិសម័យ ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវ តាបសឈ្មោះសុនន្ទៈថា សុនន្ទតាបសនេះ កាលអន្ទោលទៅ ក្នុងភពគឺទេវលោក ឬមនុស្សលោក នឹងបានជាអ្នកប្រសើរ ជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភព ទាំងឡាយ ។ លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធ ព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។
សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាង មន្តានី របស់ព្រះសាស្តានោះ ។ លុះព្រះសម្ពុទ្ធ បានព្យាករ សុនន្ទតាបសយ៉ា់ងនេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំង របស់ព្រះអង្គ ។ វេលានោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបស សុនន្ទ តាបសក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើ គតិរបស់ខ្លួនឲ្យស្អាត ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាង នោះ ។
លុះខ្ញុំគិតយ៉ាងនេះរួចហើយ ទើបគិត រកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្តអំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្ត ដ៏ប្រសើរ ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាមព្រះភាគបាន តាំងថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួង ក្នុងសាសនា ដូច្នេះអាត្មាអញ នឹងប្រាថ្នាយកតំណែងនោះ ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ឧបមាដូច សាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័រ បានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ ។
ខ្ញុំបានសាងអារាមមួយ ឈ្មោះ សោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុង អារាមរបស់សង្ឃ ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ ស្រង់ទឹក ថ្វាយចំពោះព្រះ ភិក្ខុសង្ឃ ។ ខ្ញុំបានថ្វាយជើងម៉ាតាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម ។ ខ្ញុំបានតម្កល់ទុក បុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ ( ការពារ ) កុំឲ្យមាន សត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់ ។
ខ្ញុំបានឲ្យគេសាងអាវាស ជា អារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមាន សភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាង ស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទាន ចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះ អង្គទ្រង់ទទួលនិមន្ត ។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយក នូវគ្រឿង បូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ។
លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួល និមន្តហើយ ទើបចាត់ ចែងនូវភោជនាហារ បម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ស្វែងរក គុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល ។ លុះខ្ញុំក្រាប ទូលនូវភត្តកាលរួចហើយ ទើបព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ស្តេចមកកាន់អារាមរបស់ខ្ញុំ ( មួយអន្លើ ) ដោយព្រះខីណាស្រព ប្រមាណមួយពាន់អង្គ ។ ខ្ញុំដឹងនូវវេលាដែលព្រះ អង្គ ទ្រង់គង់ស៊ប់ហើយ ក៏បានញុំាងព្រះអង្គ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនឹងទឹក លុះខ្ញុំដឹងនូវវេលាដែល ព្រះអង្គសោយ ស្រេចហើយ ទើបក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះ មហាមុនី ខ្ញុំព្រះអង្គបានជាវទីដី អស់តម្លៃមួយសែនកហាបណៈ បានឲ្យគេសាងអារាម ឈ្មោះសោភនៈ ដោយតម្លៃកហាបណៈ ប៉ុណ្ណេះដែរ សូមព្រះអង្គទ្រង់ទទួល ។ ដោយការថ្វាយភូមិនេះ ផង ដោយការតម្កល់ចេតនាទាំងនេះផង ខ្ញុំព្រះអង្គកាលទៅ កើតក្នុងភព ( ណា ៗ ) សូមឲ្យបានសម្រេច តាមដែលខ្ញុំព្រះ អង្គប្រាថ្នា ។
ព្រះសម្ពុទ្ធទ្រង់បានទទួលសង្ឃារាម ដែលខ្ញុំបានសាងល្អ ហើយ ព្រះអង្គគង់កណ្តាលនៃជំនុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះថា បុគ្គលណា បានថ្វាយសង្ឃារាម ដែល ខ្លួនបានសាងល្អហើយ ដល់ព្រះពុទ្ធ តថាគតនឹងព្យាករបុគ្គល នោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ សេនាមាន អង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះ ជានិច្ច នេះជាផលនៃសង្ឃារាម ។ ដូរ្យដន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែងចោមរោមបុគ្គលនេះជានិច្ច នេះជាផល នៃសង្ឃារាម ។ ពួកនារី ចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កណ្ឌល ជាវិការៈនៃកែវមណី ។ ( នារីទាំងនោះ ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម ។
បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ ចំនួនមួយពាន់ដង ។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជ គប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុង ឋានទេវលោក ។ នឹងបានជាស្តេចចក្រពត្តិក្នុងដែន អស់មួយ ពាន់ដង នឹងបានជាស្តេច ផែនដីដ៏ស្តុកស្តម្ភ គណនារាប់មិន បាន ។ លុះដល់មួយសែនកប្បទៀត ព្រះគោតមបរមគ្រូ កើត ក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ បុគ្គលនេះ នឹងបានជាឱរស ជាទាយាទ ក្នុងធម៌ ជាធម្មនិម្មិត មាននាមថា ឧបាលិ នឹងបានជាសាវ័ក នៃព្រះសាស្តាអង្គនោះ ។
នឹងដល់នូវ ត្រើយ ក្នុងព្រះវិន័យផង ឈ្លាសវៃក្នុងហេតុនិងមិនមែនហេតុ ផង ទ្រទ្រង់នូវសាសនា របស់ព្រះជិនស្រី ទាំងជាបុគ្គលមិន មានអាសវៈ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ជ្រាបដំណើរនុ៎ះសព្វគ្រប់ហើយ ទ្រង់គង់ក្នុងកណ្តាលនៃ ភិក្ខុសង្ឃ ហើយនឹងតាំងឧបាលិនុ៎ះ ក្នុងឋានៈជាឯតទគ្គៈ ។
ខ្ញុំប្រាថ្នានូវសាសនា គឺពាក្យប្រៀនប្រដៅ របស់ព្រះអង្គ អាស្រ័យនូវកប្បរាប់មិនបាន ប្រយោជន៍គឺការអស់ទៅនៃសញ្ញោជនៈទាំងពួងនោះ ខ្ញុំក៏បានសម្រេចហើយ ។ បុរសជាប់ក្នុងដែក អណ្តោត ត្រូវរាជទណ្ឌគម្រាមហើយ មិនបានស្រួល ក្នុងដែក អណ្តោត ប្រាថ្នាចង់ឲ្យរួចវិញ ដូចម្តេចមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវអាជ្ញាគឺភពគម្រាមហើយ ជាប់ នៅហើយ ក្នុងដែកអណ្តោត គឺកម្មឋិតនៅហើយ ដោយ កម្លាំងវេទនា គឺសេចក្តីស្រេកឃ្លាន ។ មិនបានស្រួល ក្នុងភព ក្តៅក្រហាយដោយភ្លើងទាំង ៣ ស្វែងរកឧបាយ ដើម្បីនឹងរួច ស្រឡះ ដូចបុរសដែលប្រាថ្នាដើម្បីរួច ចាករាជទណ្ឌ យ៉ាងនោះ ។ មួយទៀត បុរសអ្នកក្លៀវក្លា ត្រូវពិសបៀតបៀនហើយ គេ ក៏គប្បីស្វែងរកនូវឱសថ ជាឧបាយដើម្បីបន្សាបនូវពិស ។
កាលស្វែងរក ក៏បានឃើញនូវឱសថ ដែលជាគ្រឿង បន្សាប នូវពិស ក៏ផឹកនូវឱសថនោះ ហើយក៏បានសេចក្តីសុខ ព្រោះរួច ផុតអំពីពិស យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមដ៏ ធំ ខ្ញុំព្រះអង្គ ក៏ដូចជាជនអ្នកលង់នៅក្នុងពិស ត្រូវអវិជ្ជាបៀត បៀនហើយ បានស្វែងរកឱសថគឺព្រះសទ្ធម្ម ។ កាលស្វែងរក ឱសថគឺធម៌ ក៏ប្រទះនូវសាសនា របស់ព្រះសក្យមុនីសម្ពុទ្ធ ជា ឱសថគឺសច្ចៈ ដ៏ប្រសើរបំផុត ជាថ្នាំសម្រាប់បន្ទោរបង់នូវសរ ទាំងពួង ។ ខ្ញុំព្រះអង្គ បានផឹកឱសថគឺធម៌ ហើយដកនូវពិស ទាំងពួងចោលចេញ ក៏បានឃើញព្រះនិញ្វន ជាគុណឥតមាន ចាស់ស្លាប់ មានសភាពត្រជាក់ក៏យ៉ាងនោះដែរ ។
បុរសត្រូវ ខ្មោចគម្រាមហើយ ត្រូវគ្រោះថ្នាក់គឺខ្មោចបៀតបៀនហើយ គប្បីស្វែងរកពេទ្យ សម្រាប់ចាប់ខ្មោច ដើម្បីឲ្យរួចផុតអំពី ខ្មោច ។ បុរសនោះ កំពុងតែស្វែងរក ក៏បានឃើញបុគ្គល អ្នក ឈ្លាសវៃ ក្នុងវិជ្ជាចាប់ខ្មោច បុគ្គលនោះ ក៏បានបំបរបង់ខ្មោច ព្រមទាំងធ្វើឫសគល់ឲ្យវិនាស អំពីបុរសនោះចេញ យ៉ាង ណាមិញ ។
បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គត្រូវគ្រោះ ថ្នាក់គឺងងឹតបៀតបៀនហើយ ក៏ខំស្វែងរកពន្លឺគឺញាណ ដើម្បី ឲ្យផុតអំពីងងឹត ក៏បានប្រទះឃើញព្រះសក្យមុនី ទ្រង់ជម្រះ ងងឹត គឺកិលេសរួចហើយ ព្រះអង្គទ្រង់កម្ចាត់ងងឹត របស់ខ្ញុំ ព្រះអង្គដូចជាពេទ្យចាប់ខ្មោច បានបណ្តេញបង់នូវខ្មោចចេញ ។ ខ្ញុំព្រះអង្គបានផ្តាច់បង់ នូវខ្សែគឺសង្សារ ហាមឃាត់នូវខ្សែ គឺ តណ្ហា ដកចោលនូវភពទាំងអស់ ប្រៀបដូចពេទ្យចាប់ខ្មោច (បៀតបៀនខ្មោច) ឲ្យអស់ឫសគល់ ក៏យ៉ាងនោះដែរ ។ សត្វ គ្រុឌ ឆាបយកពួកនាគ ជាចំណីរបស់ខ្លួន ធ្វើមហាស្រះ ទំហំ ១០០ យោជន៍ ដោយជុំវិញ ឲ្យរំភើបញាប់ញ័រ ។
លុះគ្រុឌនោះ ឆាបយកនាគ ធ្វើឲ្យមានក្បាលចុះក្រោម ឲ្យបានសេចក្តីលំបាក ហើយនាំយកទៅកាន់ទី តាមសេចក្តីប្រាថ្នារបស់ខ្លួន យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ មានកម្លាំងខ្លាំងដូចគ្រុឌ ខ្ញុំព្រះអង្គកំពុងស្វែងរក អសង្ខតធម៌ គឺព្រះនិញ្វន ហើយបានខ្ជាត់ទោសចោលចេញ អស់ហើយ ។ ខ្ញុំព្រះអង្គ បានឃើញព្រះធម៌ដ៏ប្រសើរ ជាចំណែកនៃសេចក្តី ស្ងប់រម្ងាប់ មិនមានគុណជាតដទៃប្រសើរលើស ហើយកាន់ យកនូវធម៌នោះ ដូចគ្រុឌឆាបយកនាគ ក៏យ៉ាងនោះដែរ ។ វល្លិ ឈ្មោះអាសាវតី កើតក្នុងចិត្តលតាវ័ន កន្លងទៅមួយពាន់ឆ្នាំ វល្លិនោះក៏កើតផ្លែមួយឡើង ។
ពួកទេវតា ( ក្នុងឋានតាវត្តឹង្ស ) តែងនាំគ្នាចូលទៅអង្គុយជិត វល្លិនោះ ដែលមានផ្លែយូរ ៗ ម្តង តាមពិត វល្លិឈ្មោះអាសាវតីនោះ មានផ្លែដ៏ឧត្តម ជាទីពេញ ចិត្តរបស់ពួកទេវតាយ៉ាងនេះ ។ ចំណែកខាងខ្ញុំព្រះអង្គ ខំបម្រើ ព្រះមុនីអង្គនោះរាប់សែនកប្ប ( ប៉ុណ្ណោះ ) តែងនមស្ការ រាល់ ព្រឹកល្ងាចដូចជាពួកទេវតា តែងចូលទៅអង្គុយជិតវល្លិអាសាវតី ។ ការបម្រើ ( របស់ខ្ញុំព្រះអង្គ ) មិនឥតអំពើ ទាំងការ នមស្ការ ក៏មិនជាមោឃៈ ពុទ្ធុប្បាទក្ខណៈ ក៏មិនបានប្រព្រឹត្ត កន្លងនូវខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង ។ ឥឡូវនេះ ខ្ញុំព្រះ អង្គត្រិះរិះទៅមិនឃើញបដិសន្ធិ ក្នុងភពថ្មីទៀតទេ ខ្ញុំព្រះអង្គ មិនមានឧបធិក្កិលេស រួចស្រឡះ ចាកសង្សារ មានចិត្តស្ងប់ រម្ងាប់ ។ ធម្មតាផ្កាឈូក តែងរីកដោយសាររស្មីនៃព្រះអាទិត្យ យ៉ា់ងណាមិញ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គបាន រីកដោយសាររស្មីព្រះពុទ្ធ ក៏យ៉ាងនោះដែរ ។
កំណើតកុកស មិនមានឈ្មោល សព្វ ៗ កាល ទេ កាលបើមេឃគម្រាម ( ផ្គរ លាន់ ) កុកទាំងនោះ ក៏កាន់យកនូវគ័ភ៌ សព្វ ៗ កាល ។ កុក ទាំងនោះ ទ្រទ្រង់គ័ភ៌អស់កាលដ៏យូរ ដរាបទាល់តែមេឃលែង គម្រាម ទាល់តែមេឃបង្អុរភ្លៀង ទើបកុកទាំងនោះរួចផុតចាក ភារៈ យ៉ាងណាមិញ ។ កាលព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ គម្រាមដោយមេឃគឺធម៌ ខ្ញុំព្រះអង្គបានកាន់យកនូវគ័ភ៌គឺ ធម៌ ដោយសម្លេងនៃមេឃគឺ ធម៌ ។ ខ្ញុំព្រះអង្គទ្រទ្រង់ នូវគ័ភ៌ គឺ បុណ្យរាប់សែនកប្ប មេឃគឺ ធម៌មិនគម្រាម ( ដរាបណា ) ខ្ញុំ ក៏មិនបានរួចចាកភារៈធ្ងន់ ( ដរាបនោះ ) ។ បពិត្រព្រះសក្យមុនី ពេលណាព្រះអង្គទ្រង់ គម្រាមដោយមេឃគឺធម៌ ក្នុងក្រុង កបិលព័ស្តុ ដែលជាទីត្រេកអរ ខ្ញុំព្រះអង្គក៏បានរួចចាកភារៈដ៏ ធ្ងន់យ៉ាងនោះដែរ ។ ខ្ញុំព្រះអង្គ ( បានទាំងធ្វើឲ្យជាក់ច្បាស់ ) នូវ សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង ត្រាស់ដឹងនូវធម៌ទាំងពួង គឺផលទាំង ៤ ផង ទម្លាយនូវធម៌គឺ បណ្តាញនោះផង ។ ចប់ ទុតិយភាណវារៈ ។
ខ្ញុំព្រះអង្គ ប្រាថ្នានូវសាសនារបស់ព្រះអង្គ រាប់កប្បប្រមាណ មិនបាន ប្រយោជន៍គឺចំណែកនៃសេចក្តីស្ងប់ដ៏ប្រសើរបំផុត ខ្ញុំ ព្រះអង្គបានសម្រេចហើយ ។ ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យ ដូចភិក្ខុអ្នកស្វែងរកនូវគុណ អ្នកសូត្រ ( ក្នុងជំនាន់សាសនាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈនោះដែរ ) ភិក្ខុជាអ្នកមានគុណ ស្មើ នឹងខ្ញុំព្រះអង្គមិនមានឡើយ ខ្ញុំព្រះអង្គទ្រទ្រង់សាសនា ។ សេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គ ក្នុងវិន័យនុ៎ះផង ក្នុងខន្ធកវិន័យ ផង ក្នុងតិកច្ឆេទផង ក្នុងបញ្ចកៈផង សូម្បីតែអក្ខរៈមួយ ឬក៏ ព្យញ្ជនៈមួយ មិនមានឡើយ ។
ខ្ញុំព្រះអង្គដល់នូវត្រើយក្នុងព្រះ វិន័យទាំងពួង វាងវៃក្នុងការសង្កត់សង្កិនភិក្ខុបាបផង ក្នុងបដិកម្ម គឺការសម្តែងអាបត្តិផង ក្នុងហេតុដ៏គួរនិងមិនគួរផង ក្នុង ឱសារណកម្ម គឺហៅភិក្ខុចូលកាន់ទីប្រជុំសង្ឃ ក្នុងកាលញុំាង ភិក្ខុឲ្យចេញចាកអាបត្តិផង ។ ខ្ញុំព្រះអង្គបានរៀបទុកដាក់នូវចំណែក ក្នុងវិន័យផង ក្នុងខន្ធកៈផង ក្នុងឧភតោវិភង្គផង ហើយ គប្បីឲ្យប្រជុំចុះ ដោយកិច្ចបាន ។ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងវោហារផង វាងវៃក្នុងហេតុចម្រើននិងហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង ( នោះ ) មិនមានឡើយ ខ្ញុំ ព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា ។
ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជា សក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យ ទាំងអស់បាន ។ ខ្ញុំព្រះអង្គ ( ដឹងច្បាស់ ) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជា ទីតាំង ( ខាងដើម ) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ) ។ ព្រះរាជាមានកម្លាំងទ្រង់សង្កត់សង្កិន នូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែល ទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿនភ្លោងទ្វារនិងប៉មទាំងឡាយផ្សេង ៗ ជាច្រើន ក្នុង នគរ ។
ទ្រង់ឲ្យជាងធ្វើ នូវផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជា ចន្លោះ ដែលតាក់តែងល្អ ព្រមទាំងសភាសម្រាប់វិនិច្ឆ័យ នូវ សេចក្តីចម្រើន និងសេចក្តីមិនចម្រើន ក្នុងនគរនោះ ។ ព្រះ រាជាអង្គនោះ ទ្រង់តាំងសេនាមាត្យដើម្បីឲ្យសង្កត់សង្កិននូវ ពួកសត្រូវ ឲ្យស្គាល់ទោសនិងមិនមែនទោស ដើម្បីរក្សានូវពួក ពល ។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នក រក្សានូវភណ្ឌៈ ជាអ្នកឈ្លាសវៃក្នុងការទុកដាក់ដើម្បីប្រយោជន៍ រក្សានូវ ភណ្ឌៈ ដោយព្រះរាជាបំណងថា កុំឲ្យភណ្ឌៈរបស់អាត្មាអញ វិនាសទៅបានឡើយ ។ បុរសនោះជា អ្នកមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជា ព្រោះព្រះរាជា ប្រាថ្នាការចម្រើនដល់បុរស ណា ទ្រង់ក៏ព្រះរាជទាននូវឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឲ្បែកមិត្ត ។
ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បាទហេតុ ទាំងឡាយផង ក្នុង និមិត្តទាំងឡាយផង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀន មន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត ។ ព្រះរាជាបរិបូណ៌ ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំង នោះតែងរក្សាព្រះរាជានោះ សព្វ ៗ កាល ដូចសត្វចាកក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ ។ បពិត្រព្រះអង្គ មាន ព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វ លោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវ ហើយ ដូច្នោះដែរ ។ ព្រះធម្មរាជនោះទ្រង់ញាំញីនូវពួកតិរ្ថិយ ទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធ ការដ៏ងងឹត រួចហើយយកសាងធម្មនគរ ។
បពិត្រព្រះអង្គមាន បញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គ ជាក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួម ជានាយឆ្នាំទ្វារ ។ បពិត្រព្រះ មុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គ ជាផ្លូវថ្នល់ ឥទ្ធិបាទ ជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គ ទ្រង់និមិ្មតទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមាន តណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែល ព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថា សារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ ។
បពិត្រព្រះមុនីព្រះ ថេរៈដែលឈ្លាសវៃ ក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវ ចុតិនិងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈ ឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការ កម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នក សម្រាប់ពិភាក្សារបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈជា ពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ ។
ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការ វិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយដល់ខ្ញុំ ព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ ។ ពុទ្ធសាវ័កណាមួយសួរ បញ្ហាក្នុងវិន័យ ( នឹងខ្ញុំព្រះអង្គ ) ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហា នោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង ។ ពុទ្ធក្ខេត្ត កំណត់ ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណានឹង ស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរ លើសខ្ញុំ ព្រះអង្គពីណា ។
ព្រះគោតមទ្រង់គង់ ក្នុងកណ្តាលជំនុំភិក្ខុ សង្ឃ ហើយទ្រង់ប្រកាស យ៉ាងនេះថា ភិក្ខុណាមួយជាអ្នក ស្មើដោយឧបាលិ ក្នុងវិន័យនិងខន្ធកៈ មិនមានឡើយ ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាល មាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់ របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ជំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុង វិន័យ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់ រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់ តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ ។ ខ្ញុំបានប្រាថ្នាយកនូវ តំណែងនេះ រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ ។
កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តី ត្រេកអរ ដល់ពួកសក្យៈ លះបង់កំណើតនោះចោលចេញ បាន មកជាបុត្ត របស់ព្រះមហេសីសម្ពុទ្ធវិញ ។ ក្នុងកប្បទី ២ រាប់ អំពីភទ្រកប្បនេះទៅ មានក្សត្រិយ៍ឈ្មោះអញ្ជសៈ មានតេជះ រកទីបំផុតគ្មាន មានយសរាប់មិនបាន ជាម្ចាស់ផែនដី មាន ទ្រព្យច្រើន ។ ខ្ញុំជាព្រះរាជបុត្តរបស់ព្រះរាជានោះ ជាក្សត្រិយ៍ ឈ្មោះចន្ទនៈ ជាអ្នករឹងត្អឹង ដោយស្រវឹងព្រោះជាតិផង ដោយ ស្រវឹងព្រោះយសស័ក្តនិងភោគៈផង ។ មានពួកដំរីមាតង្គៈចំនួន ១ សែន សុទ្ធតែចុះប្រេង ដោយហេតុ ៣ ប្រការ ដ៏ប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចោមរោមខ្ញុំ សព្វ ៗ កាល ។
វេលានោះ ខ្ញុំមានពួកពលរបស់ខ្លួនចោមរោមហើយ ប្រាថ្នាទៅ កាន់ឧទ្យាន ឡើងជិះដំរីឈ្មោះសិរិកៈ ចេញអំពីនគរទៅ ។ ស្រាប់តែមាន ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់បរិបូណ៍ ដោយចរណៈ មានទ្វារគ្រប់គ្រង សង្រួមល្អ បាននិមន្តមកចំពោះមុខខ្ញុំ ។ វេលានោះ ខ្ញុំបានបរដំរីឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹងមិនលើកជើង ។ លុះខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឱទ្យាន ។ ខ្ញុំមិនបាននូវ សេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល ( របស់ខ្ញុំ ) ហាក់ដូច ជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែង ដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច ។
ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូច ជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតា ហើយ ក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូច បុគ្គលបៀតបៀនអាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គល បៀតបៀនគំនរភ្លើង ដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀត បៀនដំរីមានភ្លុក ដែលចុះប្រេង ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀន ហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស ។
ប្រសិនបើយើងខ្ញុំ នឹង មិនបានញុំាងព្រះពុទ្ធ ដែលមានខ្លួនទូន្មានហើយ មានព្រះហឫទ័យខ្ជាប់ខ្ជួននោះ ឲ្យអត់ទោសទេ ដែនរបស់យើងខ្ញុំ មុខជា វិនាសថយពីថ្ងៃទី ៧ ទៅមិនខាន ។ ក្សត្រិយ៍ ៤ ព្រះអង្គ ព្រះ នាមសុមេខលៈ ១ កោសិយៈ ១ សិគ្គវៈ ១ សត្តកៈ ១ ជាមួយ នឹងពួកសេនានោះ បានបៀតបៀនឥសីទាំងឡាយ ហើយដល់នូវ សេចក្តីវិនាស ។ ពួកឥសីអ្នកសង្រួម ប្រព្រឹត្តព្រហ្មចរិយធម៌ ក្រោធខឹងក្នុងកាលណា រមែងធ្វើសត្វលោក ព្រមទាំងទេវ លោក ទាំងសមុទ្រនិងភ្នំឲ្យវិនាសទៅបាន ។
ខ្ញុំបានប្រជុំពួក បុរសក្នុងទី ៣ ពាន់យោជន៍ បានចូលទៅគាល់ព្រះសយម្ភូ ដើម្បីនឹងសម្តែងទោស ។ ពួកបុរសទាំងពួង ស្លៀកសំពត់ទទឹក មានក្បាលទទឹក ធ្វើក្រពុំម្រាមដៃ ក្រាបទៀបព្រះពុទ្ធ ហើយ ទូលថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គអត់ទោស (ព្រោះ) ជនសូមទោសនឹងព្រះអង្គ សូមព្រះអង្គរម្ងាប់ក្រវល់ ក្រវាយ សូមព្រះអង្គកុំធ្វើដែន ( របស់យើងខ្ញុំ ) ឲ្យវិនាស ឡើយ ។ ( ប្រសិនបើព្រះអង្គមិនអនុគ្រោះទេ ) ពួកបុរសទាំង អស់ ព្រមទាំងទេព្តានិងមនុស្ស ទាំងអ្នកធ្វើទាន ទាំងអ្នកថែ រក្សា គេនឹងយកញញួរដែក មកទម្លាយអម្បែងក្បាលយើងខ្ញុំ សព្វ ៗ កាល ។
( ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ) ភ្លើងមិនឋិតនៅ ក្នុងទឹក ពូជមិន ដុះលើថ្មភ្នំ ដង្កូវមិនឋិតនៅក្នងឱសថ សេចក្តី ក្រោធមិនកើតក្នុងព្រះពុទ្ធ ។ ផែនដីមិនកម្រើក សមុទ្រសាគរ ប្រមាណមិនបាន អាកាសរកទីបំផុតគ្មាន យ៉ាងណាមិញ ព្រះ ពុទ្ធទាំងឡាយ មានព្រះហឫទ័យមិនរំជួយញាប់ញ័រ ក៏យ៉ាង នោះដែរ ។ ព្រះពុទ្ធទាំងឡាយមានព្យាយាមធំ មានខ្លួនទូន្មាន ទ្រងអត់ធន់ មានតបៈ ពួកបុគ្គលអ្នកអំណត់អត់ធន់ មិនមាន ការលុះក្នុងអគតិ ។ ព្រះបច្ចេកសម្ពុទ្ធ ទ្រង់ពោលដូច្នេះហើយ ទើបរម្ងាប់ ក្រវល់ក្រវាយរបស់ខ្ញុំ ហើយហោះទៅតាមអាកាសក្នុងទីចំពោះមុខមហាជន ក្នុងកាលនោះ ។
បពិត្រព្រះ អង្គមានព្យាយាម ព្រោះអំពើនោះហើយ បានជាខ្ញុំព្រះអង្គ ចូល ទៅកាន់ភាព ជាអ្នកថោកទាប លុះកន្លងជាតិនោះមកហើយ ក៏ បានចូលទៅកាន់អភយបុរី គឺព្រះនិញ្វន ។ បពិត្រព្រះអង្គមាន ព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាង ខ្ញុំព្រះអង្គ ដែលកំពុង ក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយ ចេញ ខ្ញុំព្រះអង្គ បានញុំាងព្រះសយម្ភូ ឲ្យអត់ទោស ។ បពិត្រ ព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះ អង្គ ដែលកំពុងក្តៅក្រហាយ ដោយភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ ។
លោក ទាំងឡាយណា មានការតម្កល់នូវសោតប្រសាទ លោកទាំង នោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជាចំណែក ដែលខ្ញុំបានឃើញ ។ ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែល មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយ កម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោក ទាប ។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គល ដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បី ព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន ( ព្រោះ ) ខណៈប្រាកដដល់ អ្នកទាំងឡាយហើយ ។ ជនពួកខ្លះបានថ្នាំក្អួត ជនពួកខ្លះបានថ្នាំ បញ្ចុះ ជនពួកខ្លះបាន ថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ ។
ថ្នាំក្អួតសម្រាប់ ពួកបុគ្គលអ្នកប្រតិបត្តិ ( នូវមគ្គ ) ថ្នាំបញ្ចុះ សម្រាប់ពួកបុគ្គលអ្នក ឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត ។ ពិសដែល ខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា អាសិរ ពិសដែលមានពិសកាចតែង ដុតនរៈនោះតែមួយដង ។ ពិសដ៏ ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯ បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយ អស់ កោដិនៃកប្ប ។
គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមាន ចិត្តមេត្តា ១ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភនិងអលាភ ក្នុងការរាប់អាន ក្នុងការ មើលងាយ ហេតុនោះបុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំង នោះ ។ ព្រះមុនីមានហឫទ័យ ស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល ។ ព្រះ ពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមានសេចក្តីស្រឡាញ់ ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស ។
បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេ ចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំ ដោយត្បូង ។ ព្រះ សម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុង អនាគតក្តី តែងបរិសុទ្ធ ដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះ សម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរ តាមអធ្យាស្រ័យ របស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែង នមស្ការវិន័យនោះ សព្វ ៗ កាល ។ វិន័យជាទីអាស្រ័យ វិន័យ ជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅ ក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ ។
បពិត្រព្រះអង្គមានព្យាយាមធំ ឧបាលិដល់នូវត្រើយ ក្នុងវិន័យផង ឈ្លាសវៃក្នុងសមថៈផង តែងថ្វាយបង្គំនូវព្រះ បាទារបស់ព្រះសាស្តា ។ ខ្ញុំព្រះអង្គនោះ នឹងត្រាច់ទៅ អំពីស្រុកមួយ ទៅកាន់ស្រុកមួយ អំពីបុរីមួយ ទៅកាន់បុរីមួយ ហើយនមស្ការនូវព្រះសម្ពុទ្ធផង នូវភាពនៃធម៌ ជាធម៌ដ៏ល្អផង ។ ខ្ញុំព្រះអង្គដុតកិលេសទាំងឡាយហើយ ដក ចោលនូវភពទាំងអស់ហើយ អាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះភពថ្មី មិនមានទេ ។
ឱ ! ដំណើរដែលខ្ញុំមក ក្នុងសំណាក់របស់ព្រះពុទ្ធដ៏ប្រសើរ ( នេះ ) ជាដំណើរមកដោយល្អ វិជ្ជាទាំង ៣ ខ្ញុំព្រះអង្គបានសម្រេចហើយ សាសនារបស់ព្រះ សម្ពុទ្ធ ខ្ញុំព្រះអង្គក៏បានប្រតិបត្តិហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។
បានឮថា ព្រះឧបាលិត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ ឧបាលិត្ថេរាបទាន ។
ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ
images/articles/3208/___________________________.jpg
អារញ្ញកសូត្រ ទី៩
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួក ឥសី ច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយ ស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និង វេបចិត្តិ អសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិ អសុរិន្ទ ពាក់ស្បែក ឃើង ដ៏ក្រាស់ [ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។] សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរ ក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណ មួយព្យាម។
ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់ អាស្រម តាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ ល្អ ទាំង នោះ ពីខាងក្រោមខ្យល់។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ ដ៏ល្អទាំងនោះ បានពោលនឹង សក្កទេវានមិន្ទ ដោយគាថា ថា៖ ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រ ទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។
[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ ក្នុងការខ្ពើម រអើម ក្នុងក្លិននេះទេ។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ជីវិតមានសីល ខ្ពង់ខ្ពស់ឧត្តម !!
សីល គឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយ ។ សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល។ សីល មានគុណអំណាចដ៏ខ្ពង់ខ្ពស់ ស្ថិតនៅក្នុងបុគ្គលណា បុគ្គលនោះ មនុស្ស និងទេវតាគួរគោរពបូជា ។ សីល ជាជណ្ដើរឡើងទៅកាន់ទេវលោក ។ សីល ជាឧបាយនាំឱ្យបានសម្រេចឈាននិងអភិញ្ញា ។ សីល ជាផ្លូវនាំឱ្យបានដល់មហានគរគឺព្រះនិព្វាន ។ សីល ជាភូមិប្រតិស្ឋាននូវសាវកពោធិ បច្ចេកពោធិ និងសម្មាសម្ពោធិញ្ញាណ។ សីល នាំឱ្យសម្រេចនូវរបស់ដែលប្រាថ្នា ប្រៀបដូចកប្បព្រឹក្ស ឬកែវទិព្វក្នុងទេវលោក ៕
ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
សុភាសិតជយសូត្រ ទី៥
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។
ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។
ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។
ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។
[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ដោយ៥០០០ឆ្នាំ
images/articles/3223/56u7887777uu7.jpg
សារីបុត្តត្ថេររាបទាន ទី ៣ (ភាណវារៈ ទី ១ )
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ
មានភ្នំមួយ ឈ្មោះលម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមាន ក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ ។
មានក្រពើ មករ ឆ្ងាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែល ក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានទាំងត្រីស្លាត ត្រី សណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែល ឆ្វៀលឆ្វាត់ ទៅមក ជាលម្អដល់អាស្រមខ្ញុំ ។ នៅត្រើយស្ទឹង ទាំងសងខាង មានដើមឈើដ៏សម្បូណ៌ ដោយផ្កានិងផ្លែសំយុង ចុះមក អំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ ។
ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ចម្បក់ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិន ដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រម ខ្ញុំ ។
មានក្រូចឆ្មារ ក្រូចក្លា រលួស មានផ្ការីក ផ្សាយក្លិនដូច ជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ អាឡកព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូត លាស់ ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ ( ជានិច្ច ) ។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះ ស្គាយក្នុងស្រះ ក្នុងកាលនោះ ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅ កំពុងលូតលាស់ ដេរដាសដោយត្របកផ្កានិងស្លឹក ល្អក្នុងស្រះ ក្នុងកាលនោះ ។
គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀប ស្រះ ក្នុងកាលនោះ ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រី ក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុងស្រះ ក្នុងកាល នោះ ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅ ក្នុងស្រះ ក្នុងកាលនោះ ។ ញ្រប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេកនិងសារិកា តែងអាស្រ័យរស់នៅនឹងស្រះនោះ ។ មានបក្សីខ្វែក ក្តាមមាន់ព្រៃ ត្រដេវវិច សេក អាស្រ័យរស់នៅ នឹងស្រះនោះ ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់ ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យ រស់នៅនឹងស្រះ នោះ ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។
ពួកម្រឹគជា ច្រើនគឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែង អាស្រ័យរស់នៅនឹងស្រះនោះ ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យ រស់នៅនឹងស្រះនោះ ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នក បម្រើ ញ្រនព្រៃ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។ ដើម ទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹមនិងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិន ឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច ។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏ មានច្រើននៅជិតអាស្រមខ្ញុំ ។
ស្រះដែលធម្មតានិមិ្មតល្អ ហើយ ក៏មាននៅក្នុងទីមិនឆ្ងាយ អំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត ។ ស្រះនោះសឹងដ៏បរិបូណ៌ដោយ ឈូក និងឧប្បល ប្រកបដោយ ឈូកស ព្រោងញ្រតដោយស្គន់ មានក្លិនដូចជាទិព្វ រមែង ផ្សាយទៅ ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុង អាស្រមជាទីត្រេក អរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃ ដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ ។ ខ្ញុំជាតាបស ឈ្មោះ សុរុចិជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរ ក្នុងឈាន ដល់នូវកម្លាំងនៃអភិញ្ញា ទាំង ៥ គ្រប់កាលទាំងពួង ។ ពួកញ្រហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់ខ្ញុំ ចំនួន ២៤ ពាន់ នាក់ ជាអ្នកមានជាតិមានយស នៅចាំបម្រើខ្ញុំ ។
( ពួកញ្រហ្មណ៍ទាំងនោះ ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយ នៃវិជ្ជា ក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រម ទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត ។ ពួកសិស្សរបស់ខ្ញុំ ជាអ្នកឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិតនិងលក្ខណៈទាំងឡាយ បានសិក្សាល្អក្នុងផែនដី ក្នុងទីក្នុងអាកាស ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិន ល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេក អរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការ មិនមានកង្វល់ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជា កេរ្ត៍នៃបិតា ត្រាច់ទៅក្នុងអាកាសបាន តែងចោមរោមខ្ញុំសព្វ កាល ។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិន មានតណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ ( ដោយពួកគណៈ ) ដែលគេគ្របសង្កត់បានដោយ ក្រ ។
ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្របសង្កត់បាន ដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់ ភ្នែន ការឈរនិងការចង្រ្កម ។ ពួកសិស្សរបស់ខ្ញុំ ដែលគេ គ្របសង្កត់បានដោយក្រ រមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ ដែលគួរខឹង មិនវង្វេង ក្នុងអារម្មណ៍ដែលគួរវង្វេង ។ ពួកសិស្សទាំងនោះ កាលល្បង ឫទ្ធិរមែងប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែង ញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គលដែលគេ មិនងាយគ្របសង្កត់ បាន ដោយការប្រណាំងប្រជែង ។ ពួកសិស្សទាំងនោះ កាល បើលេង រមែងលេងតែឈាន តែងយកផ្លែព្រីង អំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជាបុគ្គលដែលគេគ្របសង្កត់បានដោយក្រ ។ ពួកខ្លះទៅគោយានទ្វីប ពួកខ្លះទៅបុព្វវិទេហទ្វីប ពួកខ្លះទៅ កាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ ។ ពួកសិស្សទាំងនោះ រមែងបញ្ជូននូវ អម្រែកទៅមុន ពួកសិស្ស ទាំងនោះ រមែងទៅខាងក្រោយ ទាំងផ្ទៃអាកាសក៏សឹងតែបិទ បាំង ដោយពួកតាបស ២៤ ពាន់រូប ។
( ពួកសិស្សរបស់ខ្ញុំខ្លះ បរិភោគ ) ផ្លែឈើដែលចំអិនដោយភ្លើង ( ខ្លះបរិភោគ ) ផ្លែ ឈើមិនបាច់ចំអិនដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុង ត្បាល ខ្លះដំដោយថ្ម ខ្លះបរិភោគផ្លែឈើជ្រុះឯង ។ ពួកខ្លះទៀត ចុះត្រាំទឹក ក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរ ក្នុងអំពើដ៏ ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ជាអ្នកមានរោមក្លៀកនិងក្រចក ដុះវែង មានធ្មេញ ប្រកបដោយមន្ទិល មានក្បាលប្រឡាក់ ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ពួកជដិល ប្រជុំគ្នាក្នុង វេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំនិងលាភតូច ហើយទៅក្នុង អាកាស ក្នុងកាលនោះ ។
កាលពួកតាបសទាំងនុ៎ះ ចៀស ចេញទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា ( របស់ពួកតាបសទាំងនោះ ) ។ ពួក ឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅ កាន់ទីតាមប្រាថ្នា ។ ពួកឥសីទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះ ខ្លាំង គេគ្របសង្កត់បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ ។ ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្រប សង្កត់បានដោយក្រ ។
ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តា ធម៌ ជាអ្នកស្វែងរកប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួក ឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គល ណាមួយ ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តច សីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់ បានដោយក្រ រមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច ។ ពួកវិជ្ជាធរនិង ទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មក អាស្រ័យរស់នៅនឹងស្រះនោះ ។ ពួកឥសីទាំងនោះ ជាអ្នកទ្រ ទ្រង់ផ្នួងសក់និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយ ស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មកអាស្រ័យរស់ នៅនឹងស្រះនោះ ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរក គ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិច ៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំ ដោយត្បូង ។
ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្ស ទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈចោមរោមហើយ នៅក្នុង អាស្រមនោះ ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កានិងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មាន ពួក សិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង ។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កានិងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ ខ្ញុំឲ្យរុងរឿង ។
ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញា ខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់យកនូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ ។ ខ្ញុំជាអ្នកសិក្សាល្អហើយ ក្នុងឧត្បាត យល់សប្ននិងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្តដែលគេនិយម ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធមានជោគ ព្រះនាមអនោម ទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តចមកកាន់ហិមវន្តប្រទេស ។
លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ ប្រកបដោយករុណាជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់ហិមវន្ត ប្រទេសហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ) ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកបដោយពន្លឺ ជាទីត្រេកអរនៃ ចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើងឆេះ នូវគ្រឿង យ័ញ្ញដែលគេដុត ។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃ លោក ព្រះអង្គរុងរឿង ដូចដើមឈើប្រចាំទ្វីប ឬដូចផ្លេកបន្ទោរ ក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ ។
ខ្ញុំរំពឹង ថាព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង ។ លុះ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតាហើយ ក៏ពិនិត្យមើល លក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជាព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មាអញនឹងសង្កេតមើល នូវព្រះសម្ពុទ្ធព្រះអង្គមាន ចក្ខុ ។ ចក្រទាំងឡាយមានកាំមួយពាន់ ក៏ប្រាកដ ក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត ។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោស មកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជា ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ។
លុះខ្ញុំបូជាចំពោះ ព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមានអាសវៈហើយ ទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះ អង្គនោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ ។ បពិត្រព្រះ អង្គ ជាព្រះសយម្ភូមានករុណាមិនមានប្រមាណ សូមព្រះអង្គ ស្រង់សត្វលោកនេះឲ្យទាន ដ្បិតពួកសត្វ នឹងឆ្លងនូវខ្សែទឹក គឺ សេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវ ការជួបប្រទះនឹងព្រះអង្គ ។
ព្រះអង្គជាសាស្តាចារ្យផង ទុកដូចជាទង់ផង ដូចជា ទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹក នាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វ ជើងពីរផង ។ ទឹកក្នុងសមុទ្រគេអាចវាស់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាស់បានឡើយ ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ ។ គេអាច វាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណ របស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ ។
បុគ្គល គប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បី យកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់ញាណ របស់ព្រះអង្គ ។ ព្រះអង្គបានដល់ នូវពោធិញ្ញាណដ៏ឧត្តម ដោយសព្វគ្រប់ ដោយញាណណា បពិត្រព្រះ សព្វញ្ញូព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណនោះ ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏ក្រាល នូវស្បែកខ្លា ទើបអង្គុយលើផែនដី ។
ភ្នំដែលលិចចុះទៅ ក្នុង មហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើង ក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសេនកោដិយោជន៍ ដោយចំណែកនៃការរាប់ដ៏ល្អិត ។ ខ្នាច់ដែលគេតាំងទុក ខ្នាច់ នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេ មិនអាចរាប់បានឡើយ ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅ ខាងក្នុងសំណាញ់ យ៉ាងណាមិញ ។ បពិត្រព្រះអង្គជាមហា វីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺ ទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ ។
ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏ បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណ របស់ព្រះអង្គបានឡើយ ។ គាប់ជួន សម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ ( ទ្រង់ឈ្នះមារ ) ចេញអំពីសមាធិ ហើយ ទ្រង់ប្រមើលមើលទិស ។ សាវ័កឈ្មោះនិសកៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នក បរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បាន ដឹងព្រះហឫទ័យ របស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជា លោកនាយក ។
ពួកសាវ័កទាំងនោះ ឋិតនៅព្ធដ៏អាកាស ធ្វើ ប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ ព្រះពុទ្ធ ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបង ក្នុងលោកជានរាសកៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាល ពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ ។ ( លំដាប់នោះ ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោម ទស្សី ធ្វើនូវចីវរឆៀងស្មាខ្មាង ហើយទូលសួរព្រះសម្ពុទ្ធ ជា នាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការ ញញឹម របស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែល ធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ ។ ព្រះមានព្រះ ភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបស ណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគត នឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរ ស្តាប់តថាគតសម្តែងចុះ ។
ពួកទេវតាទាំងអស់នោះ ព្រមទាំង មនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះ សម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ ។ ពួកទេវតា មានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោម តាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ពួកដូរ្យ ដន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផល នៃពុទ្ធបូជា ។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់និងគ្រឿងប្រដាប់ដ៏ វិចិត្រ ពាក់កុណ្ឌជាវិការៈនៃកែវមណី ពួកនារីទាំងនោះមាន មុខទូលាយ ស្រស់ស្រាយមានសញ្ញាដ៏ល្អ មានដងខ្លួនពាក់ កណ្តាលដ៏វៀរ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។
( សុរុចិតាបស ) នឹងរីករាយក្នុងទេវ លោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែនដី អស់មួយពាន់ដង ។ បានជាព្រះឥន្រ្ទសោយរាជ្យ ក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យ ក្នុងប្រទេសដ៏ទូលាយ មិនអាចរាប់បាន ។ តាបសនេះ នឹងទៅកាន់អត្តភាព ជាមនុស្ស ក្នុងកាលដែលដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃ នៃនាងញ្រហ្មណីឈ្មោះសារី ។ តាបសនេះ នឹងបានជាអ្នកមានបញ្ញាមុត ថ្លា មាននាមថាសារីបុត្ត តាមនាមនិងគោត្រ របស់មាតា ។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មក កាន់ផែនដីនេះ ។
ព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណ មិនបានអំពី កប្បនេះ នឹងកើតឡើងក្នុងលោក ។ តាបសនេះ នឹងបានជា ឱរស ជាអ្នកទទួលមត៌ក ក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តា អង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត ។ ស្ទឹងឈ្មោះភាគីរសីនេះ ដែលបែកចេញមក អំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់ មហាសមុទ្រ ញុំាងមហា សមុទ្រឲ្យឆ្អែត យ៉ាងណាមិញ ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការបែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួក សត្វឲ្យឆ្អែត ក៏យ៉ាងនោះដែរ ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់ នោះ គេមិនគប្បីរាប់បានឡើយ ។
តែបើការរាប់នូវគ្រាប់ខ្សាច់ នោះ បុគ្គលអាចរាប់ដោយមិនសល់បាន យ៉ាងណា ទីបំផុត នៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែន យ៉ាងនោះទេ ។ កាល បើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនអស់ ដូច្នោះទេ ។ រលក ក្នុងមហាសមុទ្រ ដែលគេមិនគប្បីរាប់បាន ដោយការរាប់ យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិនអាច រាប់បាន យ៉ាងនោះ ។ តាបសនេះ នឹងសម្រេច បញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុង ពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃ ប្រព្រឹត្ត តាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះ អង្គជា បុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅហើយ ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុ ទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយនឹងតាំង ( ព្រះសារីបុត្ត ) ក្នុងទីជាអគ្គសាវ័ក ។
ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោម ទស្សីអង្គណា ហើយបានសម្រេចបារមី ក្នុងទីទាំងពួងអំពើ ដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ ។ កម្មដែល ខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិ នេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវ កិលេសទាំងឡាយ ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះ និញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើល នូវពួកតិរ្ថិយទាំង អស់ បានអន្ទោលទៅក្នុងភព ។ បុរសអ្នកមានព្យាធិ ស្វែងរក ឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាក ព្យាធិ យ៉ាងណាមិញ ។ បុគ្គលស្វែងរកផ្លូវ នៃអមតនិញ្វន ជា អសង្ខតធម៌ បួសជាឥសីមិនដែលដាច់ អស់ ៥០០ ជាតិ ក៏ យ៉ាងនោះដែរ ។
ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀក ដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបាន ទៅកើតក្នុងព្រហ្មលោក ។ ការបរិសុទ្ធក្នុងសាសនាខាងក្រៅ វៀរលែង សាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណា មួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនា នៃព្រះជិន សិរី ។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ច ប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់ ។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ ។ ពួកជនជា ច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេង ៗ គ្នា ក្នុងលោកជាអ្នកទទេ សោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើម ចេក ទទេចាកខ្លឹម ។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបាន កើតជាញ្រហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅ កាន់ផ្នួស ។
ចប់ ភាណវារៈ ទី ១ ។
អានបន្ត
images/articles/3221/____________________________________.jpg
ពុទ្ធាបទាន ទី ១
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
[ ១ ] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើព្រះសព្វញ្ញុពុទ្ធ ជាអ្នក ប្រាជ្ញទាំងនោះ ទ្រង់កើតមាន ដោយហេតុដូចម្តេច ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅ ត្រាស់ នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុក ហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បាន មោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជា សព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់ដឹងនោះផង ព្រោះ អធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញា នោះផង ។
សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃ ព្រះពុទ្ធមុន ៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជាហេតុ ធម៌ បរិបូណ៍ដោយបារមី ៣០ ។ តថាគតបាននមស្ការថ្វាយបង្គំ ដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយផង ចំពោះព្រះសម្ពុទ្ធទាំង ឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃផង ។ រតនៈ ទាំងឡាយ រាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតា ដែលឋិតនៅឰដ៏អាកាសផង ឋិតនៅលើដែនដីផង រមែងនាំ មកនូវរតនៈទាំងពួងនោះ ដោយចិត្ត ។
ក្នុងទីនោះ តថាគតបាន សាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់ត្រដែតទៅ ក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អ ដ៏វិចិត្រហើយ ចែកជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃ ច្រើន មានក្របជាវិការៈនៃមាស ប្រដាប់ដោយឆត្រកំពូល ស្រួច ។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាសដោយឈូក ដ៏ល្អជាងជាន់ដែលក្រាល ដោយមាសដ៏ប្រសើរ ។ ( ជាន់ខ្លះ ) វិចិត្រដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ ( ជាន់ខ្លះ ) មានពណ៌ក្រហមល្អ ( ជាន់ ខ្លះ ) មានពន្លឺដូចស្លាបអណ្តើកមាស ( ជាន់ខ្លះ ) ភ្លឺផ្លេកគ្រប់ ទិស ។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹងចាត់ត្រូវរបៀប មាន កម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត ( សំយុងចុះមក ) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច ។ ( ជាន់ប្រាសាទទាំងឡាយ ) មាន ពណ៌ខៀវ លឿង ក្រហម ស និង ពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ ។ មានក្បាច់ផ្កាឈូកគួរក្រឡេកមើល ស្រស់ដោយរូបម្រឹគនិង បក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ និង ព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយ កណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់ ។ ( ផ្ទៃនៃប្រាសាទនោះ ) មានទង់ពណ៌ហង្ស បាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រ ល្អដោយពណ៌ផ្សេង ៗ ប្រកប របៀបទង់ដែលគេលើកឡើង ។ មានផែនក្តារ ផ្សេង ៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារ កែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ ។ ( ផ្ទៃខាង ក្នុងប្រាសាទនោះ ) វិចិត្រដោយសយនៈផ្សេង ៗ ក្រាលដោយ សំពត់កាសិកៈ មានសាច់ល្អិត សំពត់រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ ។ តថា គតបានក្រាល នូវកម្រាលផ្សេង ៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែង នូវហោជាងកែវ ក្នុងជាន់នោះ ៗ ។
មានពួក ជន ឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរខឿន សសរផ្ទះ ខ្លោងទ្វារ ជាវិការៈនៃមាស ជាវិការៈនៃមាសជម្ពូនទៈ ជា វិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏ ច្រើនដែលចែកល្អ វិចិត្រដោយសន្ទះទ្វារនិងគន្លឹះ សុទ្ធសឹងល្អ ៗ ។ ក្អមពេញ ( ដោយទឹក ) ច្រើន ដែលដាក់ផ្កាឈូកនិង ឧប្បលជាតិ រៀបតាំងទាំងសងខាង នៃប្រាសាទនោះ ។ ព្រះបច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជា នាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅ ហើយផង ( នូវព្រះបច្ចេកពុទ្ធទាំងឡាយ ) ព្រមទាំងសាវ័ក ដោយរូបភេទជា ប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួច គង់ជាអរិយមណ្ឌល លើតាំងជាវិការៈ នៃមាសទាំងអស់ ព្រះ ពុទ្ធទាំងឡាយណា ប្រសើរផុត ក្នុងលោក មានក្នុងកាលឥឡូវ នេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំង អស់អង្គនោះ បានឡើងមកគង់ ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គ ដែល ជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល ( ឲ្យឆ្អែតស្កប់ស្កល់ ) ។
មានដើមកប្បព្រឹក្សច្រើន ដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង ( អំពីដើមកប្បព្រឹក្សនោះ ) មកធ្វើជាត្រៃចីវរ ហើយ ថ្វាយ ( ព្រះបច្ចេកពុទ្ធ ) ឲ្យស្លៀកដណ្តប់ ( រួចនិមន្តឲ្យឆាន់ ) នូវបង្អែមនិងចំអាប ដែលមានរសឆ្ងាញ់ ព្រមទាំងទឹកនិងភោជន ។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃកែវមណីឲ្យ ពេញ ( ដោយវត្ថុទាំងនោះ ) ហើយប្រគេនសំពត់ទិព្វ មានសាច់ ដ៏រលីង ដែលគួរដល់ចីវរ ។ មណ្ឌលនៃព្រះអរិយៈទាំងអស់ ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និងស្ករអំពៅផង បាយដ៏ប្រសើរផង ។ ( ព្រះអរិយៈទាំង នោះ ) ចូលទៅកាន់បន្ទប់កែវ សម្រេចសីហសេយ្យាលើសយនៈ មានតម្លៃច្រើន ដូចកេសររាជសីហ៍ក្នុងគូហា ។
( ព្រះ អរិយៈទាំងនោះ ) មានសម្បជញ្ញៈ ក្រោកឡើង ហើយផ្គត់ព្រះ ភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុងឈានជាអារម្មណ៍ របស់ព្រះពុទ្ធទាំងពួង ។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិភុព្វនាឥទ្ធិ ច្រើន សែន ។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ ដឹងហេតុដ៏ជ្រៅល្អិត ដោយប្រាជ្ញាសាវ័កទាំងឡាយ សួរព្រះពុទ្ធ ទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ ។ ព្រះ ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នា និងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង ។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើ ប្រាសាទឯឆត្ររួត ប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ ។
តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាសដែល រចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញកែវមុក្តា ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ ពិតាន សំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀប ផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ សូមស្រះ បោក្ខរណី ដេរដាសដោយចង្កោមផ្កា ( មានក្លិនក្រអូប ) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរ ដាស ដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ ។ សូម ស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិន ក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយ ពិតានមាស ។
សូមស្រះបោក្ខរណី ក្នុងទិសទាំង ៤ ព្រោង ញ្រតដោយឈូកនិងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស ។ ដើមឈើទាំងអស់ ជុំវិញ ប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយ រាយក្លិនទៅលើប្រាសាទ ។ សូមពួកក្ងោកពង់លើប្រាសាទ នោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវ ជុំវិញប្រាសាទនោះ ។ សូមពួកស្គរទាំង អស់ លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួក ចម្រៀងទាំងអស់ច្រៀង ជុំវិញប្រាសាទ ។ សូមបល្ល័ង្កមាសដ៏ ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិត នៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ ( ដទៃពីរនោះផង ) ។
សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំង ហ្មឺន មានពន្លឺតែបែបមួយត ៗ គ្នា ។ សូមពួកស្រ្តីគណិកា ពួក ស្រ្តីរបាំនិងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេង ៗ នាំ គ្នារាំ នាំគ្នាច្រៀង ជុំវិញប្រាសាទ ។ តថាគតឲ្យគេលើកទង់ ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូល ភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ ។ តថាគតប្រកាសថា សូមពួក មនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទ របស់យើងនេះ ។ អំពើជា កុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយ កាយ វាចា ចិត្ត ( អំពើ ជាកុសលនោះ ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការ កើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស ។
សត្វទាំងឡាយណា មាន សញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំងអស់ នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វ ទាំងឡាយណា បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយ នោះ សត្វទាំងនោះ ( ចូរបានទទួល ) នូវផលនៃបុណ្យដែលខ្ញុំ ឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយ ណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង ។ សត្វទាំងអស់ណាក្នុងលោក ដែល អាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវ ភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ ។ តថាគតបានឲ្យទាន ដោយចិត្ត តថាគតបានបណ្តុះ នូវសេចក្តីជ្រះថ្លា ដោយចិត្ត បាន បូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជាចំពោះព្រះបច្ចេកពុទ្ធទាំង ឡាយ ។
តថាគតលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅ កើតក្នុងឋានតាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុកចេតនានោះផង ។ តថាគតស្គាល់ច្បាស់ នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត ។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្សបរិបូណ៌ដោយរូបឆោមនិងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា ។
ភោជនដ៏ប្រសើរផ្សេង ៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេង ៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ អាហារជាទិព្វ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ) ។ តថាគតលាដៃក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត ( អំពីទី នោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កម្រងផ្កា ទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងអលង្ការទាំង ឡាយ ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។
តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ទឹកឃ្មុំនិងស្ករ ក៏មកដល់តថាគត ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងបង្អែម គ្រប់យ៉ាង ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ ដើម្បីដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥត ទ្រព្យ ( ជនអ្នកដំណើរ ) យាចក និងអ្នកដើរតាមផ្លូវ ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាង លោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុង លោក ។
ទីបំផុតនៃសត្វ កាលទៅកាន់ទិស ទាំង ១០ ក្នុង លោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃ ទិសនោះ គេមិនអាចរាប់បាន ។ ពន្លឺជាគ្រឿងនាំទៅនូវរស្មី ទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ ។ ចូរពួកជន ទាំងអស់នេះ ក្នុងលោកធាតុឃើញនូវតថាគតចុះ ចូរពួកជន គ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជនរាល់រូប ប្រព្រឹត្តតាមតថាគត ចុះ ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យ ដ៏ពីរោះប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេងដ៏ពីរោះចុះ ។
កាលបើតថាគតបង្អុរ ចុះដោយ ទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមានអាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យ ជាន់ក្រោម ចូរ ពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ ។ ព្រោះតថាគត ឲទានដែលគួរឲ បានបំពេញសីល ឥតមានសេសសល់ ដល់ នូវនេក្ខម្មបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតបានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមី ឲ ខ្ពង់ខ្ពស់ដល់នូវខន្តិបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។
ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខនិងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវ សម្ពោធិញ្ញាណដ៏ឧត្តម ។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជា អ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការ មិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនី របស់ព្រះពុទ្ធ ។
អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ ព្រះពុទ្ធនិងព្រះអរហន្តច្រើន អង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយចូរ ថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធនិងព្រះអរហន្តចុះ ។ ព្រះ ពុទ្ធទាំងឡាយ ថាអចិន្តិយបុគ្គល ( បុគ្គលដែលគេមិនគប្បីគិត កើត ) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គល ជ្រះថ្លា ចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ ។
បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិត របស់ព្រះអង្គ ទើបសម្តែង នូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ ។
ចប់ ពុទ្ធាបទាន ។
បិដក ភាគ ៧២ - ទំព័រទី ១
ដោយ៥០០០ឆ្នាំ
images/articles/3232/________________________________________________.jpg
មហាកស្សបត្ថេររាបទាន ទី ៥
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វ លោក ទ្រង់បរិនិញ្វនទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តា អង្គនោះ ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិនិងមិត្តនៃខ្ញុំទាំងនោះ កំពុងកើតសង្វេត បីតិកើត ឡើងដល់ខ្ញុំ ។ ខ្ញុំប្រជុំញាតិនិងមិត្តទាំងឡាយ ទើបពោលពាក្យ នេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិញ្វនហើយ បើ ដូច្នោះ យើងនឹងធ្វើការបូជា ។ ញាតិនិងមិត្តទាំងនោះទទួល ស្តាប់ថា ប្រពៃហើយ ក៏ញុំាងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំ ដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំបុណ្យ ក្នុងព្រះពុទ្ធជាទីពឹងនៃ សត្វលោក ព្រះអង្គនោះ ។
ខ្ញុំបានសង់វិមាន មានកំពស់ ១០០ ហត្ត មានទំហំ ១៥០ ហត្ថ ខ្ពស់ទើសអាកាស ជាវិមានមាន តម្លៃ ដែលរចនាយ៉ាងល្អ ។ ខ្ញុំសង់វិមានដ៏មានតម្លៃ វិចិត្រ ដោយគំនរកុសលទាំងឡាយក្នុងទីនោះហើយ បានញុំាងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ ។ ឯចេតិយ នោះរុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្សមានផ្ការីក ភ្លឺ ស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូក្នុងអាកាស ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា ក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបាន ទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះរឭកនូវបុព្វកម្មនោះ ។
ខ្ញុំជិះយានទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ ដ៏ខ្ពស់ កើត ឡើងសម្រាប់ខ្ញុំ ។ ផ្ទះមានកំពូលមួយពាន់ ជាវិការៈនៃមាស សុទ្ធ រុងរឿងជានិច្ច ទិសទាំងពួង សឹងតែភ្លឺដោយតេជះរបស់ ខ្លួន ។ ផ្ទះខាងមុខដទៃទៀត ជាវិការៈនៃកែវក្រហម មានក្នុង កាលនោះ ផ្ទះទាំងនោះភ្លឺរន្ទាល ដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ ។ ផ្ទះមានកំពូលទាំងឡាយ កើតឡើងដោយបុញ្ញកម្ម ដ៏តាក់តែងល្អ ជាវិការៈនៃកែវមណី តែងភ្លឺច្រាលទៅកាន់ ទិសតូចទិសធំ ដោយជុំវិញ ។ ផ្ទះកំពូលទាំងនោះកាលភ្លឺ ឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជា ផលនៃបុញ្ញកម្ម ។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេច ចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេច ឈ្នះលើផែនដី គ្រប់គ្រងផែនដី ។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជា ស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវ កម្មរបស់ខ្លួន ( ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០ ) ។
ខ្ញុំបរិបូណ៌ ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំ ខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែងនិងក្លោងទ្វារដ៏មាំ ។ ឯកំពែងនោះ មាន បណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករ ដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតា ក្នុងជាន់ត្រៃត្រឹង្ស ។ ម្ជុលមានចំនួន ២៥ ដែលគេយកទៅចក្រ ក្នុងបំពង់ម្ជុលពេញ ណែន រមែងកកិតដិតជាប់គ្នា យ៉ាងណាមិញ ។
ទីក្រុងរបស់ខ្ញុំ កុះករដោយដំរី សេះ រថ ទីក្រុងនោះ ច្រើនដោយពួកមនុស្ស ជាក្រុងវិសេសគួរជាទីត្រេកអរ ក៏យ៉ាងនោះដែរ ។ ខ្ញុំបរិភោគ (ភោជន) ផង ផឹកទឹកផង ក្នុងបុរីនោះ រួចហើយទៅកាន់អត្ត ភាពជាទេវតាទៀត ក្នុងបច្ឆិមភព ខ្ញុំបរិបូណ៌ដោយត្រកូលខ្ពង់ ខ្ពស់ ។ ខ្ញុំកើតក្នុងត្រកូលញ្រហ្មណ៍ ជាអ្នកសម្បូណ៌ដោយ រតនៈច្រើន បានលះបង់ហិរញ្ញៈចំនួន ៨០ កោដិ ហើយចេញ បួស ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។
បានឮថា ព្រះមហាកស្សបត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាកស្សបត្ថេរាបទាន ។
ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ