អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,០៦០ ដង)
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន

|
ពិចារណាថាសត្វមានកម្មជារបស់ខ្លួន
គប្បីពិចារណាថា ទាំងយើងទាំងគេ សុទ្ធតែមានកម្មជារបស់ខ្លួន រៀងៗ ខ្លួន ធ្វើកម្មអ្វីទុកមកក៏បានទទួលផលនៃកម្មនោះ ។ ផ្តើមដោយការពិចារណាខ្លួនឯងថាបើយើងក្រោធហើយ ទោះជាធ្វើអ្វីក៏ដោយ ការធ្វើរបស់យើងនោះកើតពីទោសៈដែលជាអកុសលមូល កម្មរបស់យើងក៏រមែងជាកម្មអាក្រក់ ដែលនឹងបង្កឲ្យកើតផលអាក្រក់ មានតែសេចក្តីក្តៅក្រហាយ មិនជាប្រយោជន៍ក្នុងលោកនេះ ហើយយើងនឹងទទួលផលរបស់កម្មនោះតទៅមុខវែងឆ្ងាយទៀត ។ ម្យ៉ាងទៀត កាលបើយើងធ្វើកម្មអាក្រក់ដែលកើតអំពីទោសៈនោះ មុននឹងយើងបៀតបៀនបំផ្លាញអ្នកដទៃ យើងបានប្រទូសរ៉ាយជាមួយនឹងខ្លួនឯង ដុតរោលខ្លួនឯងជាមុនស្រេចទៅហើយ ដូចយកដៃទាំងពីរចាប់ដុំរងើកភ្លើងគប់គ្រវែងដាក់អ្នកដទៃ វារមែងឆេះដៃ ខ្លួនឯងជាមុនឬដូចយកដៃចាប់លោមកចោលដាក់ទៅគេ ក៏ធ្វើឲ្យខ្លួនឯងស្អុយជាមុនរួចស្រេចហើយដែរ ។ កាលពិចារណអំពីកម្មដែលខ្លួនឯងបានធ្វើ ដូច្នេះហើយ គប្បីពិចារណា ទៅលើអ្នកដទៃក្នុងទំនងដូចគ្នា គឺកាលដែលគេក្រោធហើយ គេបានធ្វើនូវអាក្រក់ គេនឹងទទួលផលកម្មរបស់គេតទៅ កម្មអាក្រក់នោះនឹងមិនជួយឲ្យគេបានទទួលផលល្អ មានសេចក្តីសុខអ្វីឡើយ មានតែផលអាក្រក់ ចាប់ផ្តើមតាំងអំពីដុតរោលចិត្តរបស់គេជាដើមទៅ ។ ក្នុងកាលដែលមនុស្សយើងមានកម្មជារបស់ខ្លួនរៀងៗខ្លួន ទទួលផលកម្មរៀងៗខ្លួន ដូច្នេះ យើងមិនចាំបាច់គិតខ្វល់ខ្វាយក្តៅក្រហាយចិត្តនោះទេ តាំងចិត្តធ្វើតែអំពើល្អទៅបានហើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |