អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៤៦,៦៩២ ដង)
រឿងនាងចិញ្ចមាណវិកា

|
រឿងនាងចិញ្ចមាណវិកា
(ចាក ធ. ខុ.)
(ការពោលដាក់ទោសកំហុសទៅលើអ្នកដទៃរមែងត្រូវត្រឡប់បានមកខ្លួនវិញ)
សេចក្តីថា ក្នុងបឋមពោធិកាល ព្រះកិត្តិនាមនៃព្រះមរមសាស្តាល្បីល្បាញខ្ចរខ្ចាយសព្វទិសទី ពួកទេវតា នឹងមនុស្សទាំងឡាយបានសម្រេចនូវអរិយធម៌ ដោយបានស្តាប់ធម្មទេសនាព្រះអង្គម្លោះហើយលាភសក្ការះកើតឡើងដល់ព្រះអង្គ ប្រៀបដូចទឹកដែលហូរចូលកាន់មហាសមុទ្រ រីឯពួកនិគ្រណ្ឋតិរ្ថិយត្រូវសាបសូន្យចាកលាភសក្ការះ ប្រៀបដូចជាអំពឹលអំពែកចេញរស្មីនៃព្រះអាទិត្យ ។
ដោយលាភសក្ការះសាបសូន្យយ៉ាងនេះ ពួកតិរិ្ថយទៅជាអាក់អន់ស្រពន់តូចចិត្ត ទើបប្រជុំគ្នាក្បែរ ផ្លូវធំមួយពិភាក្សារកមធ្យោបាយ ដើម្បីបន្តុះបង្អាប់ព្រះកិត្តិនាម នៃព្រះបរមសាស្តាដោយសេចក្តីថា " ព្រះសមណគោតម ជាព្រះពុទ្ធអ្នកត្រាស់ដឹងនូវសព្វញ្ញតញ្ញាណ ឯពួកយើងក៏ត្រាស់ដឹងដូចគ្នាដែរ ទានដែលគេឲ្យដល់ព្រះសមនគោតមឈ្មោះថាបានផលានិសង្សច្រើន បើឲ្យដល់យើងផង ក៏មានផលានិសង្សច្រើនដូចគ្នាចុះហេតុដូចម្តេច បានជាគេឲ្យតែព្រះសមណគោតមគេមិនឲ្យពួកយើង? បើដូច្នេះយើងគិតរកមធ្យោបាយយ៉ាងណាដើម្បីបំផ្លាញព្រះកិត្តិនាមព្រះសមណគោតមគា្រនេះម្តង" ទើបសម្រចចិត្តគិតឃើញឧបាយមួយថា " អើ ! អ៎ា ! នៅក្រុងសាវត្ថីមានស្រ្តីម្នាក់ឈ្មោះចិញ្ចមានវិកា មានរូបសម្បុរល្អះល្អឆើតឆាយគួរជាទីប្រតិព័ទ្ធសេ្នហានៃជនទាំងពួង មានរស្មីចេញពីខ្លួនដូចទេពកញ្ញា ទាំងប្រាជ្ញាក៏ឈ្លាសវៃ ល្មមឲ្យយើងពឹងពាក់យកជាការបាន បើអញ្ចឹងពួកយើងត្រូវជួលនាង ព្រមទាំងប្រាប់ឧបាយកលផ្សេងៗឲ្យនាងធ្វើតាម ។ លុះគិតគ្នាសេ្រចហើយ ក៏ចាត់ការតាមសេចក្តីសម្រេចចិត្តនោះនាងចិញ្ចមាណវិកាកាលបើបានទទួលវង្វាន់ពីពួកតិរ្ថិយហើយ ក៏ទទួលភារៈធ្វើតាមបញ្ជាពួកតិរ្ថិយ ដោយសម្តែងមាយាដូចតទៅនេះ ៖ ថ្ងៃមួយ ក្នុងពេលដែលព្រះបរមសាស្តាកំពុងសម្តែងធម្មទេសនាក្នុងវត្តជេតពន ប្រោសពុទ្ធបរិស័ទ នាងចិញ្ចមាណវិកាដណ្តប់សំពត់ពណ៌ដូចមេភ្លៀង ដើរតម្រង់ទៅកាន់វត្តនោះ សម្តែងអាការៈហាក់ដូចជានាងមានទីលំនៅតែក្នុងវត្តហ្នឹងឯង ។ កាលបើមានមហាជនសួរ នាងប្រាប់ថា ខ្ញុំជាមហេសីព្រះសមណគោតម " ។ នាងចិញ្ចមាណវិកាតែងដើរចេញចូលក្នុងវត្តជេតពនអស់វារៈ ២ទៅ៣ខែ លុះដល់ខែទី៤ ទៅទី៥ នាងយកកំណាត់សំពត់រុំពោះនាងរួចទទូសំពត់ក្រហម សម្តែងអាការៈហាក់ដូចជាមានផ្ទៃពោះ ដើរឃោសនាប្រាប់ពួកជនអន្ធពាលថា នាងមានផ្ទៃពោះជាមួយព្រះសមណគោតម ពួកជនអន្ធពាលល្ងង់ខ្លៅ ដែលមានប្រាជ្ញាស្តួចស្តើងក៏ជឿថាជារឿងពិតមែន ។ លុះដល់ខែរទី៨ទី៩ ជួលជាងឲ្យឆ្លាក់ឈើឲ្យមានសណ្ឋានមូល រួចចងភ្ជាប់នឹងផ្ទៃពោះ ធ្វើហាក់ដូចជាពោះកាន់តែធំឡើងៗ ជិតគ្រប់ខែហើយ នាងជួលឲ្យគេដំសាច់ខ្នងជើងឲ្យមានសាច់ដូចជាស្ត្រីមានផ្ទៃពោះ រួចដើរសន្សឹមៗចូលទៅក្នុងចំណោមពុទ្ធបរិស័ទដែលកំពុងស្តាប់ធម៌ស្រែកប្រកាសឡើងថានែសមណគោតម! លោកនៅសម្តែងធម៌យ៉ាងម៉េចទៀត? ខ្ញុំមានកូនព្រោះលោករួមរស់មេត្រីប្រពៃណីជាមួយខ្ញុំ ម្តេចក៏លោកមិនរកផ្ទះសម្បែងអុសភ្លើងទុកឲ្យខ្ញុំប្រសូតកូន បើមិនធ្វើខ្លួនឯងទេ គួរតែប្រើអ្នកណាធ្វើក៏បានដូចជាអនាថបណ្ឌិក ឬនាងវិសាខាជាដើម លោកបានតែរួមរស់ត្រេកត្រអាលកាមរោគជាមួយខ្ញុំ តែដល់ខ្ញុំមានផ្ទៃពោះ លោកមិនចេះថែរក្សាទេ នែ! នៅសំដែងធម៌ដល់ណាទៀត! " គ្រានោះព្រះសាស្តាបង្អាក់ធម្មទេសនា រួចទ្រង់មានពុទ្ធដិកាថា " អើនាង! យើងទាំងពីរនាក់គត់តែដឹងថា" រឿងនេះជារឿងពិត ឬ ពុំពិតនៅថ្ងៃក្រោយ " ចូរនាងជ្រាបតែប៉ុណ្ណោះចុះ ។ លំដាប់នោះដោយអំណាចបារមីនៃព្រះសាស្តា ក៏ក្តៅដល់អាសនារបស់ព្រះឥន្ទ្រ ព្រះឥន្ទ្រក៏តំណែងខ្លួនជាបុរសមួយឈរកាន់ផ្លិតបក់ថ្វាយព្រះសាស្តា ហើយបក់ខ្លាំងៗ ត្រាតែសំពត់រុំពោះនាងចិញ្ចមាណវិកាបើកប៉ើងអស់ពីខ្លួន ។ ពួកមហាជនឃើញដូច្នេះ កជេរប្រទេចផ្តាសាថា" នែមេកឡកណ្ណី ! មេចោឆន្ទា ! ហងឯងបានតែបង្ខូចកិត្តិនាមព្រះសាស្តាយើង" រួចយកដំបងដេញឲ្យចេញពីទីប្រជុំនោះភ្លាម ។ ចិញ្ចមាណវិកា គ្រាន់តែចេញផុតពីព្រះភ័ក្ត្រព្រះសាស្តាមក ស្រាប់តែផែនដីស្រូបទម្លាក់ ទៅក្នុងគំនរភ្លើងអវិចីរមហានរក ។ ឯពួកតិរ្ថិយរឹតតែលិបរស្មីថែមទៀត ឯលាភសក្ការះរឹតតែកើតឡើងៗ ដល់ព្រះសាស្តា ។ ក្នុងពេលជាមួយនោះព្រះសាស្តាទ្រង់សំដែងថា" អ្នកណាក៏ដោយ បើមិនទាន់ឃើញទោសកំហុសតូចធំរបស់អ្នកដទៃទេ មិនត្រូវទំលាក់កំហុសផ្តេសផ្តាសដល់គេទេ ត្រូវពិចារណាមើល ឬយកការណ៍ឲ្យច្បាស់សិន " រួចសម្តែងរឿងមហាបទុមកុមារដូចតទៅ៖ សេចក្តីថា ក្នុងកាលនោះ នាងចិញ្ចមាណវិកានេះ ជាស្ត្រីរួមប្តីជាមួយមាតាមហាបុទុមកុមារ (ជាទេពីចុង) នៃព្រះរាជាមួយអង្គ ។ ថ្ងៃមួយ ក្នុងពេលដែលព្រះរាជាយាងទៅក្រសាលព្រៃផុតទៅ នាងបានលួងលោមមហាបុទុមកុមារឲ្យធ្វើសន្ថវកិច្ចជាមួយនាង តែមហាបុទុមកុមារពុំព្រម ។ នាងក៏សម្តែងអាការៈហាក់ដូចជាអាក់អន់ស្រពន់ចិត្តក្លែងទោសថា មហាបុទុកុមារសង្កត់សង្កិនបង្ខំខ្លួនដោយអសទ្ធម្ម ថ្វាយស្វាមីក្នុងគ្រាដែលយាងមកដល់ ។ ក្នុងខណះនោះព្រះរាជាទ្រង់ពិរោធ ក៏ចាត់ប្រើពេជ្ឈឃាតឲ្យចាប់បទុមកុមារទៅទម្លាក់ក្នុងជ្រោះ សម្រាប់ទម្លាក់ចោរ តែទេវតាដែលអាស្រ័យនៅក្បែរជ្រោះបីទ្រ ហើយយកទៅដាក់ឲ្យគង់ឯពិភពនាគ ។ នៅក្នុងពិភពនាគមិនយូរប៉ុន្មាន បទុមកុមារក៏ទៅបួសជាឥសីនៅក្នុងព្រៃហេមពាន្ត បានសម្រេចឈាន នឹងអភិញ្ញ ។ ថ្ងៃមួយថ្មើរព្រៃម្នាក់បានជួបនឹងបទុមតាបស ក៏នាំដំនឹងនោះទៅថ្វាយព្រះមហាក្សត្រ ។ ព្រះមហាក្សត្រទ្រង់មានព្រះទ័យអាល័យបុត្រទ្រង់យាងទៅនិមន្តបទុតាបសឲ្យមកសោយរាជ្យវិញ តែបទុមតាបសនាទូន្មានឲ្យព្រះបិតាគ្រប់គ្រងរាជ្យ ដោយទសពិធរាជធម៌ចុះ កុំឲ្យប្រកាន់អគតិដោយមិនបានពិចារណាជាមុន ។ ឯព្រះមហាក្សត្រយាងត្រឡប់មកនគរវិញមានព្រះឳង្ការជាមួយមហាមាត្យថា កូនយើងមានអចារៈសមរម្យយ៉ាងនេះ មិនគួរបើយើងធ្វើដូច្នេះសោះ អ្នកណាធ្វើឲ្យកូនយើងមានទោសដល់ម្លឹង ? មហាមាត្យក្រាបទូលថា មានតែព្រះទេពីចុងទេ ! " ។ ព្រះរាជាទ្រង់បញ្ជាឲ្យចាប់ទេពីចុង យកទៅប្រហារជីវិតក្នុងគ្រានោះហើយសោយរាជ្យដោយធម៌រហូតមក ព្រោះហេតុនោះ មុននឹងទម្លាក់កំហុសទៅលើនរណាមួយបុគ្គលត្រូវស៊ើបយកការណ៍ ឬពិចារណាមើលឲ្យសព្វគ្រប់គ្រាន់ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |