អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៩៤ ដង)
អដ្ឋកថាមតកភត្តជាតក

|
អដ្ឋកថាមតកភត្តជាតក
ព្រះសាស្តាព្រះអង្គគង់ប្រថាប់នៅនឹងព្រះវិហារជេតវ័នទ្រង់ប្រារព្ធមតកភត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថាក្នុងកាលនោះមនុស្សទាំងឡាយសម្លាប់ពពែ ជាដើមយ៉ាងច្រើនឲ្យមតកភត្ត ឧទ្ទិសដល់ញាតិទាំងឡាយ ដែលស្លាប់ទៅហើយ ភិក្ខុទាំងឡាយឃើញមនុស្សទាំងនោះធ្វើយ៉ាងនោះទើបក្រាបទូលសួរព្រះសាស្តាថាបពិត្រព្រះអង្គដ៏ចម្រើនពេលនេះមនុស្សទាំងឡាយធ្វើសត្វមានជីវិតយ៉ាងច្រើន ឲ្យដល់ការអស់ទៅនៃ ជីវិត ហើយឲ្យឈ្មោះថា មតកភត្ត សេចក្តីចម្រើននៃការឲ្យមតកភត្តនេះមានពិតឬព្រះអង្គ? ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយឈ្មោះថាសេចក្តីចម្រើនយ៉ាងណាៗ ចំពោះបាណាតិបាត សូម្បីដែលធ្វើដោយគិតថាពួកយើងនឹងឲ្យមតកភត្ត ដូច្នេះ រមែងមិនអាចសូម្បីក្នុងកាលមុន បណ្ឌិតទាំងឡាយអង្គុយនៅព្ធដ៏អាកាសសំដែងធម៌ពោលទោសក្នុងការធ្វើបាណាតិបាតនេះឲ្យជនទាំងឡាយអ្នកនៅក្នុងជម្ពូទ្វីបទាំងអស់លះនូវកម្មនោះ តែពេលនេះកម្មនោះត្រឡប់ប្រាកដឡើងទៀត ព្រោះសត្វទាំងឡាយពួកនោះជាអ្នកនៅក្នុងសង្ខេបនៃភព ហើយទ្រង់នាំអតីតនិទានមកដូចតទៅនេះ ។ ក្នុងអតីតកាលព្រះចៅព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសី មានអាចារ្យទិសាបាមោក្ខ អ្នកសម្រេចត្រៃវេទម្នាក់ គិតថានឹងឲ្យមតកភត្ត ទើបឲ្យចាប់ពពែមួយក្បាលពោលនឹងអន្តេវាសិកទាំងឡាយថាអ្នកទាំងឡាយចូរនាំពពែនេះទៅកាន់ស្ទឹងយកកម្រងផ្កាឈើពាក់កយកម្សៅមកប្រដាប់តាក់តែងហើយនាំមកអន្តេវាសិកទាំងឡាយទទួលពាក្យហើយនាំពពែនោះទៅកាន់ស្ទឹងពពែនោះចេះពិចារណាឃើញកម្មចាស់របស់ខ្លួនក៏កើតសេចក្តីសោមនស្សថា យើងនឹងផុតចាកទុក្ខបែបនេះទៀតហើយក្នុងថ្ងៃនេះទើបកើតឡើងនូវសំណើចលាន់ឮហាក់ដូចជាគោះវាយឆ្នាំងដីត្រឡប់គិតថាព្រាហ្មណ៍នេះសម្លាប់យើងហើយនឹងបានសេចក្តីទុក្ខដែលធ្លាប់បានហើយ កើតសេចក្តីករុណាដល់ព្រាហ្មណ៍ ទើបស្រែកយំដោយសំឡេងដ៏ខ្លាំង លំដាប់នោះបរុសមាណពទាំងនោះទើបសួរពពែនោះថា ម្នាលពពែសំលាញ់ អ្នកសើច និងយំសំឡេងខ្លាំង ព្រោះហេតុអ្វីអ្នកទើបសើច? និងព្រោះហេតុអ្វីអ្នកយំ? ពពែពោលថាលោកទាំងឡាយគប្បីសួរហេតុនេះនឹងខ្ញុំក្នុងសំណាក់អាចារ្យរបស់លោកចុះ។ មាណពទាំងនោះទើបនាំពពែនោះទៅហើយ ប្រាប់ហេតុនេះដល់អាចារ្យ អាចារ្យបានស្តាប់ពាក្យមាណពទាំងអស់នោះហើយ សួរពពែនោះថាម្នាលពពែព្រោះហេតុអ្វីទើបអ្នកសើច ព្រោះហេតុអ្វីទើបអ្នកយំ? ពពែរលឹកឃើញកម្ម ដែលខ្លួនធ្វើដោយញាណ ជាគ្រឿងរលឹកជាតិបានពោលដល់ព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ កាលមុនយើងជាព្រាហ្មណ៍អ្នកស្វាធ្យាមន្តដូចជាលោកនោះដែរ គិតថានឹងឲ្យមតកភត្តទើបបានសម្លាប់ពពែមួយក្បាលហើយឲ្យដល់នូវការកាត់សីលកក្នុង៤៩៩អត្តភាពទី៥០០របស់យើងដែលស្ថិតនៅក្នុងទីបំផុត យើងកើតសេចក្តី សោមនស្សថ្ងៃនេះយើងនឹងផុតចាកទុក្ខ នោះទៀតហើយដោយហេតុទើបនេះយើងសើចតែកាលដែលយើងស្រែកយំ បានជាយំព្រោះសេចក្តីករុណាអាណិតដល់លោកដោយគិតថាកាលពីខាងដើមយើងសម្លាប់ពពែមួយក្បាល ក៏ដល់នូវសេចក្តីទុក្ខ គឺការដែលត្រូវកាត់សីល (ក្បាល) ដល់ទៅ៥០០ជាតិ នឹងផុតចាកទុក្ខក្នុងថ្ងៃនេះ ចំណែកព្រាហ្មណ៍ឯងសម្លាប់យើងហើយនឹងបានទទួលទុក្ខគឺការត្រូវកាត់សីសៈដល់ទៅ៥០០ជាតិដូចយើង ។ ព្រាហ្មណ៍ពោលថា ម្នាលពពែអ្នកកុំខ្លាចឡើយ យើងមិនសម្លាប់អ្នកទេ ។ ពពែពោលថាព្រាហ្មណ៍លោកនិយាយអ្វីកាលបើលោកសម្លាប់ ឬមិនសម្លាប់ក្តីថ្ងៃនេះ យើងមិនអាចផុតអំពីសេចក្តីស្លាប់ទៅបានឡើយ ។ ព្រាហ្មណ៍ពោលថា ម្នាលពពែយើងនឹងធ្វើនូវការរក្សាអ្នក ដើរទៅជាមួយអ្នកប៉ុណ្ណោះ ។ ពពែពោលថាព្រាហ្មណ៍ ការរក្សារបស់លោកមានប្រមាណតិចតួច ណាស់ចំណែកឯបាបកម្ម ដែលយើងធ្វើមានកម្លាំងច្រើន ។ ព្រាហ្មណ៍ឲ្យលែងពពែហើយពោលថា យើងមិនឲ្យនរណាៗសម្លាប់ពពែនេះឡើយ ទើបនាំពួកអន្តេវាសិកត្រាច់ ទៅជាមួយពពែនោះឯងល្មមតែគេដោះលែងតែប៉ុណ្ណោះ ក៏អើតកផ្តើមបរិភោគស្លឹកឈើ ដែលអាស្រ័យក្រោយផ្ទាំងថ្មមួយកន្លែងភ្លាមមួយរំពេចនោះឯង រន្ទះក៏បាញ់ចំត្រង់កន្លែងខាងក្រោយ នៃថ្មនោះជម្រៀកថ្ម ដែលបែក ជ្រៀកមួយជម្រៀកដាច់ធ្លាក់ចំត្រង់កនៃពពែដែលអើតក ហើយ កាត់សីសៈដាច់ទៅមហាជនប្រជុំគ្នាក្នុងកាលនោះ ព្រះពោធិសត្វកើតជារុក្ខទេវតានៅទីនោះ ព្រះពោធិសត្វកាលមហាជនឃើញហើយនោះឯង អង្គុយតាំងសមាធិព្ធដ៏អាកាសដោយទេវានុភាពថាបាណាតិបាតគឺមិនគប្បីធ្វើកាលដែលសំដែងធម៌ដោយសំឡេងយ៉ាងពីរោះទើបពោលគាថានេះថា ឯវញ្ចេ សត្តា ជានេយ្យុំ ទុក្ខា យំជាតិសម្ផរោន បាណោ បាណិនំ ហញ្ញេ បាណឃាតី ហិសោចតីតិ ។ បើពួកសត្វគប្បីដឹងយ៉ាងនេះថាការកើតនៃជាតិនេះរមែងនាំមកនូវទុក្ខសត្វមិនត្រូវសម្លាប់សត្វព្រោះថាបុគ្គលអ្នកសម្លាប់សត្វរមែងសោយសោក ។ បណ្តាបទទាំងនោះបទថា ឯវញ្ចេ សត្តា ជានេយ្យុំ សេចក្តីថាសត្វទាំងនេះគប្បីដឹងយ៉ាងនេះ ។ គប្បីដឹងដូចម្តេច? គប្បីដឹងថាជាតិនេះជាទុក្ខអអិប្បាយថាប្រសិនបើគប្បីដឹងថាការកើតក្នុងភបពោលគឺសេចក្តីចំរើនរបស់អ្នកកើតដោយលំដាប់នេះឈ្មោះថាជាទុក្ខព្រោះជាវត្ថុជាទីតាំងនៃទុក្ខទាំងឡាយមាន ជរាព្យាធិ មរណ ការជួបប្រសព្វនឹងវត្ថុដែលមិនជាទីស្រឡាញ់សេចក្តីព្រាត់បា្រសចាកវត្ថុជាទីស្រឡាញ់ និងការដែលត្រូវកាត់ដៃកាត់ជើង ជាដើម ។ បទថា ន បាណោ បាណិនំ បញ្ញេ សេចក្តីថា សត្វណាៗ ដឹងហើយថាជាតិភពឈ្មោះថាជាទុក្ខព្រោះជាទីតាំងនៃទុក្ខ ថាអ្នកធ្វើសត្វដទៃឲ្យចំរើន រមែអបានសេចក្តី ចំរើនក្នុងជាតិភពកាលបើបៀតបៀនសត្វដទៃរមែងបានទទួលការបៀតបៀនដូច្នេះទើបមិនគួរសម្លាប់សត្វដទៃឡើយអធិប្បាយថាសត្វមិនគួរសម្លាប់សត្វដទៃព្រោះហេតុអ្វី ? ព្រោះអ្នកមានប្រក្រតីសម្លាប់សត្វរមែងសោកសៅ អធិប្បាយថាព្រោះបុគ្គលអ្នកមានប្រក្រតីសម្លាប់សត្វដោយការចូលទៅកាត់ផ្តាច់ជីវិតិន្ទ្រីយ៍របស់សត្វដទៃដោយ ប្រយោគមួយបណ្តាប្រយោគ ទាំង៦ មានសាហត្ថិកប្រយោគជាដើម សោយមហន្ត ទុក្ខនៅក្នុងអបាយទាំង៤នេះគឺក្នុងមហានរក៨រណ្តៅក្នុងឧស្សទនរក ១៦ រណ្តៅក្នុងកំណើតសត្វតិរច្ឆានមានប្រការផ្សេងៗ ក្នុងបេតវិស័យនិងក្នុងអសុរកាយឈ្មោះថារមែងសោក សៅដោយសេចក្តីសោយសោក ដែលមានការឆេះរោលរាលក្នុងខាងក្នុងជាលក្ខណ អស់កាលដ៏យូរ ន័យម្យ៉ាងទៀតសត្វដឹងថាពពែនេះសោយសោកហើយព្រោះមរណភ័យយ៉ាងណា អ្នកមានប្រក្រតីសម្លាប់សត្វ រមែងសោយសោក អស់កាលដ៏យូរដូច្នោះឯង ដូច្នេះហើយមិនគួរសម្លាប់សត្វ អធិប្បាយថានរណាៗ ក៏មិនគួរធ្វើកម្មគឺបាណាតិបាតឡើយ ក៏បុគ្គលល្ងង់ព្រោះមោហៈ កាលបើអវិជ្ជាធ្វើឲ្យមនុស្សខ្វាក់ងងឹតសូន្យ ឈឹងហើយ មិនឃើញទោសនេះរមែងធ្វើបាណាតិបាត ។ ព្រះពោធិសត្វសំដែងធម៌ដោយយកភ័យក្នុងនរកមកបង្ហាញដោយប្រការយ៉ាងនេះ ។ មនុស្សទាំងឡាយស្តាប់ធម្មទេសនានោះហើយភ័យខ្លាចក្នុងនរកក៏នាំគ្នាវៀរចាកបាណាតិបាត ចំណែកព្រះពោធិសត្វកាលដែលសំដែងធម៌ហើយ ញ៉ាំងមហាជនឲ្យតាំងនៅក្នុងបញ្ចសីលហើយទៅតាមយថាកម្ម ចំណែកឯមហាជនដែលតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើមធ្វើទេពនគរឲ្យពេញហើយ ។ ព្រះសាស្តាកាលទ្រង់ នាំយកព្រះធម៌ទេសនា នេះមកហើយ ទ្រង់បន្តអនុសន្ធិ ទ្រង់ប្រជុំតកថា ម្នាលភិក្ខុទាំងឡាយសម័យនោះរុក្ខទេវតានោះ គឺតថាគតនេះឯង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |