អានអត្ថបទ
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១៨,៤០៩ ដង)
អ្នកឆ្លាតបើចង់បានសេចក្ដីសុខបីយ៉ាងត្រូវតែរក្សាសីល

|
ពាក្យថា សីល មានន័យថា ការកាន់ចរិយា,ល្អ,សង្រួម,ចរិយា,នេះគឺជាពាក្យថា សីល។ ពាក្យថា សុខ បើជាគុណនាមគឺមានន័យថា ដែលសប្បាយ ងាយ ស្រួល ស្រណុក សម្រាន្ត តែបើជានាមវិញមានន័យថា សេចក្ដីសប្បាយ ដំណើរងាយ ដំណើរស្រួល ដំណើរស្រណុក ជាដដើម។
មនុស្សដែលរស់នៅលើភពផែនដីនេះ គឺសុទ្ធតែជាអ្នកមានសេចក្ដីប្រាថ្នាចង់បានសុខគ្រប់ៗគ្នា ទាំងគ្រហស្ថទាំងបព្វជិត ទាំងអ្នកមាន ទាំងអ្នកក្រជាដើមគឺប្រាថ្នានូវសេចក្ដីសុខដូចៗគ្នា។ សូម្បីតែចោរ ដែលខំលួចកេងប្រវ័ញ្ច(បញ្ឆោត) គេទាំងយប់ទាំងថ្ងៃគឺដើម្បីតែសេចក្ដីសុខនោះឯង។ មនុស្សល្ងង់ ចិត្តដែលចង់បាននូវសេចក្ដីសុខគឺច្រើនតែធ្វើអ្វីដែលខុសពីច្បាប់នៃការពិត ឬ ខុសពីច្បាប់នៃធ្មជាតិ។ មនុស្សឆ្លាត ស្វែងរកនូវសេចក្ដីសុខ គឺ ស្វែងរកដោយឧត្ដមបញ្ញា មិនដើរផ្លូវកាត់ព្រោះហេតុតែចង់បាននូវសេចក្ដីសុខនោះឡើយ។ អ្នកប្រាជ្ញ មិនដែលចម្រើននូវសេចក្ដីសុខហើយធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃណាម្នាក់ឡើយ។ សេចក្ដីសុខដែលកើតឡើង ព្រោះតែការបៀតបៀនមនុស្សសត្វទាំងឡាយ សេចក្ដីសុខនោះគឺជាសេចក្ដីសុខក្លែងក្លាយ សេចក្ដីសុខមិនពិតប្រាកដសូម្បីតែសេចក្ដីសុខមួយចំណិតបញ្ជាក់ថា ត្រឹមត្រូវនោះគឺគ្មានសោះឡើយ។ វិថីដួងចិត្តនៃអ្នកប្រាជ្ញ បានមើលឃើញយ៉ាងច្បាស់ពិតប្រាកដថា សេចក្ដីសុខដែលកើតឡើងព្រោះតែការវៀរចាកនូវបាបធម៌ទាំងឡាយ អសីលធម៌ជាដើម។ អ្វីទៅជាអសីលធម៌នោះ គឺ ចិត្តដែលមិនមាននូវសីលនោះឯង។ សេចក្ដីសុខ៣ប្រការ ដែលត្រូវបានសម្រាប់ជនដែលឆ្លាតឈ្លាសគឺមកពីការរក្សាសីលនោះឯង។ សេចក្ដីសុខ ៣ យ៉ាងនោះគឺ ១- សុខព្រោះការសរសើរ ២- សុខព្រោះមានភោគៈ ៣- សុខព្រោះបាននូវសម្បត្តិសុគតិ នេះគឺជាសេចក្ដីសុខ ៣ យ៉ាង ដែលកើតឡើងព្រោះតែការរក្សាសីល ហើយមិនមែនមានតែ៣នឹងនោះទេ នៅមានច្រើនទៀតដែលមិនអាចនឹងយកមកពណ៌នាឲ្យអស់បាន។ ដូច្នេះពុទ្ធបរិស័ទទាំងឡាយ បើសិនជាចង់បាននូវសេចក្ដីសុខពិតមែននោះ គឺ ត្រូវតែនាំគ្នារក្សាសីលឲ្យបានល្អ កុំឲ្យសីលមានសេចក្ដីសៅហ្មង មានមន្ទិល និង កុំឲ្យសីលប្រឡាក់ប្រឡូកដោយភាពមិនបរិសុទ្ធឲ្យសោះ ធ្វើបែបនេះបានមែន នោះយើងនឹងបាននូវសេចក្ដីសុខពិតប្រាកដមិនខានឡើយ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |