អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៩,១២៩ ដង)
រឿងកុហកតាបស

|
រឿងកុហកតាបស
(ចាក អ. កុ.) (លួចគេវាគ្រាន់ គេទាន់វាក្រែល) ក្នុងកាលពីអតីត នៅក្រុងពារាណសី មានតាបស១រូបឈ្មោះកុហកនៅអាស្រ័យក្នុងព្រៃ នាបណ្ណសាលាដែលកុដុម្តិកសាងប្រគេន ហើយតែងនិមន្តទៅឆាន់នៅផ្ទះកុដុម្តីក៏នោះរាល់ៗថ្ងៃ ។ កុដុម្តិកះជឿថា តាបសនេះជាមនុស្សមានសីលធម៌ ក៏យកមាសឆ្តោរទាំងរយទៅផ្ញើនឹងលោក កប់ក្រោមបណ្ណសាលានោះ ព្រោះបើទុកនៅឯផ្ទះខ្លាចចោរលួច ប្លន់ ហើយពោលទូលលោកថា លោកម្ចាស់ដ៏ចំរើន សូមទានមេត្តាថែទាំទ្រព្យសម្បត្តិនេះឲ្យខ្ញុំព្រះករុណាផង ។ តាបសពោលថា នែអវុសោ ធម្មតាបព្វជិតទាំងឡាយ គេមិនលោភលន់ចង់បានទ្រព្យង្នកដទៃទេ ។ កុដុម្តិកៈ មានសេចក្តីកក់ក្តៅជាពន់ពេកក៏ពោលថា ខ្ញុំព្រះករុណាសូមអរព្រះគុណលោកម្ចាស់ជាពន្លឹក ទើបត្រឡប់ទៅផ្ទះវិញ ។ កុហកតាបសថែទាំទ្រព្យនោះបានពីរបីថ្ងៃ ក៏កើតចិត្តលោភលន់លួចយកទ្រព្យនោះទៅកប់នៅក្បែរចន្លោះផ្លូវរួចទើបត្រឡប់ទៅវិញ ពេលថ្ងៃឡើង ក៏ទៅធ្វើភត្តកិច្ចនៅឯផ្ទះកុដុម្តិកៈនោះ ដោយធ្វើកលឧបាយយ៉ាងចំណាន ដើម្បីកុំឲ្យគេសង្ស័យពោលប្រាប់ថា អាវុសា អាត្មាមកអាស្រ័យនៅនឹងផ្ទះអ្នកអស់កាលយូរលង់ណាស់ហើយ ព្រោះថា ការនៅច្របូកច្របល់ដោយមនុស្សទាំងឡាយ ក្នុងទីតែមួយអស់ពេលវេលាយូរពេក ជាហេតុនាំឲ្យក្លាយទៅជាមន្ទិលដល់បណ្ឌិតទាំងឡាយដូចជាអាត្មានេះដូច្នេះ អាត្មាសុំចំរើនពរទៅនៅទីដទៃហើយនោះកុដុម្តិកៈអង្វរករយ៉ាងណា ក៏កុហកតាបសមិនព្រមព្រោះលោកធ្វើកលឧបាយ ដើម្បីនឹងបោកប្រាស់កុហកកុដុម្តិកៈនោះលុះចំរើនពររួចហើយ ក៏យកស្បូវមួយលាក់នៅក្នុងផ្នួងសក់ ទើបដើរចេញទៅៗ ផុតបន្តិចក៏ត្រឡប់មកវិញ។ កុដុម្តិកៈឃើញតាបសនោះក៏សួរថា បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់និមន្តត្រឡប់មកវិញនេះ តើមានការអ្វី? តាបសពោលថា អាវុសោ ដែលអាត្មាត្រឡប់វិញនេះ ព្រោះមានស្បូវ១សរសៃធ្លាក់ពីដំបូលផ្ទះអ្នក មកទើរនៅលើផ្នួងសក់អាត្មា ព្រោះថាបព្វជិតទាំងឡាយ គេមិនដែលប្រព្រឹត្តធ្វើតេទិន្នាទានទេ ។ កុដុម្តិកៈពោលថា ចោលទៅលោកម្ចាស់ គាត់មានសេចក្តីជ្រះថ្លាជាពន់ពេកចំពោះតាបសកុហកនោះបានលាន់មាត់ថា ឱហ្ន! លោកម្ចាស់ជាអ្នកមានសេចក្តីរង្កៀសក្នុងសីលរបស់ខ្លួន សព្វបើគ្រាន់តែស្បួវមួយសរសៃនេះ ។ គ្រានោះ ព្រះពោធិសត្វរបស់យើង បានចេញទៅធ្វើជំនួញនៅនាស្រុកបច្ចន្តគ្រាម ចូលទៅសំណាក់ប៉ាក់អាស្រ័យនឹងផ្ទះនោះ បានឮសំដីតាបសពោលបែបនោះក៏សង្ស័យគិតថា ច្បាស់ជាតាបសកំណាចនេះ លួចយករបស់អ្វីមិនខានហើយទើបសួរកុដុម្តិកៈថា អ្នកមានបានផ្ញើអ្វីនឹងតាបសនេះដែរ? លុះឮពាក្យឆ្លើយ ក៏ប្រាប់ឲ្យកុដុម្តិកៈទៅមើលទ្រព្យនោះ ដោយប្រញាប់ប្រញាល់ ។ កុដុម្តិករត់ទៅបណ្ណសាលាកាយរកមើលទ្រព្យគឺ មាសមិនឃើញ ក៏រត់មកប្រាប់ពោធិសត្វថា សម្លាញ់ទ្រព្យវិនាសបាត់ទៅហើយ ។ ជនទាំងពីរនាក់គឺកុដុម្តិកៈ នឹងពោធិសត្វក៏រត់តាមតាបសនោះទាន់ ចាប់ចងទាត់ធាក់ឲ្យនាំយកមាសមកឲ្យ ។ តាបសឈឺពេក ក៏នាំជនទាំងពីរទៅ បង្ហាញកន្លែងដែលខ្លួនយកមាសទៅកប់នោះ ។ ព្រះពោធិសត្វឃើញមាសហើយ ក៏តិះដៀលតាបសនោះថា នែជរវិលកោងអ្នកប្រសព្វធ្វើសេចក្តីសង្ស័យក្នុងសីលរបស់ខ្លួន សូម្បីក្នុងទងនៃស្បូវមួយសរសៃណាស់ អួតអាងថាខ្លួនមិនប្រព្រឹត្តអទិន្មានទានចំពោះវត្ថុទាំងឡាយសូម្បីតែស្បូវមួយទងឡើយ ។ ឥឡូវស្រាប់តែលួចយកមាសឆ្តោរគេទាំងរយយ៉ាងនេះទើបពោលឲ្យឱវាទថា អ្នកឯងក្រោយៗ កុំប្រព្រឹត្តកុហកលួចយកទ្រព្យគេយ៉ាងនេះទៀត ព្រោះជាអំពើថោកទាបណាស់ នាំឲ្យតែខ្លួនលំបាកឈឺចាប់ឥតស្រាកស្រាន្តដោយទារុណកម្ម នៃអពើអទិន្មាទាននោះឯង ហើយស្រាយតាបសនោះពីចំណងវិលមកផ្ទះជាមួយនឹងកុដុម្តិកៈនោះវិញ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |