អបាយមុខ ៤ប្រការ

|
មនុស្សដែលឈ្មោះថា មានចរិយាសម្បត្តិគឺ ជាអ្នកវៀរចាកអបាយមុខ ពោលគឺប្រធាននៃសេចក្ដីវិនាស៤ប្រការគឺ៖
១- លេងស្រី ២- លេងស្រា ៣- លេងល្បែង ៤- សេពគប់បាបមិត្ត។ យើងត្រូវដឹងថា ការលេងស្រី វាជាគ្រោះថ្នាក់មួយសម្រាប់យើងគ្រប់គ្នា ដែលជាទោសអាចបណ្ដាលឲ្យ មានជម្ងឺកាមរោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូតដល់ខ្លួនក្សិណក្ស័យចាកប្រពន្ធកូនជាទីស្រលាញ់។ បើមិនមានជម្ងឺធ្ងន់ធ្ងរទេ ក៏ជាហេតុនាំឲ្យញៀនញាំមត្រេកត្រអាលដោយរាគៈ ត្រូវកាមដឹកមុខហ៊ានរហូតចាប់រំលោភកុមារីមិនទាន់គ្រប់អាយុ ឬចាប់រំលោភសេពសន្ថវៈ ទៅលើប្រពន្ធកូនអ្នកដទៃក៏អាចទៅបាន រហូតដល់ថ្នាក់ត្រូវជាប់គុក ជាប់ខ្នោះ ច្រវាក់យូខែ យូឆ្នាំទៅតាមទង្វើដែលខ្លួនបានធ្វើ។ នេះដោយសារការលេងស្រី វាជាហេតុនាំឲ្យរឿងញៀនញ៉ាមក្នុងកាមារម្មណ៍។ បើយើងមិនលេងស្រីនោះ តើរឿងហេតុទាំងអស់នោះកើតឡើងបានដែរឬទេ? យើងអាចយល់បាន ហើយឆ្លើយយ៉ាងងាយថា រឿងនោះមិនអាចកើតឡើងបានទាល់តែសោះ ព្រោះយើងបានប្រព្រឹត្តចរិយាដ៏ល្អគឺការមិនលេងស្រីនោះឯង។ ការលេងស្រាក៏ជាទោសមួយផងដែរ សម្រាប់បុរសស្ត្រីក្នុងលោកយើងនេះ ដោយថាមនុស្សពេញចិត្តស្រា យកស្រាជាទីពឹង ឃើញថា មានតែស្រាទេ ដែលជាមិត្តភក្តិជានិច្ចកាលគ្រប់ពេលមនុស្សនោះឈ្មោះថាខ្វះសតិ បាត់បង់ស្មារតី និងបញ្ញាយកទោសជាគុណ យកគុណជាទោស។ កាលណាសុរាជ្រាបចូលដល់ពោះភ្លាមឃើញថា អញអស្ចារ្យជាងគេ ខ្លាំងជាងគេក្លាយទៅជាអ្នកក្លាហានខាងផ្នែកកាប់ចាក់ ទាត់ធាក់កាចឃោរឃៅយង់ឃ្នង ហ៊ានប្លន់ ហ៊ានលួច ហ៊ានសម្លាប់ ហ៊ានចាប់រំលោភ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏ហ៊ានគម្រាមកំហែង ប្រមាថ ឬហ៊ានសម្លាប់គាត់ទៀតផង។ មនុស្សដែលមានសតិបញ្ញាស្មារតីគ្រប់គ្រងខ្លួន ឈ្មោះថា ជាមនុស្សវិកលចរិកឬហៅថាវិបល្លាសខ្វះសតិក្នុងខ្លួន។ ព្រោះហេតុនោះ មនុស្សយើងត្រូវវៀរចាកការលេងសុរាឲ្យបានជាដាច់ខាត ទើបឈ្មោះថាជាមនុស្សមានចរិយាសម្បត្តិល្អ។ ការលេងភ្នាល់ក៏ជាទោសត្រូវវៀរចាកជាដាច់ខាតផងដែរ ព្រោះថា មនុស្សខ្លះដែរងប់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីការសិក្សាររៀនសូត្រ ការកសាងអំពើល្អ ជាពិសេសខ្លួនបានបង្ហាញខ្លួនថា ជាមនុស្សមិនត្រឹមត្រូវ។ ម្យ៉ាងទៀតអ្នកលេងល្បេងរមែងមិនជាទីសណ្ដាប់ ជឿទុកចិត្តអ្នកដទៃឡើយ ពេលនិយាយសំដីសាបដូចជាទឹក រហូតដល់ចូលទៅកាន់ទីជំនុំចំណោមខ្លួនមិនជាអ្នកក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មានការចាក់បាល់ ជាដើមនេះសុទ្ធតែជាមេនៃសេចក្ដីវិនាសសម្រាប់យើង។ ព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀវចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូតលាស់ឲ្យសោះ។ ការសេពគប់នូវមិត្តក៏មានសារសំខាន់ផងដែរ នៅក្នុងជីវិតងរស់នៅប្រចាំថ្ងៃ បើមិត្តប្រកបដោយធម៌ (មិត្តសុចរិត) នោះនឹងនាំយើងទៅកាន់សេចក្ដីសុខ ប៉ុន្តែបើមិត្តនោះប្រកបដោយអធម៌ (មិត្តទុច្ចរិត) នោះ នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខាន។ ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |