អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៥៩ ដង)
បឋមសប្បុរិសសូត្រ

|
បឋមសប្បុរិសសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៧៣) អដិ្ឋមានិ ភិក្ខវេ សប្បុរិសទានានិ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន៨ យ៉ាង ។ កតមានិអដ្ឋ សប្បុរិសទាន ៨ យ៉ាងតើដូចម្តេចខ្លះគឺ ១. សុចឹ ទេតិ ឲ្យវត្ថុស្អាត ។ អដ្ឋកថាៈ បានដល់ឲ្យរបស់ដែលស្អាតគឺបរិសុទ្ធស្រស់ថ្លា ។ ២. បណីតម ទេតិ ឲ្យវត្ថុថ្លៃថ្លា ។ អដ្ឋកថាៈ បានដល់ ឧត្តមសម្បូន៌ ល្អប្រណីត ។ ៣. កាលេន ទេតិ ឲ្យតាមកាល ។ អដ្ឋកថាៈ បានដល់ សមគួរដល់ការប្រកបខ្វល់ខ្វាយ ។ ៤. កប្បិយំ ទេតិ ឲ្យវត្ថុគួរ ។ អដ្ឋកថាៈ បានដល់ ឲ្យតែរបស់ ដែលជាកប្បិយ (គឺរបស់ដែលគួរដល់អ្នកទទួល) ។ ៥. វិចេយ្យ ទេតិ ជ្រើសរើសហើយទើបឲ្យ ។ អដ្ឋកថាៈ ដោយសេចក្តីថា ជ្រើសរើសបដិគ្គាហក ឬ ឲ្យទានដោយតាំងចិត្តយ៉ាងនេះថា ទានដែលឲ្យហើយដល់បុគ្គលនេះនឹងមានផលច្រើន ឲ្យដល់បុគ្គលនោះ មិនមានផលច្រើនឡើយ ពិចារណាដូច្នេះហើយ ទើបឲ្យ ។ ៦. អភិណ្ហំ ទេតិ ឲ្យទានរឿយៗ ។ ៧. ទទំ ចិត្តំ បសាទេតិ កំពុងឲ្យញ៉ាំងចិត្តឲ្យជ្រះថ្លា ។ ៨. ទត្វា អត្តមនោ ហោតិ លុះឲ្យផុតហើយរមែងមានសេចក្តីពេញចិត្ត ។ សុចី បណីតំ កាលេន កប្បិយំ បានភោជនំ អតិណ្ឌំ ទទាតិ ទានានិ សុខេត្តេសុ ព្រហ្មចារិសុ ។ សប្បុរស រមែងឲ្យនូវទានទាំងឡាយគឺ ទឹកនឹងភោជន ដ៏ស្អាតថ្លៃថ្លា តាមកាលវត្ថុដ៏គួរ រឿយ ៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយដូចជាស្រែដ៏ល្អ ។ នេវ វិប្បដិសារិយំ ចជិត្វា អាមិសំ ពហុំ ឯវំ ទិន្មានិ ទានានិ វណ្ណយន្តិ វិបស្សិនោ ។ អ្នកប្រាជ្ញទាំងឡាយ ដែលមានបញ្ញាឃើញច្បាស់ រមែងពោលសរសើរនូវទានទាំងឡាយ ដែលសប្បុរសបានលះបង់នូវអាមិសៈគឺទេយ្យវត្ថុជាច្រើន ដែលមិនគួរឲ្យកើតសេចក្តីក្តៅក្រហាយ ហើយឲ្យទានយ៉ាងនេះ ។ ឯវំ យជិត្វា មេធាវី សទ្ធោ មុត្តេន ចេតសា អព្យាបជ្ឈំ សុខំ លោកំ បណ្ឌិតោ ឧបបជ្ជតីតិ ។ មេធាវីជាបណ្ឌិត ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួចស្រឡះរមែងចូលទៅកាន់លោក ដែលមិនមានការបៀតបៀន មានតែសេចក្តីសុខ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |