អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧៣៩ ដង)
ត្រូវប្រើប្រាក់ កុំឲ្យប្រាក់ប្រើ

|
កូនជាទីស្រឡាញ់! សម័យនេះអ្នកណាៗ ក៏ឃើញប្រាក់ ថាជាព្រះជាម្ចាស់ដែរ ព្រោះឃើញថាប្រាក់ជារបស់បណ្តាលឲ្យបាននូវអ្វីៗ គ្រប់យ៉ាង សូម្បីតែចិត្តមនុស្សក៏គេអាចទិញបានដែរ ។ មើលចុះ មនុស្សរាល់ថ្ងៃនេះ គឺសំដៅរកតែប្រាក់ គ្រប់ផ្លូវដែលបានប្រព្រឹត្ត គ្រប់វិធី ទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណា ក៏ព្រមធ្វើទាំងអស់ឲ្យតែបានប្រាក់ ។
ព្រោះហេតុដូច្នេះហើយ ទើបក្នុងលោកយើងនេះត្រូវឡើងកម្តៅ ទាំងកម្តៅចិត្ត ទាំងកម្តៅថ្ងៃ ។ ប្រាក់សំខាន់ក៏ពិតមែនហើយណាកូន ប៉ុន្តែចូកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់ រហូតដល់ភ្លេចសេចក្តីល្អ ភ្លេចនូវគុណធម៌នោះ ។ កាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវក្លាយជាចៅហ្វាយលើកូនដោយពិត ។ កាលបើមានប្រាក់ជាចៅហ្វាយហើយ ប្រាក់ក៏នឹងប្រើកូនបង្គាប់កូនឲ្យធ្វើនេះ ឲ្យធ្វើនោះ ។ កូនអាចពិនិត្យមើលខ្លួនឯងបាន គឺនៅពេលមិនទាន់មានប្រាក់ កូនក៏មិនទាន់មានប្រាក់ កូនក៏មិនគិតចង់បានអ្វីច្រើនប៉ុន្មាននោះដែរ ចង់បាន ចង់ញ៉ាំ ចង់ទិញចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះ លុះដល់កូនមានប្រាក់ច្រើន កូនក៏ចាប់ផ្តើមចង់ញ៉ាំ ចង់ប្រើរបស់ដែរល្អៗប្លែកៗ ថ្លៃៗលើសពីការចាំបាច់ គឺមនុស្សយើងត្រូវប្រាក់បង្វិលឲ្យវិលខួរក្បាលអស់ ដោយមិនដឹងខ្លួនទៀតផង ។ មនុស្សយើងកាលមិនទាន់មានប្រាក់អាចមានពេលដេកពួន សម្រាកសម្រាន្តសុខស្រួលវាស់ព្រឹក តែដល់ពេលមានប្រាក់ ត្រឡប់ទៅជាមិនមានពេលដេកពួនស្រួលបួលរកថ្ងៃសម្រាកក៏មិនមាន សឹងតែរកពេលបរិភោគអាហារឲ្យស្រួលមិនបានផង ។ នៅពេលមានប្រាក់តិច អាចនៅជាមួយក្រុមគ្រួសារបាន តែដល់ពេលមានប្រាក់ច្រើន បែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។ នេះឯងណាកូន ប្រាក់វាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅវង្វេងជាមួយវា ។ កូនមើលចុះ មនុស្សខ្លះនៅពេលមានប្រាក់ ក៏គិតការធំដុំ ហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់ មុខរបរទុច្ចរិត ផិតក្បត់ក្នុងគូគ្រងរបស់ខ្លួន ប្រព្រឹត្តអនាចារលើបុត្រភរិយា របស់អ្នកដទៃ ។ ល ។ ប្រាក់វាប្រើឲ្យធ្វើទាំងអស់ បើមិនមានប្រាក់ទេ គេអាចគិតធ្វើយ៉ាងនោះ ឬកេមិនអាចធ្វើបានឡើយ ។ ដូច្នោះ កូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ចិត្តលោភ ចិត្តល្ងង់ ត្រូវកុំឲ្យប្រាក់មកជាចៅហ្វាយឬជាបញ្ជាការប្រើកូនឲ្យសោះ ។ កូនត្រូវជាម្ចាស់លើប្រាក់វិញ ជាអ្នកប្រើប្រាក់ និងប្រើក្នុងផ្លូវត្រូវ យ៉ាងនេះ ទើបកូនមិនក្តៅក្រហាយស្តាយក្នុងកាលជាខាងក្រោយឡើង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |