អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៩៨៣ ដង)
ការពិចារណា ហេតុផល និង បដិបត្តិក្នុងការឲ្យទាន

|
ការពិចារណា ហេតុផល និង បដិបត្តិក្នុងការឲ្យទាន
សូមឲ្យពុទ្ធបរិស័ទទាំងឡាយ ជាមនុស្សធ្ងន់ក្នុងហេតុផល ព្រោះថាអ្វីៗទាំងអស់ក្នុងលោកយើងនេះ សុទ្ធតែមានហេតុផលទាំងអស់។ អំពើអាក្រក់ក៏មានហេតុនៃអំពើអាក្រក់ អំពើល្អក៏មានហេតុនៃអំពើល្អដែរ។ ធម៌ទាំងឡាយសុទ្ធតែកើតពីហេតុ ប្រព្រឹត្តទៅតាមហេតុ ធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយ។ កាលសេចក្ដីក្រោធបាត់បង់ទៅ សេចក្ដីស្រលាញ់ក៏ចូលមកជំនួស ភាពជាសត្រូវក៏ក្លាយជាមិត្ត ភ្លើងព្យាបាទក៏ក្លាយជាទឹកមន្តដ៏ស័ក្តិសិទ្ធគឺមេត្តាធម៌ ការដុតរោលចិត្តឲ្យពុះក្ដៅក៏ក្លាយទៅជាការស្រោចស្រពចិត្តឲ្យផូរផង់ ឲ្យស្រស់ថ្លា នៅដោយសេចក្ដីសុខស្ងប់។ ការឲ្យទានត្រូវបដិបត្តិជាប្រចាំ ឲ្យទៅជាទម្លាប់មានឧបនិស្ស័យក្នុងការឲ្យទាន សប្បាយចិត្តនឹងឲ្យ លុះឲ្យរួចហើយរមែងមាននូវសេចក្ដីសុខ។ ចំពោះវិធីបដិបត្តិកម្ចាត់សេចក្ដីក្រោធ ដោយអាស្រ័យការឲ្យទាននេះ គឺត្រូវយកទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យដល់មនុស្សដែលយើងខឹងក្រោធ ឬស្អប់នោះ និងទទួលយករបស់ដែលគេនោះឲ្យមកខ្លួនវិញផង ឬយ៉ាងហោចណាស់ត្រូវតែធ្វើជាអ្នកឲ្យកុំខាន ព្រោះការឲ្យទានជាការចងមិត្ត ដូច្នេះ ត្រូវតែឲ្យរឿយៗ ព្រមដោយពាក្យសម្ដីពីរោះប្រកបផ្សំទៀតផង។ ការឲ្យទានគឺជាការធ្វើចម្បាំង គឺច្បាំងនឹងសេចក្ដីកំណាញផង ច្បាំងនឹងខ្មាំងគឺសេចក្ដីក្រោធក្នុងខ្លួនយើងផង។ តាមធម្មតា បើមនុស្សណាដែលយើងមិនខឹង មិនស្អប់ទេ យើងអាចឲ្យបាន គ្រាន់តែយើងមិនកំណាញ់ប៉ុណ្ណឹងយើងឲ្យបានហើយ ប៉ុន្តែ ចំពោះមនុស្សដែលយើងខឹងក្រោធ យើងស្អប់វិញនោះ យើងពិតជាលំបាកបដិបត្តិក្នុងវិធីនេះណាស់ ដូច្នេះយើងត្រូវកុំភ្លេចថា <<សត្រូវរបស់យើងពិតប្រាកដ គឺសេចក្ដីក្រោធ យើងធ្វើសង្គ្រាមជាមួយ សេចក្ដីក្រោធ ដោយការឲ្យទាន>>។ ការឲ្យទាន ជាវិធីកែខៃដោះស្រាយសេចក្ដីក្រោធដែលនាំឲ្យសម្រេចផលបានល្អប្រសើរ និង នាឲ្យយើងឈានទៅរកការដោះស្រាយដោយវិធីផ្សេងៗទៀតផង។ ការឲ្យទានអាចរម្ងាប់នូវការចងពៀរវេរា ដែលមានមកអស់កាលដ៏យូរអង្វែងហើយ ឲ្យស្ងប់ទៅបាន ធ្វើឲ្យសត្រូវក្លាយជាមិត្ត។ ការឲ្យទាន ជាមេត្តា ករុណាដែលសម្ដែងចេញមកខាងក្រៅតាមរយៈនៃកាយកម្ម ឬវចីកម្ម។ ការឲ្យទានជាគ្រឿងហ្វឹកហាត់មនុស្សដែលមិនទាន់ហ្វឹកហាត់បាន។ ការឲ្យទានរមែងញ៉ាំងនូវរបស់ដែលប្រាថ្នាទាំងពួងឲ្យបានសម្រេច។ អ្នកឲ្យទានក៏រីករាយចិត្តនឹងអំពើល្អរបស់ខ្លួន រីឯអ្នកទទួលក៏បាននូវសេចក្ដីសុខ។ ការឲ្យទានគឺជាបារមីទី ១ ដែលនាំឲ្យព្រះបរមពោធិសត្វបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ បុគ្គលដែលមិនមែនជាបុគ្គលពាល រមែងសរសើរការឲ្យទាន។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |