អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦០៨ ដង)
មាតាបិតាមានឈ្មោះ ៤ យ៉ាង

|
កូនៗទាំងឡាយ ចូរកូនពិចារណានូវឈ្មោះរបស់មាតាបិតា ដែលមានចំពោះកូនគ្រប់គ្នាទុកជាការចង់ចាំ ដែលពួកគាត់មានសេចក្ដីល្អសម្រាប់កូន ហើយសូមកូនរក្សានូវសេចក្ដីល្អរបស់ពុកម៉ែផង។ ១- មាតាបិតា មានឈ្មោះថាព្រហ្ម ព្រោះជាអ្នកមានចិត្តសន្ដោសចំពោះរូបកូនរបស់ខ្លួន គឺលោកមានមេត្តាការរាប់អាន ការស្រលាញ់ចំពោះរូបកូន តាំងតែពីបានដឹងថា មានសត្វមកចាប់បដិសន្ធិក្នុងផ្ទៃ។ អ្នកម្ដាយបានតមអាហារ តមការងារខ្លះៗព្រោះខ្លាចប៉ះពាល់ដល់គភ៌ ដែលនៅក្នុងផ្ទៃ។ មាតាមានការគាំទ្រពពោះមានការលំបាកជាទីបំផុត តែរូបគាត់ទ្រាំអត់ធ្មត់រហូតដល់គ្រប់ខែ ពេលប្រសូតហើយ មាតាតែងមានករុណាដ៏ក្រៃលែងទៅរកបុត្រ ទោះបីខ្លួនអស់កម្លាំងយ៉ាងណាក៏ដោយ ក៏នៅតែរីករាយ ព្រោះបានដឹងថា កូនខ្លួនបានឆ្លងផុតពីគ្រោះកាច ពោលគឺ សេចក្ដីអន្តរាយហើយ។ លោកទាំងពីររួមគ្នាធ្វើកិច្ចការនានា មិនថាធ្ងន់ស្រាល់ ក្ដីត្រជាក់នោះទេ គឺពួកគាត់ខំប្រឹងដោយវីរិយភាពដើម្បីរូបកូន។ ពេលដែលកូនធំពេញវ័យមាតាបិតាមានចិត្តមុទិតា ទោរទន់រីករាយទៅរកកូនស្ងួន ដោយគិតថា កូនយើងសមរម្យ ល្មមនឹងរៀបចំទុកដាក់ ឲ្យមានគូគ្រងហើយ។ មិនតែប៉ុណ្ណោះលោកបានបែងចែកទ្រព្យ ទៅតាមលទ្ធភាពដែលគាត់មានហើយ លោកមានចិត្ត ឧបេក្ខា ជាកណ្ដាលចំពោះកូនរបស់គាត់ ព្រោះកូនមានទីពឹង និងមានគ្នាសម្រាប់ចែករំលែកទុក្ខធុរៈគ្នាទៅវិញទៅមកហើយ។ ២- មាតាបិតា ឈ្មោះថាគ្រូដើម គឺលោកជាគ្រូដំបូងបង្អស់ក្នុងការបង្រៀនកូនប្រុសស្រី គឺលោកបង្រៀនរាល់ៗថ្ងៃទាំងការនិយាយស្ដីនិងការប្រព្រឹត្ត។ លោកទាំងពីរជាគ្រូមានចិត្តល្អបំផុតក្នុងលោក ដែលបានបង្រៀនកូន ដោយមិនគិតប្រាក់ខែ មិនគិតពីពេលវេលា និងការនឿយហត់រាល់សកម្មភាពរបស់ឪពុកម្ដាយដែលបានសម្ដែងចេញ គឺជាមេរៀនបង្រៀនកូនរាល់ថ្ងៃ ដែលមេរៀននោះបានដក់ជាប់ក្នុងផ្នត់គំនិតរបស់កូន សម្រាប់យកទៅអនុវត្តក្នុងសង្គម។ បើកូននិយាយពីរោះ ទៀតត្រង់មានឥរិយាបថល្អ សុភាពរាប់សានោះ ពួកគាត់ទាំងពីរមានចិត្តត្រេកអរណាស់ ហើយក៏ជាតួនាទីសំខាន់នៃពួកគាត់ក្នុងសង្គមគ្រួសារ។ ៣- មាតាបិតា មានឈ្មោះថាទេវតាដើម គឺមាតាបិតាលោកតែងស្វែងរកប្រយោជន៍ឲ្យកូន ហើយមិនដែលប្រកាន់ទោសកូនខ្លួនឡើយ ទោះបីកូនធ្វើខុសឆ្គាំឆ្គង ដែលមហាជនតែងខឹងស្អប់យ៉ាងណា ក៏លោកនៅតែស្រលាញ់ និងតាមការពារកូនរបស់ខ្លួនជានិច្ច។ ៤- មាតាបិតា ឈ្មោះថាព្រះដើម ដោយសារទង្វើដ៏ល្អឥតហ្មងដែលបានបង្ហូរមករកកូន តាំងពីនៅក្នុងផ្ទៃរហូតមកហ្នឹងឯង ទើបលោកមានឈ្មោះថា ជាព្រះដ៏បរិសុទ្ធរបស់កូនប្រុសស្រី ជាព្រះដែលគួរដល់ការបូជាចំពោះកូនប្រុសស្រី។ ចំពោះកូនប្រុសស្រី ដែលបានបូជានូវទានរបស់ខ្លួនជូនទៅពួកគាត់រមែងបានផលច្រើន និងមិនចាំបាច់ទៅរកព្រះនៅទីណាមកបូជានោះទេគឺព្រះនៅក្នុងផ្ទះរបស់យើងទាំងអស់គ្នាហ្នឹងហើយ។ មួយទៀតយើងមិនអាចសងគុណរបស់ពួកគាត់អស់ឡើយ ប៉ុន្តែយើងអាចធ្វើសេចក្ដីល្អចំពោះគាត់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថាពេលណានោះទេ ទោះយប់ទោះថ្ងៃ កូនប្រុសស្រីអាចធ្វើសេចក្ដីល្អចំពោះគាត់បានច្រើនដើម្បីសម្រេចផលរបស់ខ្លួនឲ្យរឹតតែចម្រើនទៀតផងដែរ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |