អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៤០០ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)

|
សម្ផប្បលាបវាទ
(អំពី អភិជ្ឈា) ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម ឲ្យនិយាយតែពាក្យជាវត្ថុកថា ១០ យ៉ាង មានអប្បិច្ឆកថា និងសន្តុដ្ឋីកថា ជាដើម។ សម្ផប្បលាបវាទនេះ ជាសម្ដែរោយរាយធ្វើទាំងអ្នកនិយាយទាំងអ្នកស្ដាប់ឲ្យរាយមាយចិត្តមិនស្ងប់រម្ងាប់ អ្នកណានិយាយសម្ដីឡេះឡោះ អ្នកនោះក៏សម្ដែងអាការៈឲ្យអ្នកដទៃឃើញថាជាមនុស្សឡេះឡោះដែរ សម្ដីរបស់មនុស្សដែលនិយាយឡេះឡោះនោះ ជាសម្ដីមិនស័ក្កិសិទ្ធ ឥតប្រយោជន៍។ ព្រោះហេតុដូច្នោះបានជា ឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរនិយាយឡើយ។ បណ្ឌិតទាំងឡាយ លោកឃើញទោសនៃសម្ផប្បលាបវាទ ដូចសម្ដែងមកហើយនេះ បានជាលោកនិយាយតែពាក្យសុភាសិត ដែលជាពាក្យមានប្រយោជន៍ដល់ខ្លួននិងអ្នកដទៃ។ សម្ដែងមកនេះជាចំណែកវចីកម្ម។ ពណ៌នាសេចក្ដីក្នុងមនោកម្ម ឯមនោកម្មនោះ បានខាងអំពើដែលសម្រេចដោយចិត្តមាន ៣ យ៉ាង គឺ ក- អភិជ្ឈា ខ- ព្យាបាទៈ គ- មិច្ឆាទិដ្ឋិ អភិជ្ឈា
អភិជ្ឈានោះ បានខាងសេចក្ដីលោភសម្លឹងរំពៃគយគន់ប្រុងនឹងយកទ្រព្យរបស់អ្នកដទៃមកជារបស់ខ្លួន ដោយឧបាយដែលមិនត្រូវតាមគន្លងធម៌ គឺប្រុងនឹងឆក់ដណ្ដើម ឬលួចលាក់ឆបោកបំបាត់ប្រវ័ញ្ច និងបញ្ឆោតលលួងដោយពិធីផ្សេងៗ បម្រុងតែនឹងឲ្យបានមកជារបស់ខ្លួន។ ពួកចោរដែលសម្លាប់ម្ចាស់ទ្រព្យ យកទ្រព្យរបស់គេហើយត្រូវទោសទណ្ឌកម្មផ្សេងៗ មានគុកច្រវាក់ជាដើមនោះក្ដី ឬក៏ដូចព្រះបាទ បសេនទិកោសល ដែលប្រាថ្នាយករាជសម្បត្តិរបស់អជាតសត្តុរាជកុមារក្ដី ក៏ព្រោះតែចិត្តលោភសម្លឹងរំពៃចំពោះទ្រព្យរបស់គេ សូមនាំយករឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ រឿង ព្រះបាទបសេនទិកោសល
ព្រះរាជាទ្រង់ព្រះនាមបសេនទិកោសល ព្រះចៅក្រុងសាវត្ថី ទ្រង់ប៉ងចង់បានរាជសម្បត្តិរបស់ព្រះអជាតសត្តុរាជកុមារដែលជាព្រះភាគិណេយ្យ របស់ព្រះអង្គ ក៏លើកចតុរង្គសេនាទៅច្បាំងដណ្ដើមយក ប៉ុន្តែអជាសត្តុរាជកុមារមានជោគជ័យជាង ក៏ទ្រង់បរាជ័យចាញ់ដៃអជាសត្តុរាជកុមារនោះដល់បីដង។ សេចក្ដីនេះសមដូចបុរាណសុភាសិតលោកពោលទុកថា ចចើងចង់លាភ រែងបាត់ធនទៅ។ ម្យ៉ាងទៀត ចិត្តដែលប៉ុនប៉ងចង់បានទ្រព្យរបស់គេនេះ មិនមែនជាចិត្តត្រជាក់ទេ ជាចិត្តក្ដៅក្រហាយ អម្បាលប៉ងចង់បានទ្រព្យរបស់អ្វីមួយដែលត្រូវតាមធម៌ ម្ដេចក៏គង់មានចិត្តក្ដៅខ្លះដែរ ចំណង់បើប៉ងចង់បានទ្រព្យគេដែលមិនត្រូវតាមផ្លូវធម៌ គឺរបស់ដែលគេមិនព្រមឲ្យដល់ខ្លួន នឹងឲ្យមានចិត្តត្រជាក់មកពីណា ឥតត្រជាក់បន្តិចបន្តួចសោះឡើយ។ ព្រោះហេតុដូច្នោះបានជា គំនិតដែលគិតសម្លឹងរំពៃចង់បានទ្រព្យគេនោះ ទើបឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរនឹកនាទេ បណ្ឌិតទាំងឡាយលោកពិចារណាឃើញទោសយ៉ាងនេះ បានជាលោកព្យាយាមលះអភិជ្ឈានេះចោលចេញ មានចិត្តសន្ដោសត្រេកអរតែនឹងទ្រព្យរបស់ៗខ្លួន។ មិនតែប៉ុណ្ណោះ ថែមទាំងមានចិត្តមេត្តាប្រណីមនុស្សនិងសត្វ ហើយបរិច្ចាគទាន ដើម្បីជួយស្រោចស្រង់អាយុជីវិតរបស់មនុស្សនឹងសត្វ ឥតស្ដាយទ្រព្យសម្បត្តិឡើយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |