អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,២៥១ ដង)
លក្ខណៈបុគ្គលមានសតិសម្បជញ្ញៈ

|
ឯលក្ខណៈនៃបុគ្គលដែលប្រកបដោយសតិសម្បជញ្ញៈនោះដូច្នេះគឺ៖ភិក្ខុដែលប្រកបដោយសតិសម្បជញ្ញៈនោះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។ កាលនឹងឱនកាយទៅមុខក្ដី ផ្ងារកាយទៅក្រោយក្ដី ក្រឡេកមើលទៅមុខក្ដី ទៅឆ្វេងក្ដី ទៅស្ដាំក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងឱនកាយទៅមុខ ផ្ងារកាយទៅក្រោយ ក្រឡេកមើលទៅមុខទៅក្រោយ ឬទៅឆ្វេង ទៅស្ដាំ។
កាលដែលនឹងបត់ដៃទៅឆ្វេង-ស្ដាំចូលក្ដី បត់ជើងឆ្វេង-ស្ដាំចូលក្ដី ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងបត់ដៃឆ្វេង-ស្ដាំចូល បត់ជើងឆ្វេង-ស្ដាំចូល។ កាលដែលនឹងលាដៃឆ្វេង-ស្ដាំចេញក្ដី លាជើងឆ្វេង-ស្ដាំចេញក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងលាដៃឆ្វេង-ស្ដាំចេញ លាជើងឆ្វេង-ស្ដាំចេញ។ កាលដែលនឹងប្រើប្រាស់សង្ឃាដី ឬបាត្រ ចីវរ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងប្រើសង្ឃាដី បាត្រ ចីវរ។ កាលដែលនឹងឆាន់ចង្ហាន់ឬឆាន់ទឹកនឹងទំពា ឬស្រូប ហិត លិទ្ធ ភ្លក្សរបស់អ្វីៗ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងឆាន់ចង្ហាន់ ឆាន់ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្សរបស់នោះៗ។ កាលដែលបន្ទោបង់ឧច្ចារៈ បស្សាវៈ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះអាត្មាអញកំពុងបន្ទោបង់ឧច្ចារៈ បស្សាវៈ។ កាលដឹងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ ភិក្ខុដែលឃើញភ័យក្នុងវដ្ដសង្សារ រមែងជាអ្នកប្រកបដោយសតិសម្បជញ្ញៈ ដូចថាមកនេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |