អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥៦ ដង)
អធិប្បាយ សតិ

|
អធិប្បាយ សតិ
សតិ ជាធម៌សំខាន់បំផុតខាងឯចិត្តឲ្យបរិសុទ្ធហ្មត់ចង់ល្អ, ព្រះបរមសាស្ដាជាម្ចាស់ទ្រង់ត្រាស់ទេសនាថា៖ ឯកាយនោ អយំ ភិក្ខវេ បត្តោ សត្តានំ វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ សេចក្ដីថា៖ នែ៎ភិក្ខុទាំងឡាយ! ផ្លូវនេះជាផ្លូវទីទៅតែម្នាក់ឯង ដើម្បីសេចក្ដីបរិសុទ្ធរបស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្ដីសោកស្រណោះអាឡោះអាល័យ និងសេចក្ដីខ្សឹកខ្សួលទាំងឡាយ ដើម្បីរំលត់នូវទុក្ខនិងទោមនស្សទាំងឡាយដើម្បីត្រាស់ដឹងនូវធម៌ដែលគួរត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន យទិទំ ចត្តារោ សតិបដ្ឋានា ផ្លូវនោះគឺ សតិបដ្ឋាន ៤។ សតិបដ្ឋាន ៤
១- កាយានុបស្សនាសតិបដ្ឋាន តម្កល់សតិពិចារណា កាយជាអារម្មណ៍ ២- វេទនានុបស្សនាសតិបដ្ឋាន តម្កល់សតិពិចារណា វេទនាជាអារម្មណ៍ ៣- ចិត្តានុបស្សនាសតិបដ្ឋាន តម្កល់សតិពិចារណា ចិត្តជាអារម្មណ៍ ៤- ធម្មានុបស្សនាសតិបដ្ឋាន តម្កល់សតិពិចារណា ធម៌ជាអារម្មណ៍។ ឯវិធីដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឲ្យពិចារណានោះមានន័យច្រើនជាអនេក តែបើស្រង់យកតែចំណែកដែលដូចគ្នាទាំង ៤ យ៉ាងនោះមកសម្ដែង ក៏គឺពិចារណាឲ្យឃើញថា៖ កាយនេះគ្រាន់តែជាកាយ, វេទនាគ្រាន់តែជាវេទនា, ចិត្តគ្រាន់តែជាចិត្ត, ធម៌គ្រាន់តែជាធម៌, មិនមែនជាសត្វ ជាបុគ្គលជាតួខ្លួនទេ គួរកុំប្រកាន់ កុំស្អប់ កុំស្រឡាញ់សោះឡើយ ដូច្នេះជាដើម។ កាលបើកំពុងតាំងសតិកំណត់អារម្មណ៍ទាំង ៤ ប្រការដូចថាមកនេះ ចិត្តក៏នឹងជាប់នៅតែក្នុងកុសលធម៌ម្យ៉ាង បើចិត្តជាប់នៅក្នុងកុសលធម៌ហើយ ឧបក្កិលេសដែលជាអកុសលក៏រកឱកាសនឹងកើតឡើងគ្មាន កាលបើដូច្នោះ ចិត្តក៏នឹងប្រាសចាកគ្រឿងសៅហ្មង ដល់នូវសេចក្ដីជ្រះថ្លាជាខណៈៗ ដោយលំដាប់ទៅ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |