អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១៧៦ ដង)
ឧបាយរំលត់សេចក្ដីក្រោធ

|
ព្រះបោរាណាចារ្យលោកសម្ដែងប្រាប់ឧបាយគឺ យោបល់ជាគ្រឿងរំលត់សេចក្ដីក្រោធខឹងថា ៖ "ទុក្ខជាមានភ្នែកភ្លឺក៏ត្រូវធ្វើដូចជាងងឹត, មានត្រចៀកស្ដាប់ឮក៏ត្រូវធ្វើថ្លង់" ដូច្នេះទើបអត់ទ្រាំសេចក្ដីក្រោធខឹងនោះបាន។ បើធ្វើជាមនុស្សភ្នែកទិព្វត្រចៀកទិព្វ នឹងរក្សាខន្តីសេចក្ដីអត់អន់នោះបានដោយកម្រណាស់; ដូចយ៉ាងមនុស្សដែលមិនចេះអត់ធន់ចំពោះសេចក្ដីទុក្ខលំបាកដែលជាហេតុឲ្យកើតទោសៈនោះ ច្រើនតែធ្វើការអ្វីៗ ដោយសេចក្ដីខឹងតូងតាង, អ្នកដែលធ្វើដូច្នោះ ច្រើនតែប្រទះនឹងសេចក្ដីអន្តរាយផ្សេងៗ; កាលបើជួបប្រទះនឹងគ្រោះថ្នាក់ណាមួយ ព្រោះតែសេចក្ដីខឹងតូចតាងនោះហើយ ច្រើនតែគិតស្ដាយក្រោយថា៖ " ឱ! អញធ្វើនេះខុសហើយ មិនគួរសោះ" បណ្ដាកិច្ចការអ្វីៗ ទោះបីយ៉ាងណាក៏ដោយ ឲ្យតែធ្វើដោយសេចក្ដីក្រេវក្រោធហើយ, កិច្ចការនោះៗ សុទ្ធតែជារបស់មិនស្រួលមិនល្អទាំងអស់។ ព្រោះហេតុដូច្នេះបានជាអ្នកប្រាជ្ញដែលសម្បូណ៌ដោយប្រាជ្ញា គួរតែពិចារណាឃើញទោសនៃសេចក្ដីក្រោធខឹង ហើយខំប្រឹងអត់ធន់ ដូចសម្ដែងមកនេះចុះ។
ឯសេចក្ដីអត់ធន់ចំពោះសេចក្ដីទុក្ខ ដែលជាហេតុឲ្យកើត មោហៈ នោះ បានខាងសេចក្ដីអត់ទ្រាំនឹងទុក្ខវេទនាផ្សេងៗ ដែលកើតឡើងក្នុងកាយនិងចិត្ត មិនលុះអំណាចទុក្ខវេទនាហើយទៅប្រព្រឹត្តទុច្ចរិតឡើយ។ សូម្បីការដែលអត់ទ្រាំនឹងទុក្ខវេទនាក្នុងវេលាឈឺថ្កាត់នោះសោត ក៏ជាហេតុជួយឧបត្ថម្ភឲ្យមានសតិសម្បជញ្ញៈ គឺសេចក្ដីរឭកនិងសេចក្ដីដឹងខ្លួនដែលជាគុណវិសេសគួរឲ្យមានក្នុងចិត្តគ្រប់កាយទាំងពួង, ពុំនោះសោតក្នុងវេលាមានព្យាធិដែលជាហេតុឲ្យដល់មរណៈ ក៏ត្រូវតែមានខន្តីយ៉ាងមាំមួនខានមិនបានឡើយ; ឧបាយដែលនឹងឲ្យកើតខន្តីក្នុងវេលានោះ គឺត្រូវឲ្យឃើញតាមសេចក្ដីពិតថា៖ "ព្យាធិនិងមរណៈនុះ ជាទុក្ខដែលសត្វទាំងឡាយត្រូវតែជួបប្រទះរាល់ៗ គ្នាគេចមិនរួចឡើយ"។ ក្នុងអភិណ្ហបច្ចវេក្ខណៈដែលព្រះបរមសាស្ដាទ្រង់ប្រដៅឲ្យនឹករំពឹងជារឿយៗថា៖ ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ យើងមានជម្ងឺតម្កាត់ជាធម្មតា នឹងចៀសវាងជម្ងឺតម្កាត់មិនបានឡើយ ។ ដូច្នេះនោះ ក៏ដើម្បីឲ្យប្រុងខ្លួនអំពីកាលដែលនៅជានៅឡើយ, បើចាំទៅនឹករំពឹងក្នុងពេលដែលជម្ងឺតម្កាត់មកដល់តែម្ដង ក៏មុខជាកម្រនឹងបាន; ព្រោះវេលាដែលឈឺនោះឯងតែងមានទុក្ខព្រួយលំបាកច្រើនយ៉ាងណាស់; កាលបើអត់ទ្រាំទុក្ខវេទនាមិនបាន, សតិសម្បជញ្ញៈ ក៏នឹងទ្រេតទ្រោតទៅមិនតម្កល់នៅខ្ជាប់ឡើយ; ដូចជនចំពូកខ្លះដែលមិនបានហាត់ចិត្តទុកអំពីកាលនៅជានោះ លុះវេលាដែលមានជម្ងឺយ៉ាងធ្ងន់មកដល់ក៏ច្រើនតែមានចិត្តរវើរវាយផ្សេងៗ ដរាបដល់ធ្វើអំពើទុច្ចរិតមានសម្លាប់សត្វជាដើមដើម្បីបូជាគ្រោះ ដោយចង់រស់តែខ្លួនឯងមិនគិតអាណិតដល់សត្វដទៃក៏មាន។ ទោសទាំងនេះ មកតែអំពីមិនបានហ្វឹកហាត់ស្មារតីទុកអំពីកាលនៅជាឲ្យដឹងថា៖ " សត្វដែលកើតមកក្នុងលោក សុទ្ធតែត្រូវឈឺថ្កាត់រាល់ៗ រូប" ដូច្នេះឯងបានជារវើរវាយយ៉ាងនោះ; ពួកបុគ្គលដែលរវើរវាយហើយទៅប្រព្រឹត្តទុច្ចរិតដូច្នោះ លុះរំលាយខន្ធទៅហើយតែងទៅកើតក្នុងអបាយ។ ចំណែកពួកបុគ្គលដែលមានសតិសម្បជញ្ញៈបរិបូណ៌រមែងទៅកើតឋានសួគ៌។ ព្រោះហេតុដូច្នោះ ការដែលបង្ហាត់ចិត្តបង្ហាត់ស្មារតីដើម្បីឲ្យកើតខន្តីសេចក្ដីអត់ធន់នោះ ជារបស់ដែលយើងត្រូវការគ្រប់ៗ ប្រាណសម្រាប់តយុទ្ធនឹងសត្រូវគឺព្យាធិទុក្ខ ក្នុងវេលាដែលជិតនឹងដល់មរណៈនោះ។ កាលបើមានប្រាជ្ញាពិចារណាឃើញទោសនៃសេចក្ដីវង្វេង ឃើញគុណនៃសតិសម្បជញ្ញៈ និងគុណនៃខន្តីដូចសម្ដែងមកនេះហើយ, គួរណាស់តែហាត់ស្មារតីទុកជាមុនតាមពិធីដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រដៅឲ្យហាត់ មានអភិណ្ហបច្ចវេក្ខណវិធីជាដើម ដើម្បីកុំឲ្យសេចក្ដីវង្វេងនោះកើតឡើងបាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |