អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៤៩ ដង)
បុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យ

|
បុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យ
បុណ្យកុសល មិនមែនចេះតែកើតឡើងដល់បុគ្គលអ្នកខ្ជិលធ្វើបុណ្យទេ តែបុណ្យកុសលរមែងកើតឡើងដល់បុគ្គល ដែលមានចិត្តនឹកបំពេញនូវបុណ្យកុសល។ បុគ្គលដែលបានធ្វើនូវបុណ្យ គឺ ជាអ្នកដែលចេះស្រលាញ់ខ្លួនឯងដោយពិត។ ខ្ញុំចង់ពោលពីជនពាល ដែលមិនចេះស្រលាញ់បុណ្យ ស្អប់ខ្ពើមមិនចូលចិត្តបុណ្យបន្តិចសចុះ ដូច្នេះចាំបន្តទៅនេះ ខ្ញុំនឹងសរសេរទុកបានជាទីចំណាប់អារម្មណ៍សម្រាប់គ្រប់គ្នា។ ជនពាល មិនដែលយល់ស្គាល់បុណ្យឬមួយបាបឡើយ គុណ ទោស ល្អ អាក្រក់ មិនប្រសើរ ឬ មួយវាប្រសើរ គួរ ឬ មួយមិនគួរជាដើម ក៏ពួកជនពាលមិនដឹងទាំងអស់។ ជនពាល តែងតែបង្កនូវភាពវឹកឲ្យដល់ខ្លួនឯងជានិច្ច រុញខ្លួនឯងឲ្យទៅកាន់ទីមិនប្រសើរ មានដូចជា នរក ប្រេត អសុរកាយ តិរច្ឆាន ហើយថែមទាំងមិនដឹងថា អ្វីទៅជាឋានមិនល្អនោះក៏ជនពាលមិនដឹង។ ការសម្រេចចិត្ត របស់ជនពាល គឺមិនដូចជាការសម្រេចចិត្តរបស់ជនជាបណ្ឌិតឡើយ។ ជនពាលការបើសម្រេចចិត្តធ្វើគឺប្រព្រឹត្តនូវអំពើបាប មិនមានចិត្តកោតខ្លាចនឹងអំពើបាប សូម្បីតែមួយផ្ទាត់ក្រចកក៏គ្មានដែរ។ ជនពាលតែងតែពេញចិត្ត នឹង ការប្រព្រឹត្តនូវអំពើដែលនាំឲ្យមាននូវវេរា មិនចេះមិនចេះរហូតមានការបៀតបៀនអ្នកមានគុណ នៃខ្លួនឯងក៏មានដែរ។ជនពាលគឺមាននូវសេចក្ដីប្រមាទគ្រប់ពេលវេលា។ ដែលកើតទៅជាជនពាលបាន គឺមកពីសេពគប់ខុសនោះឯង ដល់ពេលធ្លាក់ខ្លួនជាពាលហើយបុគ្គលនោះក៏នៅតែមិនដឹងថាខ្លួនជាពាលទៀត។ គតិរបស់ជនពាល គឺ មាននូវអបាយភូមិ៤ជាផលផ្លែផ្កា។
ខ្ញុំសរសេររៀបរាប់បានប៉ុណ្ណេះ ទុកគ្រាន់បានជាទីពិចារណា នៃពុទ្ធបរិស័ទប្រុសស្រីនៅក្នុងព្រះសាសនាតរៀងទៅ។ ឥឡូវនេះ ខ្ញុំនឹងរៀបរាប់ពីបុគ្គលជាបណ្ឌិតវិញម្ដង បុគ្គលជាបណ្ឌិតគឺមិនដូចជាជនពាលឡើយ ការគិតរបស់បណ្ឌិត គឺប្រព្រឹត្តទៅដើម្បីជាទីសុខក្សេមក្សាន្តទាំងទ្វេភាគី។ ចរឹតការប្រព្រឹត្តរបស់បណ្ឌិត គឺ មាននូវសេចក្ដីថ្លៃថ្នូរជានិច្ច មិនដែលមានរឿងបៀតបៀននោះទេ តែបណ្ឌិតតែងតែផ្ដល់នូវភាពកក់ក្ដៅ ទាំងខ្លួនឯងនិងអ្នកដទៃ។ បណ្ឌិតគឺតែងតែមានចិត្តនឹកបំពេញបុណ្យជានិច្ច ថែមថទាំងមិនមាននូវសេចក្ដីនឿយ ឬ ក៏ធុញទ្រាន់ក៏គ្មានដែរ មានសេចក្ដីពេញចិត្តឥតគណាបានឡើយ។ បុណ្យ តែងកើតឡើងដល់ជនជាបណ្ឌិតជានិច្ចបាបតែងកើតឡើងដល់ជនពាលជានិច្ច។ បុណ្យតែងតែកើតឡើងដល់មនុស្សល្អ តែមិនអាចកើតឡើងដល់បុគ្គលអាក្រក់នោះទេ។ ជាការពិតណាស់ បុណ្យតែងតែកើតឡើងដល់អ្នកធ្វើ អ្នកណាមិនបានធ្វើបុណ្យ បុណ្យក៏មិនអាចកើតឡើងដល់បុគ្គលនោះបានឡើយ។ បុណ្យកុសល គឺ ពពួកទេវតាគេត្រូវការណាស់ដូច្នេះ មានន័យថា អ្នកណាសាងបុណ្យអ្នកនោះគឺទេវតាស្រលាញ់ជាប្រាកដ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |