អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៨,៩១៩ ដង)
ខ្លឹមសារនៃសេចក្តីសុខ

|
ខ្លឹមសារនៃសេចក្តីសុខ
មនុស្សចំនួនច្រើនណាស់ ដែលមិនបានសម្លឹងមើល ដល់ជីវិតរបស់ខ្លួនឯង មិនបានពិចារណាដល់ខន្ធលោកនេះ ដែលជាសង្ខារ បានសម្លឹងត្រឹមតែថា យើងនឹងយកការចេះ ដឹងក្នុងច្បាប់ធម្មជាតិ ដែលមាននៅជុំវិញពិភពលោកមក ប្រើ ក្នុងបំណងបំពេញតាមសេចក្តីត្រូវការរបស់ខ្លួនតែ ប៉ុណ្ណោះ ហើយក៏ស្ទុះទៅក្នុងលោកតាមការចេះដឹងនោះ រហូតដល់មានសេចក្តីដឹងខ្លួនថា យើងនេះជាមនុស្សពូកែ មានសមត្ថភាពអស្ចារ្យ អាចយកឈ្នះធម្មជាតិបាន ។
មនុស្សលោកយើង ដែលស្ថិតនៅក្នុងសភាពដូច ពោលមកនេះឯង បានធ្លាក់ខ្លួនក្លាយទៅជាទាសៈនៃវត្ថុុ ទាំងឡាយ បានយកជីវិតទៅផ្ញើទុកជាមួយនឹងវត្ថុខាងក្រៅ បណ្តោយឱ្យសុខទុក្ខរបស់ខ្លួន ស្ថិតនៅក្នុងអំណាចនៃវត្ថុ ខាងក្រៅនោះៗ ជាគ្រឿងកំណត់ទៅវិញ ខ្លួនឯងមិនជា ឥស្សរៈឡើយ ។ ដោយរវល់តែស្ទុះទៅក្នុងលោក ក៏មិន មានឱកាសបានដឹងថា ជីវិតខ្លួនឯងគឺជាអ្វី មិនធ្លាប់គិត មិនធ្លាប់ពិចារណា នេះបានសេចក្តីថា នៅមិនទាន់បាន យល់ដឹងដល់ច្បាប់ធម្មជាតិតាមពិត គឺធម្មជាតិនៃជីវិត របស់ខ្លួនឯង នៅមិនទាន់ស្គាល់ឡើយ ។ ព្រះពុទ្ធសាសនាបានទូន្មានឱ្យមានសតិ ទល់គ្នានឹង សេចក្តីពិតនៃសភាវធម៌ក្នុងជីវិតប្រចាំថ្ងៃ ឱ្យមានបញ្ញា ព្រមទទួលយកសេចក្តីពិត ក្រេបយករសជាតិនៃសេចក្តីពិត គ្រប់យ៉ាង ។ បើយើងបានអប់រំចិត្តរបស់យើង ឱ្យស្ថិតនៅ ជាមួយនឹងសេចក្តីពិតគ្រប់គ្រាគ្រប់វេលាហើយ សេចក្តីពិត ដែលកើតឡើងនោះ វាមិនបានវាយប្រហារមកលើចិត្ត របស់យើងឡើយ តែបើយើងមិនបានអប់រំចិត្ត មិនមាន បញ្ញាទទួលយកការពិត នៅពេលមានរឿងអ្វីមួយមកដល់ ជីវិត សតិមិនបានកើតឡើងទេនោះ ចិត្តរមែងញាប់ញ័រ តក់ស្លុត ហើយសេចក្តីទុក្ខក៏កើតឡើងមក បៀតបៀន ដល់ចិត្តសន្តាន ។ ដោយអាស្រ័យហេតុដូច្នេះ ទើបព្រះពុទ្ធសាសនា បានណែនាំឱ្យយើងមានការអប់រំចិត្ត ដោយការចម្រើន សតិប្បដ្ឋានរលឹកដឹងនូវការពិត ។ កាលបើបានដឹងបាន យល់ចូលចិត្តនូវការពិតហើយ ជាទីបំផុត ការដឹងការយល់ ចូលចិត្តនូវការពិតនោះឯង រមែងធ្វើឱ្យយើងមានចិត្ត សប្បាយ សុខស្ងប់ស្អាតផូរផង់ក្នុងជីវិតប្រចាំថ្ងៃ ។ អ្វីៗដែលជាសេចក្តីពិតគឺជាសច្ចៈ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងចំពោះអាឡវកយក្ខថា សច្ចំ ហវេ សាធុតរំ រសានំ សច្ចៈហ្នឹងឯង មានរសឆ្ងាញ់ជាង អស់រសទាំងពួង ។ មនុស្សចំនួនច្រើនរមែងមាននូវបញ្ហា ទោះបីថា មាននូវការចេះដឹង អំពីច្បាប់ធម្មជាតិក្រៅខ្លួនយ៉ាងណាក៏ ដោយ ការចេះដឹងនោះ វាមានប្រយោជន៍ត្រឹមតែជួយឱ្យ គេធ្វើ ឬផលិតអ្វីៗបានច្រើនៗប៉ុណ្ណោះ ប៉ុន្តែការធ្វើ ឬ ផលិតអ្វីៗបានច្រើនៗនោះ យើងអាចសង្កេតឃើញមាន ចំណុចមិនល្អផងដែរ ។ ចំណុចមិនល្អម៉្យាង គឺការបំពេញ តាមអំណាចនៃកិលេស សេចក្តីប្រាថ្នាការចង់បាន កាល ណាបើចេះតែបំពេញទៅតាមអំណាចនៃកិលេសយ៉ាងនេះ កិលេសរមែងធំទៅៗ ម៉្លោះហើយ សេចក្តីត្រូវការក៏កាន់តែ ច្រើនឡើងៗ ធ្វើឱ្យសត្វលោកខ្វះកន្លះជានិច្ច ។ ចំណុចមិន ល្អម៉្យាងទៀត គឺការដែលចេះតែធ្វើឱ្យមនុស្សលោកស្រួល ឡើងៗ តាមរយៈនៃសម្ភារៈទំនើបៗ សេចក្តីរីករាយភ្លើតភ្លើន ក៏ចេះតែចម្រើន ព្រោះតែប្រាជ្ញាយល់ដឹងព្រមដោយ ស្មារតីរបស់មនុស្ស មានការលូតលាស់មិនទាន់ឧបករណ៍ ប្រើប្រាស់ក្នុងលោក ម៉្លោះហើយ វាធ្វើឱ្យមនុស្សលោក ស្រវឹងនឹងសម្ភារៈ ក្លាយទៅជាទាសៈនៃវត្ថុទាំងពួង ជ្រៅ ទៅៗ នឹងធ្វើឱ្យមានការបៀតបៀនគ្នាក៏ច្រើនឡើងៗដែរ ។ តាមពិតសេចក្តីត្រេកត្រអាលរបស់សត្វលោកដែល ប្រព្រឹត្តទៅក្នុងវត្ថុបំណងផ្សេងៗនោះ គឺវាអាស្រ័យតណ្ហា ក្នុងចិត្តហ្នឹងឯង បើយើងមិនយល់ដល់ការពិតនេះទេ យើងចេះតែចង់បានមិនមានទីបំផុតឡើយ ។ សត្វលោក រមែងមើលឃើញថា អ្វីៗជាខាងក្រៅនោះ វាល្អ វាសម ស្អាត ងាយ ស្រួល ៘ បានជាភ្លេចគិតថា បើលោភៈ តណ្ហាមិនមានក្នុងចិត្តទេ អ្វីៗទាំងអស់ក្នុងលោកមិនជាទី ត្រេកត្រអាលឡើយ ហើយបានជាភ្លេចគិតម៉្យាងទៀតថា ការបំពេញតាមបំណងប្រាថ្នា ធ្វើឱ្យតណ្ហារឹតតែធំ ដូច្នេះ តើពេលណាទើបខ្លួនឯងលែងត្រូវការចង់បាន បើបានដូច ជាមិនបានយ៉ាងនេះ ។ បើមនុស្សយើង បានរលឹកដឹងទាន់ចំពោះការពិត ទោះជាការពិតនោះ វាជាអនិដ្ឋារម្មណ៍ គឺមិនគួរជាទីប្រាថ្នា យ៉ាងណាក៏ដោយ ឬថា ជីវិតរបស់ខ្លួនឯងមិនសម្បូរទៅ ដោយសម្ភារៈផ្សេងៗ ដែលវាជាការពិតម៉្យាងនៃជីវិតនោះ ជីវិតរមែងសុខស្ងប់ ហៅថាជីវិតមានសេចក្តីសុខដែលជា ឥស្សរៈលើខ្លួនឯង នេះព្រោះហេតុតែបានយល់ដឹងដល់ ការពិតនៃជីវិត ដែលជាសង្ខារលោកហ្នឹងឯង ។ ចំពោះមនុស្សដែលរស់នៅដោយបញ្ញា គេអាច ចាប់យកចំណុចខ្លឹមសារនៃជីវិត និងចំណុចខ្លឹមសារនៃ សេចក្តីសុខបាន ពោលគឺគេមាននូវគុណធម៌ដែលជា ខ្លឹមសារនៃជីវិត និងគេមាននូវសេចក្តីសុខប្រចាំចិត្តសន្តាន ដែលសម្រេចបានមកពីការយល់ដឹងនូវរឿងពិតរបស់ជីវិត គេមិនមែនមានសុខទុក្ខទៅតាមតែការកំណត់ចាត់ចែងអំពី របស់ខាងក្រៅនោះទេ ។ ចំពោះមនុស្សដែលរស់នៅដោយមិនមានបញ្ញា មិនសិក្សាឱ្យយល់ការពិតរបស់ជីវិត គេមិនអាចចាប់យក ខ្លឹមសារនៃសេចក្តីសុខបានឡើយ ថែមទាំងមិនយល់ថា ខ្លឹមសារនៃសេចក្តីសុខនោះ ដូចម្តេចផងទេ ម៉្លោះហើយ គេក៏មិនអាចរស់នៅជាសុខដោយបញ្ញាខ្លួនឯងបានដែរ គឺ គេត្រូវផ្ញើសេចក្តីសុខរបស់ខ្លួនជាមួយនឹងរបស់ខាងក្រៅ។ មុនដំបូងគឺអាស្រ័យនូវបច្ច័យ៤ តាមសេចក្តីត្រូវការរបស់ ធម្មជាតិ លុះគេបាននូវសេចក្តីសុខតាមរយៈនៃបច្ច័យ៤ ហើយ គេក៏ក្លាយទៅជាទាសៈនៃវត្ថុខាងក្រៅនោះឯង ។ ដែលថាជាទាសៈ ព្រោះសភាពរបស់ចិត្តមានការក្រវល់ក្រវាយក្តៅក្រហាយអន្ទះសា ប្រព្រឹត្តទៅរកវត្ថុសម្ភារៈ ផ្សេងៗ គឺមិនជាឥស្សរៈលើរបស់ទាំងអស់នោះឡើយ ។ មនុស្សដែលមិនមានបញ្ញាក្នុងការរស់នៅ រមែងខ្វះខាតនូវសេចក្តីសុខដែលជាខ្លឹមខាងក្នុង ការបាននូវវត្ថុ សម្ភារៈមាននូវអំណោយសុខច្រើនឡើងៗ គឺជាការពង្រីក នូវភាពនៃខ្លួនឯងដែលជាទាសៈ ដូច្នេះវត្ថុសម្ភារៈដែលបាន បន្ថែមមកកាន់តែច្រើនឡើងៗនោះ ទើបវាមិនមែនឱ្យតែ សេចក្តីសុខប៉ុណ្ណឹងទេ គឺបន្ថែមនូវកិលេសផង បន្ថែមនូវ ទុក្ខក្នុងភាពជាទាសៈផង ។ សរុបមក សេចក្តីសុខមាន ២ យ៉ាង សេចក្តីសុខប្រភេទទី១ គឺជាសេចក្តីសុខជាប់ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅនោះមានច្រើន លោកហៅថា អាមិស រហូតដល់មនុស្សដែលនៅជុំវិញទាំងអស់ ។ បើមិនមាននូវ របស់ទាំងអស់នេះទេ ក៏មានសេចក្តីដឹងខ្លួនថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់មនុស្សយើងបែបនេះ ផ្ញើទុកនឹងរបស់ខាងក្រៅ គឺយើងមិនអាចរស់នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះមិនបានមាំទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់ជាមួយនឹងរបស់ខាងក្រៅហ្នឹងឯង ។ គួរសង្កេតឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យតក់ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេងៗទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជាដើម នេះគឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃសេចក្តីសុខ បណ្តោយឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើបពុទ្ធបរិស័ទត្រូវព្យាយាម កំណត់ដឹងនូវសេចក្តីពិតក្នុងពេលនោះៗ ត្រូវឱ្យកើតមាន នូវសេចក្តីសុខប្រភេទទី ២ ។ សេចក្តីសុខប្រភេទទី២ គឺសេចក្តីសុខដែលកើត ក្នុងចិត្តរបស់ខ្លួនឯង នៅដក់ក្នុងចិត្តជាប្រចាំ ដោយមិន បានអាស្រ័យរបស់ខាងក្រៅ ដូចជាលាភសក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យសរសើរជាដើម ឡើយ ។ សេចក្តីសុខប្រភេទបែបនេះ ជាសេចក្តីសុខមាន ភាពស្រស់ថ្លា ដែលអាចគ្រប់គ្រងដោយខ្លួនឯងបាន តាម អំណាចនៃបញ្ញាដ៏ភ្លឺស្វាង ។ ព្រោះអាស្រ័យសេចក្តីសុខ ប្រភេទទី២នេះ ទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា សច្ចៈហ្នឹងឯង មានរសឆ្ងាញ់ជាងអស់រសទាំងពួង ។ សេចក្តីសុខប្រភេទក្រេបយកនូវរសជាតិពីការពិតបែបនេះ មនុស្សភាគច្រើនពុំមានឡើយ ។ មនុស្សយើងនេះ ច្រើនតែសង្ឃឹមចំពោះសេចក្តី សុខចាកវត្ថុខាងក្រៅ ដោយមិនសូវជាបានគិតថា អាត្មាអញនឹងត្រូវមានពេលវេលារស់នៅតែឯង ដោយវត្ថុទាំងឡាយនោះ មិនអាចនឹងនៅស្ថិតស្ថេរជាមួយអាត្មាអញជា រៀងរហូតទៅបានឡើយ ។ បើថាបាននៅជាមួយ ក៏វាមិន អាចប្រព្រឹត្តទៅតាមចិត្តប្រាថ្នារបស់យើងដែរ ព្រោះរបស់ ទាំងអស់វាស្ថិតនៅក្រោមច្បាប់ធម្មជាតិ វាប្រព្រឹត្តទៅតាម ហេតុបច្ច័យរបស់វា ។ នៅក្នុងកងទុក្ខ ១២កង មានទុក្ខម៉្យាងកើតឡើង ក្នុងចិត្ត គឺប្រាថ្នារបស់ណាហើយមិនបាននូវរបស់នោះ វា រមែងជាទុក្ខតាមកម្លាំងនៃសេចក្តីប្រាថ្នាហ្នឹងឯង ។ ច្បាប់ ធមជ្មាតិ គឺការប្រព្រឹត្តទៅតាមហេតុបច្ច័យ ព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនអំពីការពិតនៃធម្មជាតិនេះជារឿយ ៗ ព្រះអង្គបន្ថែមផ្ទួនហើយផ្ទួនទៀត ដើម្បីឱ្យពុទ្ធបរិស័ទបាន យល់ បានដឹងនូវសេចក្តីពិតនៃធម្មជាតិដែលជារបស់ធម្មតា ហើយម៉្យាងទៀត ព្រះអង្គទ្រង់ទូន្មានឱ្យពុទ្ធបរិស័ទ សមាទានកាន់យកនូវសម្មាទិដ្ឋិ ការយល់ត្រូវ ដឹងទាន់នូវហេតុ បច្ច័យ ឱ្យជាទីតាំងនៃដំណើរផ្លូវ មិនគប្បីកាន់យកនូវ សេចក្តីប្រាថ្នា ការចង់បានដោយតណ្ហា ឱ្យជាទីតាំងនៃ ដំណើរផ្លូវឡើយ ។ ការបានយល់ដឹងនៅក្នុងហេតុ-បច្ច័យ គឺបានដឹងថា អ្វីៗវាមិនប្រព្រឹត្តទៅតាមការចង់បានរបស់យើងទេ ប៉ុន្តែ បើយើងត្រូវការឱ្យវាប្រព្រឹត្តទៅយ៉ាងណា យើងត្រូវដឹង ហេតុ-បច្ច័យ ហើយប្រព្រឹត្តធ្វើនូវហេតុបច្ច័យនោះៗ ដើម្បី ឱ្យសម្រេចផលយ៉ាងនោះតាមដែលយើងត្រូវការ កុំរវល់ តែប្រាថ្នា ឱ្យអ្វីៗប្រព្រឹត្តទៅតាមចិត្តចង់បាន គឺវាប្រព្រឹត្ត ទៅមិនបានឡើយ ។ បុគ្គលដែលសម្លឹងមើលអ្វីៗទៅតាមហេតុ-បច្ច័យ រមែងមានសេចក្តីស្ងប់ចិត្តផង និងបានជាឥស្សរៈលើខ្លួន ឯងច្រើនឡើងផង បណ្តេញនូវតណ្ហាមិនឱ្យចេះតែជា ឥស្សរៈលើជីវិតរបស់ខ្លួនឡើយ ។ ជាទីបំផុតនៃជីវិតនេះ ទ្រព្យសម្បត្តិនិងញាតិមិត្ត បងប្អូនជួយអ្វីក៏មិនបានដែរ ដូចជាកំពុងឈឺធ្ងន់នៅលើគ្រែ សម្រាប់ស្លាប់ រហូតដល់ដៃជើងកម្រើកមិនបាន មាត់ និយាយមិនរួច ធ្វើអ្វីក៏មិនបាន អ្នកណាជួយក៏មិនបាន ដាក់ អាហារក៏មិនចូល បានត្រឹមតែបន្តក់ទឹកតែប៉ុណ្ណោះ ប៉ុន្តែអ្វី ដែលនៅមានហើយអាចធ្វើការបាន គឺចិត្តហ្នឹងឯង ពេល នោះ បើយើងធ្លាប់តែមាននូវសេចក្តីសុខ ដែលអាស្រ័យ នឹងអាមិស គឺអ្វីៗនៅខាងក្រៅចិត្តរបស់ខ្លួនប៉ុណ្ណោះ យើង រមែងមាននូវសេចក្តីទុក្ខ សេចក្តីក្តៅក្រហាយតែម៉្យាង ។ ផ្ទុយមកវិញ បុគ្គលដែលបានហ្វឹកហាត់ចិត្តរបស់ខ្លួនដោយ បញ្ញា ដឹងទាន់នូវសភាវៈពិត តាមដូចដែលបានពោលមក ហើយនោះ គេអាចធ្វើចិត្តឱ្យមាននូវសេចក្តីស្ងប់គឺ បស្សទ្ធិ ដែលជាហេតុជិតរបស់ សុខៈ និង សមាធិ កាលគេហាត់ ចិត្តទុកបានដោយល្អយ៉ាងនេះហើយ ទោះបីគេដេកឈឺ ម្នាក់ឯងនៅលើគ្រែសម្រាប់ស្លាប់ ដែលអ្វីៗ ឬអ្នកណាៗក៏ ជួយមិនបានដែរនោះ គេក៏នៅតែមានសេចក្តីសុខស្ងប់ក្នុង ចិត្តដដែល ។ នេះជាសេចក្តីសុខដែលជាឥស្សរៈ មានខ្លួនឯងជា ទីពឹងចំពោះខ្លួនពិតប្រាកដ ដូច្នេះសូមពុទ្ធសាសនិកជន សិក្សាឱ្យបានជ្រាបច្បាស់ថា ខ្លឹមសារពិតប្រាកដរបស់ជីវិត ដែលយើងត្រូវការនោះ គឺជាអ្វី ។ យើងខំសន្សំនូវទ្រព្យ សម្បត្តិផ្សេងៗមក ដើម្បីសេចក្តីសុខ ប៉ុន្តែសេចក្តីសុខក្នុង ពេលជាទីបំផុតនោះគឺនៅត្រង់ចិត្តរបស់យើង ដែលយើង បានហ្វឹកហាត់អប់រំជារឿយៗរាល់ថ្ងៃមក ។ យើងត្រូវអប់រំ សន្សំនូវ បស្សទ្ធិ គឺសេចក្តីស្ងប់ ឱ្យជាប្រក្រតីធម្មតាក្នុង ជីវិតប្រចាំថ្ងៃ មានជីវិតរស់នៅជាមួយនឹងបញ្ញា ដឹងទាន់សភាវៈពិតបានយ៉ាងសម្បូរ មានសតិសព្វកាល ពិចារណា ឃើញខន្ធលោក ដោយនូវសភាពសូន្យទទេចាកខ្លឹមទៀង ខ្លឹមសុខ និងខ្លឹមខ្លួន សម្រេចបាននូវ បស្សទ្ធិ សុខៈ និង សមាធិ ជាគោលធម៌ប្រចាំជីវិត និងជាសម្បត្តិដ៏មានតម្លៃ របស់យើង ហើយយើងមិនព្រមឱ្យអ្នកណាមកទម្លាយ ធ្វើ ឱ្យវិនាសបានឡើយ នេះឯងគឺជាខ្លមឹសារដ៏ពិតប្រាកដរបស់ ជីវិត ដែលយើងត្រូវការនោះ ។ ពេលដែលយើងបានជួបជាមួយនឹងអ្នកណា យើង ក៏បានទទួលនូវអារម្មណ៍ខាងក្រៅចូលមក ពេលខ្លះយើង ត្រូវអារម្មណ៍ដែលចូលមកនោះ បោកខ្ទប់ចិត្តរបស់យើង ដូចជា បានឮពាក្យរបស់អ្នកដទៃនិយាយស្តីបន្ទោសមកដល់ យើងជាដើម ដោយយើងខ្វះនូវស្មារតី និងខ្វះការតាំងចិត្ត រក្សានូវសម្បត្តិដ៏មានតម្លៃ ធ្វើឱ្យពាក្យសម្តីរបស់អ្នកដទៃ វាយទម្លាយនូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើងនោះ ឱ្យ វិនាសបាត់បង់ សេចក្តីរីករាយក្នុងកុសលក្តី សេចក្តីសុខ ស្ងប់ក្តី ចិត្តនឹងធឹងក្តី ក៏បានសាបសូន្យអស់អំពីក្នុងចិត្តរលីង ពុំមានសល់ឡើយ ។ អនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នា នៅក្នុង ជីវិតរបស់យើងម្នាក់ៗ មានច្រើនណាស់ បើយើងមិនមាន ប្រក្រតីចម្រើនសតិទេ យើងមិនអាចនឹងសន្សំនូវសេចក្តី សុខស្ងប់កប់ទុកក្នុងសន្តានចិត្តបានឡើយ ព្រោះហេតុ ដូច្នេះ ទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ឱ្យសន្សំនូវ សេចក្តីសុខ តាមរយៈនៃការទូន្មានចិត្ត ជាទីបំផុតទ្រង់ ត្រាស់ថា ការអស់ទៅនៃតណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ដកស្រង់ចេញពី សៀវភៅ " ខ្លឹមសារគួរយល់ដឹង " ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |