អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៨៩១ ដង)
ការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត

|
ការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត
តើការធ្លាក់ទឹកចិត្ត និង ធម្ងឺធ្លាក់ទឹកចិត្តគឺជាអ្វី? ការធ្លាក់ទឹកចិត្ត និងជម្ងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឲ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗជុំវិញខ្លួន។ បុព្វហេតុនៃការធ្លាក់ទឹកចិត្តនិងជម្ងឺធ្លាក់ទឹកចិត្ត មនុស្សយើងអាចកើតមានការធ្លាក់ទឹកចិត្ត នៅពេលដែលយើងប្រឈមមុខនឹងការបាត់បង់ផ្សេងៗដូចជាបាត់បង់មនុស្សជាទីស្រឡាញ់ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ បាត់បង់ការងារ ទ្រព្យសម្បត្តិ ឬទទួលបរាជ័យក្នុងជីវិត... ។ មូលហេតុផ្សេងទៀតនៃជម្ងឺធ្លាក់ទឹកចិត្ត អាចបណ្ដាលមកពីបុគ្គលនោះ ឆ្លងកាត់ព្រឹត្តិការណ៍គួរឲ្យអាម៉ាស់ណាមួយដូចជា ការមានផ្ទៃពោះខុសប្រពៃណី ការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬត្រូវគេបណ្ដេញចេញពីការងារ ។ល។ ចំពោះយុវជន គេអាចជួបប្រទះបញ្ហាមួយចំនួន ដែលអាចធ្វើឲ្យធ្លាក់ទឹកចិត្តក្នុងកម្រិតស្រាល ឬ អាចនឹងទទួលរងនូវជម្ងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរដូចជា ករណីធ្លាប់រៀនពូកែហើយបែរជាចាញ់គេក្នុងគ្រាណាមួយ ពេលដឹងថាប្រឡងធ្លាក់ ពុំមានលទ្ធភាពបន្តការសិក្សាវែងឆ្ងាយបាន អត់ការងារធ្វើ គូស្នេហ៍បែកចិត្ត ជ្រុលជ្រួសក្នុងរឿងស្នេហារហូតមានផ្ទៃពោះ ពុំទទួលការស្រឡាញ់ពីអ្នកដែលខ្លួនស្រឡាញ់ ទទួលសេចក្ដីស្រឡាញ់ពុំស្មើគ្នាអំពីអាណាព្យាបាល ឪពុកម្ដាយបដិសេធរៀបការនឹងគូស្នេហ៍ដែលខ្លួនស្រឡាញ់ទទួលរងការចាប់រំលោភបំពានផ្នែកផ្លូវភេទ មានជម្ងឺរ៉ាំរ៉ៃពុំអាចព្យាបាលបានជាដើម។ តាមធម្មតា ប្រតិកម្មនៃការធ្លាក់ទឹកចិត្តអាចកើតមានក្នុងមួយរយៈពេល ប៉ុន្តែដោយសារការតាំងចិត្ត និងពេលវេលា បុគ្គលនឹងមានអារម្មណ៍ល្អជាប្រក្រតីឡើងវិញ។ មនុស្សខ្លះអាចកើតមានការធ្លាក់ទឹកចិត្តរយៈពេលយូរ ( ច្រើនជាង២សប្ដាហ៍ ) ដែលជាហេតុនាំឲ្យកើតមានជម្ងឺធ្លាក់ទឹកចិត្ត។ ការស្រាវជ្រាវបង្ហាញឲ្យដឹងថា ការធ្លាក់ទឹកចិត្ត និងជម្ងឺធ្លាក់ទឹកចិត្ត កើតមានចំពោះស្ដ្រីច្រើនជាងបុរស ដោយហេតុថា ស្ត្រីត្រូវប្រឈមមុខនឹងការគ្រប់គ្រងកូនចៅ ផ្ទះសម្បែង និងជីវភាពរស់នៅប្រចាំថ្ងៃហើយមិនមានឱកាសបញ្ចេញការតានតឹងចិត្តរបស់ខ្លួនបានល្អប្រសើរក្នុងមជ្ឈដ្ឋានដែលខ្លួនរស់នៅ។ អាការៈនៃការធ្លាក់ទឹកចិត្ត និង ជម្ងឺធ្លាក់ទឹកចិត្ត យើងអាចសម្គាល់ឃើញថា អ្នកដែលធ្លាក់ទឹកចិត្ត ឬអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត តាមរយៈអាការៈមួយចំនួនដូចខាងក្រោមនេះ៖ -មានអារម្មណ៍ស្រុតចុះជាមួយនឹងភាពក្រៀមក្រំ សោកសៅ និងបង្ហាញភាពអស់សង្ឃឹមដោយគិតថាជីវិតគ្មានន័យ។ -ពុំចាប់អារម្មណ៍ ឬពុំសប្បាយចិត្តរីករាយនឹងអ្វីៗដែលខ្លួនធ្លាប់ចូលចិត្ត ( គ្មានភាពរីករាយក្នុងជីវិត ) ។ -ចូលចិត្តនៅឯកោ ជួនកាលពុំសូវចាប់អារម្មណ៍ក្នុងការថែទាំខ្លួនប្រាណ។ -ទទួលទានដំណេកពុំសូវលក់ គ្មានកំឡាំងកំហែង បរិភោគអាហារពុំបាន។ -អសកម្មក្នុងការសិក្សា ឬការងារផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ * ករណីធ្ងន់ធ្ងរបំផុត ចំពោះអ្នកជម្ងឺធ្លាក់ទឹកចិត្ត គឺគេច្រើនមានអារម្មណ៍ទុទិដ្ឋិនិយម អស់សង្ឃឹមក្នុងជីវិត ហើយប៉ុនប៉ងធ្វើអត្តឃាត។ មធ្យោបាយដោះស្រាយចំពោះអ្នកធ្លាក់ទឹកចិត្ត អ្នកធ្លាក់ទឹកចិត្ត ជាទូទៅតែងតែមានគំនិតទុទិដ្ឋិនិយម មើលទៅជុំវិញខ្លួនក្នុងទស្សនៈអវិជ្ជមានមើលស្រាលខ្លួនឯងថា ជាអ្នកដែលគ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងអស់សង្ឃឹមចំពោះអនាគត។ ចំពោះអ្នកធ្លាក់ទឹកចិត្តកម្រិតស្រាល គេអាចមានលទ្ធភាពជួយខ្លួនឯងបាន ដោយខិតខំសាងកម្លាំងចិត្តឲ្យរឹងមាំប្រកបដោយទស្សនៈវិជ្ជមាន និងគំនិតសុទិដ្ឋិនិយមក្នុងអនាគត រួមនឹងអនុវត្តវិធីផ្សេងៗទៀតដែលរៀបរាប់ក្នុងសៀវភៅនេះ។ ចំពោះអ្នកធ្លាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ ដែលអាចឈានទៅដល់មានជម្ងឺធ្លាក់ទឹកចិត្ត ភាគច្រើនជាមនុស្សដែលមានកម្លាំងចិត្តទន់ខ្សោយក្នុងការបប្រឈមមុខដោះស្រាយបញ្ហា។ ដូចនេះ គេត្រូវការឲ្យអ្នកផងទាំងឡាយនៅជុំវិញខ្លួនគេយល់ពីអារម្មណ៍ និងបញ្ហាដែលគេកំពុងតែមាន។ អ្នកធ្លាក់ទឹកចិត្ត និងអ្នកជម្ងឺធ្លាក់ទឹកចិត្ត ត្រូវការយ៉ាងខ្លាំងបំផុតនូវការគាំទ្រផ្នែកផ្លូវចិត្ត និងការលើកទឹកចិត្ត ឬផ្ដល់កម្លាំងចិត្តអំពីគ្រួសារ និងមិត្តភក្តិនៅជុំវិញខ្លួនគេ។ ខាងក្រោមនេះជាមធ្យោបាយមួយចំនួនសម្រាប់ជួយគាំទ្រដល់អ្នកធ្លាក់ទឹកចិត្ត ឬអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត៖ ការផ្ដល់ប្រឹក្សាៈ អ្នកធ្លាក់ទឹកចិត្ត ត្រូវការការពិគ្រោះផ្ដល់យោបល់ លើបញ្ហាដែលគេកំពុងតែមាន។ សមាជិតគ្រួសារ ឪពុកម្ដាយ បងប្អូន ឬមិត្តភក្តិ គប្បីជួយផ្ដល់ការគាំទ្រចិត្តដោយផ្ដល់គំនិតយោបល់ល្អៗដល់អ្នកជម្ងឺ។ ក្រៅពីការផ្ដល់ប្រឹក្សាពីសំណាក់គ្រួសារ រួមនឹងមិត្តភក្តិ អ្នកឯកទេសជំនាញខាងផ្ដល់ប្រឹក្សាក៏អាចជួយលើកទឹកចិត្តអ្នកជំងឺឲ្យប្រសើរឡើងវិញ ព្រមទាំងជួយធ្វើឲ្យគេផ្លាស់ប្ដូរគំនិតនិងអាកប្បកិរិយាអវិជ្ជមាន ហើយគិតចាប់ធ្វើអ្វីៗដែលល្អសារជាថ្មី និងជាសេចក្ដីសង្ឃឹមសម្រាប់ជីវិតរបស់គេទៅថ្ងៃមុខ។ -ការព្យាបាលៈ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលអាចព្យាបាលបាន។ ចំពោះករណីធ្លាក់ទឹកចិត្តធ្ងន់ធ្ងរគឺត្រូវនាំអ្នកជម្ងឺទៅពិគ្រោះ និងទទួលការពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យ។ ក្រៅពីការផ្ដល់ប្រឹក្សា គ្រូពេទ្យអ្នកព្យាបាលអ្នកជម្ងឺដោយឱសថកែរោគធ្លាក់ទឹកចិត្ត។ -គាំទ្រពីសហគមន៍ និងគ្រួសារៈ ឪពុកម្ដាយ បងប្អូន មិត្តភក្ដិ និងអ្នកស្រុកភូមិ គប្បីយកចិត្តទុកដាក់ដល់អ្នកជម្ងឺទឹកចិត្ត ដោយផ្ដល់ការគាំទ្រដល់ពួកគេឲ្យបានសមស្រប និងទាន់ពេលវេលាជៀសវាងការស្ដីបន្ទោស ឬដាក់ទណ្ឌកម្មបន្ថែមដល់អ្នកមានបញ្ហា ដោយយើងគិតថាគេបានប្រព្រឹត្តកំហុស ឬការខុសឆ្គងអ្វីមួយ ដែលជាភាពអាម៉ាស់សម្រាប់គ្រួសារនិងសហគមន៍ ឬជាការអាម៉ាស់សម្រាប់ខ្លួនគេផ្ទាល់។ ក្រុមគ្រួសារគប្បីព្យាបាលនឹងឃ្លាំមើលអ្នកជំងឺជាប្រចាំ ព្រោះអ្នកជម្ងឺអាចគិតខុស ហើយអាចធ្វើទុក្ខទោសចំពោះខ្លួនឯងបាន ( ធ្វើអត្តឃាត ) ក្នុងរយៈពេលមួយដ៏ខ្លី។ ត្រូវយកវត្ថុ ឬរបស់ដែលអាចបង្កគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីអ្នកជំងឺដូចជាខ្សែ កាំបិត កន្ត្រៃ ឬកាំភ្លើងជាដើម ដើម្បីបង្ការកុំឲ្យគេសម្លាប់ខ្លួន។ គប្បីស្ដាប់ដោយយកចិត្តទុកដាក់នូវរឿងរ៉ាវរបស់អ្នកមានបញ្ហាផ្លូវចិត្តដោយឲ្យគេនិយាយបានហូរហែអំពីមូលហេតុដែលនាំឲ្យគេធ្លាក់ទឹកចិត្ត។ លើកទឹកចិត្តឲ្យអ្នកជម្ងឺបញ្ចេញអារម្មណ៍សោកសៅរបស់គេដូចជា បើនៅពេលគេយំ ត្រូវទុកឲ្យគេយំអោយអស់ចិត្ត។ ត្រូវពោលពាក្យលួងលោម និងលើកទឹកចិត្ត ធ្វើឲ្យអ្នកជម្ងឺមានការគោរពជឿជាក់ចំពោះខ្លួនឯង ដោយយល់ថា ខ្លួនជាមនុស្សមានតម្លៃ។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |