អានអត្ថបទ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២ (អាន: ២៣,៨១៣ ដង)
ជីវិតនិងឧបសគ្គ

|
ជីវិតនិងឧបសគ្គ
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
មនុស្សយើង សុទ្ធតែមានការពិសោធន៍ផ្សេងៗអំពីគ្នា តែដោយច្រើន អ្នកដែលអាចឆ្លងកាត់នូវព្យុះជីវិតបានដោយជោគជ័យ គឺអ្នកដែលមានការយល់ដឹងច្រើន រួមផ្សំជាមួយនឹងសេចក្ដីអត់ធន់ព្យាយាមផង។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងនូវឥទ្ធិបាទធម៌គឺធម៌ដែលជាហេតុញ៉ាំងប្រយោជន៍ឲ្យសម្រេចមាន ៤ យ៉ាងគឺ ១- ឆន្ទះ សេចក្ដីបំណងក្នុងកិច្ចការងារនោះ ចង់ឲ្យការងារនោះបានសម្រេចតាមប្រាថ្នា។ ការប្រាថ្នាដើម្បីនឹងធ្វើនូវកិច្ចការណាមួយ មិនមែនទាល់តែមានលោភៈ ឬតណ្ហាទើបធ្វើបាននោះទេ ដូចបំណងក្នុងការធ្វើទាន បំណងក្នុងការរក្សាសីល បំណងក្នុងការប្រកបមុខរបរដែលប្រាសចាកទោស បំណងប្រកបកិច្ចការឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃជាដើម សុទ្ធតែជាបំណងល្អដែលគួរបណ្ដុះតទៅទៀត។ ការងារគ្រប់យ៉ាង មិនចាំបាច់ដល់ទៅការងារធ្ងន់ឬលំបាកធ្វើទេ សូម្បីការងារស្រាលៗ បើខ្វះឆន្ទះហើយគឺមិនអាចធ្វើកើតឡើយ។ ២- វិរិយៈ សេចក្ដីព្យាយាម ក្នុងការបំពេញកិច្ចការនោះៗ ឲ្យបានសម្រេច។ ការងារគ្រប់បែបយ៉ាង បើមិនមានសេចក្ដីព្យាយាមទេ សូម្បីបានមកដល់ដៃហើយក៏ដោយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតក៏នឹងដើរថយក្រោយ គ្មានជំហានឈានទៅរកសេចក្ដីចម្រើនរុងរឿង មិនអាចដកខ្លួនចាករណ្ដៅទុក្ខបានឡើយ។
វីរិយៈគឺសេចក្ដីព្យាយាមនេះ អាចកម្ចាត់បង់បាននូវកោសជ្ជៈគឺសេចក្ដីខ្ចិលច្រអូស ៦ យ៉ាងគឺ ក- ខ្ជិលច្រអូសព្រោះគិតអាងថា ក្ដៅពេក ខ- ខ្ជិលច្រអូសព្រោះគិតអាងថា ត្រជាក់ពេក គ- ខ្ជិលច្រអូសព្រោះគិតអាងថា ព្រឹកពេក ឃ- ខ្ជិលច្រអូសព្រោះគិតអាងថា ល្ងាចពេក ង- ខ្ជិលច្រអូសព្រោះគិតអាងថា ឃ្លានពេក ច- ខ្ជិលច្រអូសព្រោះគិតអាងថា ឆ្អែតពេក មនុស្សកម្ជិល តែងអាងលេស ៦ យ៉ាងនេះឯង ម្ល៉ោះហើយ ការងាររបស់គេ មិនដែលសម្រេចបានដោយល្អទេ គឺតែងខ្វះមុខខ្វះក្រោយជានិច្ច បើជាអ្នកធ្វើការងារក្នុងក្រសួងឬមន្ទីរនានា តែងត្រូវចៅហ្វាយនាយស្ដីបន្ទោសជារឿយៗ ព្រោះហេតុតែគេទៅធ្វើការមិនទាន់ពេលវវេលា រហូតអាចគេបញ្ឈប់ពីការងារក៏សឹងមាន។ សេចក្ដីព្យាយាម មិនមែនអាចឆ្លងកាត់បានត្រឹមតែការងារចិញ្ចឹមជីវិតប៉ុណ្ណោះទេ សូម្បីបដិបទាជាដំណើរចេញចាកអំពីសង្សារទុក្ខនេះ ក៏រមែងសម្រេចបានដោយសេចក្ដីព្យាយាមដែរ ព្រោះហេតុដូច្នោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ទុកក្នុងអាឡវកសូត្រថា " វីរិយេន ទុក្ខមច្ចេតិ សត្វឆ្លងនូវអន្លង់ទុក្ខបាន ដោយសេចក្ដីព្យាយាម "។ ៣- ចិត្តៈ ការយកចិត្តទុកដាក់ក្នុងការងារនោះៗ ។ ការងារមួយចំនួន សូម្បីស្ទាត់ជំនាញហើយក៏ដោយ បើខ្វះការផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថាន ការងារនោះក៏ទៅជារយីករយាក យកជាការមិនបាន ដោយហោចទៅសូម្បីការស្ដាប់ព្រះធម៌ បើមិនមានសមាធិ មិនមានការតាំងចិត្តស្ដាប់ដោយល្អ ប្រាកដជាដូចចាក់ទឹកលើក្បាលទាមិនខាន។ ៤- វីមំសា គឺបញ្ញាដែលពិចារណាឃើញក្នុងការងារនោះៗ ថា ធ្វើយ៉ាងណាការងារនោះអន់ថយ ធ្វើយ៉ាងណាការងារនោះបានរីកចម្រើន។ ការងារគ្រប់បែបយ៉ាង មិនមែនសម្រេចបានដោយគ្រាន់តែមានកម្លាំងបាយទេ ដូចបូរាណពោលថា " ចេះដប់ពុំស្មើរនឹងអ្នកប្រសប់មួយ " ។ ធម៌ទាំង ៤ ប្រការនេះ ក្នុងមាតិកានីមួយៗ សុទ្ធតែដាស់តឿនសត្វលោកគ្រប់គ្នា ឲ្យមានការទុកចិត្តលើខ្លួនឯង ហើយឲ្យផ្ដើមសាងគុណធម៌ ដោយមិនឲ្យកោតញញើតចំពោះឧបសគ្គនានាក្នុងជីវិតឡើយ។ ដើម្បីបេះនូវផ្កាឈូកដែលដុះក្នុងស្រះ យើងមិនខាងពីការប្រឡាក់ភក់ឡើយ តែពេលដែលយើងបេះបានផ្កាឈូកហើយ យើងនឹងឡើងផុតពីស្រះលាងជម្រះកាយឲ្យស្អាតរួចប្រើប្រាស់ផ្កាឈូកនោះទៅតាមចំណង់ យ៉ាងណាមិញគោលដៅនៃជីវិតគឺសេចក្ដីសុខ ដែលយើងកំពុងតែឈានទៅរកនោះក៏ដូច្នោះដែរ យើងត្រូវតែអត់ធ្មត់ចំពោះភក់ជ្រាំគឺឧបសគ្គផ្សេងៗ ដូចជាពាក្យសម្ដីចាក់ដោយបញ្ឈឺចិត្តរបស់ពួកមនុស្សមាត់ដាចជាដើម។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |