អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥៦១ ដង)
សោណទណ្ឌសូត្រ

|
សោណទណ្ឌសូត្រ
ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រះសុគតសាស្ដា ទ្រង់គង់នៅមាត់ស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្ប៉ា ក្នុងនគរដែលសម្បូណ៌ទៅដោយដើមចម្ប៉ា មានផ្កាឈើ ៥ ពណ៌។ សោណទណ្ឌព្រាហ្មណ៍ ជាព្រាហ្មណ៍ល្បីល្បាញដោយមន្តដោយសិស្សនិងដោយទ្រព្យជាដើម មានសភាពដូចជាបោក្ខរសាតិព្រាហ្មណ៍ដែរ គ្រាន់តែសោណទណ្ឌព្រាហ្មណ៍អាស្រ័យនៅក្រុងចម្ប៉ា ជាព្រះរាជទ្រព្យដែលព្រះបាទពិម្ពិសារទ្រង់ប្រទានជារាជរង្វាន់ដ៏ប្រសើរ ឯចំណែកបោក្ខរសាតិព្រាហ្មណ៍ ទទួលរាជរង្វាន់ដ៏ប្រសើរអំពីព្រះបាទបសេនទិកោសល ម្យ៉ាងទៀតសោណទណ្ឌព្រាហ្មណ៍នេះ ចូលក្នុងសំណាញ់ព្រះញាណនៃព្រះពុទ្ធអង្គ មានឧបនិស្ស័យត្រឹមដល់ព្រះត្រៃសរណគមន៍និងថ្វាយទានជាដើមប៉ុណ្ណោះ មិនបានសម្រេចដល់សោតាបត្តិផលដូចបោក្ខរសាតិព្រាហ្មណ៍ឡើយ។ កាលដែលសោណទណ្ឌព្រាហ្មណ៍ មានបំណងមកគាល់ព្រះដ៏មានព្រះភាគ សិស្សទាំងឡាយរាប់រយនាក់របស់គាត់ បានពោលឃាត់ថា " លោកអាចារ្យមិនត្រូវទៅរកព្រះគោតមទេ ត្រូវតែព្រះគោតមមករកលោកអាចារ្យវិញទើបគួរ " ពួកសិស្សទាំងនោះ បានពោលសរសើរសោណទណ្ឌព្រាហ្មណ៍ដោយអាការ ១២ យ៉ាង មានឧភតោសុជាតជាដើម។ សោណទណ្ឌព្រាហ្មណ៍ បានទម្លាយវាទៈរបស់កូនសិស្សទាំងនោះ ដោយការពោលសរសើរព្រះពុទ្ធអង្គ ២៩ ប្រការ គឺ ១- ឧភតោសុជាត ទ្រង់មានជាតិដ៏ល្អទាំងពីរចំណែក ២- ទ្រង់លះបង់ពពួកញាតិ ១ សែន ៦ ម៉ឺនអង្គ មកបួស ៣- ទ្រង់លះបង់កំណប់ទ្រព្យទាំង ៤ ជាដើម មកបួស ៤- ទ្រង់តាំងក្នុងបឋមវ័យ លះបង់រាជសម្បត្តិមកបួស ៥- ទ្រង់ត្រូវគេហួងហែងមិនឲ្យបួស នៅតែយាងមកបួស ៦- ទ្រង់មានរូបសម្បត្តិ និងព្រះឆវីដ៏ល្អក្រៃលែង ៧- ទ្រង់មាននូវកុសលសីល ជាសីលដ៏ប្រសើរ ៨- ទ្រង់មានព្រះវាចាសុភាព និងមានពាក្យពីរោះ ៩- ទ្រង់ជាអាចារ្យធំ ជាងអាចារ្យនៃជនជាច្រើន ១០- ទ្រង់អស់កាមរាគៈហើយ មិនមានស្រើបស្រាល ១១- ទ្រង់ជាកម្មវាទី ធ្វើនូវលោកុត្តរធម៌ឲ្យជាប្រធាន ១២- ទ្រង់ចេញចាកត្រកូលក្សត្រិយ៍មកទ្រង់ព្រះផ្នួស ១៣- ទ្រង់ចេញចាកត្រកូលដ៏ស្ដុកស្ដម្ភមកទ្រង់ព្រះផ្នួស ១៤- ទ្រង់មានពួកមនុស្សក្នុងដែនដទៃមកសួរប្រស្នា ១៥- ទ្រង់មានពួកទេវតាយកជាសរណៈស្មើដោយជីវិត ១៦- ទ្រង់មានពុទ្ធគុណទាំង ១០ ល្បីសុសសាយ ១៧- ទ្រង់ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ ១៨- ទ្រង់មានព្រះវាចារាក់ទាក់ ព្រះភក្ត្រស្វាគមន៍ ១៩- ទ្រង់មានបរិស័ទបួនពួក ធ្វើសក្ការៈ គោរពបូជា ២០- ទ្រង់មានមនុស្សនិងទេវតាដ៏ច្រើនជ្រះថ្លា ២១- ទ្រង់គង់នៅទីណា ពួកមនុស្សមិនបៀតបៀនគ្នា ២២- ទ្រង់ប្រសើរជាងពួកតិរ្ថិយដោយវិជ្ជានិងចរណៈ ២៣- ទ្រង់ជាសរណៈស្មើដោយជីវិតនៃព្រះបាទពិម្ពិសារ ២៤- ទ្រង់ជាសរណៈស្មើដោយជីវិតនៃព្រះបាទបសេនទិ ២៥- ទ្រង់ជាសរណៈស្មើដោយជីវិតនៃបោក្ខរសាតិ ២៦- ទ្រង់ត្រូវបានព្រះបាទពិម្ពិសារ ធ្វើសក្ការបូជា ២៧- ទ្រង់ត្រូវបានព្រះបាទបសេនទិ ធ្វើសក្ការបូជា ២៨- ទ្រង់ត្រូវបានបោក្ខរសាតិព្រាហ្មណ៍ធ្វើសក្ការបូជា ២៩- ទ្រង់ជាភ្ញៀវដែលពួកយើងត្រូវធ្វើសក្ការបូជា។ ព្រះហេតុនោះ ព្រះសមណគោតមដ៏ចម្រើននោះ មិនគួរចូលមកជួបនឹងយើងទេ តាមដែលពិតនោះ យើងទេតើ ដែលគួរចូលទៅគាល់ព្រះសមណគោតមដ៏ចម្រើននោះវិញ។ យើងរៀបរាប់គុណរបស់ព្រះគោតមដ៏ចម្រើនបានតែប៉ុណ្ណេះ ឯព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណត្រឹមតែប៉ុណ្ណេះទេ ព្រោះថាព្រះគោតមដ៏ចម្រើននោះ មានគុណប្រមាណពុំបាន។ អ្នកទាំងឡាយ យកយើងទៅប្រៀបធៀបជាមួយនឹងព្រះសមណគោតមដ៏ចម្រើននោះ ដូចជាយកគ្រាប់ស្ពៃទៅប្រៀបធៀបជាមួយនឹងភ្នំសុនេរុ ឬយកស្នាមជើងគោទៅប្រៀបធៀបជាមួយនឹងមហាសមុទ្រ ពុំនោះសោត ដូចយកតំណក់ទឹកសន្សើមទៅប្រៀបធៀបជាមួយនឹងទឹកក្នុងស្រះធំទាំង ៧ ស្រះ ដូច្នោះឯង។ កាលដែលសោណទណ្ឌព្រាហ្មណ៍ ពោលយ៉ាងនេះហើយពួកព្រាហ្មណ៍ជាសិស្សទាំងនោះ បាននិយាយថា អម្បាលយ៉ាងសោណទណ្ឌដ៏ចម្រើន ម្ដេចគង់ពោលសរសើរគុណព្រះសមណគោតមទៅហើយ ព្រោះហេតុនោះ បើទុកជាព្រះសមណគោតមដ៏ចម្រើននោះ គង់នៅទីឆ្ងាយមួយរយយោជន៍អំពីទីនេះក្ដី កុសបុត្រដែលមានសទ្ធា គួរណាស់តែរកស្បៀងយកទៅ ដើម្បីនឹងចូលគាត់ព្រះអង្គឲ្យខាងតែបាន។ ក្រោយពីបទសន្ទនា រវាងព្រះដ៏មានព្រះភាគនិងសោណទណ្ឌព្រាហ្មណ៍មក បញ្ហានៅត្រង់សីលជម្រះបញ្ញា ឯបញ្ញាជម្រះសីល។ សោណទណ្ឌព្រាហ្មណ៍ គាត់ដឹងត្រឹមតែសីល ៥ ប៉ុណ្ណោះ ហើយបញ្ញាត្តការចេះដឹងក្នុងត្រៃវេទថាជាបញ្ញា ព្រោះហេតុដូច្នោះទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងសីលនិងបញ្ញាដូចក្នុងសាមញ្ញផលសូត្រ។ ព្រះអដ្ឋកថា ពន្យល់អំពីសីលជម្រះបញ្ញានៅត្រង់ថា សីលល្អរបស់ភិក្ខុបុថុជ្ជនបួសពី ៦០ ទៅ ៨០ វស្សា ដល់ពេលជិតនឹងធ្វើកាយកិរិយា បានប្រហារកិលេសសម្រេចព្រះអរហន្ត នេះឈ្មោះថា ជម្រះបញ្ញាដោយសីល ដូចព្រះមហាសដ្ឋិវស្សត្ថេរជាដើម។ ឯចំណែកបុគ្គលជម្រះសីលដោយបញ្ញាដូចសន្តតិមហាមាត្រជាដើម គឺមិនបានសង្រួមក្នុងសីលឡើយ តែព្រោះហេតុដែលខ្លួនជាបុគ្គលត្រាស់ដឹងបានដោយឆាប់ ក្នុងគាថាបួនបាទ ក៏បានជម្រះសីលដោយបញ្ញា សម្រេចព្រះអរហត្តព្រមដោយបដិសម្ភិទា។ ព្រះធម៌ទេសនារបស់ព្រះដ៏មានព្រះភាគ ជាប្រយោជន៍ដល់សោណទណ្ឌព្រាហ្មណ៍បានឧបនិស្ស័យ សម្រេចដល់ព្រះនិព្វានក្នុងកាលតទៅ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១ រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |