ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង

|
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង ប្រគល់អ្វីៗឲ្យហេតុបច្ច័យ ហើយលើកយកបរមត្ថធម៌មកពិចារណាដើម្បីឲ្យចិត្តព្រមតាមសភាវៈ?
គឺនៅពេលដែលយើងអស់លទ្ធភាពធ្វើហើយ អស់ពាក្យដែលត្រូវតវ៉ាហើយ សេរីភាពចុងក្រោយរបស់យើងគឺឋិតនៅលើការគិត គិតយ៉ាងណាឲ្យចិត្តស្ងប់កុំរំជួលញាប់ញ័រនាំបំផ្លាញខ្លួនឯងទេ ។ ការគិតព្រមតាមកម្មតាមហេតុបច្ច័យ មិនមែនចេះតែព្រមងាយៗនោះទេ កុំស្អីបន្តិចទុកឲ្យហេតុបច្ច័យៗហើយតាំងថាព្រះពុទ្ធលោកប្រដៅអញ្ចឹង ! មិនមើលព្រះជនកដែលលោកខំហែលឆ្លងសមុទ្ទមិនស្រែកហៅទេវតាឲ្យជួយផង ឬក៏លោកព្រមតាមហេតុបច្ច័យលេងៗ ព្រមឲ្យកម្មចាត់ចែងលោក ហើយបោះបង់ការតស៌ូចោលជាមុននោះ ? ព្រះពុទ្ធលោកប្រដៅឲ្យតស៊ូមុន តស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី កុំរវល់តែសំពះភ្លេចកម្លាំងខ្លួនឯងឲ្យសោះ ។ គតិបណ្ឌិតគឺជាភ្លើងប្រទីប កាលណាយើងចេះប្រើវាបានល្អវានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ! ។ អ្វីៗក្នុងលោកកើតឡើងព្រោះការព្យាយាម ! មនុស្សម្នាក់បានយកពាក្យនេះមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយកម្លាំងចិត្ត ឆ្កួតវង្វេងឈឺស្លាប់បាត់អសារឥតការក៏មាន នៅក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិសម្ពោជ្ឈង្គៈយ៉ាងក្បោះក្បាយ បើងុយត្រូវដេក បើឃ្លានត្រូវសីុ ដេកអស់ងងុយត្រូវក្រោកធ្វើបន្តទៀត រាងកាយមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើងចប់ហើយ ! បើអ្នករវល់រហូតដល់គ្មានពេលហូប នោះគឺជាពេលដែលអ្នកត្រូវសម្រាកហើយ ។ ពេលអ្នកត្រូវទទួលផលវិបាកពីអ្វីមួយ ព្រះពុទ្ធលោកហៅថាជាកម្មវិបាកឬវិបាករបស់កម្ម ឬផលកម្មហុចឲ្យ ពេលនោះអ្នកត្រូវពិចារណាពីហេតុរបស់វាដែលមានពីរយ៉ាង គឺ កម្មចាស់(ក្នុងអតីតជាតិឬអតីតអទ្ធា)និងកម្មថ្មី(ក្នុងបច្ចុប្បន្នជាតិឬបច្ចុប្បន្នអទ្ធា)។
|