អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៨,២៨៨ ដង)
ជុំរុំជីវិតប្រព្រឹត្តតាមធម៌

|
ជុំរុំជីវិតប្រព្រឹត្តតាមធម៌
ជីវិតក្នុងការរស់នៅប្រចាំថ្ងៃ រមែងមានការជួបប្រទះរឿងរ៉ាវជាច្រើនមិនអាចពណ៌នាបាន ជួនកាលបានជួបប្រទះសុខ ឬក៏ទុក្ខជាធម្មតាមនុស្សយើងមិនអាចគេចផុតបានឡើយ ហើយយើងមិនអាចដឹងអំពីដំណើរនៃជីវិតដែលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗ។ ក្នុងឆាកជីវិតរបស់មនុស្សយើង មិនអាចនឹងមើលឃើញបានទេ ថាវាទៅជាយ៉ាងណានោះ តែប្រសិនបើបានដឹងវិញគ្រាន់តែបានដឹងត្រឹមថាមនុស្សណាដែលខំប្រឹងធ្វើការ ឬខំប្រឹងរៀនសូត្រព្យាយាមធ្វើអ្វីៗ គ្រប់បែបយ៉ាងទាំងអស់ នឹងដើម្បីប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ ប្រសិនវិទ្យាសាស្ត្រគេព្យាករណ៍នូវហេតុការណ៍វិញ បានត្រឹមតែមានការរញ្ជួយដី ទឹកជំនន់ មានផ្ទុះភ្នំភ្លើង ឬក៏ខ្យល់ព្យុះជាដើមទាំងអស់នេះអាចព្យាករណ៍បានត្រឹមខាងក្រៅ តែមិនអាចហ៊ានធានាថាត្រូវទាំងអស់បានឡើយ មានពាក្យនិយាយខ្លះទៀតថាឲ្យតែបានរៀនខ្ពស់ វារមែងរស់នៅបានដោយប្រសើរមិនមានភ័យក្នុងខ្លួន...។ តើទាំងអស់នេះ អ្នកនិយាយអាចហ៊ានធានាបានទេថា វាមិនកើតទុក្ខដូចដែលយើងបាននិយាយខាងលើ? ធម្មតាការកើតឡើងរបស់ក្នុងលោករមែងមានការតាំងនៅ និងវិនាសទៅវិញជាធម្មតា បើបានដឹងដូច្នេះហើយមិនមានបុគ្គលណា ដែលជាសត្រូវនឹងខ្លួនឯងនោះឡើយ រឿងដែលថាគេជាសត្រូវរបស់ខ្លួននោះ គឺគ្រាន់តែយើងគិតដោយខ្លួនឯងនោះទេ តាមសច្ចធម៌មិនមានដូច្នោះទេ សមដូចរឿងព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងគង់នៅក្នុងព្រៃស្វាយ របស់ពេទ្យជីវក ទ្រង់ប្រារព្ធបញ្ហាដែលពេទ្យជីវកទូលសួរទើបព្រះដ៏មានបុណ្យត្រាស់សម្ដែងទេសនានេះថា (គតទ្ធិនោ)ក្នុង ខន្ធកៈយ៉ាងពិស្ដារ សម័យនោះឯងទេវទត្តរួមគំនិតជាមួយនឹងព្រះរាជា ព្រះនាម អជាសត្រូវ ជាអ្នកមានចិត្តត្រូវទោសប្រទូស្ដហើយឡើងកាន់ភ្នំ គិជ្ឈកូដ ដោយគិតថាយើងនឹងផ្ដាច់ព្រះជន្មព្រះសាស្ដា ទើបរមៀលដុំថ្ម ទម្លាក់ចុះ។ កំពូលភ្នំទាំងពីរ ទទួលដុំថ្មនោះមិនឲ្យធ្លាក់ចុះមក ចំណែកថ្មដែលបែកចេញអំពីដុំថ្មនោះ ខ្ទាតទៅប៉ះព្រះបាទរបស់ព្រះមានព្រះភាគ ញ៉ាំងព្រះលោហិតឲ្យពុះពងឡើង វេទនាដ៏ខ្លាំងក្លា ក៏បានកើតឡើងដល់តថាគតទើបពេទ្យជីវកធ្វើការព្យាបាលដំបៅថ្វាយព្រះសម្ពុទ្ធ ភិក្ខុទាំងឡាយនាំព្រះសាស្ដាទៅកាន់សួនមទ្ទកុច្ឆិ ព្រះសាស្ដាមានបំណង នឹងស្ដេចចេញចាកសួនមទ្ទកុច្ឆិនោះទៅកាន់ជីវកម្ពវ័នរបស់ពេទ្យជីវរក ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូលនាំតថាគតទៅកាន់ជីវកម្ពវ័នរបស់ពេទ្យជីវក។ ពួកភិក្ខុ ក៏បាននាំព្រះមានព្រះភាគ ទៅកាន់ជីវកកម្ពវ័ន របស់ពេទ្យជីវក ពេទ្យជីវកដឹងរឿងនោះហើយ ក៏ទៅកាន់សំណាក់ព្រះសាស្ដារថ្វាយភេសជ្ជៈដ៏ខ្លាំង (ថ្នាំខ្លាំង) ដើម្បីប្រយោជន៍ដល់ការព្យាបាលដំបៅ រុំដំបៅស្រេចហើយបានក្រាបទូលពាក្យនឹងព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គត្រូវផ្សំថ្នាំឲ្យដល់មនុស្សម្នាក់ខាងក្នុងនគរ ខ្ញុំព្រះអង្គនឹងទៅកាន់សំណាក់របស់មនុស្សនោះហើយនឹង (ត្រឡប់) មកគាល់ព្រះអង្គវិញ ការរុំដំបៅនេះ ចូលតាំងនៅតាមនិយាយ ដែលខ្ញុំព្រះអង្គធ្លាប់រុំទុកចុះ ទម្រាំខ្ញុំ ព្រះអង្គនឹងត្រឡប់មកវិញ។ ពេទ្យជីវកទៅធ្វើកិច្ច ដែលគួរធ្វើដល់បុរសនោះហើយត្រឡប់មកវិញ មិនមានឱកាសបានចូលទៅគាល់ព្រះអង្គ ព្រោះមកក្នុងវេលាគេបិទទ្វារនគរ។ គ្រានោះ សេចក្ដីត្រិះរិះយ៉ាងនេះ បានកើតឡើងដល់ពេទ្យជីវកនោះថា ឱ!ស្លាប់ហើយអញៗបានធ្វើកម្មដ៏ធ្ងន់ហើយ អាត្មាអញបានប្រគេនថ្នាំដ៏ខ្លាំងរុំដំបៅព្ធដ៏ព្រះបាទរបស់ព្រះតថាគត ដូចជាបុរសសាមញ្ញ វេលានេះ ជាវេលាស្រាយនូវដំបៅនោះ កាលដំបៅនោះដែលអញមិនទាន់ស្រាយ សេចក្ដីក្ដៅក្រហាយក្នុងព្រះសរីរៈរបស់ព្រះមានព្រះភាគ នឹងកើតរហូតមួយ យប់ទល់ភ្លឺ។ មុខដំបៅរបស់ព្រះសាស្ដាបានជាសះស្បើយ ខណៈនោះ ព្រះសាស្ដាត្រាស់ហៅព្រះអានន្ទមកហើយ ត្រាស់ប្រាប់ថា ម្នាលអានន្ទ ពេទ្យជីវកមកក្នុងវេលាល្ងាច មិនបានឱកាសចូលមកគាល់តថាគត ក៏គិតថា វេលានេះជាវេលាស្រាយសំពត់រុំដំបៅ អ្នកចូរស្រាយសំពត់រុំដំបៅនោះចុះ ព្រះថេរៈក៏ស្រាយសំពត់រុំដំបៅនោះតាមពាក្យព្រះពុទ្ធដីកា មុខដំបៅក៏ជា សះស្បើយដូចក្រមរឈើបែកចេញអំពីដើមឈើ។ (ព្រះអរហន្តមិនមានសេចក្ដីក្ដៅក្រហាយចិត្ត) ព្រឹកឡើង ពេទ្យជីវកទៅកាន់សំណាក់ព្រះសាស្ដាយ៉ាងប្រញាប់ លុះទៅដល់ហើយ ក៏ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្ដីក្ដៅក្រហាយកើតឡើង ក្នុងព្រះសរីរៈរបស់ព្រះអង្គដែរឬទេ? ព្រះសាស្ដាត្រាស់ថាម្នាលជីវក សេចក្ដីក្ដៅក្រហាយទាំងពួងរបស់តថាគតគង់នៅក្នុងមណ្ឌលពោធិព្រឹក្សម៉្លេះ ដូច្នេះហើយកាលនឹងទ្រង់បន្តអនុសន្ធិដើម្បីសម្ដែងព្រះធម៌បានត្រាស់ព្រះគាថានេះ (អរហន្តវគ្គទី ៧ បិដកលេខ ៥២ ទំព័រ ៤០) ថា គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ។ សេចក្ដីក្ដៅក្រហាយ រមែងមិនមានដល់លោកអ្នក មានផ្លូវឆ្ងាយដើរដល់ហើយ មិនមានសេចក្ដីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រេះទាំងពួងលះបង់ហើយ។ ចំពោះអំណាចដែលទេវទត្ត ធ្វើអំពើអាក្រក់ ដើម្បីខ្លួនឯងគិតថាបានសេចក្ដីសុខ ទីបំផុតក៏ត្រូវក្ដៅក្រហាយនៅមិនសុខ មានការលំបាកទាំងផ្លូវកាយ ទាំងផ្លូវចិត្តទីបំផុតត្រូវព្រះធរណីស្រូប។ ចំពោះសេចក្ដីក្ដៅក្រហាយ ដែលព្រះដ៏មានព្រះភាគទ្រង់ទទួលអកុសលវិបាក កាលពីជាតិមុនមិនឲ្យព្រះអង្គក្ដៅក្រហាយបានឡើយដោយអំណាចដែលព្រះអង្គបានកម្ចាត់បង់ មានខ្លួនជាទីពឹងដោយខ្លួនឯងពោលគឺមានធម៌ជាទីជុំរុំត្រជាក់ត្រជុំនៃចិត្ត ដូច្នេះហើយបានជាមិនក្ដៅក្រហាយដូចទេវទត្ត។ ពេទ្យជីវកទូលសួរសំដៅដល់ការក្ដៅក្រហាយកាយ ប៉ុន្តែព្រះសាស្ដាទ្រង់ផ្លាស់ប្ដូរព្រះធម៌ទេសនា ដោយអំណាចនៃការក្ដៅក្រហាយ ដែលប្រព្រឹត្តទៅក្នុងចិត្ត ព្រោះព្រះអង្គឈ្លាសវៃក្នុងពិធីទេសនា ព្រោះព្រះអង្គជាធម្មរាជា ទើបត្រាស់ថាម្នាលជីវក សេចក្ដីក្ដៅក្រហាយ រមែងមិនមានដល់ព្រះខីណាស្រព។ យ៉ាងណាមិញ ចំពោះបុគ្គលដែលមានធម៌ជាទីជុំរុំនៃចិត្តរឿយៗ រមែងមិនក្ដៅក្រហាយដូចជា ពួកជននៅក្នុងវាលស្មៅ ក្ដៅយ៉ាងខ្លាំងហើយពេលក្រឡេកមើលម្លប់ឈើ បានទៅជ្រកក្រោមម្លប់នោះមានខ្យល់បក់រមែងមានកាយជាសុខយ៉ាងណាមិញ បុគ្គលមានជុំរុំ ពោលគឺយកព្រះធម៌ជាម្លប់ហើយ រមែងបាននៅជាសុខអស់កាលដ៏យូរអង្វែង។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |