អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៦៦១ ដង)
មល្លិកាវិមាន

|
មល្លិកាវិមាន
នារទត្ថេរសួរថា ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងអលង្ការលឿង នាងបើទុកជាមិនប្រដាប់ដោយសំពត់ស្លៀកមានពណ៌លឿងទាំងឡាយ មានសាច់ដ៏ល្អិតក៏ដោយ ក៏នៅតែល្អ ម្នាលនាងអ្នកទ្រទ្រង់នូវគ្រឿងប្រដាប់ដៃជាវិការៈនៃមាស ស្អិតស្អាងដោយក្រវិលជាវិការៈនៃមាស ពាសពេញដោយបណ្តាញ ជាវិការៈនៃមាស នាងជាអ្វី នាងមានកម្រងកែវផ្សេងៗ កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណីមានពណ៌ក្រហមផង ជាវិការៈនៃកែវមុក្តាផង ជាវិការៈនៃកែវពិទូរ្យផង កែវពព្រុសផង មួយអន្លើដោយកែវមានពណ៌ក្រហមផង ដ៏វិចិត្រដោយកែវទាំងឡាយ ប្រាកដស្មើដោយភ្នែកព្រាល បណ្តាលកម្រងទាំងនុ៎ះ កម្រងមួយៗ មានសូរពីរោះដូចសម្លេងក្ងោក ដូចសម្លេងរាជហង្ស ឬពីរោះដូចសម្លេងករវឹក សូរកម្រងទាំងនោះ មានភាពពីរោះ ឮហាក់ដូចតូរ្យតន្រ្តី ប្រកបដោយអង្គ ៥ ដែលគេប្រគំហើយទាំងរថ របស់នាង ក៏មានសភាព ស្អាតល្អ មានអវយវៈដ៏វិចិត្រហើយ ដោយកែវផ្សេងៗ ដែលជាង ចាត់ចែងហើយដោយធាតុ ទាំងឡាយ មានពណ៌ផ្សេងៗ សមល្អ នាងឋិតនៅលើរថនោះ មានពណ៌មានរូបប្រៀបដោយមាស ញ៉ាំងប្រទេសនេះ ឲ្យរុងរឿង ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ ទេវធីតាឆ្លើយថា ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះគោតម ព្រះអង្គមានគុណប្រមាណមិនបាន ដែលទ្រង់បរិនិព្វានហើយ បានបូជាបណ្តាញមាសដ៏វិចិត្រ ដោយកែវមណី និងមាសរំលេចដោយកែវមុក្តា បាំងដោយសំណាញ់មាស ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ប្រាសចាកសេចក្តីសោក ដល់នូវសេចក្តីសុខ មានចិត្តត្រេកអរព្រម ។ ចប់មល្លិកាវិមាន ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៥ ទំព័រ ៧៩-៨០ ដោយ៥០០០ឆ្នាំ |